មន្ត្រី​សង្គម​ស៊ីវិល៖ លោក ឈូក បណ្ឌិត កំពុង​លាក់​ខ្លួន​នៅ​ខេត្ត​មណ្ឌលគិរី

ប្រភព​ពី​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល និង​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​តុលាការ​ទើប​នឹង​កាត់​ទោស​ឲ្យ​ជាប់​ឃុំ​ពី​បទ​ប្រើ​កាំភ្លើង​បាញ់​កម្មករ​ឲ្យ​រង​របួស​នោះ កំពុង​សម្ងំ​លាក់​ខ្លួន​ក្នុង​ផ្ទះ​របស់​អ្នក​មាន​ឥទ្ធិពល​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី។

0:00 / 0:00

ការ​បង្ហើប​ឲ្យ​ដឹង​នេះ ស្រប​ពេល​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ថា លោក ឈូក បណ្ឌិត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​មណ្ឌលគិរី នោះ។

សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បញ្ជាក់​ថា មិន​មាន​ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ឡើយ​រហូត​មក​ដល់​ព្រលប់​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៣។ ស្រប​គ្នា​នោះ មន្ត្រី​សង្គម​ស៊ីវិល បង្ហើប​ថា មាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ចំនួន ៤​នាក់ កំពុង​ស្នាក់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ដើម្បី​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ដំណឹង​ក្រៅ​ផ្លូវ​ការ​មួយ​ពី​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា សមត្ថកិច្ច​នគរបាល​ចំនួន ៤​នាក់ ត្រូវ​បាន​បញ្ជា​ឲ្យ​ចុះ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត នៅ​ខេត្ត​មណ្ឌលគិរី។ លោក​បន្ត​ថា ផ្អែក​តាម​ប្រភព​ប្រាប់​ថា លោក ឈូក បណ្ឌិត បាន​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី តាំង​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា មក​ម្ល៉េះ គឺ​រយៈពេល​បី​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង ចេញ​ដីកា​តាម​ចាប់​ខ្លួន។

ទោះ​យ៉ាង​ណា​ក្តី ព្រះរាជ​អាជ្ញា​ខេត្ត​មណ្ឌលគិរី លោក ឃុត សុភៀង មាន​ប្រសាសន៍​ដោយ​ខ្លី​ថា មិន​មាន​ការ​ចាប់​ខ្លួន ឬ​ក៏​មាន​ព័ត៌មាន​ថា លោក ឈូក បណ្ឌិត ស្នាក់​នៅ​ខេត្ត​មណ្ឌលគិរី នោះ​ទេ។ ចំណែក​ឯ​មន្ត្រី​នគរបាល​ប្រចាំ​ការ​នៅ​ស្នងការ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី សុទ្ធ​តែ​ប្រាប់​ថា មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ទី​កន្លែង​រស់នៅ​របស់​លោក ឈូក បណ្ឌិត ទេ ហើយ​ក៏​មិន​ទាន់​ឃើញ​មាន​មន្ត្រី​នគរបាល​ពី​ក្រសួង​មហាផ្ទៃ មក​សុំ​សហការ​ដើម្បី​ចាត់​ការ​រឿង​នេះ​ដែរ។

យ៉ាង​ណា​ក៏ដោយ ប្រភព​ពី​មន្ត្រី​នគរបាល​ខ្លះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រលយ​ពាក្យ​ថា លោក ឈូក បណ្ឌិត ពិត​ជា​កំពុង​ស្នាក់​នៅ​ក្នុង​ភូមិគ្រឹះ​មួយ​ក្នុង​ខេត្ត​មណ្ឌលគិរី។ ម្ចាស់​ភូមិគ្រឹះ​នោះ​មិន​មែន​ជា​មន្ត្រី​ដែល​ធ្វើ​ការ​ក្នុង​ខេត្ត​នេះ​ទេ តែ​ជា​បុគ្គល​មាន​ប្រាក់ និង​មាន​អំណាច​ម្នាក់ រស់នៅ​ភ្នំពេញ ហើយ​មាន​ផ្ទះ​នៅ​ខេត្ត​នេះ​ដែល​មិន​មាន​សមត្ថកិច្ច​ខេត្ត​ណា​អាច​ហ៊ាន​ប៉ះពាល់​ឡើយ។

កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា តុលាការ​ខេត្ត​ស្វាយរៀង បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ឈូក បណ្ឌិត កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ជាច្រើន​លាន​រៀល ក្នុង​សំណុំ​រឿង​បាញ់​កម្មករ​ឲ្យ​របួស កាល​ពី​ដើម​ឆ្នាំ​២០១២។ ក្រោយ​ពី​ប្រកាស​សាលក្រម​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី២៦ មិថុនា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុនជា បាន​ចេញ​ដីកា​ឲ្យ​ប៉ូលិស​តាម​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យក​មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ។

តាម​នីតិវិធី​ច្បាប់ បើ​សិន​ជា​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត បាន​មែន​នោះ សមត្ថកិច្ច​ត្រូវ​នាំ​ទៅ​កាន់​តុលាការ​ខេត្ត​ស្វាយរៀង ដើម្បី​ប្រគល់​ភារកិច្ច​ឲ្យ​ព្រះរាជ​អាជ្ញា​ចាត់​ការ​ដាក់​គុក​តាម​អំណាច​សាលក្រម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។