អធិការ​នគរបាល​នៅ​សៀមរាប​រង​ការ​ចោទ​ថា​យក​ឡាន​ជន​ចាប់​ចោទ​ទៅ​កែច្នៃ​ប្រើ​ផ្ទាល់​ខ្លួន

0:00 / 0:00

នៅ​ខេត្ត​សៀមរាប ពេល​បច្ចុប្បន្ន​មាន​សមត្ថកិច្ច​ខ្លះ ពេល​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​មួយ គឺ​តែង​តែ​យក​រថយន្ត ឬ​ម៉ូតូ ដែល​ជា​របស់​ជន​សង្ស័យ ទៅ​ប្រើប្រាស់​ផ្ទាល់​ខ្លួន ឬ​ក៏​ប្រើ​សម្រាប់​អង្គភាព ដោយ​ពុំ​មាន​ការ​សម្រេច​ត្រឹមត្រូវ​យល់​ព្រម​ពី​តុលាការ​ជា​មុន​ទេ។ អំពើ​បែប​នេះ តែង​កើត​មាន​បញ្ហា​ខ្លះៗ​នៅ​ពេល​ដែល​តុលាការ​បាន​សម្រេច​ប្រគល់​ត្រឡប់​មក​ឱ្យ​ម្ចាស់​ដើម​វិញ។

ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​នៅ​ស្រុក​សូទ្រនិគម ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​ពឹងពាក់​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ឱ្យ​ជួយ​ធ្វើ​ពាក្យ​បណ្ដឹង ដើម្បី​ប្ដឹង​អធិការ​នគរបាល​នៃ​ស្រុក​នោះ ពី​បទ​ថា បាន​យក​រថយន្ត​របស់​គាត់​១​គ្រឿង ទៅ​កែច្នៃ​ខុស​ទ្រង់ទ្រាយ​ដើម ហើយ​តម្រូវ​ឱ្យ​ម្ចាស់​បង់​ប្រាក់​ផង នៅ​មុន​ពេល​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​វិញ។

អ្នក​ភូមិ​បន្ទាយស្រី នៃ​ឃុំ​ដំដែក គឺ​អ្នកស្រី ពេជ្រ សុផា។ អ្នកស្រី​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​កុម្ភៈ ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៣ កន្លង​ទៅ ប៉ូលិស​ស្រុក​សូទ្រនិគម បាន​ចាប់​ខ្លួន​ប្ដី​របស់​គាត់​ឈ្មោះ ទិន ភាន់ ហៅ ឌី ពី​បទ​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន។ ក្នុង​ការ​ចាប់​ខ្លួន​នោះ អធិការដ្ឋាន​នគរបាល​បាន​ឃាត់​ទុក​រថយន្ត​កាមរី (Camry) ស៊េរី​ឆ្នាំ​១៩៩១ ពណ៌​សម្បក​ឪឡឹក ដែល​ជា​របស់​អ្នកស្រី​១​គ្រឿង និង​ម៉ូតូ​ធំ​ម៉ាក ហុងដា អែស.អិល (SL) ១​គ្រឿង។

អ្នកស្រី ពេជ្រ សុផា បាន​មាន​ប្រសាសន៍​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៣ កន្លង​ទៅ ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​ជំនុំ​ជម្រះ និង​ប្រកាស​សាលក្រម​ឱ្យ​ប្ដី​របស់​អ្នកស្រី​ជាប់​ពន្ធនាគារ ក៏ប៉ុន្តែ​មិន​បាន​សម្រេច​រឹប​អូស​យក​រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​នោះ​ឡើយ។ ដោយសារ​តែ​ខ្វះខាត​ជីវភាព អ្នកស្រី​ក៏​បាន​ស្នើសុំ​ទៅ​តុលាការ ដើម្បី​យក​រថយន្ត​នោះ​ពី​ប៉ូលិស​មក​ប្រើប្រាស់​វិញ។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​តុលាការ​ចេញ​ដីកា​សម្រេច​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ គឺ​ប៉ូលិស​បាន​យក​រថយន្ត​នោះ​ទៅ​ប្រើប្រាស់ ហើយ​បាញ់​ថ្នាំ​ខុស​ពណ៌​ពី​មុន ព្រម​ទាំង​ដូរ​ម៉ាស៊ីន​ទៀត​ផង។

អ្នកស្រី ពេជ្រ សុផា បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អ្នកស្រី​កាន់​ដីកា​របស់​តុលាការ​ទៅ​សុំ​រថយន្ត​មក​វិញ បែរ​ជា​អធិការ​នគរបាល​ស្រុក​សូទ្រនិគម ទាមទារ​ឱ្យ​អ្នកស្រី​បង់​ប្រាក់​ថ្លៃ​ជួស​ជុល​ឡាន​នោះ​ជា​មុន៖ «គាត់​ថា​ឃើញ​ដីកា​ធ្លាក់​មក គាត់​ឱ្យ ប៉ុន្តែ​យើង​ត្រូវ​ជួយ​គាត់ ១.០០០​ដុល្លារ​វិញ។ គាត់​ថា​គាត់​ដាក់​ម៉ាស៊ីន​ឆ្លាម​អស់ ៤០០​ដុល្លារ ហើយ​បាញ់​ថ្នាំ​ពណ៌​ស​អស់ ៤០០​ដុល្លារ និង​ជួល​ជុល​អស់ ២០០​ដុល្លារ​ទៀត។ កាល​ពី​ដំបូង ខ្ញុំ​ឱ្យ​គាត់ ៥០០​ដុល្លារ​ដែរ តែ​ឥឡូវ​ប្ដី​ខ្ញុំ​គាត់​ថា សុំ​ដាក់​ពាក្យ​ប្ដឹង​តែ​ម្ដង»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​ជា​តំណាង​អយ្យការ​នៃ​រឿង​ក្តី​នោះ បាន​ចេញ​ដីកា​សម្រេច​ប្រគល់​វត្ថុ​ចាប់​យក​នោះ​ទៅ​ឱ្យ​ម្ចាស់​ដើម​ប្រើប្រាស់​វិញ។ ដីកា​សម្រេច​ប្រគល់​នោះ បាន​បញ្ជាក់​ថា ការ​ប្រគល់​រថយន្ត​ម៉ាក​កាមរី​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ គឺ​មិន​ប៉ះពាល់​នីតិវិធី​ស៊ើប​សួរ​ទេ ពីព្រោះ​ចៅក្រម​បាន​ជំនុំ​ជម្រះ និង​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង​នោះ​រួច​ហើយ។ ឯ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៦៥ថ ចុះ​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៣ របស់​សាលា​ដំបូង​ខេត្ត​សៀមរាប ក៏​ពុំ​បាន​សម្រេច​អំពី​វត្ថុ​ចាប់​យក​រថយន្ត និង​ម៉ូតូ​នោះ​ឡើយ។

ទោះ​យ៉ាង​ណា អធិការ​នគរបាល​ស្រុក​សូទ្រនិគម លោក ទេព ចាន់ណា បាន​ឆ្លើយ​បំភ្លឺ​រឿង​នោះ​យ៉ាង​ខ្លី ដោយ​បញ្ជាក់​ថា វា​មិន​ពិត​ដូច​ស្ត្រី​ឈ្មោះ ពេជ្រ សុផា បាន​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នោះ​ទេ។

មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ លោក សួង សុភា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ថា តុលាការ​អនុញ្ញាត​ឱ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម រក្សា​ទុក និង​ប្រើប្រាស់​រថយន្ត​កូន​ក្ដី​របស់​លោក​ជា​បណ្ដោះ​អាសន្ន។ លោក​ក៏​ទទួល​ស្គាល់​ថា ធម្មតា​ការប្រើប្រាស់​រថយន្ត​នៅ​ក្នុង​អង្គភាព គឺ​ត្រូវ​ការ​ជួស​ជួល​ខ្លះ ក៏ប៉ុន្តែ​អ្វី​ដែល​ខ្វែង​គំនិត​គ្នា​រវាង​អធិការ​ប៉ូលិស​ជាមួយ​កូន​ក្តី​របស់​លោក គឺ​នៅ​ត្រង់​ថា ប៉ូលិស​មិន​បាន​បង្ហាញ​តម្លៃ​ជួស​ជុល​ពិត​នៅ​មុន​ពេល​ប្រគល់​រថយន្ត​ឱ្យ​ម្ចាស់​វិញ។

អ្នក​សម្រប​សម្រួល​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ បាន​រក​ឃើញ​ថា ក្នុង​ករណី​នេះ គឺ​អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​បំពាន​ទៅ​លើ​សេចក្តី​សម្រេច​របស់​តុលាការ ដែល​តម្រូវ​ឱ្យ​ប្រគល់​រថយន្ត​ទៅ​ឱ្យ​ម្ចាស់​វិញ។ បញ្ហា​មួយ​ទៀត​ដែល​ប៉ូលិស​យក​រថយន្ត​របស់​គេ ទៅ​បាញ់​ថ្នាំ​ពណ៌​ផ្សេង ព្រម​ទាំង​ដូរ​ម៉ាស៊ីន​ចោល​ផង​នោះ គឺ​បាន​បំពាន​លើ​សិទ្ធិ​ចាត់​ចែង​របស់​ម្ចាស់​ទ្រព្យ ដោយសារ​តែ​ការ​បម្លែង​វត្ថុ​ប្រើប្រាស់​ឱ្យ​ខុស​ពី​សភាព​ដើម​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។