សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យនិង ពិនិត្យលើសំណុំរឿងមនុស្សស្លាប់ ៦នាក់ ដែលសង្ស័យពុលស្រាស។ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ពលរដ្ឋចំនួន ៦នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានស្លាប់ជាបន្តបន្ទាប់គ្នា។ អ្នកស្លាប់ដំបូងគឺទិញស្រាសយកទៅផឹកធម្មតា អ្នកស្លាប់ក្រោយៗមក គឺស្លាប់បន្ទាប់ពីចូលរួមកំដរនៅក្នុងពិធីបុណ្យសពអ្នកដែលបានស្លាប់ដំបូងគេ។
សមត្ថកិច្ចមិនទាន់អះអាងការថាករណីស្លាប់មនុស្សទាំង៦នាក់នេះ បណ្ដាលមកពីអ្វីនៅឡើយទេ។ ប៉ុន្តែ គ្រាន់តែដាក់ការសង្ស័យដំបូងទៅលើស្រាសដែលអ្នកភូមិបានផឹក។ អ្នកទាំងនោះ ស្លាប់ក្នុងថ្ងៃខុសៗគ្នា ប៉ុន្តែមានអាការៈមុនស្លាប់ដូចៗគ្នា។ អ្នកខ្លះស្លាប់នៅផ្ទះ អ្នកខ្លះស្លាប់នៅតាមផ្លូវពេលដឹកបញ្ជូនទៅមន្ទីរ និងអ្នកខ្លះស្លាប់នៅមន្ទីរពេទ្យតែម្ដង។ អ្នកស្លាប់ចុងក្រោយជាកូនស្រី របស់អ្នកបិតស្រា។
ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំតាម៉ៅ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ លោក សាក់ សំអុល ឲ្យដឹងថា នៅពេលនេះសមត្ថកិច្ច បានហាមមិនឲ្យអ្នកលក់ស្រាសនោះលក់ស្រាទៀតទេ ចំណែកស្រាស ដែលសង្ស័យ ត្រូវបានប្រមូលយកទៅធ្វើកោសល្យវិច័យនៅភ្នំពេញ និងខេត្តក្រចេះកាលពីទី២០វិច្ឆិកា ប៉ុន្តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ លោក សាក់ សំអុល បន្តថា ពលរដ្ឋដែលស្លាប់នោះ មានអាការៈ ងងឹតភ្នែក តឹងណែនដើមទ្រូង ទន់ដៃទន់ជើង និងស្របាំងភ្នែកជាដើម៖ «អ្នកដែលមានអាការៈខាងក្រោយដូចតែអ្នកមុនដែរ គឺចឹងវាអត់មានជំងឺអីផង ស្រាប់ តែស្លាប់ភ្លាមៗ អ៊ីចឹងយើងអាចថាសង្ស័យថាស្រាសអ៊ីចឹងណា។ យើងមិនឲ្យលក់ទៀតទេស្រាស ព្រោះវាតែមានឧបហេតុកើតឡើងដូចថាស្លាប់ភ្លាមៗ ហើយរោគសញ្ញាភិនភាគ ដែលអ្នកស្លាប់ដូចគ្នាតែមួយ អាចខ្លាចពាក់ព័ន្ធថាមានជាតិពុលនៅក្នុងស្រា»។
ហេតុការណ៍នេះកើតឡើងដំបូង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នៅក្នុងភូមិខ្សាត់ ឃុំតាម៉ៅ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សមត្ថកិច្ចបញ្ជាក់ថា អ្នកស្លាប់នោះ ជាអ្នកចូលចិត្តផឹកស្រាដែលមានអាយុចាប់ពី៣៥ឆ្នាំ ដល់អាយុជាង៥០ឆ្នាំ។ សមត្ថកិច្ចមិនទាន់មានចំណាត់ការទៅលើអ្នកបិតស្រា និងអ្នកលក់ស្រានៅឡើយទេ។
ស្នងការនគរបាលខេត្ដក្រចេះ លោកឧត្ដមសេនីយ៍ លន់ សុផាត មានប្រសាសន៍ថា ក្រុមការងារលោក កំពុងប្រមូលឯកសារស្រាវជ្រាវករណីនេះ ហើយក្រុមគ្រូពេទ្យជំនាញកំពុងធ្វើកោសល្យវិច័យ។ លោកស្នងការមិនទាន់អាចបញ្ជាក់ថា ករណីនេះបណ្ដាលពីការពុលស្រាស ឬយ៉ាងណាទេ៖ «ខ្ញុំកំពុងបូកជាមួយខាងពេទ្យដើម្បីធ្វើកោសល្យវិច័យមើលប្រភេទស្រា ប្រភេទអីណឹងណា ព័ត៌មានគ្រប់ជ្រុងជ្រោយគឺខ្ញុំចាំមើលនៅខាងពេទ្យគេធ្វើកោសល្យវិច័យសិនណា»។
ក្រោយកើតហេតុអ្នកភូមិសម្ដែងការព្រួយបារម្ភ និងទាមទារឲ្យសមត្ថកិច្ចរកការពិតលើរឿងនេះបានច្បាស់លាស់។ លោកស្រី ទី ស្រីណេត ដែលមានពូម្នាក់ស្លាប់នោះ មានប្រសាសន៍ថា អ្នកស្លាប់ផ្សេងៗទៀត និងពូលោកស្រី ក្រោយពីបានផឹកស្រាសរួចហើយ គឺបានស្លាប់ភ្លាមៗតែម្ដង៖ «ពូខ្ញុំដូចថា ប៉ុន្មានថ្ងៃមុនគាត់ធម្មតា ប៉ុន្តែដល់ព្រឹកហ្នឹងគាត់ថា ថប់ៗដង្ហើមវាអត់ស្រួលខ្លួនអ៊ីចឹងណា គ្រាន់តែថាអត់ស្រួល ក៏ស្រាប់តែដក់ចង្កាមាន់ អីចឹងទៅពូក អត់ស្រួលៗស្លាប់ទៅ»។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន នៅភូមិឃុំកើតហេតុ មានផ្ទះលក់ស្រាពីរកន្លែង ប៉ុន្តែ អ្នកស្លាប់ចំនួន ០៥នាក់ គឺតែបានទិញស្រាកន្លែងតែមួយ គឺពីលោកស្រី ជំរិត គឹមហ៊ុន រស់នៅភូមិតាម៉ៅក្រោម ឃុំស្រុកដដែល។ ជាងនោះទៅទៀត ស្ត្រីនាក់ដែលស្លាប់ចុងក្រោយក្នុង ហេតុការណ៍នោះ ជាកូនស្រីរបស់លោកស្រី ជំរិត គឹមហ៊ុន ដែលជាអ្នកបិតស្រាលក់។ សមត្ថកិច្ចថា ស្ត្រីដែលស្លាប់នោះ អ្នកចូលចិត្តផឹកស្រា ប៉ុន្តែគ្រួសារសពថា មុនស្ត្រីនោះស្លាប់នាងមិនបានផឹកស្រាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
