អាជ្ញាធរចម្រុះក្នុងខេត្តរតនគិរី ចាប់ខ្លួនអ្នកទោសដែលគាស់ចម្រឹងបង្អួចពន្ធនាគាររត់គេចខ្លួនបានម្នាក់មកវិញ បន្ទាប់ពីអ្នកទោស ៦នាក់ បានរត់រួចពីពន្ធនាគារខេត្តនេះ កាលពីថ្ងៃទី២៣ តុលា កន្លងទៅ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស សាទរចំពោះការខិតខំស្វែងរកចាប់ខ្លួនអ្នកទោសបានវិញនេះ។
ក្រុមសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្តរតនគិរី កំពុងបើកការស៊ើបអង្កេតទៅលើអ្នកទោសម្នាក់ ដែលប៉ូលិសចាប់ខ្លួនបានវិញ កាលពីរាត្រីថ្ងៃទី២៤ ខែតុលា រួមនិងអ្នកទោស ៥នាក់ទៀត ដែលបានរត់គេចខ្លួនចេញពីពន្ធនាគារ។
ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី និងជាប្រធានគណៈកម្មការចម្រុះស៊ើបអង្កេត លោក ម៉ម វណ្ណដា មានប្រសសាសន៍បញ្ជាក់ថា នេះជាលទ្ធផលមួយផ្នែកដែលសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនអ្នកទោសបានវិញនេះ។ លោកបន្តថា ការស៊ើបអង្កេតកំពុងបន្ត។ ហេតុនេះ លោកមិនទាន់អាចបញ្ជាក់ព័ត៌មានជាក់លាក់បាននៅឡើយ៖ «យើងប្រមូលអស់ យើងកសាងសំណុំរឿងតែម្តង។ ការបើកស៊ើបអង្កេតនេះ គឺបើករួមតែម្តង ហើយតែពាក់ព័ន្ធ គឺយើងហៅមកសួរទាំងអស់ តែវាមិនទាន់លេចតម្រុយណាមួយទេ ដែលបញ្ជាក់ថាវាមានការត្រូវរ៉ូវគ្នាណា! យើងធ្វើរឿងនេះ គឺស៊ើបអង្កេតបោសសម្អាតតែម្តង»។
អ្នកទោសដែលប៉ូលិសចាប់ខ្លួនបានវិញ គឺជាពិរុទ្ធជនពាក់ព័ន្ធជួញដូរគ្រឿងញៀន ឈ្មោះ ស៊ី ណូយ ដែលត្រូវប៉ូលិសរកឃើញនៅក្នុងផ្ទះសំណាក់មួយនៅឯស្រុកឆ្លូង ខេត្តក្រចេះ។
ប្រធានពន្ធនាគារខេត្តរតនគិរី លោក ទីន សុវន្នី អះអាងថា មន្ត្រីពន្ធនាគារបានរកឃើញតម្រុយខ្លះ ជុំវិញការរត់គេចខ្លួនរបស់ពិរុទ្ធជនរូបនេះ ហើយបានផ្តល់ព័ត៌មានទៅប៉ូលិស ដើម្បីចាប់ខ្លួនរូបគេបានវិញ។ លោកបដិសេធមិនអធិប្បាយពីការស៊ើបអង្កេត ជុំវិញមូលហេតុនាំឲ្យអ្នកទោសរត់រួចពីពន្ធនាគារនោះទេ៖ «ខាងខ្ញុំមានការតាមដានស៊ើបអង្កេតដៅមុខសញ្ញា បានទៅក៏ខ្ញុំបានសហការជាមួយប៉ូលិសស្នងការខេត្ត ដើម្បីសុំដីកាពីព្រះរាជអាជ្ញា ក៏ចាប់បានតែម្តង»។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា វេលាម៉ោង៣ទៀបភ្លឺ អ្នកទោស ៧នាក់ រស់នៅរួមបន្ទាប់តែមួយ បានអារចម្រឹងបង្អួច ហើយកាត់របងលួសហ៊ុមព័ទ្ធពន្ធនាគារខេត្តរតនគិរី រត់គេចខ្លួនបាន ៦នាក់ ចំណែកម្នាក់ទៀត ត្រូវបានឆ្មាំពន្ធនាគារចាប់ខ្លួនបានវិញ ខណៈព្យាយាមចេញពីបន្ទប់ពន្ធនាគារ។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី ឲ្យដឹងថា អ្នកទោសបីនាក់ក្នុងចំណោម ៦នាក់ ដែលរត់គេចចេញពីពន្ធនាគារ ត្រូវបានអ្នកភូមិប្រទះឃើញពួកគេធ្វើដំណើរឆ្លងកាត់ភូមិបី ឃុំចាអ៊ុង ស្រុកអូរជុំ មានកាន់អាវុធមួយ ដើមឆ្ពោះទៅតំបន់ហាត់ប៉ក់ ស្រុកវ៉ឺនសៃ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកការចាប់ខ្លួនពិរុទ្ធជនពាក់ព័ន្ធគ្រឿងញៀនបានវិញនេះ ថាជាការខិតខំរបស់សមត្ថកិច្ច ក៏ប៉ុន្តែលោកស្នើសុំឲ្យសមត្ថកិច្ចចម្រុះ បើកការស៊ើបអង្កេតរឿងនេះឲ្យបានស៊ីជម្រៅ ទាក់ទិនការរត់គេចខ្លួនរបស់អ្នកទោសទាំង ៦នាក់នេះ។ លោកបន្តថា មានមន្ទិលសង្ស័យ និងព័ត៌មានក្រៅផ្លូវការជាច្រើន ដែលអះអាងថា ការរត់គេចខ្លួនរបស់អ្នកទោសនាពេលនោះ ទំនងពាក់ព័ន្ធការឃុបឃិតរបស់មន្ត្រីពន្ធនាគារ៖ «អាចមានជាប់ពាក់ព័ន្ធអ្នកនៅពីក្រោយខ្នង ឬអ្នកបានរៀបចំគម្រោងការ គឺយើងទទួលបានព័ត៌មានថា អ្នកទោសហ្នឹងមានកន្ត្រៃ ជណ្ដើរ រហូតមានរថយន្តចាំយកអ្នកទោសហ្នឹង ដើម្បីដឹកនាំចេញប្រភពជនជាតិដើមភាគតិចនៅតាមចម្ការ។ គាត់ឃើញអ្នកទោសបីនាក់ ហើយមានកាន់កាំភ្លើងវែងមួយដើម ធ្វើឲ្យអ្នកចម្ការមានការភ័យខ្លាច»។
អ្នកទោសទាំង ៥នាក់ ដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមានឈ្មោះ ចាន់ សារស់ លឹម ស៊ីថា អ៊ិន ចន្ធូ លាស់ សារ៉េត និង អ៊ុក សុភាព។
ពន្ធនាគារខេត្តរតនគិរី មានសភាពចាស់ទ្រុឌទ្រោម និងរបងអគារពុកផុយ។ បច្ចុប្បន្នមានពិរុទ្ធជន និងទណ្ឌិតជាប់ឃុំខ្លួនជាង ២៥០នាក់។ ចាប់ពីឆ្នាំ២០១៣ រហូតបច្ចុប្បន្ន មានអ្នកទោស ២០នាក់ បានរត់រួចពីពន្ធនាគារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។