គណៈកម្មការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការប្រាសាទព្រះវិហារ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC) និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានជួបប្រជុំក្រុមអ្នកបច្ចេកទេសកាលពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅ ដើម្បីរៀបចំផែនការអភិរក្សប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិមួយនេះ ឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងការពារតំបន់ធម្មជាតិនៃទ្រនាប់ឧទ្យានរបស់ប្រាសាទនេះផងដែរ។
ជាមួយគ្នានេះ ប្រទេសកម្ពុជា និងថៃ ដែលធ្លាប់តែមានជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារ រហូតដល់ប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើក ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អដើម្បីរៀបចំឱ្យការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិមនុស្សជាតិនេះជាមួយគ្នាដែរ។
មន្ត្រីកម្ពុជា ឱ្យដឹងថា ទាំងរដ្ឋាភិបាល និងក្រុមអ្នកជំនាញរបស់អន្តរជាតិ កំពុងចង់ឱ្យតំបន់ប្រាសាទព្រះវិហារ ក្លាយទៅជាច្រកវប្បធម៌ និងសន្តិភាពសម្រាប់តំបន់អាស៊ី នៅពេលអនាគត។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ គឺលោក គង់ ពុទ្ធិកា។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ថា ក្រៅពីក្រុមការងារបច្ចេកទេសបានជួបពិភាក្សាគ្នាអំពីការរៀបចំគម្រោង និងផែនការជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលទ្រុឌទ្រោមខ្លាំងនោះ រដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីទស្សនៈវិស័យចង់ជំរុញឱ្យប្រាសាទព្រះវិហារ ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ និងសន្តិភាព សម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល នៅពេលអនាគត។
លោក គង់ ពុទ្ធិកា រំពឹងទុកថា មជ្ឈមណ្ឌលវប្បធម៌ និងសន្តិភាពដ៏សំខាន់មួយ អាចនឹងលេចចេញជារូបរាងឡើងនៅតំបន់ប្រាសាទព្រះវិហារ នៅពេលអនាគត៖ «តាមរយៈការពិភាក្សាម្សិលមិញ យើងបានទទួលការគាំទ្រពីអង្គប្រជុំ ហើយគំនិតហ្នឹង យើងនៅតែធ្វើការងារបន្តទៀត គឺត្រូវសិក្សាពីគម្រោងថា តើត្រូវរៀបចំផែនការយ៉ាងម៉េច ដើម្បីឱ្យសម្រេចបានគោលដៅនេះ»។
ការបង្ហាញទស្សនៈវិស័យនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការប្រាសាទព្រះវិហារ និងមន្ត្រីរដ្ឋាភិបាលដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅ។
អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសក្រៅតែពីជជែកអំពីផែនការការពារ និងអភិរក្ស ជួសជុលប្រាសាទព្រះវិហារ និងការពារធនធានធម្មជាតិនៅជុំវិញ ក៏បានគិតទៅដល់បញ្ហាប្រជាពលរដ្ឋឱ្យរស់នៅក្នុងកម្រិតដែលមានស្ថិរភាព និងសន្តិភាពដែរ៖ «ដើម្បីព្រះវិហារ ក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍតំបន់នៃសាមគ្គីភាព គឺយើងបានលើកគំនិតមួយថា នឹងបង្កើតឱ្យមានច្រកនៃវប្បធម៌ មកប្រទេសអាស៊ី។ អ៊ីចឹងពាក្យនេះ ត្រូវបានស្នើដោយសហប្រធានចិន ជាមួយនឹងប្រធានមហាសន្និបាតរបស់អង្គការយូណេស្កូ (UNESCO)»។
ចាប់តាំងពីគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានបញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ មក គឺប្រទេសថៃ បានបង្កបញ្ហាជម្លោះព្រំដែននៅជិតតំបន់ព្រះវិហារ ជាមួយកម្ពុជា ហើយបានប៉ះទង្គិចគ្នាដោយអាវុធរវាងកម្លាំងយោធានៃប្រទេសទាំងពីរជាច្រើនលើកចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១២។
ក៏ប៉ុន្តែជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានស្ងប់ស្ងាត់រយៈពេល ៣ឆ្នាំមកនេះ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិនៃទីក្រុងឡាអេ (ICJ) បានបកស្រាយសាលក្រមឆ្នាំ១៩៦២ ឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ថា តំបន់នៅជុំវិញប្រាសាទព្រះវិហារ គឺជាអធិបតេយ្យភាពរបស់កម្ពុជា ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
