វត្តអារាមនៅតែជម្រកកក់ក្ដៅសម្រាប់កុមារក្រីក្រនៅទីជនបទដែលមិនមានឱកាសសិក្សាគ្រប់គ្រាន់ និងគ្មានលទ្ធភាពសិក្សា។ ពុទ្ធបរិស័ទនៅតាមតំបន់ដាច់ស្រយាលនាភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង និយាយថា កុមារនៅតំបន់ជនបទ បើចង់សិក្សាបានខ្ពង់ខ្ពស់គឺមានតែបួសក្នុងព្រះពុទ្ធសាសនា។
"សំឡេងសូត្រធម៌របស់សាមណេរតូចៗដែលបានបួសដើម្បីសិក្សារៀនសូត្រធម៌ព្រះពុទ្ធសាសនា"
កុមារក្រីក្រនៅតាមជនបទដែលភាគច្រើនម្ដាយឪពុករបស់ព្រះអង្គធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និងទីក្រុងភ្នំពេញ ជាហេតុមិនទទួលបានការសិក្សាអប់រំខ្ពង់ខ្ពស់នោះទេ។ ការបួសតាំងពីវ័យកុមារជាជម្រើសមួយដើម្បីអាចទទួលបានការអប់រំត្រឹមត្រូវ។
សាមណេរមួយអង្គដែលបានបួសតាំងពីអាយុ ១០ឆ្នាំ នៅវត្តបឹងដោល ខេត្តព្រៃវែង ព្រះគុណម្ចាស់ ឈួន បញ្ញា។ ព្រះអង្គមានថេរដីកាថា ព្រះអង្គមកបួសនេះដោយសារចង់សិក្សាឱ្យបានខ្ពង់ខ្ពស់ ព្រោះនៅផ្ទះមិនមានឱកាសរៀនសូត្រប៉ុន្មានទេ ដោយសារឪពុកម្ដាយរបស់ព្រះអង្គតែងហូបស្រា ស្រវឹងរករឿងកូនចៅ និងហាមមិនឱ្យទៅសាលារៀន និងម្យ៉ាងវិញទៀត គ្រួសារមានជីវភាពក្រីក្រ ហើយមានបងប្អូន ៨នាក់។
ព្រះគុណម្ចាស់មានថេរដីកាថា ឱកាស និងលទ្ធភាពសិក្សា គឺមានតិចតួចណាស់សម្រាប់រូបព្រះអង្គ៖ «...ពាក់ព័ន្ធនឹងជីវភាពដែរ។ ជីវភាពអាត្មាភាពក្រីក្រ ខ្លាចរៀនអត់ដល់គោលដៅ អ៊ីចឹងបានមកបួសទៅ»។
ព្រះតេជព្រះគុណមានថេរដីកាបន្តថា ពេលបួសជាសង្ឃមានវិន័យតឹងរ៉ឹង និងមានឱកាសរៀនសូត្របានច្រើន និងមិនចំណាយលុយឪពុកម្ដាយនោះទេ។ ទន្ទឹមនឹងនេះ ព្រះតេជព្រះគុណបានរៀនសូត្រធម៌ និងចំណេះដឹងទូទៅផងដែរ។

ស្រដៀងគ្នានេះ សាមណេរមួយអង្គទៀត ព្រះគុណម្ចាស់ ខឹម សុខា ដែលគង់នៅវត្តបឹងដោលដែរនោះ មានថេរដីកាថា មុនពេលមកបួសជាសង្ឃ ព្រះអង្គរស់នៅជាមួយជីដូនដែលមានអាយុជាង ៧០ឆ្នាំហើយ ជាហេតុបណ្ដាលឱ្យគាត់មិនមានលទ្ធភាពផ្ដល់ប្រាក់សម្រាប់សិក្សា។
ព្រះអង្គមានថេរដីកាបន្តថា ព្រះអង្គមកនៅវត្តបឹងដោល ដោយសារវត្តនេះមានសាលាសម្រាប់រៀនត្រឹមត្រូវ ហើយរៀនមិនអស់លុយ៖ «ញោមអាត្មាក្រីក្រ ហើយនៅផ្ទះអត់បានរៀន ពិបាក អត់ចេះ ពេលមកវត្តចេះ។ កាលនៅផ្ទះអត់ចេះអានអក្សរ ដល់ពេលមកវត្តបានចេះអាន ចេះមើលរួច»។
ព្រះអង្គបន្ថែមថា នៅស្រុកកំណើតរបស់ព្រះអង្គមានសាលារៀនដែរ ប៉ុន្តែសាលារៀនឆ្ងាយ និងម្យ៉ាងទៀត មិនមានលុយសម្រាប់បង់ថ្លៃរៀនគួរក្រៅម៉ោងទេ។ ការបួសរបស់ព្រះអង្គ គឺដើម្បីរៀនសូត្រព្រះពុទ្ធសាសនា និងសិក្សាចំណេះដឹងទូទៅឱ្យបានស៊ីជម្រៅ និងរំពឹងថា នឹងអាចមានអនាគតល្អ។
វត្តបឹងដោល ស្ថិតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ វត្តនេះមានសាមណេរដែលអាយុក្រោម ១៥ឆ្នាំ ជិត ២០អង្គ និងមានសាលាពុទ្ធិកបឋមសិក្សាឆ្នាំទី១ ដែលទើបនឹងបើកបាន ១ឆ្នាំ។ វត្តនេះកសាងឡើងក្នុងឆ្នាំ១៨៩០ ដោយលោកអាចារ្យម្នាក់មានឈ្មោះថា តាអ៊ឹម។ វត្តនេះមានចម្ងាយជាង ៦៥គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង និងមានជាង ១០០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ សាលាពុទ្ធិកបឋមសិក្សានេះ ដំណើរការបានដោយមានការឧបត្ថម្ភពីពុទ្ធបរិស័ទចំណុះជើងវត្ត និងធម្មកថិកព្រះតេជព្រះគុណ ឆាត សុឆេត។
ស្ត្រីវ័យចំណាស់ម្នាក់ដែលជាពុទ្ធបរិស័ទនៃវត្តបឹងដោល លោកស្រី ញ៉ឹម សំអាត និយាយថា ក្មេងនៅក្នុងភូមិរបស់លោកស្រីតែងនាំគ្នាទៅបួសដើម្បីសងគុណឪពុកម្ដាយ និងឈ្វេងយល់ពីលទ្ធិព្រះពុទ្ធសាសនាឱ្យបានច្រើនទូលំទូលាយ មានឱ្យកាសទទួលបានការបណ្ដុះត្រឹមត្រូវ និងសង្គមបានផ្ដល់តម្លៃដល់អ្នកដែលបានបួសក្នុងព្រះពុទ្ធសាសនា។
លោកស្រី ញ៉ឹម សំអាត៖ «បួសនៅតូចៗអ៊ីចឹងទៅរៀនបានយូរ ច្រើនតែមានជីវភាពលំបាក ហើយទៅរៀននៅទីក្រុង លោករៀនមិនសូវអស់លុយដូចកូនសិស្សធម្មតា និងមានកន្លែងស្នាក់នៅស្រាប់នៅវត្តអ៊ីចឹងទៅ។ កូនសិស្សធម្មតាទៅសុំវត្តស្នាក់ ជួនកាលគេមិនឱ្យទេ ជួលផ្ទះនៅអស់លុយច្រើន លុយថ្លៃរៀនផង ផ្ទះផង»។
របាយការណ៍ធនាគារពិភពលោក (World Bank) ឆ្នាំ២០១៥ បង្ហាញថា ប្រជាជនកម្ពុជា មានប្រមាណជាង ១៥លាននាក់។ ប្រជាជនជាង ៣លាននាក់មានជីវភាពក្រីក្រ ហើយជាង ៨លាននាក់មានជីវភាពជិតក្រ។ កុមារកម្ពុជា ប្រហែល ៤២% ដែលមានអាយុក្រោម ៥ឆ្នាំ គឺកង្វះអាហារូបត្ថម្ភ ហើយពាក់កណ្ដាលនៃប្រជាជនកម្ពុជា មិនទាន់មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ។ របាយការណ៍បង្ហាញទៀតថា ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១២ កុមារដែលបានចុះឈ្មោះចូលរៀននៅថ្នាក់បឋមមានកើនឡើងពី ៨១% ដល់ ៩៤,៣% ភាគរយ។
វត្តអារាម ត្រូវបានប្រជាពលរដ្ឋខ្មែរលើកឡើងថា ជាកន្លែងសម្រាប់រក្សាវប្បធម៌ប្រពៃណី អក្សរសាស្ត្រ និងជាកន្លែងបណ្ដុះធនធានមនុស្សដ៏មានសក្ដានុពល និងទីកន្លែងសម្រាប់លុបបំបាត់វប្បធម៌រើសអើងមនុស្ស។
បេក្ខជនបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ព្រះគុណម្ចាស់ ឆាត សុឆេត មានថេរដីកាថា វត្តអារាមជាទីកន្លែងសម្រាប់បណ្ដុះមនសិការ និងការសិក្សារៀនសូត្ររបស់មនុស្សគ្រប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ។ ការបួសនេះទៀតសោត ទាមទារឱ្យបុគ្គលនោះមាននិស្ស័យនឹងព្រះពុទ្ធសាសនា។ ប៉ុន្តែសព្វថ្ងៃ ការមកបួសរបស់កុមារ និងយុវជនកម្ពុជា គឺមានការធ្លាក់ចុះ។ ការធ្លាក់ចុះនេះ ដោយហេតុផលមួយចំនួនជាអាទិ៍ ការទទួលស្គាល់តម្លៃនៃការសិក្សាក្នុងសង្គមកម្ពុជា មានការបែងចែក ការផ្ដល់ឱកាសការងារក្រោយពេលសឹងមិនមានភាពស្នើគ្នា សម្ភារៈទំនើបៗ អូសទាញ និងរាំងខ្ទប់ការបួសរបស់យុវជនខ្មែរ។
ព្រះគុណម្ចាស់ ឆាត សុឆេត៖ «ប៉ុន្តែបើនិយាយពីការសិក្សាព្រះសង្ឃខ្លាំងជាង ប៉ុន្តែគេពិបាកទទួលយកដោយច្រើន គឺព្រះសង្ឃសឹកទៅមិនមានបទពិសោធន៍ការងារទាំងអស់ហ្នឹង។ ដូច្នេះគេគិតថា អ្នកបួសអត់ចេះអីទេ ហើយអ្នកខ្លះលើទោសអ្នកបួសថាខ្ជិលជាដើម»។

ស្ត្រីមេម៉ាយវ័យចំណាស់ដែលមានកូនក្នុងបន្ទុក ៨នាក់ម្នាក់ លោកស្រី ភឿង លក្ខណា និយាយថា លោកស្រីមានកូនប្រុសបួសរៀនធម៌ព្រះពុទ្ធសាសនាដែរ។ ដោយកូនរបស់លោកស្រីបានរៀនជ្រៅជ្រះ និងបានទៅគង់នៅទីក្រុងភ្នំពេញ ដើម្បីបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ បើសិនកូនមិនបួសទេ ម្ល៉េះលោកស្រីមិនមានសមត្ថភាពផ្គត់ផ្គង់កូនឱ្យថ្កុំថ្កើងនោះឡើយ។
លោកស្រី ភឿង លក្ខណា៖ «អត់មានអីបណ្ដុះបណ្ដាលឱ្យកូនចេះដឹង ដល់អ៊ីចឹងយើងឱ្យកូនទៅបួសទៅរៀន។ ទៅបួសទៅ បានរៀន បានគ្រូចៅអធិការវត្តបង្រៀនឱ្យចេះដឹង កុំឱ្យធំឡើងក្លាយជាជនទំនើង បងតូចបងធំដើរវ៉ៃគេ កាប់ ពេលមានបុណ្យ ឬការអ៊ីចឹង។ យើងបួសរៀនឱ្យចេះដឹងកុំឱ្យល្ងង់ ព្រោះល្ងង់បានបណ្ដាលក្រ ពិបាកណាស់អាក្រហ្នឹង»។
របាយការណ៍ក្រសួងអប់រំ បង្ហាញថា មានកុមារជាង ២លាននាក់ដែលកំពុងរៀននៅថ្នាក់បឋមសិក្សា។ ក្រសួងអប់រំ មានលុយ ៣លានដុល្លារសម្រាប់បង្រៀនប្រជាពលរដ្ឋដែលមិនចេះអានអក្សរដែលមានអាយុចន្លោះពី ១៥-២៤ និងអាយុចន្លោះពី ២៤-៦០ឆ្នាំ។ របាយការណ៍ក្រសួងអប់រំ មានលុយជាង ៤០០លានដុល្លារសម្រាប់គោលនយោបាយថ្នាក់ជាតិ ដែលក្នុងនោះ ៧៧% សម្រាប់ប្រាក់ខែគ្រូបង្រៀន។
រីឯព្រឹត្តិបត្រព័ត៌មានក្រសួងធម្មការ និងសាសនាបង្ហាញថា សាលាពុទ្ធិកបឋមសិក្សាមានចំនួន ៧៧៦សាលា ហើយមានសមណសិស្ស ១៥.៨១៤អង្គ។ ពុទ្ធិមធ្យមសិក្សាបឋមភូមិមានចំនួន ៣៥សាលា មានសមណសិស្ស ៤.៧១៦អង្គ។ សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន ១៧សាលា មានសមណសិស្សចំនួន ១.៧៧៦អង្គ និងមានពុទ្ធិកសាកលវិទ្យាល័យចំនួន ៣កន្លែង គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងបាត់ដំបង ដែលមានសមណនិស្សិត និងនិស្សិតជាង ១ម៉ឺនអង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
