ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានព្រមានថានឹងដាក់ពិន័យចំពោះមន្ត្រីក្រោមឱវាទណាដែលទារលុយពីប្រជាពលរដ្ឋ នៅពេលដែលចុះធ្វើអត្តសញ្ញាណប័ណ្ណតាមមូលដ្ឋាននានា។ ជាមួយនឹងការព្រមាននេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រសិនបើដឹងថា មានមន្ត្រីនគរបាលណាយកប្រាក់ពីការធ្វើអត្តសញ្ញាណប័ណ្ណ គឺសូមឱ្យរាយការណ៍ជាបន្ទាន់។
មន្ត្រីប៉ូលិសនៅស្នងការ និងអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានបដិសេធដាច់អហង្ការថា មិនមានមន្ត្រីជំនាញផ្នែកធ្វើអត្តសញ្ញាណប័ណ្ណ និងប៉ូលិសនៅតាមប៉ុស្តិ៍ណាមួយ បានជាប់ពាក់ព័ន្ធក្នុងការយកលុយពីការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលកំពុងតែដំណើរការនោះទេ។
អធិការនគរបាលក្រុងសៀមរាប គឺលោក ទិត្យ ណារ៉ុង។ លោកបានអះអាងកាលពីព្រឹកថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ថា កន្លងទៅថ្មីៗមានប្រជាពលរដ្ឋខ្លះ បានចោទប្រកាន់ថា ប៉ូលិសធ្វើអត្តសញ្ញាណប័ណ្ណបានទារលុយជាច្រើនម៉ឺនរៀលពីប្រជាពលរដ្ឋ ក៏ប៉ុន្តែស្នងការនគរបាលខេត្ត និងអធិការដ្ឋានក្រុងសៀមរាប បានស្រាវជ្រាវរកមិនឃើញដូចការចោទប្រកាន់នោះទេ។
លោក ទិត្យ ណារ៉ុង បានបដិសេធថា បញ្ហាដែលប្រជាពលរដ្ឋខ្លះអះអាងថា ប៉ូលិសបានយកលុយពីការធ្វើអត្តសញ្ញាណប័ណ្ណនោះ គឺគ្រាន់តែលេចឮពីប្រជាពលរដ្ឋនិយាយប្រាប់គ្នាឯង នៅពេលទៅធ្វើអត្តសញ្ញាណប័ណ្ណ បើចង់បានឆាប់មុនគេ គឺត្រូវឱ្យលុយប៉ុណ្ណោះ។
លោកអធិការបានបញ្ជាក់ថា កន្លងទៅមានមន្ត្រីខ្លះបានយកលុយពីការធ្វើអត្តសញ្ញាណប័ណ្ណខ្លះមែន ក៏ប៉ុន្តែមិនមែនជាប៉ូលិសទេ៖ «មិនមែនមន្ត្រីក្រុមការងារអត្តសញ្ញាណប័ណ្ណយើងទេ! ហើយសូមឱ្យប្រជាពលរដ្ឋដឹងឱ្យច្បាស់ថា ការធ្វើអត្តសញ្ញាណប័ណ្ណនេះ តាមបទបញ្ជារបស់អគ្គស្នងការ គឺមិនបានយកលុយពីប្រជាពលរដ្ឋទេ។ អ៊ីចឹងប្រសិនបើមន្ត្រីណា ឬក៏អ្នកណាថាធ្វើអត្តសញ្ញាណប័ណ្ណយកលុយ សូមឱ្យរាយការណ៍ឱ្យចំបុគ្គលនោះ ដើម្បីយើងមានវិធានការឱ្យចំ»។
ប្រតិកម្មរបស់អធិការនគរបាលក្រុងសៀមរាប ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋខ្លះនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម បានចោទប្រកាន់ថា មានមន្ត្រីមួយចំនួនទារលុយពីប្រជាពលរដ្ឋចាប់ពី ១០ដុល្លារអាមេរិកក្នុងម្នាក់ ប្រសិនបើមិនចង់ឈរចាំយូរនៅពេលដែលគេទៅធ្វើអត្តសញ្ញាណប័ណ្ណ កាលពីចុងសប្ដាហ៍មុននៅក្នុងភូមិស្លក្រាម។
អង្គការក្រៅរដ្ឋាភិបាលធ្វើការងារសិទ្ធិមនុស្សនៅខេត្តសៀមរាប បានស្វាគមន៍ចំពោះសមត្ថកិច្ចដែលប្រកាសប្រឆាំងនឹងការទារលុយពីការធ្វើអត្តសញ្ញាណប័ណ្ណនោះ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក នូ ពុទ្ធិ បានមានប្រសាសន៍ថា កន្លងទៅ អង្គការលីកាដូ ក៏ធ្លាប់បានទទួលព័ត៌មានពីប្រជាពលរដ្ឋខ្លះដែលរអ៊ូរទាំក្នុងរឿងចំណាយលុយ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណនោះដែរ។ ប៉ុន្តែ ទោះយ៉ាងណា អង្គការលីកាដូ ពុំធ្លាប់បានសិក្សាស្រាវជ្រាវឱ្យស៊ីជម្រៅទេ។ លោក នូ ពុទ្ធិ បានគាំទ្រចំពោះសមត្ថកិច្ចដែលប្ដេជ្ញាចិត្ត ប្រឆាំងមន្ត្រីណាយកលុយពីការធ្វើអត្តសញ្ញាណប័ណ្ណនោះ៖ «បើសិនជាលោកប្ដេជ្ញាចិត្តហ្នឹង ដំណើរការទៅរលូន អាហ្នឹងមានន័យថា គឺជាការចូលរួមនៅក្នុងសកម្មភាពមួយ ផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋនោះ គឺខាងសង្គមស៊ីវិលមានការសាទរ»។
អង្គការសិទ្ធិមនុស្សលីកាដូ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវក្លាហានក្នុងការហ៊ានប្ដឹង ចំពោះមន្ត្រីណាដែលយកលុយពីការធ្វើអត្តសញ្ញាណប័ណ្ណ ឬក៏សរសេរជាលិខិតរិះគន់ ហើយដាក់នៅតាមប្រអប់គណនេយ្យភាពនានាដែលមាននៅតាមឃុំ-សង្កាត់។ ការចូលរួមពីប្រជាពលរដ្ឋលើបញ្ហាទាំងនេះ វាអាចជាការជួយតម្រង់ផ្លូវដល់មន្ត្រីខ្លះដែលប្រព្រឹត្តខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
