សង្គម​ស៊ីវិល​ថា​ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង នៅ​តែ​បន្ត​សាងសង់​ផែ​ថ្ម​នៅ​ឆ្នេរ​អូរត្រេះ​ដដែល

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង នៅ​បន្ត​សកម្មភាព​សាងសង់​ផែ​ថ្ម​មាន​ទីតាំង​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​ព្រះសីហនុ ដដែល ទោះ​បី​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ចេញ​លិខិត​ណែនាំ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឲ្យ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ការ​សាងសង់ និង​ត្រូវ​រៀបចំ​ទីតាំង​ឆ្នេរ​អូរត្រេះ ឲ្យ​មាន​សភាព​ដូច​ដើម​វិញ​បែប​ណា​ក្តី។

ចំណែក​តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និយាយ​ថា ក្រុមហ៊ុន​ត្រៀម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​រាជ​រដ្ឋាភិបាល​ជានិច្ច។ បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា នឹង​បើក​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត ជាមួយ​តំណាង​ក្រុមហ៊ុន ដើម្បី​ចុះ​បញ្ឈប់​សកម្មភាព​សាងសង់​ក្នុង​ពេល​ឆាប់ៗ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ចាត់​ទុក​សកម្មភាព​បន្ត​សាងសង់​ផែ​ថ្ម​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថា​កំពុង​ផ្គើន​ទៅ​នឹង​លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែ​មករា របស់​រាជ​រដ្ឋាភិបាល ដែល​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន​នេះ​បន្ត​សង់​ផែ​ថ្ម​នៅ​លើ​ឆ្នេរ​អូរត្រេះ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ត្រូវ​ចុះ​អនុវត្ត​បញ្ឈប់​សកម្មភាព​សង់​ផែ​ថ្ម​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចេញ​ពី​ឆ្នេរ​អូរត្រេះ ឲ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ លោក​ថា អភិបាល​ខេត្ត​ព្រះសីហនុ អាច​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​បញ្ឈប់​សកម្មភាព​សង់​ផែ​កប៉ាល់ ឬ​ផែ​ទូក​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចេញ​ពី​តំបន់​ឆ្នេរ​អូរត្រេះ ទើប​មាន​ប្រសិទ្ធភាព៖ «អាជ្ញាធរ​ខេត្ត​គួរ​តែ​ប្ដឹង​ទៅ​កាន់​តុលាការ ពីព្រោះ​នីតិវិធី​ច្បាប់​ដើម្បី​បញ្ឈប់​សកម្មភាព​សាងសង់​ណា​មួយ​ដែល​ល្មើស​ច្បាប់ អាជ្ញាធរ​ខេត្ត​មាន​សិទ្ធិ​ប្ដឹង​ទៅ​កាន់​តុលាការ ព្រោះ​មាន​តែ​ស្ថាប័ន​តុលាការ​ទេ​ដែល​អាច​មាន​សិទ្ធិ​អំណាច​ដឹក​នាំ​ផ្អាក​ការ​សាងសង់​ផែ​នេះ​បាន​ឆាប់»

ទាក់ទិន​ការ​សាងសង់​ផែ​ថ្ម​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នេះ​ដែរ ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ខេត្ត​ព្រះសីហនុ ក៏​បាន​រិះគន់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដែល​បណ្តោយ​ឲ្យ​មាន​សកម្មភាព​សង់​ផែ​ថ្ម​របស់​ក្រុមហ៊ុន​ឯកជន​ចេញ​ជា​រូប​រាង និង​បំផ្លាញ​ដល់​បរិស្ថាន​តំបន់​ឆ្នេរ​អូរត្រេះ ទើប​មាន​កិច្ច​អន្តរាគមន៍​ពេល​នេះ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ឆ្នេរ​អូរត្រេះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា បាន​អះអាង​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មិន​ទាន់​បញ្ឈប់​ការ​សាងសង់​ផែ​ថ្ម​របស់​ខ្លួន​នៅ​ឡើយ ទោះ​បី​មាន​លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែ​មករា របស់​រាជ​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​សកម្មភាព​សាងសង់​បែប​ណា​ក្តី៖ «អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មាន​បទបញ្ជា​ក្នុង​ដៃ​ត្រឹមត្រូវ​ហើយ ហេតុ​អ្វី​បាន​ជា​បណ្តោយ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅ​បន្ត​សាងសង់​ផែ​ថ្មី​នៅ​លើ​ឆ្នេរ​អូរត្រេះ ដដែល។ ដូច្នេះ ទង្វើ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា កាន់​តែ​ផ្គើន​ទៅ​នឹង​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ខ្លាំង​ថែម​ទៀត។ ក្នុង​នាម​មន្ត្រី​សង្គម​ស៊ីវិល ចង់​មើល​ឃើញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ មិន​មែន​ច្បាប់​អនុវត្ត​តែ​ទៅ​លើ​អ្នក​ក្រ រីឯ​អ្នក​មាន​ចេះ​តែ​សាងសង់​បំពាន​លើ​ដី​សាធារណៈ​របស់​រដ្ឋ​បាន​នោះ​ទេ។ សូម​ឲ្យ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​ភាព​ទាំង​អ្នក​មាន និង​អ្នក​ក្រ ឲ្យ​បាន​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់»

ចំណែក​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​ស្នើ​ដល់ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​កោះ​អញ្ជើញ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​បញ្ឈប់​សកម្មភាព​សង់​ផែ​ថ្ម​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចេញ​ពី​ឆ្នេរ​អូរត្រេះ ឲ្យ​មាន​ប្រសិទ្ធភាព៖ «ប្រជាជន​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ​មើល​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ហ៊ាន​ចេញ​មុខ​អនុវត្ត​តាម​លិខិត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​បញ្ឈប់​ការ​រុះរើ​ផែ​ថ្ម​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ដែរ​ឬ​ទេ»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ថា អាជ្ញាធរ​ត្រៀម​ប្រជុំ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​នេះ ដើម្បី​ចុះ​បញ្ឈប់​សកម្មភាព​សាងសង់​ឲ្យ​ស្រប​តាម​លិខិត​របស់​រាជ​រដ្ឋាភិបាល។

ទាក់ទិន​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺ​លោក​ឧកញ៉ា ឈុន ប៊ុនថា បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​មករា ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​ជុំវិញ​ការ​ចេញ​លិខិត​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​សាងសង់​ផែ​នៅ​លើ​ឆ្នេរ​អូរត្រេះ ដោយ​និយាយ​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រៀម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​រាជ​រដ្ឋាភិបាល​ជានិច្ច៖ «រឿង​នេះ​វា​អាស្រ័យ​ថ្នាក់​លើ​ជា​អ្នក​សម្រេច​ទេ។ ថ្នាក់​លើ​ចេញ​លិខិត​មក​វា​អាស្រ័យ​លើ​លោក​អភិបាល​ខេត្ត​ជា​អ្នក​អនុវត្ត គឺ​ខាង​ក្រុមហ៊ុន​មិន​មាន​អ្វី​មក​ជំទាស់​នោះ​ទេ»

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែ​មករា របស់ លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ផ្ញើ​ជូន លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ គឺ​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ស្នើសុំ​សង់​ផែ​ទូក ឬ​កប៉ាល់​សម្រាប់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​កោះ​រ៉ុង​នៅ​លើ​ទីតាំង​ឆ្នេរ​អូរត្រេះ បាន​ទេ។ បន្ថែម​លើ​នេះ លិខិត​រាជ​រដ្ឋាភិបាល ក៏​បាន​តម្រូវ​ឲ្យ លោក យន្ត មីន ត្រូវ​ណែនាំ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បញ្ឈប់​ការ​សាងសង់​ផែ​ថ្ម​នៅ​លើ​ឆ្នេរ​អូរត្រេះ ជា​បន្ទាន់ និង​ត្រូវ​រៀបចំ​ទីតាំង​ឆ្នេរ​អូរត្រេះ ឲ្យ​មាន​សភាព​ដូច​ដើម​វិញ។

លោក អ៊ឹម ឈុនលឹម សង្កត់​ធ្ងន់​ថា ទីតាំង​តំបន់​ឆ្នេរ​អូរត្រេះ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​សំណង់​រឹងមាំ​សង់​នៅ​លើ​ឆ្នេរ​នេះ​ទេ ព្រោះ​រាជ​រដ្ឋាភិបាល​មាន​គោលការណ៍​ឲ្យ​រៀបចំ​ឆ្នេរ​អូរត្រេះ ជា​ឆ្នេរ​គំរូ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​តំបន់​ឆ្នេរ ដោយ​ត្រូវ​បង្កក​រាល់​ការ​សាងសង់​លើ​ដី​ចំណី​សមុទ្រ​នៅ​តំបន់​នោះ ព្រម​ទាំង​ត្រូវ​សិក្សា​រក​វិធានការ ដើម្បី​រុះរើ​សំណង់​អនាធិបតេយ្យ​ចេញ​ពី​ទីតាំង​ដី​ចំណី​ឆ្នេរ​អូរត្រេះ ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។