ពលរដ្ឋ​នៅ​ច្រក​អូរស្មាច់​រិះគន់​ប៉ូលិស​បង្ខំ​ឲ្យ​អ្នក​ដំណើរ​បង់​លុយ

ពលរដ្ឋ​នៅ​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ រិះគន់​​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​​​ច្រក​អន្តរជាតិ​ខេត្ត​មួយ​នេះ ថា​​បាន​បង្ខំ​ឲ្យ​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​បង់លុយ​ប្រមាណ ១​ម៉ឺន​រៀល​ក្នុង​ម្នាក់ មុន​នឹង​ចេញ​ផុត​ពី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មក​ដល់​ដីខ្មែរ​វិញ។
ដោយ ម៉ម មុនីរតន៍
2013.03.09
ច្រក​អូរស្មាច់ ៣០៥ ២០-កុម្ភៈ-២០១៣៖ ប៉ុស្តិ៍​នគរបាល​ត្រួត​ពិនិត្យ​ក្នុង​ទឹក​ដី​កម្ពុជា នា​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។
RFA/Den Ayuthyea

ពលរដ្ឋ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ណា​មួយ​ប្រឆាំង​​នឹង​មន្ត្រី​អន្តោប្រវេសន៍​ដែល​ប្រើប្រាស់​ហិង្សា បង្ខំ​ឲ្យ​ពលរដ្ឋ​ត្រូវ​បង់លុយ​​នៅ​តាម​ច្រក​ត្រួត​ពិនិត្យ ជា​ថ្នូរ​នឹង​ការ​បាន​​ត្រឡប់​មក​លំនៅឋាន​វិញ។

អតីត​យោធា​តស៊ូ​នៃ​កងទ័ព​បារ៉ា លោក ញាណ សារុំ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ថា ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាក់​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បាន​ក្លាយ​ជា​ជន​រងគ្រោះ​តាម​រយៈ​ការ​ជំរិត​ទារ​ប្រាក់​​ជា​បន្តបន្ទាប់ ពី​មន្ត្រី​​ការពារ​ច្រក​ព្រំដែន​​អូរស្មាច់។ បុរស​មាន​ដើម​កំណើត​នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ លោក ញាណ សារុំ បន្ត​ថា រដ្ឋាភិបាល​គួរ​កែទម្រង់​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នៅ​តាម​ច្រក​នីមួយៗ ដើម្បី​ធានា​ភាព​ងាយស្រួល និង​សុខសាន្ត ដល់​ការ​ប្រកប​ការងារ​របស់​ពលរដ្ឋ។

លោក​បន្ត​ថា៖ «ចុះ​ដល់​ពេល​ដែល​ខ្មែរ​យើង​ចូល​មក​ដល់​ស្រុក​ខ្មែរ​ហើយ ម៉េច​ក៏​ខ្មែរ​ថា យើង​ខុស​ទៀត? តើ​ខ្ញុំ​ចង់​សួរ​ថា ខ្មែរ​យើង​ខុស ដល់​ពេល​ខុស​ហើយ​ទាមទារ​ឲ្យ​គ្នា​បង់​លុយ ១០០​ទៀត។ អ៊ីចឹង​បើ​មិន​ឲ្យ​មក​វៃ​គ្នា​ទៀត ម្នាក់ ១០០​បាត»

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ ពលករ​កម្ពុជា ជាង ១៦​ម៉ឺន​នាក់ ត្រូវ​បាន​ក្រសួង​ការងារ​ថៃ សម្រេច​ផ្ដល់​ប័ណ្ណ​សម្គាល់​ខ្លួន​ស្រប​ច្បាប់ ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចេញចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ការ​បង្កើត​យន្តការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​ប្រទេស​ទាំង​ពីរ កម្ពុជា-​ថៃ រក​ឃើញ​ថា​មាន​ពលករ​កម្ពុជា ខុសច្បាប់​ជា​ច្រើន​នាក់ ត្រូវ​ចាញ់​បោក​មេខ្យល់​ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

ក្រៅ​ពី​ការ​ផ្ដល់​ភាព​ស្របច្បាប់​នេះ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-ថៃ លើក​ទី​៨ នៅ​ទីក្រុង​បាងកក កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ខាង​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក ហោ ណាំហុង ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ​លោក ស៊ូរ៉ាពង់ តូវីចាក់ចៃគល់ (Surapong Tovichakchaikul) ក៏បាន​បង្កើត​ក្រុម​ការងារ​រួម​គ្នា​មួយ ដើម្បី​ត្រួតពិនិត្យ​លើ​ពលករ​ខ្មែរ​ចំណាក់​ស្រុក ដែល​ចូល​ឆ្លង​ដែន​​កាប់​ឈើ​​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ទឹកដី​ថៃ ថែម​ទៀត។

យ៉ាង​ណា​ក៏ដោយ ចៅ​សង្កាត់​ទី​២​នៃ​គណបក្ស សម រង្ស៊ី លោក ញាណ សារុំ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ពលករ​កម្ពុជា​ ត្រូវ​បាន​ធានា​ដោយ​ច្បាប់​​ក៏ដោយ​ ក៏​លោក​នៅ​តែ​សង្កេត​ឃើញ​ថា ពលករ​កម្ពុជា នៅ​តែ​ក្លាយ​ជា​ជន​រងគ្រោះ​នៅ​ឡើយ។ រងគ្រោះ​ត្រង់​ថា ពួក​គេ​ត្រូវ​បាន​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ បង្ខំ​ឲ្យ​​បង់​ប្រាក់​ក្នុង​ម្នាក់​យ៉ាង​តិច ១០.០០០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​បាន​​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

លោក ញាណ សារុំ៖ «អ៊ីចឹង​ខ្ញុំ​មិន​ដែល​បាន​ឱកាស នេះ​ជា​ឱកាស​ដែល​ខ្ញុំ​ចង់​និយាយ​ប្រាប់​ដល់​អាស៊ីសេរី ជួយ​ប្រកាស​ប្រកូក ដើម្បី​ឲ្យ​រដ្ឋាភិបាល​ផ្លាស់​មនុស្ស​ឲ្យ​មក​​នៅ​កាន់​ច្រក​ល្អៗ កុំ​ឲ្យ​ធ្វើ​បាប​ខ្មែរ​ខ្លួន​ឯង​ទៀត។ ដូច​យួន ចូល​មកដល់​ស្រុក​ខ្មែរ​រាប់​រយ​រាប់​ពាន់ រាប់​លាន​នាក់ រដ្ឋាភិបាល និង​អន្តោប្រវេសន៍ ដែល​ជា​អ្នក​មើល​ច្បាប់​ហ្នឹង​អត់​មើល​ផង មើល​ឃើញ​​តែ​ខ្មែរ​ខ្លួន​ឯង ជាន់​លើ​ទឹកដី​ខ្មែរ អ៊ីចឹង​ធ្វើ​បាប​គ្នា​ណាស់»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អូរស្មាច់ លោក ខូង ទីន បដិសេធ​ថា ពុំ​មាន​អំពើ​ពុករលួយ​ទេ ទោះ​តាម​រូបភាព​ណា​ក៏ដោយ។ លោក​អះអាង​ថា ប្រសិន​រក​ឃើញ​​មាន​អំពើ​ស៊ី​សំណូក​សូក​ប៉ាន់ ឬ​បង្ខំ​ពលរដ្ឋ​ទារ​លុយ​ជា​ថ្នូរ​ដើម្បី​បាន​ឆ្លង​ដែន​ត្រឡប់​មក​កម្ពុជា​វិញ​មែន​នោះ លោក​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​ទង្វើ​បែប​នេះ ចំពោះ​មន្ត្រី​ក្រោម​បង្គាប់។

លោក ខូង ទីន៖ «ម្យ៉ាង​ទៀត​កុំ​ស្ដាប់​តាម​គេ​ថា កូនចៅ​ខ្ញុំៗ​ហាន​ដាក់​​ជីវិត​បង​បាទ! ខ្ញុំ​មិន​មែន​ដាក់​ថា ហាម​ដាច់ខាត​ច្រក​ហ្នឹង​មាន​តិច​ណាស់ តិច​ដែល​ថា ចំណាក​ស្រុក​គេ​ចូល​ទៅ​តាម​ច្រក​ស្អី ច្រក ម៉ាច្រក​បឹង​ត្រកួន​បឹង​អី​ហ្នឹង គឺ​គេ​ចាប់​ជួយ។ ខែ​នេះ គឺ​ជូន​មក​បាន ២៩​នាក់»

មជ្ឈដ្ឋាន​នានា​រិះគន់​ចំណាត់​ការ​របស់​មន្ត្រី​ប៉ូលិស​​អន្តោប្រវេសន៍​នៅ​តាម​ចក្រ​របៀង និង​ច្រក​អន្តរជាតិ នៅ​ជាប់​ព្រំដែន​កម្ពុជា-​ថៃ ថា​ពួក​គេ​តែង​រង​គ្រោះ​ជា​បន្តបន្ទាប់ ដូច​ជា​ត្រូវ​ជាប់ឃុំ​​រយៈ​ពេល​ខ្លី​នៅ​តាម​ច្រក​ព្រំដែន ព្រោះ​ពុំ​មាន​លុយ​បង់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍ ឬ​ត្រូវ​ទទួល​​រង​ទារុណកម្ម ដោយ​ការ​ប្រើប្រាស់​ហិង្សា​ពី​សមត្ថកិច្ច​ជាដើម។

បញ្ហា​នេះ​ត្រូវ​គេ​សង្កេត​ឃើញ​ថា ពុំ​មែន​កើត​មាន​តែ​ច្រក​អូរស្មាច់​នេះ​ទេ ដែល​ត្រូវ​រង​ការ​រិះគន់​នោះ ក៏​ប៉ុន្តែ​សម្រាប់​ច្រក​របៀង និង​ច្រក​អន្តរជាតិ​ជាប់​ព្រំដែន​កម្ពុជា-​ថៃ ជា​ទូទៅ​ក៏​ត្រូវ​គេ​ចាត់​ទុក​ថា មាន​រូបភាព​កើត​ឡើង​មិន​ខុស​ពី​ច្រក​អូរស្មាច់​នេះ​ដែរ។

ករណី​នេះ​ពលរដ្ឋ​នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ លោក ទេព ពីង ដែល​តែង​ចេញ​ចូល​ទៅ​ប្រកប​ការងារ​នៅ​ប្រទេស​ថៃ អះអាង​ថា បើ​ទោះ​ជា​ខ្លួន​ពុំ​ធ្លាប់​រងគ្រោះ​ដោយ​ការ​បង្ខំ​ពី​ប៉ូលិស​អន្តោប្រវេសន៍​ក៏ដោយ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា គេ​តែង​សង្កេត​ឃើញ​ប៉ូលិស​អន្តោប្រវេសន៍​កម្ពុជា តែង​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង់​លុយ មុន​នឹង​ត្រូវ​ឆ្លង​ចូល​មក​ស្រុក​កំណើត​វិញ​ជា​ញឹកញាប់។

លោក ទេព ពីង៖ «បើ​ថា​គំរាម​រក​លុយ​មែន បើ​ថា រឿង​វៃ​តប់​អី​មិន​ដែល​មាន​ទេ បើ​ថា​យក​លុយ​មែន។ សុំ​លុយ​យើង​ចាយ បើ​ថា​យើង​ឲ្យ​ហា​ហុកសិប​ចេះ​មិន​យក​ទេ កំណត់​យក​ពី ៣០០​អ៊ីចឹង​ទៅ​ណាស់។ ហ្នឹង​ហើយ​វា​យ៉ាប់​អ៊ីចឹង​ឯង។ បើ​ថា​រឿង​ថៃ គេ​កំណត់​យក​តែ ២០០ ១០០​អី យើង​ក៏​បាត់​ទៅ។ យ៉ាប់​តែ​ខ្មែរ​យើង​ដូច​ថា បើ​ថា​យក​ក៏​យក ២០០ ៣០០។ បើ​យើង​មិន​ងាយ​ឲ្យ​ក៏​ដាក់​ខាំង​យើង​ទុក​​មួយ​សន្ទុះ​អ៊ីចេះ​ទៅ បើ​យើង​អត់​បិទ​បាន​ឲ្យ​ចេញ​មែន»

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​របស់​អង្គការ​លីកាដូ លោក សែម ចៅសុខ ទទួល​ស្គាល់​ថា ពិត​ជា​មាន​អំពើ​ពុករលួយ​នៅ​តាម​ច្រក​ព្រំដែន​កម្ពុជា-​ថៃ ដែល​ត្រូវ​គេ​រក​ឃើញ​​ថា កំពុង​កើត​ឡើង​ពេញ​បន្ទុក​នូវ​អំពើ​ពុករលួយ តាម​រយៈ​ការ​បង្ខំ​ឲ្យ​ពលរដ្ឋ​ត្រូវ​បង់​លុយ​តាម​ច្រក​នីមួយៗ​នោះ​យ៉ាង​ពិត​ប្រាកដ។

លោក​គិត​ថា បញ្ហា​ទាំង​នេះ​បាន​ក្លាយ​ជា​ការ​ប្រឈម​កាន់​តែ​ខ្ពស់​សម្រាប់​ពលករ​ចំណាក​ស្រុក​ក្រៅ​ពី​ត្រូវ​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ថែម​ទាំង​ត្រូវ​ដោះស្រាយ​សុវត្ថិភាព​មួយ​ផ្នែក​ទៀត ជាមួយ​ប៉ូលិស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស៖ «ពេល​ដែល​គាត់​ធ្វើ​ដំណើរ​មក​ហ្នឹង គឺ​គាត់​មាន​ការ​ជួប​ប្រទះ​ខ្លះៗ​នៅ​តាម​ព្រំ​ប្រទល់​ប្រទេស​ខ្មែរ-​ថៃ ដោយសារ​ទី​១ គឺ​តម្រួត​ថៃ ក៏​គាត់​ចាប់​ឆែក​យក​ថវិកា​ពី​គាត់ ទី​២ អើ​បញ្ហា​ឆ្លង​ដែន​មក​វិញ​ហ្នឹង ក៏​ប្រជាជន ប្រជាពលរដ្ឋ​អស់​ហ្នឹង​ក៏​គាត់​ត្រូវ​ការ​បង់​លុយ​ទៅ​ឲ្យ​តាម​ច្រក​ទ្វារ​គ្រប់​ដែរ បាន​អាច​ចេញ​មក​បាន»

ទោះ​ជា​យ៉ាង​ណា លោក ខូង ទីន ប្រធាន​ប៉ុស្តិ៍​អូរស្មាច់ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កំពុង​ពង្រឹង​គោលនយោបាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភាព​មិន​ស្រប​ច្បាប់​ដែល​កើត​ឡើង ដើម្បី​ធានា​ភាព​ងាយស្រួល និង​ភាព​សុខសាន្ត​សម្រាប់​ពលរដ្ឋ៖ «ចាប់​មក​យើង​នឹង​ណែនាំ យើង​នឹង​ប្រាប់​ថា កុំ​ទៅ​ទៀត​បង​អ្ហើយ មាន​អី​អស្ចារ្យ​ទេ​ស្រុក​នោះ។ ជួន​ណា​បងប្អូន​ធ្វើ​បាន​ហើយ វា​បោក​យើង​ទៀត ហើយ​បើ​យើង​ស្រប​ច្បាប់។ សព្វ​ថ្ងៃ​គេ​ធ្វើ​ឲ្យ​យើង​ស្រប​ច្បាប់​តើ យើង​សុំ​សំបុត្រ​ស្នាម​អី​ត្រឹមត្រូវ ទៅ​ធ្វើ គាត់​​ថា ធ្វើ​កម្មករ​​អី​ទៅ ធ្វើ​នៅ​ឯ​ណា ឮ​ថា​ប៉ោយប៉ែត​គេ​ធ្វើ​​អ្ហី យើង​ទៅ​ធ្វើ។ ខ្ញុំ​ក៏​បាន​ណែ​នាំ​អ៊ីចឹង អ៊ីចឹង​ទេ​កុំ​ទៅ​អា​ឆៅៗ​អ៊ីចឹង»

មន្ត្រី​អង្គការ​លីកាដូ និយាយ​ថា ​របាយការណ៍​របស់​រដ្ឋាភិបាល​ដែល​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​ចេញ​ផ្សាយ​ដើម​ឆ្នាំ​២០១៣ រក​ឃើញ​ថា ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ​កម្ពុជា ទៅ​ប្រទេស​ថៃ ដើម្បី​​រក​ការងារ​ធ្វើ មាន​ការ​កើន​ឡើង​ប្រហែល ៥០​ម៉ឺន​នាក់ គិត​មក​ដល់​ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។