ពលរដ្ឋ​ក្រីក្រ​និង​មាន​ជំងឺ​ជាប់​កាយ​នៅ​ខេត្ត​កំពង់ឆ្នាំង​ដង្ហោយ​រក​អ្នក​ជួយ

0:00 / 0:00

ពលរដ្ឋ​ក្រីក្រ​គ្មាន​ទី​ពឹង និង​មាន​ជំងឺ​ជាប់​កាយ​មួយ​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​ទៀត នៅ​ក្រុង​កំពង់ឆ្នាំង ដង្ហោយ​រក​សប្បុរសជន​​ដើម្បី​ឧបត្ថម្ភ​ប្រាក់​ព្យាបាល​ជំងឺ និង​ផ្គត់ផ្គង់​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ។ មេ​ភូមិ​សំរោង នៃ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បង្ហាញ​ពី​ការ​លំបាក​ដោះស្រាយ​បញ្ហា​នេះ ខណៈ​ដែល​អ្នក​ភូមិ​ជាង ២០០​គ្រួសារ ក្នុង​ចំណោម ៥០០​គ្រួសារ កំពុង​រស់​នៅ​ក្នុង​ជីវភាព​ក្រលំបាក​ដែរ។

រស់​នៅ​ក្នុង​ខ្ទម​ប្រក់​ស័ង្កសី​លាយ​ក្ដារ បាំង​ជញ្ជាំង​ស្លឹក​ទំហំ​ទទឹង ៣​ម៉ែត្រ និង​បណ្ដោយ​ប្រហែល ៤​ម៉ែត្រ ឋិត​នៅ​ភូមិ​សំរោង នៃ​សង្កាត់​ផ្សារឆ្នាំង គឺ​លោក ប្រាក់ ធឿន និង​ប្រពន្ធ កំពុង​រស់​នៅ​យ៉ាង​វេទនា​ដោយសារ​ជំងឺ និង​ខ្វះ​ស្បៀង​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ។ ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ និង​បោះបង់​ការងារ​ជា​កម្មករ​លីសែង​នៅ​កំពង់ផែ​ផ្សារ​ក្រោម និង​រក​អុស​លក់​ជាង​ពីរ​ឆ្នាំ​ហើយ​ បន្ទាប់​ពី​ដេក​ឈឺ​នៅ​នឹង​កន្ទេល។

ថ្លែង​ក្នុង​ទឹក​មុខ​ហេវហត់​ដោយសារ​ជំងឺ​គ្រុន​ចាញ់ និង​រោគ​របេង​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​នោះ លោក ប្រាក់ ធឿន រៀបរាប់​ទាំង​សំឡេង​ខ្សាវៗ​ថា គ្រួសារ​លោក​ខ្វះ​បាយ​ហូប​គ្មាន​ដីធ្លី និង​ផ្ទះសម្បែង​រស់​នៅ។ ការ​រស់​នៅ​ដោយ​រំពឹង​លើ​កូន​ដែល​មាន​ជីវភាព​ក្រីក្រ​ដែរ​នោះ បាន​បង្ខំ​ចិត្ត​ឲ្យ​លោក និង​ប្រពន្ធ​រំលែក​អង្ករ​មួយ​កំប៉ុង​ដាំ​បបរ​ហូប​សម្រាប់​មួយ​ថ្ងៃ​ក៏​មាន។ លោក​ថា សព្វថ្ងៃ​មាន​អ្នក​ជិត​ខាង​ខ្លះ​បាន​អាណិត​អាសូរ​ និង​ឲ្យ​បាយ​សម្ល​គាត់​ហូប​ម្ដងម្កាល​ដែរ៖ «លំបាក​អត់​មាន​បាយ​ទឹក​ហូប! កន្លង​មក​ធ្វើ​ជា​កម្មករ​លី​សែង អត់​រក​ចំណូល​បាន ៥ ទៅ ៦​ឆ្នាំ ពឹង​លើ​គេ​ឲ្យ​ហូប»

ចំណែក​ភរិយា​លោក ប្រាក់ ធឿន គឺ​លោកស្រី ឃុត ស៊ន បញ្ជាក់​ថា គ្រួសារ​គាត់​មិន​ដែល​មាន​របប​ដី ឬ​ចាប់​ដី​រដ្ឋ​ដើម្បី​សង់​ផ្ទះ​រស់​នៅ​មួយ​កន្លែង​ឡើយ ដោយ​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​នេះ រូប​គាត់ និង​ប្ដី​បាន​សង់​ខ្ទម​រស់​នៅ​ក្បែរ​វត្ត និង​សុំ​ដីឡូត៍​គេ​រស់​នៅ​បណ្ដោះអាសន្ន​រហូត។ ខ្ទម​គាត់ ត្រូវ​រុះរើ​​ជា​ច្រើន​ដង ក្រោយ​ពី​ម្ចាស់​ដី​ត្រូវ​ការ​លក់​ឲ្យ​ទៅ​ម្ចាស់​ផ្សេង ឬ​យក​ដី​នោះ​ទៅ​អភិវឌ្ឍ និង​សង់​ផ្ទះ។

កូន​ស្រី​បង្កើត​របស់​លោកស្រី ឃុត ស៊ន គឺ​លោកស្រី ចាប ស្រីឃីម រៀបរាប់​ថា សព្វថ្ងៃ​រូប​គាត់ និង​ប្ដី​ពិការ​ដៃ​ម្ខាង បាន​ប្រកប​មុខ​របរ​លក់​លៀស ដើម្បី​ចិញ្ចឹម​កូន ៤​នាក់​ក្នុង​បន្ទុក និង​ឆ្លៀត​ឲ្យ​លុយ ឬ​អង្ករ​តិចតួច​ទៅ​ឪពុក​ម្ដាយ​ដែរ។ លោកស្រី​ថា ក្នុង​មួយ​ថ្ងៃ​ប្ដី​គាត់​អាច​រក​លៀស​បាន ១​តៅ​ ស្មើ​នឹង​លុយ ១៨.០០០​រៀល ប៉ុន្តែ​កាត់​ថ្លៃ​ជួល​ទូក​គេ​អូស​លៀស ១​ម៉ឺន​រៀល វា​ស្ទើរ​អស់​លុយ​ចាត់ចែង​ក្នុង​គ្រួសារ​ទៅ​ហើយ៖ «ខ្ញុំ​ក្រីក្រ​ណាស់! (ជិន ជេដ្ឋា៖ មាន​ចង់​បាន​ការ​បណ្ដុះបណ្ដាល​ខាង​មុខរបរ​អ្វី​ទេ?) ចង់​បាន​ឲ្យ​តែ​ជួយ ព្រោះ​វេទនា​យ៉ាង​នេះ​ជួល​ទូក​គេ​អូស​លៀស​បាន​មួយ​តៅៗ ចេះ​ផ្សំ​ឲ្យ​ម៉ែ​ខ្លះ​កូន​ខ្លះ​ទៅ ចេះ​តែ​ស៊ី​ទៅ​មួយ​ថ្ងៃ​អស់ៗ»

ប្រធាន​ការិយាល័យ​សុខុមាលភាព​សង្គម នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ឆ្នាំង លោក ខាត់ សុខឡេង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ក្នុង​ការិយាល័យ​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
ប្រធាន​ការិយាល័យ​សុខុមាលភាព​សង្គម នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ឆ្នាំង លោក ខាត់ សុខឡេង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ក្នុង​ការិយាល័យ​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (RFA/Chin Chetha)

ឆ្លើយ​តប​បញ្ហា​នេះ មេ​ភូមិ​សំរោង លោក ឆេង លី ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​ទាំង​៨ នៃ​សង្កាត់​ផ្សារឆ្នាំង គឺ​អ្នក​ភូមិ​សំរោង មាន​កម្រិត​ជីវភាព​ក្រីក្រ​ជាង​គេ ដោយ​ក្នុង​នោះ​មាន​ប្រភេទ​ក្រ​១ និង​ក្រ​២ រហូត​ដល់ ២២៨​គ្រួសារ។ ពលរដ្ឋ​ភាគ​ច្រើន​ប្រកប​មុខ​របរ​នេសាទ​ត្រី និង​លក់​លៀស​ហាល ឬ​ម្ជូរ​តាម​រទេះ​រុញ ខណៈ​ពលរដ្ឋ ៤​គ្រួសារ បាត់​បង់​កម្លាំង​ពលកម្ម ហើយ​មាន​ជីវភាព​ទីទ័ល​ខ្លាំង៖ «យើង​គ្មាន​អង្គការ​ណា​ជួយ​ឧបត្ថម្ភ​គាត់ ដើម្បី​ប្រកប​មុខរបរ​ស្រែចម្ការ​ក្នុង​រយៈ​ពេល ៣​ខែ ឬ ៦​ខែ ដើម្បី​ទទួល​ផល​មក​វិញ ក្នុង​ពេល​ហ្នឹង​គាត់​អត់​មាន​អី​ហូប​ទេ ហើយ​ដល់​ពេល​អ៊ីចឹង​ឈាន​ទៅ​រក​ស៊ី​បណ្ដោះ​ថ្ងៃ​វិញ​ដូច​ជា​ប្រមូល​ទិញ​បន្លែ​ទៅ​ផ្សារ ទៅ​អារ​អុស ឬ​កម្មករ​ប្រចាំ​ថ្ងៃ»

របាយការណ៍​ស្ថិតិ​ឆ្នាំ​២០១៥ របស់​អាជ្ញាធរ​ក្រុង និង​ស្រុក​ទាំង​៨ នៃ​ខេត្ត​កំពង់ឆ្នាំង ដែល​មន្ទីរ​សង្គម​កិច្ច​ទទួល​បាន​បង្ហាញ​ថា ពលរដ្ឋ​ដាច់​ស្បៀង​នៅ​ទូទាំង​ខេត្ត​មាន ៣,៦០៥​គ្រួសារ ពលរដ្ឋ​ទីទ័លក្រ​មាន ១១,៨០៤​គ្រួសារ ចំណែក​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​វិញ​មាន ៦,១៩៣​នាក់។ ប៉ុន្តែ​ស្ថិតិ​ប៉ាន់​ប្រមាណ​នេះ នៅ​ស្រុក​ទឹកផុស និង​កំពង់លែង ពុំ​មាន​ពលរដ្ឋ​ដាច់​ស្បៀង​ទេ។

ប្រធាន​ការិយាល័យ​សុខុមាលភាព​សង្គម នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ខាត់ សុខឡេង មាន​ប្រសាសន៍​ថា ថ្វីត្បិត​បច្ចុប្បន្ន​ក្រសួង​មិន​បាន​ទម្លាក់​កញ្ចប់​ថវិកា​សង្គ្រោះ​ចំនួន ៣០០​លាន​រៀល ដូច​កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​ខេត្ត តំណាងរាស្ត្រ និង​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដល់​ថវិកា​ស្បៀង និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ដល់​គ្រួសារ​ខ្វះខាត​ទាំង​នោះ៖ «ដូច​ថា ជូន​លុយ​ទៅ​គាត់ ៥០​ម៉ឺន ពេល​ហ្នឹង​គាត់​អាច​ទៅ​ទិញ​មាន់ ឬ​ជ្រូក​មក​ចិញ្ចឹម។ យើង​បាន​អប់រំ​ផ្នែក​បង្កបង្កើន​ផល​ខ្លះ​ដល់​គាត់ យើង​មិន​ឲ្យ​គាត់​ហូប​ទទេៗ នោះ​ទេ។ មួយ​រយៈ​កន្លង​មក​យើង​ធ្វើ​អ៊ីចឹង»

លោក សុខឡេង ថា​ការងារ​មនុស្សធម៌ ឬ​ការ​ចែក​អំណោយ​ដូចជា មុង​ភួយ និង​ស្បៀង គឺ​ត្រូវ​ធ្វើ​ដូច​ភ្លៀង​រលឹម ព្រោះ​ការ​ផ្ដល់​បែប​នេះ​ក្រុម​គ្រួសារ​រងគ្រោះ​អាច​ដោះស្រាយ​បាន​តែ​មួយ​រយៈ​ពេល​ខ្លី។ ស្រប​ពេល​គ្នា​នេះ អាជ្ញាធរ និង​ការិយាល័យ​ជំនាញ​ក៏​បាន​ស្វែងរក​ប្រភព​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ផ្ដល់​ជំនាញ​ដល់​ពលរដ្ឋ ព្រោះ​បើ​គាត់​មាន​ជំនាញ​អាច​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួសារ​បាន​យូរ​អង្វែង។

ចំណែក​អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់​ថា រាជរដ្ឋាភិបាល​ត្រូវ​តែ​សហការ​ជាមួយ​អង្គការ​ដៃគូ​ដើម្បី​រៀបចំ​គោលនយោបាយ​ដី​សម្បទាន​សង្គម​កិច្ច និង​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​លក្ខណៈ​គ្រួសារ​ ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា ៨៥​ភាគរយ មាន​ផ្ទៃដី​បង្កបង្កើន​ផល​មិន​ដល់ ១​ហិកតារ​ផង​នោះ។ លោក​ថា បើ​រដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​នេះ ទើប​ពលរដ្ឋ​ក្រីក្រ​គ្មាន​ទី​ពឹង មាន​ឱកាស​រួច​ផុត​ពី​ភាព​ក្រលំបាក​ដូច​សព្វថ្ងៃ ប៉ុន្តែ​ស្រប​ពេល​គ្នា​នឹង​ការ​ផ្ដល់​ដី​នោះ ក៏​ត្រូវ​ពឹង​ផ្អែក​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​តម្រង់​ទិស​លើ​ការងារ​កសិឧស្សាហកម្ម​នោះ​បន្ថែម​ទៀត​ទើប​ទៅ​រួច៖ «យុទ្ធសាស្ត្រ​គាំពារ​របស់​គាត់ (រដ្ឋាភិបាល)ត្រូវ​ពង្រីក​ទៅ​ចាស់​ជរា និង​ទៅ​ដល់​គ្រួសារ​ក្រីក្រ។ យុទ្ធសាស្ត្រ​គាត់​មាន​ត្រឹម​មន្ត្រី​រាជការ កម្មករ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​និវត្តជន»

យ៉ាង​ណា​សេដ្ឋកិច្ច​កម្ពុជា ពេញ​មួយ​ឆ្នាំ​២០១៥ មាន​កំណើន ៧​ភាគរយ គិត​ជា​មធ្យម​​ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បន្ត​ឋិត​ក្នុង​ចំណោម​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស​បំផុត​ក្នុង​តំបន់​អាស៊ាន។ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច និង​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​មើល​ឃើញ​ថា ផល​នៃ​កំណើន​សេដ្ឋកិច្ច​នេះ មិន​បាន​បែងចែក​ស្មើ​គ្នា​នោះ​ទេ ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់​តែ​ធំ​ឡើងៗ​រវាង​អ្នក​មាន និង​អ្នកក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។