អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃច័ន្ទ ទី៨ ធ្នូ ថា សមត្ថកិច្ចបានរកឃើញទីតាំងលាក់ខ្លួនរបស់ឧកញ៉ា ថោង សារ៉ាត់ ហើយ។ ប៉ុន្តែលោកមិនអាចបញ្ជាក់ពីទីតាំងជាក់លាក់អោយអ្នកកាសែតដឹងនៅឡើយទេ។
ដំណឹងនេះ កើតឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនឪពុកម្ដាយលោកឧកញ៉ា ថោង សារ៉ាត់ នៅពន្ធនាគារព្រៃស និងសម្រេចដោះលែងប្រពន្ធ និងប្អូនប្រុសលោកឲ្យនៅក្រៅឃុំ។
នៅថ្ងៃទី៨ ខែធ្នូ អង្គរក្សម្នាក់របស់លោក ថោង សារ៉ាត់ ដែលកំពុងជាប់ឃុំឈ្មោះ សៀង វាសនា ត្រូវបានបញ្ជូនខ្លួនមកតុលាការដើម្បីបញ្ជាក់ឡើងវិញពីចម្លើយរបស់លោកនៅពេលកន្លងមក។
មេធាវីការពារក្តីក្រុមគ្រួសារលោក ថោង សារ៉ាត់ លោកមេធាវី ចុង អៀវហេង ឲ្យដឹងថា ការសាក់សួររបស់តុលាការរយៈពេលពីរម៉ោងនោះ គឺលោក សៀង វាសនា នៅរក្សាចម្លើយដូចដែលលោកបានសារភាពប្រាប់សមត្ថកិច្ចថា លោកជាឃាតកបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។ ចំពេលដំណឹងពីការរកឃើញកន្លែងលាក់ខ្លួនរបស់លោក ថោង រ៉ាសាត់ បណ្ដាញសង្គមហ្វេសប៊ុក (Fecebook) បានបង្ហោះសំឡេងលោកថ្លែងសុំអន្តរាគមន៍ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រកយុត្តិធម៌ជួនលោក។ ប៉ុន្តែលោកមេធាវី ចុង អៀវហេង មិនអាចបញ្ជាក់ថា តើសំឡេងនោះជាសំឡេងរបស់លោកឧកញ៉ា ថោង សារ៉ាត់ ឬមិនមែននោះទេ ដោយលោកបញ្ជាក់ថា លោកមិនទាន់បានឮសំឡេងនោះនៅឡើយ។
ឧកញ៉ា ថោង សារ៉ាត់ ជាប់ចោទថា ជាមេខ្លោងដែលបញ្ជាឲ្យអង្គរក្សបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅ ហើយអង្គរក្សទាំង ៤នាក់របស់លោក ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារពីបទឃាតកម្មគិតទុកជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
