ស្នងការនគរបាលថ្មីខេត្តព្រះសីហនុ បានដាក់បទបញ្ជាក្តៅឲ្យនគរបាលក្រោមឱវាទនៅទូទាំងខេត្តទេសចរណ៍មួយនេះ បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីឈានទៅបង្ក្រាបបទល្មើសចោរកម្មឆក់ប្លន់ ឬក្រុមក្មេងទំនើងជាដើមឲ្យមានប្រសិទ្ធភាព។
សារព្រមាននេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមានលំនៅឋានក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ប៉ុន្តែទន្ទឹមគ្នានេះ ពលរដ្ឋក៏ស្នើឲ្យសមត្ថកិច្ចអង្កេតពីសកម្មភាពរបស់លោកអធិការនគរបាល ឬមេប៉ុស្តិ៍តាមប៉ុស្តិ៍រដ្ឋបាលនីមួយៗឲ្យបានត្រឹមត្រូវ ព្រោះមន្ត្រីខ្លះមានជាប់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសង ឬបនពេស្យាចារជាដើម។
មន្ត្រីនគរបាលថ្នាក់ទាបខេត្តព្រះសីហនុ បានអះអាងថា លោក ជួន ណារិន ស្នងការនគរបាលថ្មីខេត្តព្រះសីហនុ បានព្រមានដាក់ពិន័យរដ្ឋបាលដល់លោកអធិការនគរបាល ឬមេប៉ុស្តិ៍រដ្ឋបាលទាំងឡាយណា ដែលអនុញ្ញាតឲ្យមានបនល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
មន្ត្រីនគរបាលស្នើមិនបង្ហាញអត្តសញ្ញាណម្នាក់បានឲ្យដឹងថា លោក ជួន ណារិន បានបើកកិច្ចប្រជុំជាមួយកងកម្លាំងនគរបាលក្រោមឱវាទ ដោយតម្រូវឲ្យកងកម្លាំងនៅតាមមូលដ្ឋាននីមួយៗ ត្រូវពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់ប្រមុខដឹកនាំដាក់ចេញឲ្យមានប្រសិទ្ធភាព។ ជាងនេះ លោកបានព្រមានដល់លោកអធិការនគរបាល និងលោកមេប៉ុស្តិ៍នានា ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ រាប់ទាំងកន្ទុយលេខ ទីតាំងចាក់ភ្នាល់បាល់ ជល់មាន់ និងក្រុមក្មេងទំនើងជាដើម មិនឲ្យធ្វើសកម្មភាពទៀតទេ។
បន្ថែមលើនេះ លោក ជួន ណារិន ក៏បានព្រមានដាក់ពិន័យដល់មន្ត្រីនគរបាលទាំងឡាយ ដែលអាចជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសផ្សេងៗ នឹងប្រឈមដកតួនាទី ឬក៏ឈានដល់ផ្ដន្ទាទោសចំពោះកំហុសឆ្គងរបស់ខ្លួន។
ឆ្លើយតបបញ្ហានេះ លោក ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ ថ្លែងថា នឹងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំបានដាក់ចេញ តាមដែលអាចធ្វើទៅបាន។ លោកថា ពេលនេះរូបលោកបានធ្វើរបាយការណ៍ទាក់ទងបទល្មើសផ្សេងៗ ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងឈានដល់មានវិធានការបង្ក្រាបបទល្មើសផ្សេងៗនាពេលខាងមុខ៖ «បញ្ហាបទល្មើសផ្សេងៗ និងល្បែងស៊ីសងគ្រប់ប្រភេទ ខ្ញុំបានធ្វើរបាយការណ៍ដាក់ជូនថ្នាក់លើរួចហើយ ហើយរៀបចំកម្លាំងនៅតាមបណ្ដាប៉ុស្តិ៍ប៉ូលិសរដ្ឋបាលរួចហើយ និងរង់ចាំបទបញ្ជាតែប៉ុណ្ណោះ»។
បញ្ហានេះ ទាំងមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានអះអាងថា ល្បែងស៊ីសងគ្រប់ប្រភេទមានកន្ទុយលេខ ភ្នាល់បាល់ និងជល់មាន់ជាដើម បានធ្វើសកម្មភាពនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលមូលដ្ឋានទេ ប៉ុន្តែគ្មានសកម្មភាពបង្ក្រាបពីសមត្ថកិច្ចទេកន្លងមក។ ក្នុងនោះក៏មានទីតាំងបនពេស្យាចារ ភ្នាល់បាល់ជ្រកក្រោមស្លាកលក់កាហ្វេខ្លះ ម្ចាស់ទីតាំងបទល្មើសទាំងនោះបានអួតអាងថា ពួកគេមានសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នកាងការពារ និងមានទីតាំងចាក់ភ្នាល់បាល់ខ្លះទៀត អាងខ្លួនមានសាច់ញាតិមន្ត្រីនគរបាលពាក់ផ្កាយ កំពុងបម្រើការងារនៅក្រសួងមហាផ្ទៃ ជាដើម។
បញ្ហានេះ ក្រុមប្រជាពលរដ្ឋបានអះអាងថា បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើសកម្មភាពរីកដូចផ្សិតនាមូលដ្ឋានខេត្តព្រះសីហនុ នាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន អាចជាដើមចមបង្កឲ្យមានបទល្មើសចោរឆក់ ប្លន់ និងកាប់ចាក់គ្នាកើតឡើងជាបន្តបន្ទាប់នាពេលកន្លងមក៖ «បនពេស្យាចារជ្រកក្រោមស្លាកកោសជប់ និងទីតាំងចាក់ភ្នាល់បាល់ជ្រកក្រោមស្លាកហាងកាហ្វេជាដើម គឺបានធ្វើសកម្មភាពនៅជិតប៉ុស្តិ៍នគរបាលសង្កាត់លេខ២ នៅម្តុំផ្ទះល្វែងមហោស្រពចាស់ផ្ទះលេខស៊ី៤៦ និងទីតាំងភ្នាល់បាល់ជ្រកក្រោមស្លាកអ៊ីនធឺណិត ក្នុងនោះហាងកាហ្វេពូវុធ ក៏មានសកម្មភាពចាក់ភ្នាល់បាល់ច្រើនគគ្រឹកគគ្រេងដែរ។ បន្ថែមលើនេះ សកម្មភាពចាក់កន្ទុយលេខក៏បានកើតមានព្រោងព្រាត និងគ្មានសមត្ថកិច្ចបង្ក្រាបដែរកន្លងមក»។
ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ជារឿយៗបានផ្ញើសារក្រើនរំឭកដល់កងកម្លាំងនគរបាលតាមមូលដ្ឋាននីមួយៗ ត្រូវសហការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខដឹកនាំឲ្យមានប្រសិទ្ធភាព និងត្រូវមានសកម្មភាពដូចភ្លៀងរលឹម។
មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី លោកឧត្តមសេនីយ៍ ខៀវ សុភ័គ មានជំនឿថា បញ្ហាអសន្តិសុខដែលធ្លាប់កើតមានមួយចំនួននាខេត្តព្រះសីហនុ នាពេលកន្លងទៅ នឹងបានប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ។
យ៉ាងណាក៏ដោយ លោក ជួន ណារិន ស្នងការនគរបាលថ្មីខេត្តព្រះសីហនុ បានប្ដេជ្ញាថា នឹងសហការបង្ក្រាបបទល្មើសផ្សេងៗឲ្យថយចុះ ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលទៅកម្សាន្តខេត្តជាប់មាត់សមុទ្រមួយនេះឲ្យបានប្រសើរថែមទៀត។
បន្ថែមលើនេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្តកម្លាំងសមត្ថកិច្ចថា បើសិនជានៅក្នុងបេសកកម្មចុះបង្ក្រាបបទល្មើសអ្វីមួយ បានជួបប្រទះនូវឧបសគ្គរារាំងមិនអាចដោះស្រាយបាន ឬស៊ើបដឹងថា បទល្មើសទាំងនោះមានមន្ត្រីធំៗ ឬពាក់ផ្កាយនៅពីក្រោយបទល្មើសទាំងនោះ ត្រូវផ្តល់ដំណឹងមករូបលោក លោកនឹងរាយការណ៍បន្តជូនប្រមុខដឹកនាំរដ្ឋាភិបាល ឬថ្នាក់ដឹកនាំស្ថាប័នថ្នាក់ជាតិ ជួយមានវិធានការបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
