បញ្ហា​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ

0:00 / 0:00

បច្ចុប្បន្ន​អ្នក​មាន​កាន់​តែ​មាន​ខ្លាំង ចំណែក​អ្នក​ក្រ​វិញ​កាន់​​តែ​ក្រីក្រ​ដុន​ដាប រហូត​ដល់​​គ្មាន​​ផ្ទះ​សម្បែង​​និង​ចំណី​អាហារ​សម្រាប់​​បរិភោគ។ គម្លាត​វាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ​នេះ ជា​បញ្ហា​សង្គម​ធ្ងន់ធ្ងរ​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​​ដល់​ជីវភាព​រស់​​នៅ​ប្រចាំ​ថ្ងៃ និង​បង្ហាញ​ថា​ រដ្ឋាភិបាល​កម្ពុជា អសមត្ថភាព​លើ​ការ​បែក​ចែក​ផល​ពី​កំណើន​សេដ្ឋកិច្ច​ឲ្យ​បាន​ស្មើ​ភាព​គ្នា។

ទិដ្ឋភាព​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ​ជា​ច្រើន​កំពុង​សាងសង់ មាន​ឡាន​ទំនើប​ជា​ច្រើន​បើក​​ឆ្លង​កាត់​​ទៅ​មក ជាពិសេស​ទៅ​រក​ភោជនីយដ្ឋាន​​​​ទំនើបៗ​ ដើម្បី​បរិភោគ​អាហារ​បរទេស។ ប៉ុន្តែ​ បើ​ងាក​មក​មើល​នៅ​តាម​​​​បង្គោល​ភ្លើង​ចរាចរណ៍ (ភ្លើង​ស្តុប) វិញ មាន​​កុមារ​ជា​ច្រើន ខ្លះ​គ្មាន​អាវ​ពាក់​ស្រួលបួល​ផង ​លើក​ដៃ​សំពះ​សុំ​​ទាន​​អ្នក​​ដំណើរ អ្នក​ខ្លះ​ទៀត​លក់​ផ្កា​ និង​​មួយ​ចំនួន​ទៀត ដៃ​កាន់​អំបោស​​ស្លាប​មាន់ បោស​ធូលី​​ចេញ​ពី​ឡាន​របស់​អ្នក​ដំណើរ​ ដែល​រង់ចាំ​ភ្លើង​សញ្ញា​ខៀវ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

​​​បើ​ពិនិត្យ​មើល​ក្នុង​របាយការណ៍​របស់​រដ្ឋាភិបាល​វិញ​​​ ប្រទេស​កម្ពុជា សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រមាណ ៧% ក្នុង​មួយ​ឆ្នាំ តាម​រយៈ​​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស ការ​បង្កើត​ការងារ​សម្រាប់​យុវជន ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​លើក​សុខុមាលភាព​​ប្រជាពលរដ្ឋ​កម្ពុជា។ តួលេខ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ប្រាក់​ចំណូល​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ប្រចាំ​ឆ្នាំ​នឹង​កើន​ឡើង​ពី ១.០៤៣​ដុល្លារ​​ក្នុង​ឆ្នាំ​២០១៣ ដល់ ១.១៣០​ដុល្លារ​នៅ​ឆ្នាំ​២០១៤។ ចំណាត់​ថ្នាក់​នេះ បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​នឹង​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​មុន​ឆ្នាំ​២០១៥ ​លើ​ការ​​កែ​លម្អ​សូចនាករ​ផ្នែក​សង្គម​សេដ្ឋកិច្ច។

អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី បាន​លើក​ឡើង​ថា​ អសន្តិសុខ​សង្គម​អាច​កើត​មាន​​នៅ​ស្ថានភាព​​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ដោយ​សារ​តែ​ភាព​ខុស​គ្នា​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​កាន់​តែ​ធំ។ ភាព​ខុស​គ្នា​នោះ កើត​ឡើង​ដោយ​​សារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​គាំទ្រ​ដល់​​ឧស្សាហកម្ម។ គោលនយោបាយ​នេះ មិន​អាច​លើក​កម្ពស់​​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​នោះ​ទេ។ បន្ថែម​លើ​នេះ លោក​បញ្ជាក់​ទៀត​ថា​ អ្វី​ដែល​ជា​បន្ទុក​របស់​ប្រជាពលរដ្ឋ​​កម្ពុជា​ ផ្សេង​ទៀត គឺ​​​ការ​ជំពាក់​​បំណុល​​គេ។

លោក កែម ឡី៖ «ចំពោះ​អ្នក​រង​គ្រោះ​ ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ ឬ​ក៏​អ្នក​ចំណាក​ស្រុក កសិករ​ដែល​ចំណាក​ស្រុក អា​ហ្នឹង ឪពុក​ម្ដាយ​គេ​ខ្ចី​លុយ​គេ​ចេញ​ឲ្យ​ គឺ​ប្រហែល​ជា​ ៦០ ទៅ ៧០% នៃ​ប្រជាពលរដ្ឋ​ហ្នឹង​ជំពាក់​លុយ​គេ ហើយ​ជំពាក់​ហ្នឹង​ទៀត​សោត ប្រហែល​ជា​ ៤០០ ទៅ ៥០០​ ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ ហើយ​គាត់​មិន​មាន​លទ្ធភាព ​សង​ទៅ​ទៀត ដោយ​សារ​តែ​គាត់​​អត់​មាន​ដី​ធ្លី ហើយ​ដីធ្លី​​​ ត្រូវ​លក់​ដើម្បី​សង។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ អំពី​ចំណុច​នេះ ដែល​ប្រជាជន​កាន់​តែ​អត់​ច្រើន​ទៅ ហើយ​ដល់​​ដំណាក់​កាល​មួយ​វ៉ៃ​គ្នា ​ដើម្បី​ហូប លួច​ក៏​ច្រើន ប្លន់​ក៏​ច្រើន​»

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣ របស់​​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៣.៥​លាន​នាក់​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ចំណូល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ ចំណូល​ប្រជា​ថ្ងៃ​របស់​​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​កើន​ឡើង​តែ​​ប្រមាណ ២​ពាន់​រៀល​ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ការ​ស្រាវជ្រាវ​លើក​ទី​មួយ​ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០០៧។ ប៉ុន្តែ​​ការ​ចំណាយ​ជា​មធ្យម​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​វិញ​បាន​កើន​ឡើង​ដល់ ៨.២០០​ក្នុង​មួយ​ថ្ងៃ។

ការ​​រក​​ឃើញ​​របស់​ធនាគារ​ពិភពលោក​ដដែល​បាន​អះអាង​ទៀត​​ថា ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ ៨​លាន​នាក់ អាច​រក​ចំណូល​បាន​​តិច​ជាង​ ៩​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​តួលេខ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា​ ​បច្ចុប្បន្ន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ១០​នាក់ មាន​ពីរ​នាក់​ជា​អ្នក​ក្រ ដោយ​ផ្អែក​លើ​និយមន័យ​ភាព​ក្រីក្រ ១,១៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះអាង​​នៅ​​ក្នុង​​ពិធី​សម្ពោធ​យុត្តិសាស្ត្រ​​ជាតិ​ស្ដី​ពី​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ កាល​ពី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៤ ថា មាន​ប្រជាពលរដ្ឋ​​កម្ពុជា ជា​ច្រើន​នាក់​អាច​ធ្លាក់​ចូល​នៅ​ក្នុង​ភាព​ក្រីក្រ​វិញ បើ​សិន​ស្ថាប័ន​ពាក់ព័ន្ធ​មិន​​យក​ចិត្ត​ទុក​ដាក់៖ «១៨% ឬ​ថា ២០% នៃ​ភាព​ក្រីក្រ​នេះ អា​ហ្នឹង​ក្រោម​បន្ទាត់ អា​នៅ​លើ​បន្ទាត់​នោះ ក៏​មាន​ចំនួន​មិន​តិច​ទេ។ អ៊ីចឹង​ងាយ​ហានិភ័យ ដែល​ធ្លាក់​ចុះ​​នៅ​ក្រោម​បន្ទាត់​នេះ​ភាព​ក្រីក្រ​ដែល​យើង​ត្រូវ​ប្រឹង​ទាំង​អស់​គ្នា»

​​​​ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ ​ប្រជាពលរដ្ឋ​នៅ​តែ​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​សន្តិសុខ​ស្បៀង​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ ដោយសារ​ផលិតភាព​ទាប ការ​ប្រើប្រាស់​ធនធាន​​ធម្មជាតិ​​នៅ​មានកម្រិត ​កង្វះ​​ការងារ និង​ឱកាស​ទទួល​ប្រាក់ចំណូល​ខ្ពស់​នៅ​មាន​កម្រិត​​នៅ​ឡើយ។ ម៉្យាង​វិញ​ទៀត​ ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​នាក់​ផ្សេង​ទៀត​​បាន​បាត់​បង់​ដី​ធ្លី ផ្ទះ​សម្បែង ស្រប​ពេល​ដែល​​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា មាន​កំណើន​សេដ្ឋកិច្ច​​ខ្ពស់​ពី​គម្រោង​អភិវឌ្ឍ​របស់​ខ្លួន។

​របាយការណ៍​របស់​សមាគម​អាដហុក (Adhoc) ស្ដីពី​ស្ថានភាព​ដីធ្លី​ប្រចាំ​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២.៦​លាន​ហិកតារ (២.៦៥៧.៤៧០) ដល់​ក្រុមហ៊ុន​ឯកជន។ ប៉ុន្តែ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​បង្ក​ឲ្យ​ជម្លោះ​ដីធ្លី និង​ចាប់​ចង​ប្រជាពលរដ្ឋ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក​ដល់​ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ​ជិត ៨​សែន​នាក់ ឬ​ស្មើ​នឹង ៦% នៃ​ចំនួន​ប្រជាជន​សរុប​ត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការ​ទន្ទ្រាន​ដីធ្លី​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច។

ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា ធ្លាប់​បាន​បង្ហាញ​ថា អ្នក​មាន​អំណាច​ដោយ​រាប់​តាំង​ពី​អ្នក​មាន​ងារ​ជា​ឧត្ដមសេនីយ៍ សមាជិកសភា ព្រឹទ្ធ​សភា និង​ងារ​ជា​ឯកឧត្ដម​គ្រប់គ្រង​ដី​បង្កបង្កើនផល​ប្រមាណ ៨០% នៃ​ផ្ទៃ​សរុប​នៅ​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​ដែល​មាន​ងារ​ទាំង​អស់​នេះ មាន​ដី​យ៉ាង​ហោច​ណាស់ ៥០០​ហិកតារ។

បញ្ហា​ទាំង​អស់​ជា​កត្តា​ចម្បង​ជំរុញ​ឲ្យ​មាន​គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ​នៅ​ប្រទេស​កម្ពុជា។ អ្នក​ឯកទេស​កាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក នាក់ សមសែន បាន​អះអាង​ថា​ ការ​គណនា​​សន្ទស្សន៍​គម្លាត​អ្នក​មាន​និង​​អ្នក​ក្រីក្រ​មាន​​ភាព​ប្រសើរ​ជាង​មុន ប៉ុន្តែ​ការ​គណនា​​នោះ បាន​មក​​ពី​ក្រុម​​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ត្រង់​ថ្នាក់​កណ្ដាល​តែ​ប៉ុណ្ណោះ។

លោក នាក់ សមសែន៖ «គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ នៅ​ក្នុង​ការ​អង្កេត​គឺ​វា​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​ឥត​ខ្ជោះ​នោះ​ទេ ដោយសារ​តែ​ជា​​ទូទៅ កាល​ណា​យើង​ចុះ​អង្កេត​ យើង​ចុះ​សួរ គឺ​យើង​អត់​អាច​មាន​សមត្ថភាព​ទៅ​សួរ​​ក្រុម​គ្រួសារ​ពលរដ្ឋ​ដែល​ក្រីក្រ​ខ្លាំង​នោះ​ទេ ព្រោះ​គាត់​​ឥត​មាន​ទី​លំនៅ​ច្បាស់ យើង​អត់​មាន​លទ្ធភាព​ទៅ​តាម​សួរ​គាត​នោះ​ អា​ហ្នឹង​ទី​មួយ។ ទី​ពីរ សម្រាប់​ក្រុម​គ្រួសារ​អ្នក​មាន​ ជា​ទូទៅ​ អ្នក​ដែល​ចុះ​ទៅ​សួរ​ហ្នឹង ក៏​អត់​មាន​លទ្ធភាព​ចូល​ទៅ​​សាកសួរ​អ្នក​មាន​ដែរ អ៊ីចឹង​ការ​វិភាគ​របស់​យើង​គឺ​បាន​​តែ​ព័ត៌មាន​ពី​​ក្រុមគ្រួសារ​ដែល​នៅ​កណ្ដាល ហើយ​លទ្ធផល​ដែល​យើង​រក​ឃើញ គឺ​ថា​ គម្លាត​នៃ​ការ​ចំណាយ​រវាង​ពលរដ្ឋ​នៅ​កណ្ដាល​ហ្នឹង​ មាន​គម្លាត​តូច​ទៅៗ»

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​មាន​​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​នៅ​កម្ពុជា ឬ​ហៅ​ថា​ ឧកញ៉ា​បាន​កើន​ឡើង​ជា​លំដាប់។ ការ​រាយការណ៍​សារព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​ថា នៅ​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៤ គោរមងារ​ជា​ឧកញ៉ា ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​​នាយករដ្ឋមន្ត្រី​បាន​កើន​ឡើង​​ចាប់​ពី​ ២០​នាក់​កាល​ពី​ឆ្នាំ​២០០៤ ដល់​ចំនួន​ ៧០០​នាក់ នា​ពេល​បច្ចុប្បន្ន។

ក្រុម​អ្នក​មាន​ទាំង​នោះ ​ចំណាយ​លុយ​ខ្ជះខ្ជាយ​ដើម្បី​បំពេញ​ការ​សប្បាយ​​ ស្រប​ពេល​​​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ប្រឈម​នឹង​​អសន្តិសុខ​ស្បៀង។

កាសែត The Cambodia Herald ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ សីហា​ ២០១៤​ បាន​​​រាយការណ៍​ថា អ្នក​ដែល​មាន​លុយ​​​ស្ថិត​នៅ​វណ្ណៈ​មធ្យម​និង​ខ្ពស់​បំផុត​នៅ​កម្ពុជា មាន​​ប្រមាណ​ ៥០% ​ដែល​ក្រុម​អ្នក​មាន​ទាំង​នោះ ​ហ៊ាន​ចំណាយ​ប្រាក់​ចាប់​ពី ៥០០ ទៅ ៦០០​ដុល្លារ​អាមេរិក សម្រាប់​អាហារ​ពេល​ល្ងាច​ក្នុង​មួយ​ពេល​នៅ​ក្នុង​ភោជនីយដ្ឋាន​ថ្លៃ​ទំនើប​ក្នុង​ក្រុង​ភ្នំពេញ។ គ្រួសារ​មួយ​ចំនួន​​ទៀត​ ​ហ៊ាន​ចំណាយ​រហូត​ដល់​មួយ​ពាន់ (១.០០០) ទៅ ៥​ពាន់ (៥.០០០) ដុល្លារ ក្នុង​មួយ​ពេល អាស្រ័យ​លើ​គុណភាព​ស្រា​ដែល​ពួកគេ​ចូល​ចិត្ត។

បន្ថែម​លើ​នេះ ​ក្រុមហ៊ុន​រថយន្ត​ទំនើប​ជា​ច្រើន​បាន​បណ្ដាក់​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​តម្រូវ​ការ​​ដល់​អ្នក​មាន​ស្ដុកស្ដម្ភ​ទាំង​នោះ។ រថយន្ត​ទំនើប​​ ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​គ្រឿង ក្នុង​នោះ​មាន​​ប្រភេទ​រថយន្ត​ម៉ាក Rolls Royce និង BMW ជា​ដើម។

ភាព​ខុស​គ្នា​ខ្លាំង​​ទាំង​អស់​នេះ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ បាន​​លើក​ជា​សំណួរ​​​នៅ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លះ មាន​ខ្លាំង​ម្ល៉េះ រហូត​ដល់​ទិញ​រថយន្ត Rolls Royce និង BMW នៅ ​ពេល​ដែល​​រូប​លោក​ជា​រៀង​រាល់​ថ្ងៃ​ត្រូវ​ការ​ប្រាក់ ១២​​ម៉ឺន​ដុល្លារ​អាមេរិក (១២០.០០០) ដើម្បី​សង្គ្រោះ​កុមារ​ឈឺ​ធ្ងន់ និង​​ស្ត្រី​ប្រមាណ ៥០០​នាក់​ ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។