សមត្ថកិច្ចបានចាត់ទុកចលនានោះថា ជាក្រុមប្រឆាំងខុសច្បាប់របស់លោក សួន សេរីរដ្ឋា មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពីរបីថ្ងៃកន្លងមកនេះ សមត្ថកិច្ចនៅតាមបណ្ដាខេត្តមួយចំនួននៃភាគឧត្តរ និងពាយ័ព្យ បានតាមរកវត្ថុតាង និងសកម្មភាពនានាពាក់ព័ន្ធនឹងចលនានោះ។
សមត្ថកិច្ចខេត្តសៀមរាប បានដោះលែងម្ចាស់រោងពុម្ពម្នាក់ និងកម្មករម្នាក់ ដែលទទួលបោះពុម្ពអាវយឺតមួយចំនួនឱ្យក្រុមចលនាអំណាចពលរដ្ឋខ្មែរនោះវិញហើយ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា កន្លងទៅ។
បុរសទាំងពីរ ឈ្មោះ មាស សុខហេង អាយុ ៣៤ឆ្នាំ ជាម្ចាស់រោងពុម្ពនៅខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះ លៀម សំរេច ជាកម្មករ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅ បន្ទាប់ពីគេដឹងថា មានអាវយឺតមួយចំនួនសម្រាប់បម្រើឱ្យសកម្មភាពចលនាអំណាចពលរដ្ឋខ្មែរ ដើម្បីប្រឆាំងរដ្ឋាភិបាល បានបោះពុម្ពចេញពីរោងពុម្ពរបស់គាត់។
ក៏ប៉ុន្តែ សមត្ថកិច្ចហាក់ដូចព្យាយាមលាក់បាំងរឿងនេះ ដោយម្នាក់ៗមិនចង់អធិប្បាយឡើយ។ ស្នងការរង នគរបាលខេត្តសៀមរាប ទទួលបន្ទុកផ្នែកសន្តិសុខ គឺលោក ញឹក កែវ។ លោកបានបដិសេធកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា មិនធ្វើការអធិប្បាយរឿងនេះទេ៖ «លោកសួរទៅខាងម្ចាស់ករណី គេនៅបន្ទាយមានជ័យ វិញទៅ បានគេដឹងច្បាស់ជាងខ្ញុំ។ ព្រោះគេជាម្ចាស់ អ្នកដែលផ្ដើមសាច់រឿងនេះ»។
ការចាប់ខ្លួនបុរសពីរនាក់ជាអ្នកបោះពុម្ពនៅក្នុងខេត្តសៀមរាប នោះ បន្ទាប់ពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនបុរស ៣នាក់ កាលពីថ្ងៃទី១ ខែកក្កដា ដោយសង្ស័យថា ជាសកម្មជននៃក្រុមចលនាអំណាចពលរដ្ឋខ្មែរ នៅពេលដែលបុរសទាំងបីធ្វើសកម្មភាពចែកចាយសម្ភារៈនៃចលនាអំណាចពលរដ្ឋខ្មែរនៅតំបន់ប៉ោយប៉ែត។
ទោះយ៉ាងណា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម បានឆ្លើយតបថា លោកមិនទាន់បានដឹងរឿងនោះឱ្យច្បាស់លាស់នៅឡើយទេ ដោយសារតែលោកកំពុងស្នាក់នៅទីក្រុងភ្នំពេញ។
ប្រភពពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១ ខែកក្កដា កន្លងទៅ កម្លាំងនគរបាលបានឃាត់ខ្លួនបុរសចំនួន ៣នាក់ ដែលសង្ស័យថាជាសកម្មជនរបស់ក្រុមចលនាអំណាចពលរដ្ឋខ្មែរ ដែលដឹកនាំដោយលោក សួន សេរីរដ្ឋា នៅសហរដ្ឋអាមេរិក។ ក្នុងការចាប់ខ្លួននោះ សមត្ថកិច្ចបានដកហូតយកបានអាវយឺតចំនួនជាង ១០០ នាឡិកាដៃជាង ៣០០គ្រឿង ស៊ីឌី (CD) ជាង ៨០បន្ទះ និងវិទ្យុចំនួនជាង ២០គ្រឿង។
ចំណែកនៅឯខេត្តបាត់ដំបង វិញ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា មានប្រជាពលរដ្ឋចំនួន ៥នាក់ បានទៅសារភាពចំពោះមុខប៉ូលិសស្រុកថ្មគោល បន្ទាប់ពីពួកគេបានទទួលសម្ភារៈមួយចំនួនពីចលនាអំណាចពលរដ្ឋខ្មែរនោះ។
ស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត បានមានប្រសាសន៍ថា អ្នកភូមិទាំង ៥នាក់នោះ បានទៅសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងព្រីង ហើយបន្ទាប់ពីសមត្ថកិច្ចបានសួរនាំរួច គឺមិនបានឃាត់ខ្លួនអ្នកទាំងនោះឡើយ៖ «ក្រោយពីគាត់ទទួលបានសម្ភារៈរបស់ចលនាហ្នឹង មាននាឡិកាវាមានអាវយឺត ហើយនៅលើអាវយឺតហ្នឹង មានបោះរូបសញ្ញានាគ សញ្ញាផ្កាយបី មានដាក់ថា ចលនាអំណាចពលរដ្ឋខ្មែរ។ អីចឹងគ្នាគាត់ ៥នាក់ បានមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងព្រីង»។
នៅថ្ងៃទី៤ កក្កដា ដដែល សមត្ថកិច្ចខេត្តបាត់ដំបង បានសុំដីកាពីតុលាការទៅធ្វើការឆែកឆេរនៅផ្ទះម្ដាយរបស់លោក សួន សេរីរដ្ឋា ដែលនៅក្នុងឃុំខ្នាចរមាស ស្រុកបវេល ដើម្បីស្វែងរកសម្ភារៈខ្លះៗដែលអាចពាក់ព័ន្ធនឹងចលនាអំណាចពលរដ្ឋខ្មែរនោះ ក៏ប៉ុន្តែ ក្នុងប្រតិបត្តិការឆែកឆេរ សមត្ថកិច្ចពុំបានរកឃើញអ្វីដែលពាក់ព័ន្ធនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
