សាលា​ក្រុង​ចាប់​ផ្ដើម​អនុវត្ត​បម្រាម​ហាម​រថយន្ត​ធុន​ធ្ងន់​មិន​ឲ្យ​ចូល​ក្រុង​ពេល​ថ្ងៃ

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ត​ទៅ អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​អនុវត្ត​បម្រាម​ដែល​ហាម​មិន​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ឬ​រថយន្ត​កុងតឺន័រ ធ្វើ​ចរាចរណ៍​ចេញ ឬ​ចូល​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ទៀត​ទេ។

0:00 / 0:00

បម្រាម​​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ពលរដ្ឋ ឬ​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​​គ្រោះ​​ថ្នាក់​ចរាចរណ៍ ដែល​តែង​កើត​មាន​ស្ទើរ​ជា​រៀង​រាល់​​ថ្ងៃ។ សម្រាប់​អ្នក​ឈឺ​ឆ្អាល ឬ​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម កំពុង​ទន្ទឹង​ចាំ​មើល​​​ចំណាត់​ការ​របស់​​សមត្ថកិច្ច ថា​តើ​នឹង​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព​ត្រឹម​កម្រិត​ណា?

បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ទំនិញ​ទាំងអស់ ដែល​មាន​រថយន្ត​ដឹក​ទំនិញ​​​ធំៗ ពិសេស​រថយន្ត​កុងតឺន័រ ត្រូវ​ចូល​រួម​សហការ​ជាមួយ​សាលា​ក្រុង​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ត​ទៅ អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធំៗ បើក​ចូល​ក្រុង​ទៀត​ទេ ចាប់​ពី​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៩​យប់។ ប៉ុន្តែ លោក​ថា បម្រាម​នេះ​បាន​ហាម​តែ​​ភូមិសាស្ត្រ​តាម​ខណ្ឌ​ចំនួន​៤ ក្នុង​រាជធានី ទេ គឺ​មាន​ខណ្ឌ​ដូនពេញ ខណ្ឌ​ប្រាំពីរ​មករា ខណ្ឌ​ចម្ការមន និង​ខណ្ឌ​ទួលគោក៖ «អ្វី​ដែល​ជា​ការ​សុំ​បញ្ជាក់​លើស​ពី​សេចក្តី​ជូន​ដំណឹង​ហ្នឹង គឺ​សូម​ឲ្យ​ម្ចាស់​ដឹក​ទំនិញ​ធុន​ធ្ងន់​ធំៗ​ទាំងអស់ ទាំង​ក្រុមហ៊ុន និង​រដ្ឋ​ដែល​ដឹក​ទំនិញ​គ្រប់​ប្រភេទ បើក​ឆ្លង​កាត់​រាជធានី​ភ្នំពេញ ហ្នឹង គឺ​យោគយល់​អធ្យាស្រ័យ ហើយ​ចូល​រួម​អនុវត្ត​ខ្លឹមសារ​សេចក្តី​ជូន​ដំណឹង​ឲ្យ​បាន​ទទួល​ផល​ជា​វិជ្ជមាន។ ហើយ​សូម​អញ្ជើញ​រួសរាន់​ទាក់ទង​ជាមួយ​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដើម្បី​រៀប​ចំ​លិខិត​ស្នើសុំ​លិខិត​អនុញ្ញាត​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ក្រុង ចាប់​ពី​ពេល​នេះ​ត​ទៅ​បាទ»

លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​ទៀត​ថា ជំហាន​ដំបូង បម្រាម​នេះ​អាជ្ញាធរ​បាន​ត្រឹម​ធ្វើ​ការ​ណែនាំ ឬ​ជូន​ដំណឹង​ទៅ​ដល់​ម្ចាស់​ក្រុមហ៊ុន​​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ប៉ុណ្ណោះ គឺ​មិន​ទាន់​ដល់​ដំណាក់​កាល​សមត្ថកិច្ច​ផាក​ពិន័យ ឬ​ដាក់​ទោស​​ទណ្ឌ​ចំពោះ​​អ្នក​បំពាន​បម្រាម​នេះ​នៅ​ឡើយ​ទេ។

​បម្រាម​ដដែល ក៏​បាន​ភ្ជាប់​មូលហេតុ​ថា ដោយសារ​តែ​ទីក្រុង​ភ្នំពេញ ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​លើ​គ្រប់​វិស័យ ទាំង​​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍​ជាដើម ទើប​សាលា​ក្រុង​ត្រូវ​រក្សា​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀប​រៀប​រយ។ ជាង​នេះ ក៏​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ ជុំវិញ​បញ្ហា​កក​ស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្ដាល​​​មក​ពី​រថយន្ត​ដឹក​ទំនិញ​ធំៗ​កន្លង​មក៖ «ចាប់​ផ្ដើម​ជម្រាប​គាត់ ចាប់​ផ្ដើម​ហាម​គាត់​កន្លង​មក​មិន​មែន​គាត់​ល្មើស​ទេ។ ប៉ុន្តែ ចាប់​ពី​ព្រឹក​មិញ​នេះ ឃើញ​ថា តាម​ទីតាំង​ភូមិសាស្ត្រ​មួយ​ចំនួន​ដែល​ធ្លាប់​ឃើញ​រថយន្ត​ធុន​ធ្ងន់​មួយ​ចំនួន​ធ្វើ​ចរាចរណ៍​នោះ ក៏​មាន​ការ​ផ្អាក​ដែរ។ ប៉ុន្តែ ក៏​នៅ​មាន​ការងារ​មួយ​ចំនួន មិន​មែន​មាន​ន័យ​ថា យើង​ត្រូវ​តែ​ចាប់​ផាក​ពិន័យ​គាត់​ទេ​នោះ​ទេ។ ថ្ងៃ​នេះ គឺ​សូម​បញ្ជក់​ថា ជា​ថ្ងៃ​ចាប់​អនុវត្ត​សេចក្តី​ជូន​ដំណឹង មិន​មែន​ជា​ឱសានវាទ ឬ​ដាក់​ពិន័យ​អី​លើ​គាត់​ទេ»

ក្រុម​អ្នក​ឈឺ​ឆ្អាល​លើ​បញ្ហា​សង្គម មាន​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ជាដើម ហាក់​មាន​អារម្មណ៍​រារែក និង​ខ្លះ​ទៀត​មិន​ទាន់​មាន​ជំនឿ​ថា សមត្ថកិច្ច​អាច​អនុវត្ត​បម្រាម​ហាម​រថយន្ត​ធំៗ​បើក​ចេញ ឬ​ចូល​ក្នុង​នេះ​មាន​ប្រសិទ្ធភាព​ទេ។

អាណាព្យាបាល​មាន​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ មិន​មាន​ជំនឿ​ថា អាជ្ញាធរ​អាច​ទប់ស្កាត់​រថយន្ត​ធំៗ​មិន​ឲ្យ​បើក​​​ចូល​ក្រុង​បាន​ទេ ព្រោះ​កត់​សម្គាល់​កន្លង​មក​ឃើញ​ថា រាល់​បម្រាម ឬ​សេចក្តី​ជូន​ដំណឹង​របស់​សាលា​ក្រុង គឺ​មាន​តែ​នៅ​លើ​ក្រដាស ឬ​នៅ​លើ​បបូរ​មាត់​មន្ត្រី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​អនុវត្ត​​គ្មាន​ទេ។

ទោះ​យ៉ាង​ណា ពលរដ្ឋ​ថ្លែង​ថា បើ​សិន​ជា​អាជ្ញាធរ​អាច​ទប់ស្កាត់​រថយន្ត​មិន​ឲ្យ​ចូល​ក្រុង​មាន​ប្រសិទ្ធភាព​មែន​នោះ នឹង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ពិសេស​ការ​កក​ស្ទះ​ដែល​ធ្លាប់​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​បាន​មួយ​​ផ្នែក​ធំ៖ «ក្មេង​សិស្ស​សាលា​ជាដើម តែង​មាន​កង់ ឬ​ម៉ូតូ​ជិះ​ជាដើម បាន​ធ្វើ​ចរាចរណ៍​នៅ​តាម​ផ្លូវ ហើយ​ខ្លាច​ប៉ះពារ​នឹង​រថយន្ត​ដឹក​ទំនិញ​ធំៗ​ជាដើម។ ជា​រឿយៗ ខ្ញុំ​មើល​សារព័ត៌មាន​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ឡាន​ធំ​នេះ​ជាច្រើន​ករណី។ យើង​ឃើញ​គោលការណ៍​របស់​សាលា​ក្រុង​មាន​ជា​ហូរហែ ក៏ប៉ុន្តែ ការ​អនុវត្ត​អត់​មាន​ប្រសិទ្ធភាព​ទេ​កន្លង​មក។ ដូច​ខែ​បុណ្យ​ទាន​ជាដើម បាន​ប្រកាស​មិន​ឲ្យ​រថយន្ត​ឡើង​ថ្លៃ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ប្រកាស តែ​អត់​មាន​ប្រសិទ្ធភាព​ទេ»

​លោក ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា និង​ជា​ជន​ពិការ​ជើង​ម្នាក់។ លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី ត្រូវ​ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ហាម​រថយន្ត​ដឹក​ទំនិញ​ធំៗ មិន​ឲ្យ​ចូល​ក្រុង​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​នោះ​ជា​មុន។ លោក​មាន​ជំនឿ​ថា អាជ្ញាធរ​អាច​អនុវត្ត​បម្រាម​មិន​ឲ្យ​រថយន្ត​ធំៗ​បើក​ចេញ ឬ​ចូល​ក្រុង​មាន​ប្រសិទ្ធភាព នឹង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​កក​ស្ទះ​នា​ថ្ងៃ​អនាគត៖ «សំខាន់​បំផុត គឺ​ការ​ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​នេះ បាន​ដឹង​ឮ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ធុន​ធ្ងន់ ឬ​ធំៗ​ទាំងអស់ ឬ​អ្នក​បើកបរ​ទាំងអស់​ហ្នឹង​ឲ្យ​យល់​ដឹង​ពី​ផល​វិបាក​នានា ពី​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ធ្លាក់​ខ្លួន​ពិការ​នេះ​ជា​រឿង​មួយ​ដ៏​សំខាន់។ យើង​ឃើញ​ថា បណ្ដា​ប្រទេស​មួយ​ចំនួន​ធំ គេ​មិន​ពឹង​ផ្អែក​ទៅ​លើ​តែ​បទ​បញ្ជា​ទេ។ បទ​បញ្ជា​ផង គួបផ្សំ​នឹង​ការ​ផ្សព្វផ្សាយ​ផង ជា​ពិសេស​យើង​ធ្វើ​យ៉ាង​ណា​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បើក​សិក្ខា​សាលា ឬ​ក៏​ការ​ផ្សព្វផ្សាយ​នេះ​ឲ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​បណ្ដា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំៗ ជៀសវាង​យើង​ប្រើ​ចំណុច​ទាំងអស់​ហ្នឹង គឺ​ជា​ចំណុច​មួយ​ដើម្បី​ដាក់​ទោស​ទណ្ឌ​ដល់​បណ្ដា​ក្រុមហ៊ុន ដោយសារ​តែ​ខ្លួន​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ»

មន្ត្រី​អង្គការ​ជន​ពិការ​រូប​នេះ បាន​ស្នើ​ទៅ​អាជ្ញាធរ​រាជធានី ត្រូវ​តាម​ដាន​រាល់​សកម្មភាព​របស់​សមត្ថកិច្ច ចំពោះ​ការ​អនុវត្ត​បម្រាម​មិន​ឲ្យ​រថយន្ត​​ចូល​ក្រុង​ជា​ប្រចាំ ទើប​មាន​ប្រសិទ្ធភាព។

លោក សន ជ័យ ជា​មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួប​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ លោក​ថ្លែង​សាទរ​ចំពោះ​បម្រាម​រថយន្ត​ធុន​ធ្ងន់ មិន​ឲ្យ​បើក​ចេញ ឬ​ចូល​ក្រុង​ពេល​ថ្ងៃ​របស់​សាលា​រាជធានី​​ពេល​នេះ។ មន្ត្រី​ឃ្លាំ​មើល​សង្គម​រូប​នេះ ហាក់​មាន​ជំនឿ ឬ​ផ្តល់​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថកិច្ច​ចំពោះ​បម្រាម​មិន​ឲ្យ​រថយន្ត​​ចូល​ក្រុង ថា​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព ព្រោះ​លោក​យល់​ថា បម្រាម​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​​​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​ប្រមុខ​ដឹក​នាំ​បាន​ដាក់​ចេញ៖ «ឥឡូវ​នេះ គឺ​នៅ​ក្នុង​ដំណាក់​កាល​មួយ​ដែល​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ កំពុង​តែ​អះអាង​ថា ពួក​គេ​កំពុង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ។ អ៊ីចឹង យើង​ចាំ​មើល​ថា តើ​ប្រសិទ្ធភាព​នេះ​វា​ពាក់ព័ន្ធ​គ្នា​យ៉ាង​ម៉េច​ជាមួយ​នឹង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នោះ? អ៊ីចឹង យើង​គិត​ថា វា​អាច​នឹង​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​សេចក្តី​ជូន​ដំណឹង​ហ្នឹង​ត្រូវ​បាន​ផ្សាយ​ចេញ ហើយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់»

​យ៉ាង​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល ធ្វើ​ការងារ​ជាមួយ​យុវជន​រូប​នេះ បាន​ស្នើ​ដល់​សាធារណជន​ឲ្យ​ជួយ​តាម​ដាន​រាល់​គ្រប់​សកម្មភាព​របស់​រថយន្ត​ដឹក​ទំនិញ​ធំៗ តើ​សមត្ថកិច្ច​អនុវត្ត​មាន​ប្រសិទ្ធភាព​ត្រឹម​កម្រិត​ណា?

បម្រាម​ហាម​មិន​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ពិសេស​រថយន្ត​កុងតឺន័រ មិន​ឲ្យ​បើកបរ​ចូល​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គឺ​សាលា​ក្រុង​មិន​ទាន់​មាន​វិធាន​ការ​ចំពោះ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​នៅ​ឡើយ​ទេ។

​អ្នក​ទទួល​បន្ទុក​គ្រប់គ្រង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​មួយ​ចំនួន បាន​សន្យា​ថា នឹង​អនុវត្ត​បម្រាម​របស់​សាលា​​រាជធានី​ភ្នំពេញ មិន​ធ្វេសប្រហែស​ទេ។ ប៉ុន្តែ ម្ចាស់​ក្រុមហ៊ុន​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ត្រូវ​ផ្សព្វផ្សាយ​បម្រាម​នេះ​បាន​ដឹង​ដល់​ម្ចាស់​ឃ្លាំង​ទាំងអស់​មាន​ទីតាំង​ក្នុង​ក្រុង ឲ្យ​បាន​ទូលំទូលាយ ដើម្បី​រួម​គ្នា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។

ទោះ​ជា​បែប​ណា បម្រាម​នេះ សាលា​ក្រុង​ក៏​បាន​អនុញ្ញាត​ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​​ទំនិញ​មួយ​ចំនួន អាច​អនុញ្ញាត​ឲ្យ​ធ្វើ​​ចរាចរណ៍​ចេញ ឬ​ចូល​ក្នុង​រាជធានី​ភ្នំពេញ បាន​ខ្លះ​ដែរ មាន​ដូច​ជា រថយន្ត​ដឹក​សម្ភារៈ​សម្រាប់​ផ្គត់ផ្គង់​​ការដ្ឋាន ដែល​​បម្រើ​ឲ្យ​​ការ​សាងសង់ និង​ការ​អភិវឌ្ឍ​វិស័យ​មួយ​ចំនួន​ក្នុង​រាជធានី​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។