សកម្មភាពនេះ ប្រជាពលរដ្ឋគិតថា អាជ្ញាធរមានការប្រកាន់បក្ខពួក។ ប៉ុន្តែ បញ្ហានេះត្រូវអាជ្ញាធរឃុំអះអាងថា មិនមានការប្រកាន់បក្ខពួកនោះទេ ហើយអាជ្ញាធរឃុំធ្វើឡើងដោយមានការស៊ើបអង្កេត ថាពិតជាក្រីក្រច្បាស់លាស់។
សកម្មភាពធ្វើប័ណ្ណបញ្ជាក់ពីភាពក្រីក្ររបស់អាជ្ញាធរនៅក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ត្រូវបានទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថា មានការរើសអើង និងការប្រកាន់បក្ខពួក។
ប្រជាពលរដ្ឋរស់នៅភូមិជៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ អ្នកស្រី ភី ភា បានឱ្យដឹងថា គ្រួសារអ្នកស្រីក៏ជាប្រភេទគ្រួសារដែលជួបការលំបាកនៅក្នុងការរស់នៅប្រចាំថ្ងៃដែរ ប៉ុន្តែពេលអាជ្ញាធរភូមិដើរស្រង់ឈ្មោះប្រជាពលរដ្ឋដែលក្រីក្រ ក្នុងការធ្វើប័ណ្ណសមធម៌សម្រាប់ទទួលបានសេវាចូលពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយឥតបង់ប្រាក់ បែរជាមេភូមិមិនបានកត់ឈ្មោះគ្រួសារអ្នកស្រីឡើយ។
អ្នកស្រីបន្តថា ចំណែកឯគ្រួសារមួយចំនួន ដែលមានទ្រព្យសមរម្យ បែរជាអាជ្ញាធរកត់ឈ្មោះពួកគេ។ ទង្វើបែបនេះ ដែលធ្វើឱ្យអ្នកស្រីយល់ថា អាជ្ញាធរធ្វើការដោយមានភាពលម្អៀង និងប្រកាន់បក្ខពួក៖ «ចុះហ្នឹងគ្មានមើលថា អ្នកណាជាជនក្រីក្រ គឺសម្រាប់ជនក្រីក្រពិតប្រាកដ ដែលគេចុះ ហើយអ្នកខ្លះមានអ្នក ហើយយកឈ្មោះទៅចុះដែរ ហើយអ្នកដែលក្រល្ហេមល្ហាម គ្នាអត់បានចុះ។ អ៊ីចឹង តាមមើលទៅ ខ្សែរយៈបក្ខពួក តាមតែបក្ខពួកឯងអាគ្នាក្ររហាមអត់ចុះគ្នាផង»។
អ្នកស្រីក៏សំណូមដែរថា សូមឱ្យអាជ្ញាធរទាំងអស់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ គ្មានការប្រកាន់បក្ខពួក និងត្រូវស៊ើបឱ្យបានច្បាស់លាស់។
រីឯជំទប់ទី២ គណបក្ស សម រង្ស៊ី រស់នៅឃុំថ្មពេជ្រ លោក ប៊ៀន សឿន បានមានប្រសាសន៍ថា ក្នុងការចុះធ្វើប័ណ្ណនោះ លោកមិនបានឯកភាពនោះទេ ពីព្រោះលោកមើលឃើញពីភាពមិនត្រឹមត្រូវចំពោះអាជ្ញាធរភូមិ ពីព្រោះប្រជាពលរដ្ឋក្រីក្រពិតប្រាកដដែលត្រូវទទួលបានប័ណ្ណ បែរជាមិនបាន ហើយអ្នកដែលមិនត្រូវបាន បែរអាជ្ញាធរភូមិកត់ឈ្មោះទៅវិញ។
លោកបន្តថា អ្វីដែលសំខាន់នោះ អាជ្ញាធរគប្បីធ្វើការមនុស្សធម៌មួយនេះដោយមានតម្លាភាព ដើម្បីធានាបាននូវភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលក្រីក្រពិត៖ «ចង់ឱ្យអង្គការសង្គមស៊ីវិល ចង់ថា អ្នកដែលជាម្ចាស់ជំនួយហ្នឹង សិក្សាឱ្យច្បាស់លាស់ ពីព្រោះប័ណ្ណសមធម៌ហ្នឹងបានមកពីលុយថវិកាដែលញើសឈាមរបស់ប្រជាពលរដ្ឋ ដែលគេជួយមកហ្នឹង វាអត់ដល់ដៃប្រជាពលរដ្ឋពិតប្រាកដគ្រប់គ្នាទេ! វាបានមួយចំនួន វាបានច្រើនអាអ្នកបក្ខពួកនិយម គ្រួសារនិយម អាហ្នឹងចង់និយាយអ៊ីចឹងលោកគ្រូ»។
ឆ្លើយតបទៅនឹងបញ្ហានេះ មេឃុំថ្មពេជ្រ លោក តន់ ធា បានមានប្រសាសន៍ថា ក្នុងការចុះឈ្មោះធ្វើប័ណ្ណក្រីក្រនេះ គឺមិនទាន់បញ្ចប់នោះទេ ពោល គឺអាជ្ញាធរកំពុងតែបន្តការងារនេះ។ ហើយករណីប្រជាពលរដ្ឋដែលអាចចុះឈ្មោះធ្វើប័ណ្ណនេះបាន គឺត្រូវស្របទៅតាមលក្ខខណ្ឌដែលគេតម្រូវ៖ «អ្នកហ្នឹងដែលមានផ្ទះសម្បែងតូចតាច អ៊ីចឹងហើយគ្មានចំណូលក្នុងគ្រួសារ។ ប្រភេទ២ យើងមានផ្ទះសម្បែងដែរ តែយើងមានដីធ្លីបន្តិចបន្តួច មុខរបរបង្កបង្កើនផលដែរ តែតិចតួច ប្រាក់ចំណូលរបស់យើងមិនគ្រប់គ្រាន់ក្នុងកម្រិតគ្រួសារ មិនអាចដោះស្រាយកិច្ចការងារចិញ្ចឹមជីវិតនៅក្នុងគ្រួសារបាន។ ហើយឆ្នាំងបាយតែមួយ យើងមិនអាចចាត់ទុកថា គាត់ក្រីក្របានទេ។ ហើយក្រីក្រហ្នឹង គេមិនចាត់ទុកថាតែទុរគតជនម្នាក់ឯងទេ អ្នកដែលមានកូនច្រើន ពោលគឺចាត់ទុកថាក្រីក្រដែរ ប៉ុន្តែទៅតាមស្ថានភាពជីវភាពគ្រួសារ និងទ្រព្យសម្បត្តិក្នុងគ្រួសារ»។
ចំពោះបញ្ហាដែលថា ខាងអាជ្ញាធរមានការប្រកាន់បក្ខពួកនោះ លោកបានធ្វើការបដិសេធថា វាមិនពិតនោះទេ ពីព្រោះការធ្វើប័ណ្ណក្រីក្រនេះ គឺមានពិនិត្យពិច័យត្រឹមត្រូវ៖ «មិនដែលអ្នកណាទៅប្រកាន់បក្ខពួកទេ។ អានេះ ហៅថាគេធ្វើនេះគេអង្កេតត្រឹមត្រូវណាស់។ គេធ្វើ ក្នុងលក្ខណៈស្មើភាព។ អ្នកមានអាណាគេទៅចេញប័ណ្ណក្រីក្រឱ្យ អាហ្នឹងទាល់តែយើងឃើញជាក់ស្តែង បានយើងនិយាយទៅកើត»។
សកម្មភាពធ្វើប័ណ្ណសមធម៌ក្រីក្រនៅឃុំថ្មពេជ្រ ចំពោះប្រជាពលរដ្ឋដែលក្រីក្រនោះ បានចាប់ផ្ដើមតាំងតែពីមុនពេលបោះឆ្នោតមកម្ល៉េះ។ ហើយការទទួលបានប័ណ្ណក្រីក្រ គឺអាចប្រើប្រាស់បាននៅក្នុងលក្ខខណ្ឌនៃការពិនិត្យសុខភាព និងព្យាបាលជំងឺនៅមន្ទីរពេទ្យដោយឥតបង់ប្រាក់ សម្រាប់គ្រួសារដែលមានប័ណ្ណនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
