ប្រភពពីអាជ្ញាធរស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ឱ្យដឹងថា ប៉ូលិសនៅស្រុកឆែប ម្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ បានស្លាប់ ព្រមទាំងប៉ូលិសការពារព្រំដែនម្នាក់ផ្សេងទៀតរងរបួសដោយសារជនប្រដាប់អាវុធមួយក្រុមមិនស្គាល់មុខលបលួចបាញ់រះប្រហារនៅពេលយប់។
អភិបាលស្រុកជាំក្សាន្ត គឺលោក ជា គឹមសេង។ លោកអះអាងកាលពីរសៀលថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ថា មន្ត្រីប៉ូលិសរបស់ស្រុកឆែប ម្នាក់ឈ្មោះ សាត យស និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ មកពីទីក្រុងភ្នំពេញ ឈ្មោះ សៀង ដារង្គ បានស្លាប់នៅក្នុងព្រៃនៃព្រំប្រទល់ស្រុកជាំក្សាន្ត ជាប់នឹងព្រំដែនថៃ កាលពីវេលាម៉ោង ១រំលងអធ្រាត្រថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ដោយសារតែជនប្រដាប់អាវុធបាញ់រះក្នុងពេលដែលមន្ត្រីទាំងនោះចុះបំពេញបេសកកម្មការពារព្រៃឈើជាមួយនឹងក្រុមអភិរក្សសត្វព្រៃ ដាប់បែលយូ.ស៊ី.អេស (WCS) ហើយបោះជំរំស្នាក់នៅក្នុងព្រៃ។
លោកអភិបាលស្រុកជាំក្សាន្ត បញ្ជាក់ទៀតថា ហេតុការណ៍បាញ់រះនោះ ក្រៅតែពីបណ្ដាលឱ្យប៉ូលិសស្រុកឆែប ម្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ស្លាប់ ក៏មានប៉ូលិសការពារព្រំដែនម្នាក់ទៀតឈ្មោះ ភេទ សុភ័ណ្ឌ រងរបួសផងដែរ៖ «តំបន់ដែលស្លាប់ហ្នឹង នៅចន្លោះអូរជុញ ហើយនៅចំណុចគេហៅថា អណ្ដើក ១០ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ»។
រហូតមកដល់ពេលនេះ សមត្ថកិច្ចខេត្តព្រះវិហារ នៅមិនទាន់ដឹងថា តើជនប្រដាប់អាវុធ១ក្រុមដែលបាញ់ប្រហារកងល្បាតការពារព្រៃឈើនោះជានរណា ហើយតើបណ្ដាលមកពីមូលហេតុអ្វីច្បាស់លាស់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
