ការប្រយុទ្ធគ្នាច្រើនលើករវាងកងទ័ពខ្មែរ និងថៃ ដោយសាររឿងជម្លោះព្រំដែននៅជិតតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ បណ្ដាលឱ្យថ្មប្រាសាទបុរាណជាច្រើន ទទួលរងខូចខាតដោយសារគ្រាប់កាំភ្លើងរបស់ទាហានថៃ។
ក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យា ព្រួយបារម្ភថា ថ្មប្រាសាទដែលបាក់បែកដោយសារត្រូវគ្រាប់កាំភ្លើងនោះ គឺងាយនឹងពុកផុយ ដោយសារតែជាតិគីមី និងទឹកភ្លៀង។ បញ្ហានេះ គេត្រូវការក្រុមអ្នកជំនាញមកជួយធ្វើការជួសជុលជាបន្ទាន់។
មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ឱ្យដឹងថា គេទើបតែបញ្ចប់គម្រោងជំហានទី១ នៃការជួសជុលផ្ទាំងថ្មខ្លះរបស់ប្រាសាទព្រះវិហារ ដែលខូចខាតដោយសារតែគ្រាប់កាំភ្លើងរបស់ទាហាន ក្នុងពេលប្រយុទ្ធគ្នាក្នុងរឿងជម្លោះព្រំដែនកន្លងទៅ។
អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកផ្នែកជួសជុលនេះ គឺលោក ឡុង កុសល។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែសីហា ថា ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០១៤ មន្ត្រីជំនាញផ្នែកថែរក្សាថ្មប្រាសាទរបស់អាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្ដើមជួសជុលថ្មប្រាសាទដែលបាក់បែក ដោយសារគ្រាប់កាំភ្លើងរបស់ថៃ ដែលជាគម្រោងជំហានទី១។
លោក ឡុង កុសល ឱ្យដឹងថា គម្រោងជួសជុលថ្មប្រាសាទដែលបែកបាក់ឱ្យរឹងមាំឡើងវិញនោះ គឺចំណាយដោយថវិកាជាតិ ហើយអ្នកជួសជុលក៏ជាមន្ត្រីជំនាញផ្នែកអភិរក្សថ្មរបស់អាជ្ញាធរជាតិព្រះវិហារ ដោយមានការជួយបណ្ដុះបណ្ដាលពីផ្នែកមួយរបស់អង្គការយូណេស្កូ (UNESCO)។ មន្ត្រីដដែលបញ្ជាក់ថា ការប្រយុទ្ធគ្នាជាច្រើនលើករវាងទាហានខ្មែរ និងថៃ ក្នុងរឿងជម្លោះព្រំដែន បណ្ដាលឱ្យគ្រាប់កាំភ្លើងរបស់ទាហានថៃ បាញ់ត្រូវថ្មប្រាសាទបុរាណជាច្រើនកន្លែង ចាប់តាំងតែពីគោបុរៈទី៥ រហូតទៅដល់គោបុរៈទី១៖ «វាប៉ះជាមួយរំសេវ អាសារធាតុពុលដែលចេញពីសព្វាវុធហ្នឹង វាធ្វើឱ្យភាពរឹងមាំនៃថ្មហ្នឹងវាខ្សោយ។ អ៊ីចឹងយើងធ្វើហ្នឹង ទី១ គឺពង្រឹងភាពរឹងមាំរបស់ថ្ម ទី២ ជួសជុលយកចេញនូវសារធាតុពុលអស់ហ្នឹងចេញពីថ្ម។ យើងធ្វើឱ្យវាប្រសើរជាងមុនវិញ»។
ក្រុមអ្នកជំនាញផ្នែកជួសជុលថ្មប្រាសាទដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដែលមានគ្នាចំនួន ៨នាក់ កំពុងតែមានវត្តមានជាប្រចាំថ្ងៃក្នុងការតាមពិនិត្យមើលស្ថានភាពថ្មប្រាសាទ ដែលពួកគេបានជួសជុលរួចរាល់ហើយនោះ។
មន្ត្រីផ្នែករមណីយដ្ឋាន និងបុរាណវិទ្យារបស់អាជ្ញាធរជាតិព្រះវិហារ លោក ព្រំ កុសល មានប្រសាសន៍ថា ក្រុមរបស់លោក គឺជាអ្នកដែលធ្វើការជួសជុលថ្មប្រាសាទបាក់បែកនោះឡើងវិញ។ មន្ត្រីដដែលបញ្ជាក់ថា ថ្មប្រាសាទដែលបែកបាក់ដោយសារត្រូវគ្រាប់កាំភ្លើងរបស់ទាហានថៃ កន្លងទៅ គឺត្រូវរើសប្រមូលយកមកផ្គុំគ្នាឡើវិញ ដោយប្រើសារធាតុពិសេសតាមបែបវិទ្យាសាស្ត្រ ដែលក្រុមអ្នកជំនាញជាច្រើនធ្លាប់ទទួលស្គាល់រួចមកហើយ៖ «អាហ្នឹងបើថាមានថ្មបែកកម្ទេចកំទីដែលថាយើងអាចផ្គុំវាបានវិញ គឺយើងរើសវាមកផ្គុំដាក់វិញ។ កាលណាវាបែកដោយសារត្រូវគ្រាប់ត្រូវអី កម្ទេចវានៅជុំវិញហ្នឹង ហើយយើងក្រុមអាជ្ញាធរព្រះវិហារ គ្រាន់តែភ្លាមយើងមកការពារកន្លែងតំបន់ហ្នឹងភ្លាម ដើម្បីយើងរើសកម្ទេចទុកផ្គុំឡើងវិញ»។
មន្ត្រីផ្នែកព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ ឱ្យដឹងថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ និងថៃ ក្នុងរឿងជម្លោះព្រំដែនកាលពីដើមខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ ទាហានថៃ បានបាញ់កាំភ្លើងយន្ត និងគ្រាប់ផ្លោងធុនធំ ធ្វើឱ្យបែកបាក់ថ្មប្រាសាទបុរាណជាង ១.០០០កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
