តំណាងសហគមន៍ដីធ្លី ព្រៃឈើ នេសាទ និងបណ្ដាញកសាងសន្តិភាព ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណជា ៥០០នាក់ មកពីស្រុកចំនួន៦ ក្នុងខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នាធ្វើវេទិកាសាធារណៈស្ដីពី ការបញ្ចប់និទ្ទណ្ឌភាព នាទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែតុលា ទោះបីមានការរឹតត្បិតពីអាជ្ញាធរយ៉ាងណាក្តី។
អ្នកចូលរួមថ្លែងរិះគន់អាជ្ញាធរ ចំពោះការរឹតត្បិតការជួបជុំ និងសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលខំមកពីតាមមូលដ្ឋានផ្សេងៗ ដើម្បីចង់បង្ហាញពីទុក្ខកង្វល់ដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធឲ្យបានដឹងឮ។
បើទោះបីជាទ្វារច្រកចូល និងទ្វារបង្គន់នៅក្នុងបរិវេណទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង ត្រូវបានចាក់សោជាប់ ប៉ុន្តែតំណាង និងក្រុមអ្នកភូមិដែលខ្លះកាន់បដាពាក្យស្លោកប្រឆាំងនឹងវប្បធម៌និទ្ទណ្ឌភាព ឬភាពរួចទោសនៅកម្ពុជា បានផ្លោះខឿនរបងបាល់ទាត់នោះ ដើម្បីប្រារព្ធពិធីតាមការគ្រោងទុក។
សមាជិកនៃក្រុមការងារបណ្ដាញកសាងសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំង លោក ឌុល ប៊ុនថា មានប្រសាសន៍ថា លោកធ្លាប់សុំការអនុញ្ញាត និងធ្វើសេចក្ដីជូនដំណឹងដល់អាជ្ញាធរខេត្តចំនួនពីរលើក ដើម្បីរៀបចំវេទិកានេះ ប៉ុន្តែពុំមានការឆ្លើយតបវិជ្ជមានណាមួយឡើយ។ លោកថា ប្រជាពលរដ្ឋនៅតែជួបជុំគ្នាធ្វើវេទិកានេះ។ តាមគម្រោង ក្រុមពលរដ្ឋត្រូវដង្ហែក្បួនចេញពីសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មកទីលានបាល់ទាត់ ដែលមានចម្ងាយប្រហែល ៥០០ម៉ែត្រ និងមានធ្វើរោងវេទិកាត្រឹមត្រូវ ប៉ុន្តែដល់អាជ្ញាធរមិនអនុញ្ញាត ក៏សម្រេចមិនហែក្បួន និងធ្វើនៅហាលវាលអង្គុយផ្ទាល់ដីតែម្ដង៖ «លោកបានឃើញហើយថា ពួកខ្ញុំធ្វើនេះមិនបានពាក់ព័ន្ធនឹងនយោបាយទេ គឺក្នុងនាមសហគមន៍ទាំងមូល ហើយពួកគាត់មានបញ្ហាពាក់ព័ន្ធវិស័យផ្សេងៗ ដូចជា នេសាទ ដីធ្លី ព្រៃឈើ និងលំនៅឋានរបស់គាត់»។
នៅក្នុងវេទិកានេះ ក៏មានបើកឲ្យសួរសំណួរ និងបង្ហាញពីទុក្ខកង្វល់របស់តំណាង និងប្រជាពលរដ្ឋផងដែរ។ ពួកគេភាគច្រើន បានបង្ហាញពីបញ្ហាប្រឈមការចាប់ដាក់គុក ឬធ្វើទុក្ខបុកម្នេញដោយសារតែសកម្មភាពការពារធនធានជលផល ព្រៃឈើ និងដីធ្លី ជាដើម។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា និងអ្នកវិភាគបញ្ហាសង្គម លោក កែម ឡី ក៏បានឆ្លើយតបនឹងសំណួរ និងសំណូមពររបស់ពលរដ្ឋ។ ចំណែកអាជ្ញាធរ និងតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា ដែលតំណាងពលរដ្ឋអះអាងថា បានអញ្ជើញឲ្យចូលរួមដែរនោះ ពុំមានវត្តមានឡើយ។
តំណាងរាស្ត្រគណបក្សប្រឆាំងមណ្ឌលខេត្តកំពង់ឆ្នាំង លោក គី វណ្ណដារ៉ា ថ្លែងរិះគន់មិនសំចៃមាត់ទៅកាន់អាជ្ញាធរ និងតុលាការខេត្តកំពង់ឆ្នាំង ដោយលើកយកករណីជម្លោះដីធ្លីនៅភូមិឡពាង មកធ្វើជាឧទាហរណ៍។ ពលរដ្ឋម្ចាស់ដីមួយចំនួន ត្រូវបានគេវាយបែកក្បាល កោងខ្នង និងខ្លះត្រូវចាប់ដាក់គុក ហើយនៅកម្ពុជា មានបញ្ហាសង្គមច្រើនទៀត។ លោកថា វប្បធម៌និទ្ទណ្ឌភាពនៅតែបន្តកើតមាន ដែលបង្កឲ្យមានអំពើពុករលួយ និងអយុត្តិធម៌សង្គម៖ «តុលាការស្រុកខ្មែរ បងប្អូនដឹងហើយ ហើយជាពិសេសខ្ញុំចាប់អារម្មណ៍តុលាការខេត្តកំពង់ឆ្នាំង ថ្ងៃនេះនិយាយឲ្យឮតែម្ដង ព្រោះនៅក្រោយនេះទេ។ លោកតុលាការ! តុលាការ គឺរកយុត្តិធម៌មើលផងអាយុត្តិធម៌ហ្នឹង កុំមើលអាក្រោមតុច្រើនពេក អាក្រោមតុហ្នឹងបានវាធ្វើឲ្យអាប់ឱនដល់សង្គមជាតិ និងបានធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងសេចក្ដីថ្លៃថ្នូរប្រជាពលរដ្ឋ»។
ចំណែក លោក កែម ឡី មានប្រសាសន៍ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង មិនគប្បីរឹតត្បិតការជួបជុំ ឬការសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដោយចាក់សោរបង និងទ្វារបង្គន់បែបនេះឡើយ។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរនាពេលនេះថាអសីលធម៌ ហើយបើរដ្ឋាភិបាលមិនព្រមប្ដូរអាកប្បកិរិយារបស់ខ្លួនចាប់ពីថ្នាក់ដឹកនាំកំពូលរហូតដល់មេភូមិទេ នោះការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមិនបានល្អឡើយ៖ «ចលនាប្រជាជនបើធំជាងនេះ អាចទទួលបានជោគជ័យកាន់តែធំទៅៗ ហើយចងពីខេត្តមួយទៅខេត្តមួយទៅ។ ប៉ុន្តែអាការបំបាត់និទ្ទណ្ឌភាពយើងអាចសម្លឹងមើលធ្វើម៉េចឲ្យតុលាការឯករាជ្យ ធ្វើម៉េចឲ្យកងកម្លាំងប្រដាប់អាវុធឯករាជ្យ ធ្វើម៉េចឲ្យមន្ត្រីរាជការស្ថិតនៅក្នុងជំហរឯករាជ្យ ជៀសពីគណបក្សនយោបាយ»។
ទាក់ទងបញ្ហានេះ នាយការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក សុធីរ មុនីរតន៍ មានប្រសាសន៍ថា ខាងលោកបានដាក់កម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋចំនួន ១០នាក់។ ចំណែកប្រធានការិយាល័យអន្តរវិស័យរបស់សាលាខេត្តវិញ បញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរមិនបានហាមឃាត់វេទិកានោះឡើយ គឺគ្រាន់តែណែនាំឲ្យតំណាងពលរដ្ឋ សុំច្បាប់ត្រឹមត្រូវមុននឹងធ្វើកម្មវិធីនេះឡើង៖ «យើងគ្រាន់តែណែនាំគាត់ឲ្យធ្វើសុំច្បាប់ ដើម្បីការពារសុវត្ថិភាពឲ្យទេ មិនមែនមិនថាមិនឲ្យទេ ប៉ុន្តែបើគាត់ជូនដំណឹងអ៊ីចឹង បានន័យថា គាត់អាចគ្រប់គ្រងខ្លួនឯងបាន បានគាត់អត់ព្រម ទោះបីជាមានសិទ្ធិអី មិនមានសិទ្ធិអីគ្រាន់តែតាមរយៈមូលដ្ឋានមក ឲ្យគេជួយការពារតែប៉ុណ្ណឹង»។
វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងដោយតំណាងសហគមន៍ដីធ្លី ព្រៃឈើ នេសាទ និងក្រុមការងារនៃបណ្ដាញកសាងសន្តិភាព។ កម្មវិធីបានដំណើរការរយៈពេលប្រហែល ២ម៉ោង និងបញ្ចប់ទៅវិញនៅម៉ោង ១០កន្លះព្រឹក។ បណ្ដាញសហគមន៍ គ្រោងនឹងរៀបចំវេទិកាដូចគ្នានេះនៅទូទាំង ២៥ខេត្ត និងក្រុង ដែលបច្ចុប្បន្នរៀបចំបានចំនួន ៤ខេត្តហើយ គឺព្រះវិហារ កំពង់ធំ ព្រៃវែង និងខេត្តកំពង់ឆ្នាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
