ស្ថានកុងស៊ុលនៃប្រទេសកាណាដា (Canada) ប្រចាំទីក្រុងបាងកក (Bangkok) នៅតែបន្តកិច្ចសហការជាមួយប៉ូលិសការិយាល័យអន្តោប្រវេសន៍ ខេត្តសៀមរាប ដើម្បីតាមរកអ្នកកាសែតកាណាដា ម្នាក់ដែលកំពុងបាត់ខ្លួនក្នុងខេត្តនេះនៅឡើយ។ បុរសជនជាតិកាណាដា ម្នាក់អាយុជិត ៦០ឆ្នាំ បានបាត់ខ្លួនរយៈពេលជាង ១សប្ដាហ៍ទៅហើយ ដោយមិនដឹងពីមូលហេតុច្បាស់លាស់។
មន្ត្រីប៉ូលិសអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា គេកំពុងប្រឹងប្រែងស្វែងរកបុរសអ្នកកាសែតជនជាតិកាណាដា ម្នាក់ នៅគ្រប់ច្រកល្ហក និងតាមមធ្យោបាយជាច្រើនផ្នែក។
ប្រធានការិយាល័យប៉ូលិសអន្តោប្រវេសន៍ ខេត្តសៀមរាប គឺលោក ចៅ ម៉ៅវិរៈ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ថា កម្លាំងរបស់លោកបានស្វះស្វែងតាមរកបុរសអ្នកកាសែតជនជាតិកាណាដា ម្នាក់ឈ្មោះ ដេវីដ វ៉កឃើ (David Walker) ហៅ ដេវ អស់រយៈពេលមួយសប្ដាហ៍មកហើយ។ មន្ត្រីប៉ូលិសដដែលបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈ នេះ សមត្ថកិច្ចមិនទាន់រកឃើញពន្លឺណាមួយទាក់ទងនឹងការបាត់ខ្លួនអ្នកកាសែតបរទេសរូបនោះនៅឡើយ។
លោក ចៅ ម៉ៅវិរៈ មានប្រសាសន៍បន្ថែមទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបន្តស្វែងរកអ្នកកាសែតកាណាដា ម្នាក់នោះ ដោយការិយាល័យរបស់លោកបានបោះពុម្ពរូបថតអ្នកបាត់ខ្លួនជាច្រើនសន្លឹក ហើយចែកទៅឱ្យប៉ុស្តិ៍នគរបាលគ្រប់ឃុំ ស្រុក៖ «យើងផ្ដិតរូបថតគាត់បោះតាមប៉ុស្តិ៍ទាំងអស់ ហើយឱ្យទៅមគ្គុទ្ទេសក៍ ហើយនិងអ្នករត់ឡានតាក់ស៊ី ព្រមទាំងអ្នករត់រ៉ឺម៉កម៉ូតូជាដើម គឺខ្ញុំដើរចែករូបថតទាំងអស់តាមបណ្ដាស្រុក បណ្ដាអី បើសិនជាអ្នកណាបានឃើញតាមរូបថតហ្នឹងប្រហាក់ប្រហែល សូមឱ្យទាក់ទងមកពួកយើង»។
បុរសអ្នកកាសែតជនជាតិ កាណាដា ដេវីដ វ៉កឃើ ធ្លាប់បានធ្វើការងារមនុស្សធម៌ជួយជនភៀសខ្លួនខ្មែរនៅជំរំតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ចាប់តាំងពីអំឡុងទសវត្សទី៨០ ហើយធ្លាប់បានជួយក្មេងស្រីខ្មែរម្នាក់ដែលបែកពីឪពុកម្ដាយក្នុងសម័យខ្មែរក្រហម ឱ្យបានជួបជុំគ្នាវិញនៅឯប្រទេសកាណាដា ទៀតផង។ លោក ដេវីដ វ៉កឃើ បានចូលមកខេត្តសៀមរាប នៃប្រទេសកម្ពុជា លើកដំបូងដោយជិះលើឡានដឹកស្រូវក្នុងឆ្នាំ១៩៩០។
មិត្តភ័ក្ដិរួមការងារជាជនជាតិខ្មែរមួយរូប គឺលោក ឈួន សាន់នី បានមានប្រសាសន៍ថា លោក ដេវីដ វ៉កឃើ គឺមានសុខភាពធម្មតា មិនមានជំងឺអ្វីទេ។ លោកជាមនុស្សស្លូតបូត មិនដែលផឹកគ្រឿងស្រវឹង ឬក៏ទាក់ទងស្រីៗទេ។ ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅជុំវិញ បានស្គាល់ និងស្រឡាញ់គាត់ ពីព្រោះគាត់ចេះនិយាយភាសាខ្មែរ និងលេងជាមួយអ្នកភូមិទាំងនោះ។
លោក សាន់នី បានឱ្យដឹងទៀតថា លោកបានជួប ដេវីដ វ៉កឃើ ចុងក្រោយបំផុតនៅថ្ងៃទី១៣ ខែកុម្ភៈ គឺនៅមុនពេលដែលបាត់ខ្លួន១ថ្ងៃ។ លោក សាន់នី ក៏កំពុងស្វែងរក លោក ដេវីដ វ៉កឃើ ដែរ៖ «ថ្ងៃនោះខ្ញុំទៅបុណ្យមាឃបូជានៅឯប្រាសាទ ហើយវាពិបាករឿងទិញសំបុត្រភ្ញៀវ ខ្ញុំក៏អត់បានយកគាត់ទៅជាមួយទេ។ ដល់ពេលធ្វើការចប់ ខ្ញុំក៏ទូរស័ព្ទរកគាត់ ហៅទៅញ៉ាំអី វាមិនឃើញ មិនឆ្លើយទូរស័ព្ទ ហើយក៏មិនឃើញឆ្លើយមិសេក (Message) ខ្ញុំក៏ចម្លែក ខ្ញុំក៏ទៅសណ្ឋាគារហ្នឹង សួរគេៗថាគាត់ចុះទៅតាំងពីម៉ោងពីររសៀល គាត់ឱ្យគេសម្អាតបន្ទប់ មិនទាន់ឃើញមកវិញទេ»។
លោក ដេវីដ វ៉កឃើ បានមកខេត្តសៀមរាប ចុងក្រោយរយៈពេល១ឆ្នាំហើយ ដោយស្នាក់នៅផ្ទះសំណាក់មួយកន្លែងឈ្មោះ គ្រីន វិលេក អង្គរ (Green Village Angkor)។ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ លោកបានបាត់ខ្លួនដោយមិនដឹងមូលហេតុ ដោយទុកចោលទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ (Laptop) នៅក្នុងបន្ទប់ផ្ទះសំណាក់នោះ។
ការបាត់ខ្លួនអ្នកកាសែតជនជាតិកាណាដា នេះ ធ្វើឱ្យអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តសៀមរាប និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កំពុងឈឺឆ្អាល និងក៏ជួយស្វះស្វែងរកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
