ក្រុមអង្គការសង្គមស៊ីវិល សម្ដែងការសាទរចំពោះអគ្គស្នងការនគរបាលជាតិ ដែលប្រកាសថានឹងបញ្ចប់វប្បធម៌និទ្ទណ្ឌភាព ចំពោះកូនចៅរបស់អ្នកមានស្តុកស្ដម្ភ និងអ្នកមានអំណាច។
យ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ដើម្បីឲ្យការប្ដេជ្ញានេះមានប្រសិទ្ធភាពទៅបាន គឺត្រូវតែស៊ើបអង្កេតឡើងវិញនូវអំពើនិទ្ទណ្ឌភាពជាច្រើនផ្សេងទៀត រួមមានករណី លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាដើម។
ក្រុមអង្គការសង្គមស៊ីវិល នៅតែមិនទាន់មានជំនឿចិត្តខ្លាំងនោះទេ ចំពោះការប្ដេជ្ញាលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា ពីសំណាក់អគ្គស្នងការនគរបាលជាតិ។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិល សម្ដែងការសាទរចំពោះអនុសាសន៍នេះ។
ការបង្ហាញទស្សនៈរបស់ក្រុមសង្គមស៊ីវិលបែបនេះ គឺបន្ទាប់ពីអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន មានប្រសាសន៍ថា នគរបាល និងតុលាការ ត្រូវតែបញ្ឈប់ផ្តល់សិទ្ធិពិសេសដល់កូនៗដែលមានចរិតមិនល្អរបស់អ្នកមានស្ដុកស្ដម្ភ និងអ្នកមានអំណាចបន្តទៅទៀត។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មានប្រសាសន៍ថា នេះរឿងល្អមួយក្នុងការប្ដេជ្ញាបញ្ចប់វប្បធម៌លើកលែងទោសដល់កូនចៅអ្នកមានទ្រព្យមហាសាល។ ស្របពេលគ្នានេះដែរ លោកក៏ទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញនូវអំពើនិទ្ទណ្ឌភាពមួយចំនួនទៀត រួមមាន ករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនី ៣នាក់ឲ្យរងរបួស ប៉ុន្តែតុលាការ និងអាជ្ញាធរពាក់ព័ន្ធ នៅតែមិនទាន់នាំខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់នៅឡើយ ករណីកម្មករស្លាប់ក្នុងហេតុការណ៍សមត្ថកិច្ចប្រើហិង្សាបាញ់បង្ក្រាបការតវ៉ាលើផ្លូវវ៉េងស្រេង និងករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ជាដើម៖ «កុំភ្លេចធ្វើការស៊ើបអង្កេតផងរឿងអ្នកដែលបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ឬក៏បាតុករនៅស្ពានច្បារអំពៅ ស្ពានស្ទឹងមានជ័យ នៅសួនកាណាឌីយ៉ា ហើយនិងអ្នកបាញ់សម្លាប់វីរជនខ្មែរដទៃទៀត ដូចជា លោក ឈុត វុទ្ធី លោក ជា វិជ្ជា និងករណីបាញ់សម្លាប់ អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវតែរកឲ្យឃើញ ពិសេសត្រូវស្វែងរកចាប់ ឈូក បណ្ឌិត ដាក់ពន្ធនាគារឲ្យបានទៅ ដូច្នេះទើបពាក្យពេចន៍ទាំងអស់នេះនឹងមានប្រសិទ្ធភាព»។
ការប្ដេជ្ញារបស់ លោក នេត សាវឿន នៅពេលនេះ គឺកើតឡើងបន្ទាប់ពីយុវជន ឌួង ឆាយ ដែលជាកូនលោកឧកញ៉ា ឌួង ងៀប ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោយមានជម្លោះវាយតបគ្នាជាមួយកូនលោកឧកញ៉ា ទ្រី ភាព។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ថ្លែងថា ការលើកឡើងរបស់លោកអគ្គស្នងការនគរបាលជាតិ គឺជាក្របខ័ណ្ឌច្បាប់មួយដែលផ្តល់ភាពយុត្តិធម៌ចំពោះមនុស្សទូទៅ ដែលអនុវត្តស្មើភាពគ្នាចំពោះមុខច្បាប់។ លោកថា កន្លងមកមន្ត្រីនគរបាលយុត្តិធម៌ ហាក់ដូចជាស្ទាក់ស្ទើរក្នុងការចាប់ខ្លួនកូនចៅអ្នកមានលុយ និងមានអំណាច នៅពេលពួកគេបង្កការបាញ់បោះដោយសេរី ឬប្រព្រឹត្តបទល្មើស។ យ៉ាងណា លោកនៅរង់ចាំអ៊ុតមើលថា តើក្រោយការប្រកាសនេះទៅ ការអនុវត្តមានប្រសិទ្ធភាពកម្រិតណា?៖ «យើងស្វាគមន៍ចំពោះអនុសាសន៍ ឬការប្ដេជ្ញាចិត្តរបស់អគ្គស្នងការនគរបាលជាតិ តែយើងនឹងចាំមើលថា តើកងកម្លាំងនគរបាល ឬមន្ត្រីក្រោមឱវាទរបស់លោក នឹងអនុវត្តបានដល់កម្រិតណាដែរ?»។
ថ្លែងក្នុងសន្និសីទមួយស្ដីពីការពង្រឹងសមត្ថភាពតុលាការ និងនគរបាលយុត្តិធម៌ ដើម្បីអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ឧសភា លោក នេត សាវឿន ថ្លែងថា ចាប់ពីពេលនេះទៅ នៅពេលមានការបាញ់បោះ គឺឈប់សួរថា ជាកូនអ្នកណាទៀតហើយ គឺត្រូវតែចាប់បញ្ជូនខ្លួនពួកគេទៅដាក់គុកសិន។ បើមិនទាន់ចាប់ខ្លួនបានទេ ចាំបាច់ត្រូវតែចាប់ខ្លួនពួកគេឲ្យបាន មិនចាំបាច់រាយការណ៍ថាជាកូនរបស់អ្នកណា ឬចៅរបស់ឧកញ៉ាណាឡើយ ព្រោះពួកគេមានសិទ្ធិស្មើគ្នាក្នុងសង្គម និងចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
