មេ​ប៉ុស្តិ៍​ឃុំ​ចន្ទ្រា​ខេត្ត​ស្វាយរៀង​រង​ការ​ចោទ​ថា​បាញ់​កាំភ្លើង​ត្រូវ​ជើង​យុវជន​ម្នាក់

0:00 / 0:00

មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង រង​ការ​ចោទ​ថា បាន​ប្រើ​កាំភ្លើង​បាញ់​ប្លាត​ទៅ​ត្រូវ​ជើង​យុវជន​ម្នាក់ ដែល​មាន​ជម្លោះ​ជាមួយ​កូន​ប្រុស​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា អធិការ​ស្រុក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ រី​ឯ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ករណី​នេះ ប្រសិនបើ​ជា​ការ​ពិត​គឺ​ទង្វើ​សមត្ថកិច្ច​បាន​រំលោភ​ច្បាប់។

ហេតុការណ៍​បាញ់​បោះ​ពី​សំណាក់​មន្ត្រី​នគរបាល បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​សាមញ្ញ​នេះ ត្រូវ​បាន​ពលរដ្ឋ​អះអាង​ថា បាន​កើត​ឡើង​កាល​ពី​ម៉ោង​ជាង ៩​យប់ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា នៅ​ក្នុង​បរិវេណ​សាលាឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ជា​ទី​ដែល​មាន​ការ​រៀបចំ​ដាក់​ល្បែង​កម្សាន្ត​កន្ត្រក​វិល។ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះ មាន​ឈ្មោះ មឹង សែន រស់​នៅ​ភូមិ​តែងម៉ៅ ឃុំ​ចន្ទ្រា។

បងប្រុស​របស់​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​កូន​ប្រុស​របស់​មេ​ប៉ុស្តិ៍​ឃុំ​ចន្ទ្រា និង​បក្សពួក បាន​ផឹក​ស៊ី និង​ទាស់​សម្ដី​គ្នា​ជាមួយ​យុវជន​មួយ​ក្រុម​ទៀត​នៅ​កន្លែង​ដាក់​កន្ត្រក​វិល​នោះ ហើយ​ជន​រង​គ្រោះ​ឈ្មោះ មឹង សែន បាន​ចេញ​មុខ​ទៅ​ឃាត់ ប៉ុន្តែ​ភ្លាមៗ​នោះ មេ​ប៉ុស្តិ៍​ឃុំ​ចន្ទ្រា លោក ហាស់ ស៊ីយ៉េត បាន​ចេញ​មុខ​រក​រឿង និង​បាញ់​កាំភ្លើង​ពីរ​គ្រាប់​បណ្ដាល​ឲ្យ​ត្រូវ​កំភួនជើង​យុវជន មឹង សែន មួយ​គ្រាប់​តែម្ដង៖ «អា​តូចៗ​វា​ឈ្លោះ​គ្នា ហើយ​អា​ធំ​វា​ទៅ​ឃាត់ ស្រាប់​តែ​ប៉ូលិស​មក​បាញ់​ពីរ​គ្រាប់ គេ​ថា បាញ់​ដី​តែ​វា​ប្លាត​ឡើង​ទៅ ហើយ​ខ្ញុំ​មិន​ជឿ​ទេ វា​មិន​ដែល​បាញ់​អា​ណា​អ៊ីចឹង​ទេ។ បាញ់​យក​តែម្ដង កំភួនជើង ធ្លុះ​ពី​កំភួនជើង​មក​មុខ​នេះ»

ទោះ​យ៉ាង​ណា​សំណុំ​រឿង​នេះ ត្រូវ​បង​ប្រុស​ជនរងគ្រោះ​អះអាង​ថា ប៉ូលិស​បាន​ហៅ​ឪពុក​ម្ដាយ​របស់​លោក​ទៅ​សម្របសម្រួល​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ដោយ​ផ្តល់​ប្រាក់​សំណង​ចំនួន ១.២០០​ដុល្លារ និង​ធានា​ចេញ​ថ្លៃ​ព្យាបាល​ប្អូន​ប្រុស​របស់​លោក​រហូត​ដល់​ជា​ដើម្បី​បញ្ចប់​រឿង។ ចំណែក​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ចន្ទ្រា លោក ហាស់ ស៊ីយ៉េត វិញ ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​ថា ថ្នាក់​លើ​បាន​សម្រេច​បញ្ឈរ​ជើង​រយៈពេល​ពី ៣​ខែ ទៅ ៦​ខែ។

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មេ​ប៉ុស្តិ៍​ចន្ទ្រា លោក ហាស់ ស៊ីយ៉េត បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​ទៅ​វិញ នៅ​ពេល​អាស៊ីសេរី សួរ​នាំ​រូប​លោក ហើយ​ទោះ​ជា​ព្យាយាម​ទូរស័ព្ទ​ទៅ​ទៀត​ក៏​មិន​លើក​ទូរស័ព្ទ។

រី​ឯ​មេ​ឃុំ​ចន្ទ្រា លោក ក្លែង រុន អះអាង​ថា លោក​មិន​បាន​ដឹង​ឮ​ករណី​បាញ់​បោះ​​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មីនា នេះ​ទេ ដោយសារ​លោក​ជាប់​រវល់​ប្រជុំ រួច​ក៏​ដាច់​ទូរស័ព្ទ​ទៅ​វិញ។

ចំពោះ​ករណី​នេះ​ដែរ ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ថា ខាង​ខេត្ត​កំពុង​ចុះ​ស្រាវជ្រាវ តែ​មិន​ទាន់​មាន​របាយការណ៍ ហើយ​លោក​បាន​បង្វែរ​អោយ​ទៅ​សួរ​លោក​អធិការ​ស្រុក​ចន្ទ្រា វិញ។

អធិការ​ស្រុក​ចន្ទ្រា លោក សូ ស៊ីថន បាន​ថ្លែង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ករណី​នេះ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់​តែ​បង្ក្រាប​ក្មេង​ទំនើង ហើយ​ប៉ះពាល់​តិចតួច។ លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ករណី​នេះ​បាន​ផ្សះផ្សា​តាម​រយៈ​ការ​សុំ​ទោស​គ្នា​ទៅ​វិញ​មក​ចប់​សព្វគ្រប់​អស់​ហើយ ដោយ​មិន​មាន​ការ​បង់​សំណង់​ជា​ប្រាក់​នោះ​ទេ។ លោក​បញ្ជាក់​ដែរ​ថា ចំពោះ​របួស​ជនរងគ្រោះ​មិន​ធ្ងន់ធ្ងរ​ដូច​ពាក្យ​ចចាមអារ៉ាម​ឡើយ ដោយ​គ្រាន់​តែ​លាប​ប្រេង​កូឡា​ក៏​ជា​សះ​ស្បើយ​ដែរ៖ «វា​អត់​មាន​របួស​ធ្ងន់ធ្ងរ​ផង រឿង​អី​ត្រូវ​សំណង គ្រាន់​តែ​ថា ជូន​គ្នា​ទៅ​ពេទ្យ​យួន ដើម្បី​ជូត​លាង​របួស​ហើយ​មក​វិញ​ទាំង​អស់​គ្នា។ អត់​មាន​អី​ទេ ហើយ​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក»

​ការ​អះអាង​របស់​លោក​អធិការ​ស្រុក​នេះ គឺ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​សាក្សី និង​សាច់ញាតិ​ជនរងគ្រោះ ដោយ​បញ្ជាក់​ថា កំភួន​ជើង​ខាង​ស្ដាំ​របស់​ជនរងគ្រោះ គឺ​ត្រូវ​គ្រាប់​កាំភ្លើង​ចំនួន​មួយ​គ្រាប់ ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​នឹង​អាច​ពិការ​ផង ប្រសិនបើ​មិន​មាន​ការ​ព្យាបាល និង​ថែទាំ​ត្រឹមត្រូវ៖ «បាញ់​ត្រូវ​ជើង​ហើយ​តាម​ចាប់​យក​មក​ដាក់​ប៉ុស្តិ៍​រដ្ឋបាល​ទៀត ហើយ​គេ​ថត​បាន​ទាំង​វីដេអូ​ជន​រង​គ្រោះ​ផង​ដែរ។ និយាយ​ទៅ​គេ​បិទ​បាំង​រឿង​នេះ ដើម្បី​កុំ​អោយ​លេច​ឮ​ទៅ​ខាង​ក្រៅ ព្រោះ​អី​សុទ្ធតែ​គ្នីគ្នា​គេ ហើយ​ជនរងគ្រោះ​ចេះ​តែ​អឺអើ ព្រោះ​ខ្លាចៗ​គេ​ដែរ ព្រោះ​ជន​រង​គ្រោះ​រក​ព្រឹក​ស៊ី​ព្រឹក រក​ល្ងាច​ស៊ី​ល្ងាច»

​បង​ប្រុស និង​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា មក​ដល់​ពេល​នេះ ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម នៅ​ឡើយ ដោយ​មិន​ទាន់​បញ្ជូន​មក​ផ្ទះ​វិញ​ទេ។ សាក្សី​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ក៏​ទម្លាយ​ដែរ​ថា ក្រោយ​សម្របសម្រួល​នោះ ពួកគេ​ឃើញ​ក្រុម​អាជ្ញាធរ​បាន​ជួបជុំ​គ្នា​ទទួលទាន​គ្រឿង​ស្រវឹង​ទៀត​ផង។

ទាក់ទិន​ករណី​នេះ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ប្រសិនបើ​ករណី​នេះ​គឺ​ជា​ការពិត ទោះ​បី​មេ​ប៉ុស្តិ៍​រូប​នោះ​មាន​ចេតនា​ក្ដី មិន​ចេតនា​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​ក្ដី ប៉ុន្តែ​ធ្វើ​អោយ​អ្នក​ដទៃ​មាន​រង​របួស​ស្នាម​នោះ គឺ​នឹង​ត្រូវ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ ដោយ​មិន​មែន​ត្រឹមតែ​ពិន័យ​រដ្ឋបាល​នោះ​ទេ៖ «តាម​តែ​គេ​អ្នក​ស៊ើប​អង្កេត​ទៅ គាត់​ប្រើប្រាស់​ដោយ​ចេតនា ឬ​គាត់​បាញ់ អា​ហ្នឹង​គឺ​ចេតនា​ហើយ តែ​​បើ​អាវុធ​គាត់​ផ្ទុះ​ដោយ​អចេតនា គឺ​នៅ​តែ​មាន​បទល្មើស​ដែរ បទល្មើស​មជ្ឈិម បង្ក​របួស​ស្នាម​ដោយ​អចេតនា។ បើ​គាត់​ធ្វើ​ដូច​អ្វី​ដែល​ដើម​ហេតុ​មក​នោះ ទោះ​បី​ជា​គាត់​គ្មាន​ចេតនា​ក៏ដោយ មាន​ចេតនា​ក៏ដោយ គាត់​នៅ​តែ​មាន​ទោស​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាវុធ​ដែល​នាំ​អ្នក​ដទៃ​មាន​របួស​ស្នាម​ដោយ​អចេតនា»

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ព័ត៌មាន​ជា​ច្រើន​បង្ហាញ​ថា អាជ្ញាធរ​មួយ​ចំនួន​បាន​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​បាញ់​បោះ និង​វាយដំ​លើ​ពលរដ្ឋ​ធម្មតា ដូច​ជាក់ស្ដែង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ កន្លង​ទៅ នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ៣​នាក់ បាន​ព្រួត​វាយដំ​លើ​បុរស​ពីរ​នាក់​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​ធ្ងន់​ម្នាក់ ហើយ​ចុង​ក្រោយ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បញ្ឈប់​ពី​ការងារ​តែ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ។

​ពលរដ្ឋ និង​សង្គម​ស៊ីវិល​តែងតែ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គប្បី​បង្ហាញ​ពី​ចំណាត់​ការ​របស់​ខ្លួន​ឲ្យ​មាន​តម្លាភាព ហើយ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​រក​យុត្តិធម៌ និង​បំបាត់​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។