ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រិះគន់ប៉ូលិសក្រុងនេះថា ធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋប្រកាន់និន្នាការគណបក្សនយោបាយ ដែលមិនអាចអោយពួកគាត់ធ្វើអត្តសញ្ញាណប័ណ្ណបាន។ ប៉ុន្តែអធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា មូលហេតុដែលពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណមិនបានដោយសារពួកគាត់គ្មានឯកសារគ្រប់គ្រាន់បង្ហាញសមត្ថកិច្ច។
ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត រៀបរាប់ឲ្យដឹងថា កន្លងមកពួកគាត់បានព្យាយាមទាក់ទងទៅសមត្ថកិច្ចឲ្យធ្វើអត្តសញ្ញាណប័ណ្ណជាច្រើនលើកច្រើនសាដែរ តែពុំទទួលបានលទ្ធផលចំណែកឯពលរដ្ឋដែលបក្សពួករបស់ប៉ូលិសធ្វើបានដោយឆាប់រហ័ស។
ពលរដ្ឋមួយចំនួនរស់នៅសង្កាត់ប៉ោយប៉ែត អះអាងនៅថ្ងៃទី៧ ខែមេសា ថា ប៉ូលិសនៅក្រុងប៉ោយប៉ែត ប្រកាន់បក្សពួកនិយម ដោយមិនធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់ដើម្បីយកទៅប្រើប្រាស់នោះទេ បើទោះជាពួកគាត់មានឯកសារយកទៅបង្ហាញសមត្ថកិច្ចថា ខ្លួនពិតជារស់នៅក្នុងប៉ោយប៉ែត ក៏ដោយ។ អ្នកស្រុកកំពុងព្រួយបារម្ភក្រែងមិនអាចទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំឃុំសង្កាត់នៅឆ្នាំ២០១៧ ខាងមុខនេះបាន ដោយសារពុំមានអត្តសញ្ញាណប័ណ្ណ៖ «បាទ! មិនថាគេឬខ្លួនខ្ញុំនោះទេ គឺនាំគ្នាទៅចាំធ្វើអត្តសញ្ញាណប័ណ្ណតាំងពីព្រឹក តែប៉ូលិសមិនធ្វើឲ្យឡើយ។ ប៉ូលិសមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យអ៊ីចឹង ខ្ញុំបានអត្តសញ្ញាណប័ណ្ណអីប្រើប្រាស់ទៅ»។
ឆ្លើយតបនឹងបញ្ហានេះអធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល មានប្រសាសន៍ថា ប៉ូលិសក្រុងប៉ោយប៉ែត ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋគ្រប់គណបក្សនយោបាយ មិនថា អ្នកមាន ឬអ្នកក្រឡើយ។ លោកទទួលស្គាល់ថា កន្លងមកពិតជាមានប្រជាពលរដ្ឋ ដែលសមត្ថកិច្ចមិនអាចធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់ខ្លះមែន ប៉ុន្តែលោកអះអាងថា មូលហេតុដែលធ្វើជូន ដោយសារពួកគាត់មានឯកសារមិនគ្រប់គ្រាន់៖ «បាទ! បញ្ហាដែលរាំងស្ទះមានតែមួយគត់ទេ គឺប្រជាពលរដ្ឋគ្មានលិខិតបញ្ជាក់សំបុត្រកំណើត ហើយលិខិតនេះ មិនមែនប៉ូលិសជាអ្នកចេញឲ្យពួកគាត់ទេ គឺខាងសង្កាត់ជាអ្នកទទួលខុសត្រូវ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត ច្រើនជួបលំបាកទាំងការធ្វើអត្តសញ្ញាណប័ណ្ណ និងធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។
លោកថា សមត្ថកិច្ចមិនធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋធ្វើឲ្យពួកគាត់បាត់បង់សិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសឃុំសង្កាត់នៅពេលខាងមុខ៖ «អ៊ីចឹង! ភ្នាក់ងាររបស់រដ្ឋត្រូវតែទទួលខុសត្រូវធ្វើការបម្រើប្រជាពលរដ្ឋឲ្យបានស្មើភាព គ្រប់គណបក្សនយោបាយ»។
នៅក្រុងប៉ោយប៉ែត មានចំនួន ៣សង្កាត់ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ ១០ម៉ឺននាក់។ ក្នុងនោះពលរដ្ឋដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ គឺចាប់ពី ១៥ឆ្នាំឡើងទៅ មានជាង ៥៤,០០០នាក់។ អធិការក្រុងប៉ោយប៉ែត ឲ្យដឹងថា ពលរដ្ឋដែលគ្រប់អាយុហើយ តែមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណប្រមាណ ២០ភាគរយ ឬប្រហែល ១០.០០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
