ប្រជាពលរដ្ឋ និងសង្គមស៊ីវិលសាទរនឹងចំណាត់ការរបស់រដ្ឋាភិបាល ដែលប្រកាសពន្យារពេលធ្វើប័ណ្ណបើកបរជាបណ្ដោះអាសន្ន ខណៈការអនុវត្តច្បាប់ចរាចរណ៍ថ្មី កាន់តែខិតជិតដល់នៅដើមឆ្នាំ២០១៦នេះ។ ទន្ទឹមនឹងការសាទរនេះដែរ ពួកគេក៏ស្នើដល់រដ្ឋាភិបាលគួរពិចារណាលើតម្លៃសេវា និងនីតិវិធីធ្វើប័ណ្ណបើកបរនេះឡើងវិញ។
ការផាកពិន័យលើប័ណ្ណបើកបររថយន្ត ពីម្ចាស់យានយន្តគ្រប់ប្រភេទ នៅដើមឆ្នាំ២០១៦ អាចនឹងត្រូវអនុគ្រោះពេលបន្តទៀត ដោយនៅមិនកំណត់ពេលឡើយ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យផ្អាកធ្វើប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន កាលពីយប់ថ្ងៃទី២៩ ធ្នូ បន្ទាប់ពីលោកទទួលសំណូមពរពីប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ស្នើសុំឲ្យជួយបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ។
អ្នកបើកម៉ូតូរ៉ឺម៉កកង់បីនៅរាជធានីភ្នំពេញ លោក ហ៊ួត សម្បត្តិ ដែលកំពុងរង់ចាំភ្ញៀវជិះម៉ូតូរ៉ឺម៉កកង់បីរបស់ខ្លួន នៅតាមដងផ្លូវព្រះមុនីរ៉េត សម្ដែងក្ដីរីករាយបន្ទាប់ពីលោក បានឮដំណឹងពីការពន្យារពេលធ្វើប័ណ្ណបើកបរនេះ តែលោកចង់ស្នើដល់រដ្ឋាភិបាល គួរពិចារណាយកកម្រៃសេវាធ្វើប័ណ្ណម៉ូតូ តែត្រឹម៤ម៉ឺនរៀលបានហើយ៖ « និយាយរួមការរកស៊ីកង់បីដូចយ៉ាប់យឺន មានអ្នកខ្លះអត់ ដល់ពេលពន្យារដូច្នេះល្អដែរ ប៉ុន្តែកម្រៃធ្វើប័ណ្ណបើកបរគួរចុះខ្លះ »។
ចំណែកពលរដ្ឋម្នាក់ទៀតដែលមកថែទាំជំងឺប្រពន្ធនៅមន្ទីរពេទ្យមួយ នារាជធានីភ្នំពេញ លោក ទេព សុផា យល់ថា រដ្ឋាភិបាលគួរធ្វើប័ណ្ណបើកបរម៉ូតូ ដល់ពលរដ្ឋដោយឥតគិតថ្លៃជាលើកទី១ ដល់ពេលពលរដ្ឋណាធ្វើឲ្យបាត់ប័ណ្ណនោះ ចាំធ្វើការផាកពិន័យ។ លោកបន្តថា លោកជាអ្នកស្រែចម្ការ មិនធ្លាប់បានដឹងបានឮ ពីការធ្វើប័ណ្ណបើកបរម៉ូតូដូច្នេះពីមុនឡើយ តែបើរដ្ឋតម្រូវឲ្យធ្វើមែននោះ គួរចុះតម្លៃឲ្យសមរម្យ៖ « តម្លៃទូទៅខ្ញុំគិតថា ត្រឹម២ម៉ឺន ទៅ៣ម៉ឺន ឬ៤ម៉ឺនរៀលអស់ហើយ ព្រោះបងប្អូនអ្នករត់ម៉ូតូឌុប អ្នកក្រៗអាចធ្វើទៅបាន តែបើថ្លៃជាងនេះ គឺពួកគាត់មិនអាចទទួលយកបានទេ អ៊ីចឹងអាចនឹងមានបញ្ហា ដូចជាហិង្សា ឬកូដកម្ម ហើយខ្ញុំមិនចង់ឲ្យមានហិង្សាទេ »។
ថ្វីត្បិតពលរដ្ឋត្អូញត្អែរដូច្នេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈ កាលថ្ងៃទី២៨ ធ្នូ ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនឹងត្រូវអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មិនមែនជាច្បាប់ដែលគាបសង្កត់ប្រជាពលរដ្ឋនោះទេ តែគឺជាច្បាប់មួយជួយការពារអាយុជីវិតប្រជាពលរដ្ឋទៅវិញ។
យ៉ាងណាក៏ដោយចុះ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ដែលសាទរចំពោះអន្តរាគមន៍របស់រដ្ឋាភិបាលនៅពេលនេះ លោកក៏ស្នើដល់រដ្ឋាភិបាលគួរពិនិត្យមើលនីតិវិធីរៀនបើកបរឡើងវិញ ជាពិសេសម៉ូតូ គឺអ្នកដែលចេះបើកម៉ូតូហើយ ពួកគេគួរប្រឡងយកប័ណ្ណបើកបរដោយស្វ័យប្រវត្តិតែម្ដង ជាមួយនឹងតម្លៃសមរម្យ ទី១សម្រាប់គ្រួសារមានសមាជិកចាប់ពី៣នាក់ឡើងទៅ គួរយកតម្លៃប្រមាណ១ម៉ឺន២ពាន់រៀលក្នុងម្នាក់ ទី២ សម្រាប់គ្រួសារមានសមាជិក២នាក់ចុះក្រោម គួរយកតម្លៃត្រឹម២ម៉ឺនរៀល ក្នុងម្នាក់។
លោក សន ជ័យ បន្តថា រដ្ឋាភិបាលត្រូវជជែកជាមួយក្រុមហ៊ុនថា ពួកគេអាចចុះតម្លៃដល់កម្រិតណាទៀត តែបើមិនអាចទេ រដ្ឋាភិបាលគួររកក្រុមហ៊ុនម៉ៅការថ្មី ដើម្បីប្រកួតប្រជែងរកតម្លៃថោកដែលអាចផ្ដល់សេវានេះ ដល់ពលរដ្ឋបាន៖ « រឿងនេះវាអាចចាប់ផ្ដើមក្ដៅ បើសិនអត់មានការផ្អាកការទៅប្រឡងយកប័ណ្ណបើកបរទាំងម៉ូតូ និងរថយន្ត ព្រោះយើងដឹងហើយថា រដ្ឋអត់មានលទ្ធភាពក្នុងការផ្ដល់មធ្យោបាយហ្នឹង ក្នុងរយៈពេលដ៏គំហុកហ្នឹងបានទេ »។
អនុក្រឹត្យរបស់រដ្ឋាភិបាលស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៨ កក្កដា ២០១៥ ដែលតម្រូវដល់ភាគីពាក់ព័ន្ធអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ ត្រង់មាត្រា៩ចែងថា អ្នកបើករថយន្តគ្រប់ប្រភេទដែលគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរមិនត្រូវតាមប្រភេទ ឬប័ណ្ណដែលហួសសុពលភាព នឹងត្រូវពិន័យជាប្រាក់៣ម៉ឺនរៀល សម្រាប់ម៉ូតូ និងម៉ូតូរ៉ឺម៉កកង់បី ឯអ្នកបើករថយន្តធុនស្រាលត្រូវពិន័យជាប្រាក់៦ម៉ឺនរៀល ចំណែកអ្នកបើករថយន្តធន់ធ្ងន់វិញ ត្រូវពិន័យជាប្រាក់១២ម៉ឺន ៥ពាន់រៀល។
ចំណែកតម្លៃធ្វើប័ណ្ណបើកបរវិញ សម្រាប់ប័ណ្ណបើកបរម៉ូតូ ពលរដ្ឋត្រូវបង់ប្រាក់៧ម៉ឺន៤ពាន់រៀល សម្រាប់សុពលភាព៥ឆ្នាំ ហើយប័ណ្ណបើកបរសម្រាប់រថយន្តធុនតូច ត្រូវបង់ប្រាក់១៩ម៉ឺន ៤ពាន់រៀល ដែលមានសុពលភាពរហូត១០ឆ្នាំ។
យ៉ាងណា ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ធ្នូ បានចេញសេចក្តីប្រកាស ផ្អាករាល់ការទទួលពាក្យសុំធ្វើប័ណ្ណ និងប្ដូរប័ណ្ណបើកបររថយន្ត និងម៉ូតូនៅគ្រប់ទីតាំងផ្ដល់សេវាសាធារណៈរបស់ខ្លួនទូទាំងប្រទេស ដើម្បីទុកលទ្ធភាពដល់រដ្ឋាភិបាល សិក្សា និងរកដំណោះស្រាយចំពោះកម្រៃនៃការបង់សេវានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
