មន្ត្រី​ប៉ូលិស​ខេត្ត​មណ្ឌលគិរី​២​នាក់​រង​ការ​ចោទ​ថា​គំរាម​ទារ​ប្រាក់​ពី​ពលរដ្ឋ

0:00 / 0:00

ប្រជាពលរដ្ឋ​ពីរ​នាក់​ជា​ម្តាយ និង​កូន រស់នៅ​ឃុំ​ស្រែសង្គម ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ស្រុក​ពីរ​នាក់ ថា​បាន​គំរាម​ទារ​ប្រាក់ និង​បង្ខំ​ឲ្យ​ពួក​គាត់​ធ្វើ​លិខិត​បដិសេធ​ថា ប្រាក់​នោះ​គឺ​ពួក​គេ​ស្ម័គ្រ​ចិត្ត​ផ្តល់​ឲ្យ​ប៉ូលិស​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។ មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​មណ្ឌលគិរី អំពាវនាវ​សុំ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស៊ើប​អង្កេត​ករណី​នេះ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​ទាំង​ពីរ​នាក់​ម្តាយ​កូន នៅ​ថ្ងៃ​ទី​៦ ខែ​សីហា សុំ​ឲ្យ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី ជួយ​អន្តរាគមន៍​ស្វែងរក​យុត្តិធម៌​ដល់​ពួក​គាត់។

ដើម​ចោទ​ទាំង​ពីរ​នាក់ គឺ​ម្តាយ​មាន​ឈ្មោះ សយ សុខាន់ រស់នៅ​ភូមិ​រង្សី និង​កូន​ឈ្មោះ ហួត សំ ជា​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។ ចំណែក​មន្ត្រី​ប៉ូលិស​ស្រុក​ដែល​រង​ការ​ចោទ​ប្រកាន់ គឺ​លោក សៅ សុខ និង​លោក អេង ធូរ។

ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ ខែ​សីហា លោក ហួត សំ រៀបរាប់​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក និង​មន្ត្រី​អនុរក្ស​ពីរ​នាក់​ទៀត បាន​ចុះ​ល្បាត​ព្រៃ​នៅ​ចំណុច​ភូមិ​ទោន។ ក្នុង​ការ​ល្បាត​នោះ ក្រុម​អនុរក្ស​ប្រទះ​ឃើញ​កាំភ្លើង​មួយ​ដើម ដែល​អ្នក​ប្រមាញ់​សត្វ​ព្រៃ​បោះ​ចោល ហើយ​រត់​គេច​ខ្លួន ខណៈ​ក្រុម​ល្បាត​បាន​ប្រទះ​ឃើញ​គេ​កំពុង​ប្រមាញ់​សត្វ​ក្នុង​ព្រៃ។ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២ ខែ​សីហា ក្រុម​ល្បាត​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​មក​ជាមួយ​នូវ​កាំភ្លើង​ដែល​រក​ឃើញ​ក្នុង​ព្រៃ។ លោក​បន្ត​ថា មក​ដល់​ផ្ទះ​នៅ​រសៀល​ម៉ោង ៥ ក៏​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​លោក​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​បី​គ្រាប់​ឡើង​លើ ដើម្បី​គំរាម​ប្រពន្ធ។ លុះ​ព្រឹក​ឡើង ទើប​ឃើញ​ប៉ូលិស​ស្រុក​មក​អញ្ជើញ​លោក​ឲ្យ​ចូល​ទៅ​បំភ្លឺ​រឿង​នេះ និង​គំរាម​ឲ្យ​ម្តាយ​លោក​រក​ប្រាក់​មក​លោះ​ខ្លួន បើ​មិន​ដូច្នេះ​ទេ ប៉ូលិស​នឹង​ឃាត់​ខ្លួន​លោក​ពាក់ព័ន្ធ​ផ្ទុះ​អាវុធ​នេះ៖ «គេ​មក​ប្រាប់​និយាយ​ជាមួយ​ម៉ែ​ខ្ញុំ​ហ្នឹង តម្លៃ​លោះ​ខ្លួន​ខ្ញុំ​ហ្នឹង ៤​ពាន់​ដុល្លារ បាន​ឲ្យ​ចេញ​ពី​កន្លែង​អធិការ។ ម៉ាក់​គាត់​សុំ​ចុះ​រហូត​ដល់ ២.៥០០​ដុល្លារ បាន​ខ្ញុំ​បាន​ចេញ​ពី​កន្លែង​អធិការ។ បើ​និយាយ​ទៅ​មិន​សុខ​ចិត្ត​ដែរ ប៉ុន្តែ​ខ្ញុំ​ខ្លាច​គេ​បញ្ជូន​ឡើង​លើ​ទៀត»

ចំណែក​ម្តាយ​របស់ លោក ហួត សំ គឺ​អ្នកស្រី សយ សុខាន់ កត់​សម្គាល់​ថា ប៉ូលិស​ប៉ុនប៉ង​ដាក់​ខ្នោះ​ដៃ​កូន​គាត់ និង​គំរាម​ឲ្យ​បង់​ប្រាក់ ៤​ពាន់​ដុល្លារ​ជា​ថ្នូរ​បញ្ចប់​រឿង​ក្តី​មួយ​នេះ។ ដោយសារ​គ្មាន​ប្រាក់ អ្នកស្រី​បាន​អង្វរ​មន្ត្រី​ប៉ូលិស​សុំ​បង់​ប្រាក់ ២.៥០០​ដុល្លារ ទើប​ប៉ូលិស​យល់ព្រម។ អ្នកស្រី​បន្ត​ថា ជា​រឿង​អយុត្តិធម៌​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​សម្រេច​ចិត្ត​ប្ដឹង​មក​មន្ត្រី​សិទ្ធិ​មនុស្ស​ពី​រឿង​នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប៉ូលិស​ដោះ​លែង​កូន​គាត់​ឲ្យ​មាន​សេរីភាព​វិញ ស្រាប់​តែ​ប៉ូលិស​កោះ​ហៅ​គាត់ និង​កូន​មក​គំរាម​ឲ្យ​ធ្វើ​លិខិត​បដិសេធ​ថា បាន​ប្រគល់​ប្រាក់​ដោយ​ស្ម័គ្រ​ចិត្ត និង​គ្មាន​ការ​គំរាម​កំហែង​ពី​ប៉ូលិស។ ការ​គំរាម​នេះ ធ្វើ​ឲ្យ​អ្នកស្រី និង​កូន បង្ខំ​ចិត្ត​ផ្ដិត​មេដៃ​លើ​លិខិត​បដិសេធ​នោះ​ទៅ​ឲ្យ​ប៉ូលិស៖ «ប៉ូលិស​ហ្នឹង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឲ្យ​អង្គការ​ហ្នឹង​ជួយ​អន្តរាគមន៍​អ៊ីចឹង​ទៅ ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​កុំ​ឲ្យ​រឹប​អូស​ប្រជាជន ធ្វើ​បាប​ប្រជាជន​ទៀត»

ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ វិទ្យុ​អាស៊ីសេរី បាន​ទូរស័ព្ទ​សុំ​ការ​បញ្ជាក់​ពី​អធិការ​ប៉ូលិស​ស្រុក​កោះញែក លោក កាន់ ពេញ និង​ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ញ៉ែម វ៉ាន្នី នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ប៉ុន្តែ​ទូរស័ព្ទ​លោក​ទាំង​ពីរ​នាក់​មិន​អាច​ភ្ជាប់​បាន។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ទទួល​ស្គាល់​ថា សមាគម​លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ករណី​នេះ ប៉ុន្តែ​លោក​មិន​ទាន់​ចុះ​អង្កេត​ដល់​មូលដ្ឋាន​នៅ​ឡើយ។ លោក​ថា ប្រសិន​រក​ឃើញ​មាន​អង្គ​ហេតុ​គំរាម​ទារ​ប្រាក់​ដូច​ការ​ចោទ​មែន គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ជា​ដើម​បណ្ដឹង៖ «បើ​យើង​រក​ឃើញ​ថា រឿង​ហ្នឹង​ពិត​ប្រាកដ​ដូច​ដែល​គាត់​លើក​ឡើង យើង​នឹង​អន្តរាគមន៍​ទៅ​តុលាការ ដើម្បី​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់»

យ៉ាង​ណា​ក៏ដោយ ដើម​ចោទ​ជា​ម្តាយ និង​កូន បាន​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​ថា ជា​អំពើ​ពុក​រលួយ និង​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ពិន័យ និង​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។