មន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋានខេត្តប៉ៃលិន អះអាងថា លទ្ធផលកោសលវិច័យរួមគ្នារវាងសមត្ថកិច្ចជំនាញខ្មែរ និងថៃ បង្ហាញថា សាកសពបុរសម្នាក់ដែលត្រូវគេសម្លាប់កប់ក្នុងដីនៅជាយដែនខេត្តប៉ៃលិន គឺជាសពថៅកែកាស៊ីណូជនជាតិថៃ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។ ការអះអាងនេះ បន្ទាប់ពីសមត្ថកិច្ចខ្មែរ និងថៃ មានការសង្ស័យទៅលើសាកសពដែលគេលួចកប់នៅព្រំដែនខ្មែរ-ថៃ នោះ ជាករណីឃាតកម្មដើម្បីបំបាត់ដាន។
បន្ទាប់ពីការធ្វើកោសល្យវិច័យដឹងថា សាកសពនោះជាជនជាតិថៃ ពិតប្រាកដ ហើយសមត្ថកិច្ចខ្មែរបានប្រគល់សាកសពនោះឲ្យទៅសមត្ថកិច្ចថៃ ដើម្បីបញ្ជូនទៅឲ្យសាច់ញាតិនាំយកទៅធ្វើបុណ្យនៅខេត្តឈុនបុរី ប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។
ស្នងការនគរបាលខេត្តប៉ៃលិន លោក ជា ចាន់ឌិន ឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ថា ការស្រាវជ្រាវរបស់សមត្ថកិច្ចនៃប្រទេសទាំងពីរស្ទើរមួយថ្ងៃបង្ហាញថា ថៅកែភាគហ៊ុនកាស៊ីណូឈ្មោះ ប៉ៃលិន ផ្លាមីងហ្គូ (Pailin Flamingo Casino) ស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ គឺជាជនជាតិថៃ ឈ្មោះ សំនឹក ចារូនជីរៈសាធាន (Somnuek Jaroonjirasathien) ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវជនមិនស្គាល់មុខលួចសម្លាប់។
ទោះជាយ៉ាងណាក៏ដោយ លោកអះអាងថា ការស្លាប់របស់នោះ គឺជាអំពើឃាតកម្មគ្រោងទុកជាមុន បែបពាលស៊ីពាលរបស់ជនជាតិថៃដូចគ្នា គឺពុំមានពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជាឡើយ៖ «យើងដាក់ការសង្ស័យថា អ្នកដែលសម្លាប់ថៅកែជនជាតិថៃ អាចជាអ្នករកស៊ីជាមួយគ្នាតែពុំមែនអ្នករកស៊ីភាគហ៊ុនកាស៊ីណូទេ។ រឿងនេះយើងនៅសហការជាមួយភាគីថៃ ដើម្បីតាមរកឃាតកសម្លាប់ថៅកែកាស៊ីណូនោះបន្តទៀត»។
ទោះជាយ៉ាងណាសមត្ថកិច្ចខ្មែរនិងថៃ ពុំទាន់ចាប់ឃាតកដៃដល់ដែលសម្លាប់ថៅកែកាស៊ីណូជនជាតិថៃ នោះបាននៅឡើយទេ មកទល់ថ្ងៃទី២៣ ខែកុម្ភៈ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ឃាតកសម្លាប់ជនជាតិថៃ ម្ចាស់កាស៊ីណូនៅខេត្តប៉ៃលិន អាចមានគ្នាចាប់ពី ២នាក់ឡើយទៅ ពីព្រោះសាកសពមានស្នាមវាយត្រង់មុខ និងត្រូវគ្រាប់កាំភ្លើងត្រង់ក។
លោកពន្យល់ទៀតថា មនុស្សម្នាក់ឯងមិនអាចនាំសាកសពទៅកប់ក្នុងដី ដោយពុំមានប្រជាពលរដ្ឋដឹងឮនោះទេ៖ «បើទោះបីជាអ្នកស្លាប់នោះ ជាជនជាតិអ្វីក៏ដោយ សំខាន់គឺសមត្ថកិច្ចត្រូវតែតាមចាប់ឃាតកឲ្យបាន ដើម្បីឲ្យមហាជនមានទំនុកចិត្តទៅលើសមត្ថកិច្ច»។
លោកបន្ថែមថា ការស្លាប់របស់អ្នកជំនាញជនជាតិថៃនេះ នឹងធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគទុនដទៃទៀតមិនហ៊ានមករកស៊ីនៅកម្ពុជាឡើយ ប្រសិនបើសមត្ថកិច្ចពាក់ព័ន្ធមិនអាចចាប់ឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បាននោះ។
សពថៅកែកាស៊ីណូឈ្មោះ ប៉ៃលិន ផ្លាមីងហ្គូ ត្រូវគេប្រទះឃើញកប់ក្នុងដីនៅចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែកុម្ភៈ។ សពបុរសនោះ ដំបូងឡើយសមត្ថកិច្ចខេត្តប៉ៃលិន ពុំទាន់កំណត់ថា ជាជនជាតិណាពិតប្រាកដនៅឡើយ។ ក្រោយមកប៉ូលិសកម្ពុជា និងថៃ បានសហការចុះស្រាវជ្រាវរួមគ្នា ទើបដឹកថា ជាថៅកែកាស៊ីណូជនជាតិថៃ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
