កុមារី​ក្រីក្រ​នៅ​តាកែវ​ទទួល​បាន​ផ្ទះ​ពី​សប្បុរសជន

មេ​ភូមិ​នៀល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ណោម សារឿង ថ្លែង​នៅ​ថ្ងៃ​២៣ ខែ​មេសា ថា កុមារី​ឈ្មោះ ធិន ចន្ធី អាយុ ៨​ឆ្នាំ ដែល​បាន​រ៉ាប់រង​ចិញ្ចឹម​សមាជិក​គ្រួសារ​ចំនួន ៥​នាក់​នោះ បន្ទាប់​ពី​មាន​ការ​ផ្សាយ​ជា​សាធារណៈ​មក បាន​ទទួល​អំណោយ​សប្បុរស​ពី​មន្ត្រី​ក្នុង​រាជរដ្ឋាភិបាល និង​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស ដូច​ជា​ថវិកា ស្បៀង​អាហារ សម្ភារៈ​សិក្សា​ជាដើម។

ក្រៅ​ពី​នេះ លោក ណោម សារឿន បញ្ជាក់​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ផ្ទះ​មួយ​ខ្នង​ត្រូវ​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​កំពុង​ជួយ​សង់ ដែល​មាន​គម្រោង​ទឹក​ប្រាក់​ជាង ៦​ពាន់​ដុល្លារ។

កុមារី ធិន ចន្ធី ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ រស់​នៅ​ជាមួយ​បង​ប្អូន​ប្រុស ៣​នាក់​ទៀត និង​ជីដូន​មេម៉ាយ។

ក្រោយ​ពី​ជីដូន​ធ្លាក់​ខ្លួន​ឈឺ មិន​អាច​ដើរ​រក​ប្រាក់​ចិញ្ចឹម​ចៅ​កំព្រា​ទាំង ៤​នាក់​បាន កុមារី និង​បង​ប្រុស ធិន ចំរើន អាយុ ១០​ឆ្នាំ នាំ​គ្នា​ឡើង​ភ្នំ​ដំរីរមៀល ស្វែង​រក​អង្ក្រង និង​អនុផល​ព្រៃ​ឈើ ហើយ​ដើរ​យក​ទៅ​លក់​ដល់​ផ្សារ​ត្រាំកក់ ដែល​មាន​ចម្ងាយ ៣គីឡូម៉ែត្រ ដើម្បី​លក់​ទិញ​ស្បៀង​ចិញ្ចឹម​ក្រុម​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។