កង​កម្លាំង​ចម្រុះ​បណ្ដេញ​ព្រះសង្ឃ​មិន​ឲ្យ​តវ៉ា​អត់​អាហារ​មុខ​ស្ថានទូត​ចិន

0:00 / 0:00

ព្រះសង្ឃ និង​សកម្មជន​បរិស្ថាន បរាជ័យ​ចំពោះ​គម្រោង​ធ្វើ​កូដកម្ម​ដោយ​គង់​បង្អត់​ចង្ហាន់​នៅ​ខាង​មុខ​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា នេះ ដើម្បី​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ (SinoHydro) ដែល​គ្រប់គ្រង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នៅ​ខេត្ត​កោះកុង។

ការ​បរាជ័យ​នេះ ដោយសារ​ក្រុម​អាជ្ញាធរ​ខណ្ឌ​ចំការមន និង​កង​សន្តិសុខ ប្រើ​ហិង្សា​បណ្ដេញ​ព្រះសង្ឃ​ឲ្យ​ទៅ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ។

ព្រះសង្ឃ និង​សកម្មជន​បរិស្ថាន នៅ​តែ​បង្ហាញ​ឆន្ទៈ​ការពារ​បរិស្ថាន​នៅ​តំបន់​ស្ទឹង​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយ​មិន​ចង់​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ និង​ចង់​បង្ហាញ​សារ​នេះ​ទៅ​មន្ត្រី​ស្ថានទូត​ចិន បើ​ទោះ​បី​មាន​ការ​រាំង​ពី​អាជ្ញាធរ​យ៉ាង​ណា​ក្តី។

សមាជិក​ម្នាក់​នៃ​ចលនា​កូន​ខ្មែរ​អ្នក​ស្នេហា​ជាតិ គឺ​ព្រះតេជព្រះគុណ លី ច័ន្ទនេន គង់​នៅ​វត្ត​ស្ទឹងមានជ័យ មាន​ថេរ​ដីកា​ពេល​អាជ្ញាធរ​បណ្ដេញ​ចេញ​នោះ ដោយ​ថ្កោលទោស​អាជ្ញាធរ ព្រម​ទាំង​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​ធ្វើ​កូដកម្ម​នេះ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ឡើយ៖ «ថ្ងៃ​នេះ​យើង​ធ្វើ​កូដកម្ម​បង្អត់​អាហារ ដើម្បី​ប្រឆាំង​ក្រុមហ៊ុន​ស៊ីណូហាយដ្រូ​របស់​ចិន ដែល​មក​រៀបចំ​ធ្វើ​នៅ​ស្រុក​ខ្មែរ ដើម្បី​កាប់​ព្រៃ​ឈើ​របស់​ខ្មែរ​យក​រ៉ែ​មាស រ៉ែ​ត្បូង​របស់​យើង​ដែរ»

ប៉ុន្តែ សកម្មភាព​នេះ​នៅ​តែ​រារាំង​ដោយ​កង​កម្លាំង​ចម្រុះ​អាជ្ញាធរ​ខណ្ឌ​ចំការមន និង​ក្រុម​សន្តិសុខ​ជាច្រើន​រយ​នាក់ បណ្ដេញ​ព្រះសង្ឃ​ចំនួន ៦​អង្គ និង​អ្នក​ការពារ​បរិស្ថាន​ម្នាក់ អោយ​ចេញ​ពី​ខាង​មុខ​ស្ថានទូត​ចិន និង​រារាំង​មិន​អោយ​ក្រុម​នោះ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​បាន​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។ មុន​មាន​ការ​បណ្ដេញ​នោះ ក្រុម​ព្រះសង្ឃ​បាន​លើក​បង្ហាញ​រូប​គំនូរ​ព្រះពុទ្ធ​អង្គ និង​ស្រែក​ទាមទារ​អោយ​ក្រុមហ៊ុន​ចិន បញ្ឈប់​គម្រោង​វារីអគ្គិសនី​នៅ​ស្ទឹង​អារ៉ែង។ ពួក​គេ​ក៏​បាន​ត្រៀម​សម្ភារៈ​មួយ​ចំនួន សម្រាប់​អង្គុយ ឬ​គង់​ធ្វើ​កូដកម្ម​ដោយ​បង្អត់​អាហារ​នៅ​ខាង​មុខ​ស្ថានទូត​ចិន។ ប៉ុន្តែ ត្រូវ​ក្រុម​អាជ្ញាធរ​បណ្ដេញ​ភ្លាមៗ អោយ​ចេញ​ពី​ខាង​មុខ​ស្ថានទូត។ បន្ទាប់​មក ក្រុម​ដដែល​នេះ​ក៏​បាន​ទៅ​ស្រែក​ទាមទារ​នៅ​ខាង​មុខ​មណ្ឌល​កម្សាន្ត ផាកវ៉េ (Park way) ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានទូត​ចិន។

អភិបាល​រង​ខណ្ឌ​ចំការមន លោក ជ គឹមស៊ ដែល​ដឹក​នាំ​ក្រុម​សមត្ថកិច្ច​ចុះ​ហាម​ឃាត់​នោះ បាន​និមន្ត​ព្រះសង្ឃ​ឲ្យ​ទៅ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​កុំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។

ចំណែក​ក្រុម​ព្រះសង្ឃ ក៏​តវ៉ា​ដោយ​បញ្ជាក់​ពី​ហេតុផល​មួយ​ចំនួន​ទាក់ទង​នឹង​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​ហេតុផល​នេះ អាជ្ញាធរ​មិន​ទទួល​យក​ឡើយ ហើយ​ក៏​ប្រកាស​ប្រើ​វិធានការ​រដ្ឋបាល​បណ្ដេញ​ចេញ​តែ​ម្តង៖ «ករុណា​សូម​ព្រះ​វរ​ណា​ព្រះអង្គ​ម្តង​ហើយ​ម្តង​ទៀត បើ​ព្រះអង្គ​មិន​និមន្ត ករុណា​នឹង​ចាត់​វិធានការ​រដ្ឋបាល​ហើយ កុំ​បន្ទោស​ថា​អាជ្ញាធរ​ខ្វះ​គុណធម៌​ជាមួយ​ព្រះសង្ឃ...»

វិធានការ​រដ្ឋបាល​នោះ​មាន​ចាប់​យក​ទូរស័ព្ទ​អ្នក​រាយការណ៍​ព័ត៌មាន​បោក​ចោល និង​ចាប់​យក​មេក្រូ​ពី​ក្រុម​ព្រះសង្ឃ​មិន​មាន​សង្ឃ​ដីកា​ស្រែក​តវ៉ា និង​បាន​ប្រើ​កម្លាំង​សន្តិសុខ​រុញ​ច្រាន​បណ្ដើរ​ក្រុម​តវ៉ា​នោះ ដើរ​រហូត​ដល់​ទីលាន​ប្រជាធិបតេយ្យ​ជិត​វត្ត​ភ្នំ។

ព្រះតេជព្រះគុណ លី ច័ន្ទនេន បាន​ហៅ​ការ​បណ្ដេញ​មិន​ឲ្យ​មាន​ការ​តស៊ូ​មតិ​នេះ ជា​ការ​ប្រើ​អំពើ​ហិង្សា​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​សម្ដែង​មតិ​ការពារ​ធនធាន​ធម្មជាតិ កុំ​ឲ្យ​វិនាស​បាត់​បង់៖ «យើង​យល់​ឃើញ​ថា រដ្ឋាភិបាល​មួយ​នេះ​ជា​រដ្ឋាភិបាល​ខ្ញុំ​កញ្ជះ​របស់​ចិន​កុម្មុយនិស្ត​យ៉ាង​ដាច់​ថ្លៃ ហើយ​បាន​ប្រើប្រាស់​កង​កម្លាំង​សន្តិសុខ ដើម្បី​បង្ក្រាប​ពួក​យើង កញ្ឆក់​បដា កញ្ឆក់​ក្បាល​មីក្រូ​របស់​ពួក​យើង»

សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​កញ្ញា បាន​សម្រេច​បដិសេធ​សំណើ​របស់​ក្រុម​ព្រះសង្ឃ ដែល​សុំ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ខាង​មុខ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​ពេញ​មួយ​ថ្ងៃ​ទី​១៣ កញ្ញា ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ព្រឹក បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ៥​ល្ងាច។ កូដកម្ម​នេះ​មាន​បំណង​ស្នើ​អោយ​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ បញ្ឈប់​គម្រោង​វារីអគ្គិសនី​ស្ទឹង​អារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ក៏​បាន​ដាក់​កម្លាំង​យាម​ឃ្លាំ​មើល​វត្ត​ពីរ ដែល​មាន​សកម្មភាព​អ្នក​តវ៉ា​ជា​ព្រះសង្ឃ​ចេញ​តស៊ូ​មតិ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​សង្គម មាន​ដូចជា វត្ត​ស្ទឹងមានជ័យ និង​វត្ត​សាមគ្គីរង្សី ជាដើម៕

វីដេអូ៖ អាជ្ញាធរ​រារាំង​ព្រះសង្ឃ​បង្អត់​អាហារ​នៅ​ទូតចិន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។