តុលាការមិនទាន់សម្រេចចោទប្រកាន់ជនសង្ស័យទាំង ៤នាក់ ដែលជាអង្គរក្សឧកញ៉ា ថោង សារ៉ាត់ នៅឡើយបន្ទាប់ពីសាកសួររួចនៅល្ងាចថ្ងៃទី៤ ធ្នូ។ ជនសង្ស័យទាំង ៤នាក់រួមមាន ឈ្មោះ សៀង វាសនា សង្ស័យជាឃាតកដៃដល់ ឈ្មោះ លី សៅ ជាអ្នកបើកម៉ូតូឌុបឃាតក ឈ្មោះ កុយ ច័ន្ទថុល និង មាស សម្បត្តិ ជាអ្នកជិះម៉ូតូបិទគូថ។
កាលពីព្រឹកថ្ងៃ៤ ធ្នូ សមត្ថកិច្ចសាកសួរក្រុមគ្រួសារឧកញ៉ា ថោង សារ៉ាត់ ៤នាក់ និងក្រុមអង្គរក្ស ៦នាក់ នៅស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីអង្គរក្សម្នាក់បានសារភាពថា ថៅកែរបស់ខ្លួនគឺឧកញ៉ា ថោង សារ៉ាត់ ជាអ្នកបញ្ជាឲ្យបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ ដោយសារតែទំនាស់មុខជំនួញ។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បញ្ជាក់ថាអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ សារភាពថា ឧកញ៉ា ថោង សារ៉ាត់ជាមេខ្លោងបញ្ជាឲ្យបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៤ នៅកណ្ដាលរាជធានីភ្នំពេញ។ លោកបន្តថា មនុស្សទាំង ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃចុងក្រោយនេះ នឹងត្រូវសួរនាំពីទីតាំងលាក់ខ្លួនរបស់ឧកញ៉ា ថោង សារ៉ាត់ និងមូលហេតុនៃការលាក់ទុកអាវុធខុសច្បាប់។

ប្រតិបត្តិការព័ទ្ធផ្ទះលោកឧកញ៉ា ថោង សារ៉ាត់ កាលពីយប់ថ្ងៃទី៣ ធ្នូ សមត្ថកិច្ចបានរកឃើញអាវុធខុសច្បាប់ចំនួន៧ដើម រឹបអូសរថយន្តទំនើបៗចំនួន ៧គ្រឿង និងសម្ភារៈមួយចំនួនទៀត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក វណ្ណ វិចារ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
