ក្រុមអាជីវករខ្មែរចេញចូលលក់ដូរនៅផ្សារលុងគឿថៃ ចោទប្រកាន់សមត្ថកិច្ចប៉ូលិសខ្មែរ និងអាជ្ញាធរថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថាពួកគេបានឃុបឃិតគ្នាចាំកាក់ម៉ូតូ និងរថយន្តក្រុមអាជីវករ ដែលបើកបរឆ្លងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចូលទៅក្នុងទឹកដីថៃ នោះ ឲ្យបង់លុយប្រចាំខែ ដោយពុំមានចេញវិក្កយបត្រ។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ខែតុលា ក្រុមអាជីវករទាំងនោះបញ្ជាក់ថា ពួកគាត់ជាអាជីវករប្រកបរបរលក់ដូរនៅក្នុងផ្សារលុងគឿថៃ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពអាជ្ញាធរថៃ ដែលនៅចាំចាប់ម៉ូតូ និងកាក់រថយន្តក្រុមអាជីវករខ្មែរ ឲ្យបង់លុយជាប្រចាំខែ។ ម៉ូតូមួយគ្រឿង ត្រូវបង់លុយចំនួន ៣០០បាត ស្មើជាង ៣ម៉ឺនរៀល និងរថយន្ត ១គ្រឿង គេតម្រូវឲ្យបង់ ៧០០បាត ស្មើជិត ១០ម៉ឺនរៀល៖ «ព្រោះមិនចាំបាច់ត្រូវបង់ ព្រោះម៉ូតូឡានគ្នាមានលិខិតស្នាមអស់ហើយ មិនចាំបាច់ប៉ូលិសមកយក ព្រោះទាំងម៉ូតូ និងរថយន្តមានឯកសារគ្រប់គ្រាន់ មាន Border Pass ចេញចូលគ្រប់គ្រាន់ហើយ មិនដឹងជាយកថ្លៃអីអ៊ីចឹង ប៉ុន្តែបើមានជាក្រដាសបង់ពន្ធ បង់ថ្លៃអីនោះ គេអត់ថាអីទេ អានេះយកចូលហោប៉ៅ អត់មានចេញជាវិក្កយបត្រឲ្យគេផង»។
ការតម្រូវឲ្យក្រុមអាជីវករខ្មែរលក់ដូរនៅក្នុងផ្សារលុងគឿថៃ បង់លុយថ្លៃម៉ូតូ និងរថយន្តប្រចាំខែនេះ បានកើតមានអស់រយៈពេលច្រើនឆ្នាំមកហើយ។ ពួកគាត់អះអាងថា ពុំមានច្បាប់ណាកំណត់ឲ្យសមត្ថកិច្ចប៉ូលិស យកលុយថ្លៃម៉ូតូ និងរថយន្ត ដែលបើកចេញចូលទៅក្នុងទឹកថៃ នោះទេ ហើយភាគីថៃ ក៏ពុំបានតម្រូវឲ្យអាជីវករខ្មែរបង់ប្រាក់ថ្លៃម៉ូតូ និងរថយន្តប្រចាំខែនេះទេ។
ពួកគាត់បន្តថា ប៉ុន្តែក្នុងរយៈពេលជាង ១០ថ្ងៃកន្លងទៅ អាជ្ញាធរខ្មែរប្រចាំនៅច្រកទ្វារ បើកដៃឲ្យភាគីថៃ កាក់ម៉ូតូ និងរថយន្តរបស់ក្រុមអាជីវករ បង្ខំឲ្យបង់លុយប្រចាំខែ៖ «ភាគីអន្តោប្រវេសន៍នេះឃុបឃិតជាមួយសមត្ថកិច្ចថៃ ហ្នឹង ដើម្បីដាក់វិធានការសម្រាប់ម៉ូតូណាដែលមិនបង់ខែនៅខាងខ្មែរទេ ឲ្យភាគីថៃ នៅចាំឃាត់យកលុយហ្នឹងមកបង់ប្រចាំខែមួយខែ ៣០០បាត ហើយបើរថយន្ត ៦០០បាត ប៉ុន្តែភាគីថៃ វាអត់យកទេលក្ខណៈជាខែ តែខ្មែរអ្នកយក។ អាជីវករគ្នាត្អូញត្អែរតែប៉ុណ្ណឹងទេ ថាមិនដឹងជាអ្នកឲ្យជួយធ្វើអន្តរាគមន៍ការងារហ្នឹង»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់ពី លោក នាក់ រមនា ជាប្រធានរដ្ឋបាលនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ប្រភពពីក្រុមអាជីវករ ឲ្យដឹងថា ម៉ូតូ និងរថយន្តរបស់ក្រុមអាជីវករខ្មែរ ដែលបើកចេញចូលទៅប្រកបរបររកស៊ីលក់ដូរនៅផ្សារលុងគ្រឿថៃ នោះ ក្នុងមួយថ្ងៃៗមានជាច្រើនរយគ្រឿង។
ទាក់ទិនការតម្រូវឲ្យក្រុមអាជីវករខ្មែរបង់លុយប្រចាំខែនេះ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងថា ស្ថាប័នសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងរំលោភលើសិទ្ធិសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចនៅទីនោះ បង្កើតឲ្យមានបញ្ហាជាច្រើនទាក់ទិនទៅការជំរិតទារលុយពីប្រជាពលរដ្ឋ ដោយគ្មានច្បាប់ទម្លាប់។ បញ្ហានេះ សមាគមអាដហុក ស្នើឲ្យក្រសួងមហាផ្ទៃ និងជាពិសេស លោកអភិបាលខេត្តបន្ទាយមានជ័យ គួរចាត់វិធានការទប់ស្កាត់បញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
