អធិការ​ស្រុក​បរិបូរណ៍​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

0:00 / 0:00

អធិការ​នគរបាល​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​រត់​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ផ្ទាល់​ខ្លួន ដើម្បី​មាន​ឱកាស​បន្ត​កាន់​តំណែង​ជា​អធិការ​ស្រុក​បន្ត​ទៅ​ទៀត នៅ​គ្រា​ដែល​អធិការ​រូប​នេះ​ត្រូវ​ថ្នាក់​លើ​ឲ្យ​រៀបចំ​បែបបទ​ចូល​និវត្តន៍​ហើយ​នោះ។ ប៉ុន្តែ​អធិការ​ស្រុក​បរិបូរណ៍ លោក ជាង សុវណ្ណារិទ្ធ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

សារ​អ៊ីមែល​លើក​ទី​ពីរ ដែល​បុគ្គល​ម្នាក់​សុំ​លាក់​អត្តសញ្ញាណ ហើយ​អះអាង​ថា​ជា​កូន​ចៅ​របស់​លោក ជាង សុវណ្ណារិទ្ធ ផ្ញើ​មក​កាន់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ បាន​បើក​កកាយ​រឿង​អាស្រូវ​ពុក​រលួយ និង​ទង្វើ​ខុស​ឆ្គង​របស់​មេ​ខ្លួន​ជា​បន្តបន្ទាប់។

នៅ​ក្នុង​សារ​នេះ បាន​ចោទ​លោក​អធិការ ថា​កំពុង​រត់​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ទោ ឬ​ស័ក្ដិ​បួន​កន្លះ ទៅ​ស័ក្ដិ​ប្រាំ។ បើ​តាម​ច្បាប់ នគរបាល​ដែល​មាន​ស័ក្ដិ​ប្រាំ អាច​ពន្យារ​ពេល​បាន​ប្រាំ​ឆ្នាំ​ទៀត មុន​នឹង​ដាក់​ឲ្យ​ចូល​និវត្តន៍។ ក្រៅ​ពី​រឿង​រត់​ការ​ដំឡើង​ស័ក្ដិ លោក ជាង សុវណ្ណារិទ្ធ ក៏​បាន​យក​ម៉ូតូ​របស់​ជន​រងគ្រោះ​ដែល​គ្រោះថ្នាក់​ចរាចរណ៍ និង​កុំព្យូទ័រ​របស់​អង្គភាព ទៅ​ឲ្យ​កូន​ស្រី​ប្រើប្រាស់​ដែរ។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ អធិការ​នគរបាល​ស្រុក​បរិបូរណ៍ លោក ជាង សុវណ្ណារិទ្ធ ថា​លោក​ពិត​ជា​យក​ម៉ូតូ​ជន​រងគ្រោះ​ម៉ាក​ហុងដា​ស៊េរី ២០០៧ ទៅ​ជិះ​ធ្វើ​ការងារ​មែន តែ​មិន​មែន​សម្រាប់​កូន​ស្រី​ជិះ​នោះ​ទេ ហើយ​បើ​ម្ចាស់​ម៉ូតូ​សម្របសម្រួល​គ្នា​ត្រូវ​ពេល​ណា លោក​នឹង​ប្រគល់​ឲ្យ​គេ​វិញ។ ចំណែក​រឿង​កុំព្យូទ័រ​វិញ គឺ​លោក​ជំទាវ ស៊ឹង ស៊ីយុត ប្រគល់​ឲ្យ​លោក​ទុក​គ្រាន់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ៖ « កូន​ខ្ញុំ​ជិះ​អា ០៩ របស់​ខ្ញុំ​ទិញ​តើ ! មាន​ពាក់ព័ន្ធ​អី​បង ! ខ្ញុំ​ជិះ​របស់​ខ្ញុំ គ្រាន់​តែ​ធ្វើ​ការងារ​តើ ! ជិះ​ធ្វើ​ការងារ​មួយ​រយៈ ហើយ​មិន​មែន​តែ​មួយ​ណា កូន​ចៅ​ខ្ញុំ​ដែល​អត់ៗ​ម៉ូតូ គាត់​ជិះ​ដែរ​តើ។ អ្នក​ណា​គេ​ចោទ​ប្រកាន់​បង ! ក្រោយៗ​សុំ​ហត្ថលេខា​គេ​មើល​បង​ដូចជា​ចង់​ដឹង​អ្នក​ចោទ​ប្រកាន់​ហ្នឹង​ណាស់​រាល់​ថ្ងៃ »

ចំពោះ​រឿង​រត់​ការ​ដំឡើង​ឋានន្តរស័ក្ដិ​វិញ លោក ជាង សុវណ្ណារិទ្ធ បដិសេធ​ថា លោក​ពុំ​មាន​លុយ​កាក់​ទៅ​ពឹងពាក់​អ្នក​នៅ​ភ្នំពេញ ដើម្បី​ទទួល​បាន​ការ​ដំឡើង​ស័ក្ដិ​ប្រាំ​នោះ​ទេ។ ប៉ុន្តែ​ថ្មីៗ​នេះ លោក​ពិត​ជា​ទទួល​ដំណឹង​ថា លោក​នឹង​ត្រូវ​ដំឡើង​ទៅ​ជា​វរសេនីយ៍ឯក ឬ​ស័ក្ដិ​ប្រាំ​មែន។ លោក​ថា លោក ស ខេង ក៏​ធ្លាប់​ប្រកាស​ថា តំណែង​អធិការ​ស្រុក​នឹង​ត្រូវ​ដំឡើង​ទៅ​វរសេនីយ៍ឯក​ទាំងអស់៖ « ខ្ញុំ​អត់​បាន​រត់​ការ​ទៅ​ណា​ទេ​បង​អើយ ! ខ្ញុំ​មាន​លុយ​ណា​រត់​ការ​បង។ ប៉ុន្តែ​ស័ក្ដិ​ហ្នឹង​ប្រហែល​វា​ត្រូវ​ឡើង​ហើយ ព្រោះ​ក្រឡាហោម ( លោក ស ខេង ) ថា​ឲ្យ​អធិការ​ឡើង​ស័ក្ដិ​ប្រាំ។ បើ​សិន​សម្ដេច​ឲ្យ​ឡើង​ពាក់​ស័ក្ដិ​ប្រាំ​ដូច​សម្ដេច​មាន​អនុសាសន៍​អ៊ីចឹង អា​ហ្នឹង​អាច​ថា​ខ្ញុំ​ធ្វើ​បាន​ត​ទៅ​ទៀត បើ​សិន​ជា​អត់​ទេ រ៉ឺត្រែត ( ចូល​និវត្តន៍ ) ឆ្នាំ​ណា​រឿង​របស់​សម្ដេច​ចុះ​ហត្ថលេខា​ឲ្យ​ខ្ញុំ​ចូល​និវត្តន៍​តើ »

ទាក់ទង​បញ្ហា​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណរ៉ា ធ្លាប់​បញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​សម្រេច​របស់​អគ្គនាយកដ្ឋាន​បុគ្គលិក​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ហើយ​បាន​ចាត់ចែង​ឲ្យ​មន្ត្រី​ផ្នែក​បុគ្គលិក​ធ្វើ​លិខិត​ទៅ​សាមី​ខ្លួន​ដែល​មាន​ឈ្មោះ​ត្រូវ​រៀបចំ​សំណុំ​បែបបទ​ចូល​និវត្តន៍​ហើយ។ លោក​បដិសេធ​ថា មិន​បាន​ឃុបឃិត ឬ​ចង់​រក្សា​មន្ត្រី​ណា​ម្នាក់​មិន​ឲ្យ​ចូល​និវត្តន៍​តាម​ច្បាប់​កំណត់​ទេ។

លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧ របស់​អគ្គនាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តម្រូវ​ឲ្យ​មន្ត្រី​នគរបាល​នៅ​ខេត្ត​កំពង់ឆ្នាំង ចំនួន ១២​រូប ដែល​មាន​អាយុ ៥៥​ឆ្នាំ ឬ​កើត​នៅ​ឆ្នាំ​១៩៦២ ដើម្បី​រៀបចំ​សំណុំ​បែបបទ​ចូល​និវត្តន៍។ លិខិត​ដដែល​បង្ហាញ​ថា អធិការ​ស្រុក​បរិបូរណ៍ លោក ជាង សុវណ្ណារិទ្ធិ មាន​ឈ្មោះ​ត្រូវ​ចូល​និវត្តន៍​នៅ​លេខ​រៀង​លើ​គេ​ក្នុង​ចំណោម​មន្ត្រី ១២​រូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។