ភ្ញៀវទេសចរអន្តរជាតិ ដែលចូលទៅកម្សាន្តតាមឆ្នេរអូរត្រេះនាខេត្តព្រះសីហនុ បានរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលបណ្តោយឲ្យមានសកម្មភាពសង់ផែថ្មកប៉ាល់ ឬផែទូករបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បន្តសាងសង់នៅលើឆ្នេរអូរត្រេះ ដែលមានខ្សាច់សក្បុស និងទឹកថ្លាឆ្លុះ នាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភណភាពឆ្នេរសមុទ្រធ្ងន់ធ្ងរ។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តជាប់សមុទ្រមួយនេះ ចាត់ទុកសំណង់ផែថ្មក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា គិត ម៉េង ថាកំពុងផ្គើនទៅនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមមិនឲ្យសង់សំណង់រឹងមាំនៅតាមឆ្នេរសមុទ្រនានា។
ភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលចូលទៅកម្សាន្ត ឬចូលទៅទស្សនាខេត្តព្រះសីហនុ ហើយបានដើរតាមឆ្នេរអូរត្រេះ និងចុះងូតទឹកលំហែកាយមានទីតាំងនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសថ្នាក់ដឹកនាំខេត្តជាប់សមុទ្រមួយនេះ ដែលគ្មានសកម្មភាពទប់ស្កាត់សំណង់ផែថ្មរឹងមាំសម្រាប់កប៉ាល់ ឬផែទូករបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កំពុងសាងសង់នៅលើឆ្នេរខ្សាច់អូរត្រេះ នាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរធ្ងន់ធ្ងរ។
ស្ត្រីជាភ្ញៀវទេសចរជនជាតិអ៊ីតាលី (Italy) ស្ថិតក្នុងចំណោមភ្ញៀវទេសចរបរទេសច្រើនទៀតដែលបានមកលំហែកាយនាខេត្តព្រះសីហនុ ហើយបានចុះងូតទឹកនៅឆ្នេរអូរត្រេះ រិះគន់ថា ឆ្នេរសមុទ្រប្រទេសកម្ពុជា លែងជាទីចាប់អារម្មណ៍ ឬស្ថិតក្នុងដួងចិត្តរបស់ពួកគេទៀតហើយ ព្រោះឆ្នេរភាគច្រើនត្រូវបានបំផ្លាញ ពិសេសឆ្នេរអូរត្រេះ។
ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍អាស៊ីសេរី ពេលសម្រាកពីហែលទឹកកម្សាន្ត ស្ត្រីជាភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលី បានរិះគន់សកម្មភាពសាងសង់ផែថ្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅលើឆ្នេរអូរត្រេះ ដែលមានខ្សាច់សក្បុស និងមានទឹកថ្លាឆ្លុះ ថានាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរដ៏ពេញនិយមមួយនេះ។ ស្ត្រីភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលី រូបនេះ បង្ហាញការហួសចិត្ត នៅពេលអាជ្ញាធរខេត្តព្រះសីហនុ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា មិនបានទប់ស្កាត់សំណង់នេះ។
ចំណែកស្ត្រីជាអាជីវករម្នាក់ស្ថិតក្នុងចំណោមអាជីវករច្រើនទៀត លក់ដូរនៅឆ្នេរអូរត្រេះ លោកស្រី តេង សាមឿន ក៏មិនពេញចិត្តចំពោះការសាងសង់ផែថ្មនៅលើឆ្នេរអូរត្រេះ នេះដែរ។ អាជីវកររូបនេះ ស្នើដល់លោកនាយករដ្ឋមន្ត្រី ជួយមានវិធានការទប់ស្កាត់សំណង់ផែថ្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាបន្ទាន់៖ «អាជ្ញាធរខេត្តព្រះសីហនុ ធ្លាប់បានចុះមកផ្អាកការសាងសង់ផែថ្មរបស់ក្រុមហ៊ុននេះជាច្រើនដងមកហើយ ប៉ុន្តែក្រុមហ៊ុននេះមិនស្តាប់តាម និងបន្តការសាងសង់ផែនេះបន្តទៀត»។
ស្រដៀងគ្នាដែរ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងកំពុងសង់ផែកប៉ាល់ ឬផែកាណូតនៅលើឆ្នេរអូរត្រេះ បានទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់។ លោករិះគន់ថា សំណង់ផែថ្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលកំពុងបន្តសាងសង់នៅលើឆ្នេរអូរត្រេះ បានប៉ះពាល់ដល់ភ្ញៀវទេសចរ ពិសេសភ្ញៀវអន្តរជាតិដែលនិយមចូលទៅកម្សាន្តនៅតំបន់នោះ។ លោក សុខ សុខុម បានចាត់ទុកសកម្មភាពសង់ផែកប៉ាល់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ នៅលើឆ្នេរអូរត្រេះ ថាផ្គើនទៅនឹងសេចក្តីសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ស្តីអំពីការដកហូតឆ្នេរដាក់ជាសម្បត្តិសាធារណៈរបស់រដ្ឋ សម្រាប់អភិវឌ្ឍបម្រើដល់វិស័យទេសចរណ៍៖ «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាលពីពេលថ្មីៗនេះថា មិនអនុញ្ញាតឲ្យមានសំណង់រឹងមាំសង់នៅលើឆ្នេរទៀតឡើយ ចុះហេតុអ្វីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលអាជ្ញាធរខេត្តព្រះសីហនុ ធ្លាប់បានចុះហាមឃាត់រួចហើយ ប៉ុន្តែហេតុអ្វីបានជាក្រុមហ៊ុននៅបន្តផ្គើនទៅនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងការហាមឃាត់របស់អាជ្ញាធរខេត្ត ដោយគ្មានញញើតសមត្ថកិច្ចទៅវិញ»។
ចំណែកមន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលបានចុះដល់តំបន់ឆ្នេរអូរត្រេះ ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍន៍កោះរ៉ុង (Royal Group Koh Rong Development Company) កំពុងបន្តសង់ផែកប៉ាល់ ឬកាណូត ក៏បានរិះគន់ការសង់ផែកប៉ាល់នេះដែរ។ លោកស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ត្រូវមានវិធានការទប់ស្កាត់សំណង់ផែថ្មរបស់ក្រុមហ៊ុននេះឲ្យបានឆាប់ ព្រោះនាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរ និងកំណើនភ្ញៀវទេសចរអន្តរជាតិ។ មន្ត្រីអង្គការលីកាដូ លោក ប៊ួន ណារិទ្ធិ មានចម្ងល់ថា រវាងអំណាច លោក ហ៊ុន សែន និងអំណាចរបស់ លោក គិត ម៉េង តើបុគ្គលរូបណាមានអំណាចធំជាង បានជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រូបនេះ មិនស្តាប់តាមការណែនាំរបស់ប្រមុខដឹកនាំបានដាក់ឲ្យអនុវត្ត?
មន្ត្រីអង្គការលីកាដូ លោក ប៊ួន ណារិទ្ធិ បានរិះគន់ថា មិនគួរមកដល់ដំណាក់កាលនេះទៅហើយ ថ្នាក់ដឹកនាំនៅតាមក្រសួងពាក់ព័ន្ធ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា មិនមានលទ្ធភាពថែរក្សាឆ្នេរសមុទ្រដ៏ស្រស់ស្អាតនាខេត្តព្រះសីហនុ ឲ្យបានគង់វង្ស៖ «ជាសំណូមពររបស់សង្គមស៊ីវិល សូមស្នើដល់រាជរដ្ឋាភិបាល មេត្តាចុះមកពិនិត្យមើលសកម្មភាពសង់ផែកប៉ាល់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថាគួរតែឲ្យដំណើរការសាងសង់នៅលើឆ្នេរអូរត្រេះ ឬគួរតែដូរកន្លែងទៅកាន់ទីតាំងផ្សេងដែលមិនសូវមានភ្ញៀវទេសចរចូលទៅកម្សាន្ត»។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី១៧ ខែមករា នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា កាលពីពេលថ្មីៗនេះ ពេលលោកមានឱកាសបានចុះទៅសម្រាកលំហែកាយនៅក្រុងព្រះសីហនុ បានជួបជាមួយប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅតាមឆ្នេរសមុទ្រ។ ប្រមុខដឹកនាំបញ្ជាក់ថា លោកមានភាពសប្បាយរីករាយ នៅពេលបានឃើញក្រុមអាជីវករមានមុខរបរលក់ដូរបម្រើសេវាកម្មទេសចរណ៍មានភាពមមាញឹកទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់ចំណូលគ្រួសារ។ បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ឆ្នេរសមុទ្រកម្ពុជា នាខេត្តព្រះសីហនុ មានបរិស្ថាន និងសោភណភាពស្រស់ស្អាត ដែលត្រូវអាជ្ញាធរពាក់ព័ន្ធ រួមគ្នាថែរក្សាអនាម័យបរិស្ថានឲ្យបានល្អគ្រប់ពេល។ លោក ហ៊ុន សែន បានរំឭកដល់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ មិនត្រូវអនុញ្ញាតឲ្យមានសំណង់ខុសច្បាប់បន្តសាងសង់នៅលើឆ្នេរ ឬតំបន់ទេសចរណ៍ជាដាច់ខាត។
ទោះជាបែបនេះក្តី តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺលោកឧកញ៉ា ឈុន ប៊ុនថា ហាក់មិនបានចាប់អារម្មណ៍ ឬមិនខ្វាយខ្វល់ទៅលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ពិសេសការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរំឭកម្តងជាពីរដង ឲ្យផ្នែកពាក់ព័ន្ធជួយការពារបរិស្ថានឆ្នេរសមុទ្រឲ្យមានអនាម័យ និងមិនត្រូវសង់សំណង់រឹងមាំតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ នេះទេ។ លោក ឈុន ប៊ុនថា អះអាងថា ការដែលក្រុមហ៊ុន រ៉ូយ៉ាល់ បន្តសង់ផែកប៉ាល់ ឬផែទូកនៅលើឆ្នេរអូរត្រេះ សព្វថ្ងៃនេះ ក៏ព្រោះតែអភិបាលខេត្តព្រះសីហនុ មិនផ្តល់ទីតាំងផ្សេងដើម្បីឲ្យក្រុមហ៊ុនខ្លួនសង់ផែ សម្រាប់ដឹកជញ្ជូនសម្ភារៈអភិវឌ្ឍនៅលើកោះរ៉ុង។ លោកបន្តថា ផែថ្មដែលក្រុមហ៊ុនកំពុងសង់នៅលើឆ្នេរអូរត្រេះ ជាសំណង់បណ្ដោះអាសន្នទេ៖ «ដំបូងថាការសាងសង់ផែថ្មនេះ ត្រូវប្ដូរទៅទីតាំងកន្លែងផ្សេង ប៉ុន្តែអាជ្ញាធរខេត្តមិនអនុញ្ញាត ប៉ុន្តែការសាងសង់ផែបន្តនៅឆ្នេរអូរត្រេះ គឺសង់បណ្ដោះអាសន្ន ដើម្បីដឹកជញ្ជូនអីវ៉ាន់សម្រាប់អភិវឌ្ឍសណ្ឋាគារផ្កាយប្រាំនៅលើកោះរ៉ុង ហើយពេលរួចរាល់ រុះរើផែនេះចេញវិញហើយ»។
ទាក់ទងបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កន្លងមកនេះ បាននិយាយថា នឹងទប់ស្កាត់មិនឲ្យមានបុគ្គល ឬក្រុមហ៊ុនណាមួយមកបំផ្លាញបរិស្ថានតាមតំបន់ឆ្នេរសមុទ្រនាមូលដ្ឋាននេះបន្តកើតមានទៀតទេ។ លោកបន្តថា ករណីសំណង់ផែថ្មរឹងមាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលសង់នៅលើឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ នេះ រូបលោកក៏ធ្លាប់បញ្ជាឲ្យអាជ្ញាធរខេត្ត ផ្អាកមិនឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សង់ផែកប៉ាល់ ឬទូកនៅលើឆ្នេរអូរត្រេះ នាពេលកន្លងមក។
ទោះយ៉ាងណា លោក យន្ត មីន មិនបានបញ្ជាក់ពីចំណាត់ការតាមផ្លូវច្បាប់ទៅលើការសង់ផែថ្មបំផ្លាញបរិស្ថានឆ្នេរអូរត្រេះ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បែបណានោះទេ។ លោកបន្តថា កន្លងមកនេះ អាជ្ញាធរខេត្តព្រះសីហនុ បានតម្រូវឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវស្វែងរកទីតាំងថ្មីដើម្បីសង់ផែកប៉ាល់របស់ខ្លួនក្រៅពីឆ្នេរអូរត្រេះ។
បញ្ហាដែលឈានដល់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អាចសាងសង់ផែកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរនៅលើឆ្នេរអូរត្រេះ នេះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសរសេរលិខិតផ្ញើជូន លោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ តាមរយៈ លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនេះ ដោយយោងតាមលិខិតទីស្ដីការគណៈរដ្ឋមន្ត្រី បានស្នើសុំសាងសង់ផែទូកទេសចរណ៍មួយកន្លែងមានទីតាំងនៅភូមិ៦ សង្កាត់៤ ដើម្បីបម្រើសេវាដឹកជញ្ជូនភ្ញៀវទេសចរទៅមកកោះរ៉ុង និងដឹកជញ្ជូនសម្ភារៈបម្រើឲ្យការអភិវឌ្ឍកោះរ៉ុង។ សំណើរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានទីស្នាក់ការធំនៅរាជធានីភ្នំពេញ បានមកដល់ដៃ លោក ណុប ហេង ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ចុះហត្ថលេខាឯកភាពនៅថ្ងៃទី២ ខែកុម្ភៈ និងបញ្ជូនបន្តទៅដល់ដៃ លោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ ចុះហត្ថលេខាអនុញ្ញាតច្បាប់សាងសង់ជូនក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ មុនប៉ុន្មានថ្ងៃពេលលោកចូលនិវត្តន៍។
យ៉ាងណាក៏ដោយចុះ មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និយាយថា នឹងតាមដានចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់សំណង់ផែថ្មដ៏រឹងមាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់ លោក គិត ម៉េង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
