សាលា​ក្រុង​គ្រោង​រៀបចំ​ខួប​៤​ឆ្នាំ​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ

សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​រៀបចំ​ខួប ៤​ឆ្នាំ ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ខាង​មុខ។

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា អោយ​ដឹង​ថា ពិធី​នោះ​នឹង​មាន​ការ​ដាក់​បាត្រ​ព្រះសង្ឃ​ចំនួន ១០៨​អង្គ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រងគ្រោះ​នៅ​នឹង​ស្តូប រំឭក​ដល់​អ្នក​ដែល​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​នៅ​លើ​ស្ពាន​ពេជ្រ។

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ពុទ្ធបរិស័ទ ញាតិ​មិត្ត សាច់ញាតិ​នៃ​គ្រួសារ​ជន​រងគ្រោះ អាច​ចូលរួម​ពិធី​នេះ​តាម​សទ្ធា​ជ្រះ​ថ្លា​រៀងៗ​ខ្លួន។

ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ បាន​បណ្ដាល​អោយ​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​យុវជន​ស្លាប់​ចំនួន ៣៥៣​នាក់ និង​របួស​ចំនួន ៣៩៣​នាក់។

មួយ​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា ១២​ម៉ឺន​ដុល្លារ កសាង​ស្តូប​មួយ​នៅ​ក្បែរ​ស្ពាន​នោះ​វិញ ដើម្បី​រំឭក​ការ​ចងចាំ និង​ឲ្យ​ក្រុម​គ្រួសារ​យក​ជា​ទីកន្លែង​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។