អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដាក់​ឱសានវាទ​ឲ្យ​អាជីវករ​រុះរើ​តូប​លក់ដូរ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ទុក​ពេល ២​ថ្ងៃ តម្រូវ​ឲ្យ​ប្រជា​សហគមន៍​ឆ្នេរ​អូរឈើទាល អតីត​ក្រុមហ៊ុន​អារីស្តុន ចំនួន ៣២​តូប ឲ្យ​រុះរើ​ស្តង់ ឬ​តូប​លក់​ដូរ​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា ពួកគាត់​មក​បោះតង់​ទន្ទ្រាន​លើ​ដី​ឆ្នេរ​អូរឈើទាល មាន​ទីតាំង​នៅ​ទល់​មុខ​ក្រុមហ៊ុន​សុខា ស្ថិត​ក្នុង​សង្កាត់​លេខ​៤ អតីត​ក្រុមហ៊ុន​អារីស្តុន។ ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​នេះ មិន​ព្រម​ចាក​ចេញ​តាម​លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ទេ ដោយ​ស្នើ​រង់ចាំ​ដំណោះស្រាយ​ពី​មន្ត្រី​ស្ថាប័ន​រដ្ឋ​សភា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​សិន។

អភិបាល​ក្រុង​ព្រះសីហនុ លោក ជិន សារិន បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ៣២​គ្រួសារ ដែល​បាន​បោះ​តង់​ទន្ទ្រាន​លើ​ដី​ឆ្នេរ​អូរឈើទាល អតីត​ក្រុមហ៊ុន​អារីស្តុន ដោយ​ទុក​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ខែ​កក្កដា ត្រូវ​រុះរើ​ស្តង់ ឬ​តូប​លក់ដូរ​ចេញ​ពី​ទីតាំង​នេះ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​ដាក់​កម្លាំង​ចម្រុះ​ចុះ​រុះរើ ហើយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់បង់​សម្ភារៈ​ផ្សេងៗ​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ កន្លង​មក​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ណែនាំ​ប្រជាពលរដ្ឋ​ទាំង ៣២​គ្រួសារ ឲ្យ​ទទួល​យក​ថវិកា​ចំនួន ៣.៥០០​ដុល្លារ​សហរដ្ឋអាមេរិក ដែល​អាជ្ញាធរ​ខេត្ត​ផ្ដល់​ជូន​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​តំបន់​នោះ។ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​បដិសេធ ដោយ​អះអាង​ថា ទីតាំង​លក់ដូរ​នៅ​តំបន់​អារីស្តុន​នោះ គឺ​ពួកគាត់​ធ្លាប់​មក​លក់​ដូរ​តាំង​ពី​ឆ្នាំ​២០០៧ មក ហើយ​ត្រូវ​ក្រុមហ៊ុន​សុខា និង​អាជ្ញាធរ​ខេត្ត​នេះ ប្រើ​កម្លាំង​បង្ខំ​បណ្ដេញ​ឲ្យ​ចាកចេញ​ទាំង​មិន​ទាន់​មាន​សំណង និង​បំផ្លាញ​សម្ភារៈ​លក់ដូរ​អស់​រាប់​ម៉ឺន​ដុល្លារ​កន្លង​មក។

​តំណាង​សហគមន៍​ឆ្នេរ​អូរឈើទាល លោកស្រី ភឿក សុខេន ឲ្យ​ដឹង​ថា ពួកគាត់​ទាំង ៣២​តូប មិន​ចាក​ចេញ​ពី​ទីតាំង​លក់ដូរ និង​មិន​ទទួល​យក​ថវិកា​ដែល​អាជ្ញាធរ​ខេត្ត​ផ្តល់​ជូន ៣.៥០០​ដុល្លារ​នោះ​ទេ ព្រោះ​មាន​ចំនួន​តិច​ពេក។ លោកស្រី​ស្នើ​ដល់​រដ្ឋសភា ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ៖ «រឿង​នេះ​វា​អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​បំផុត គឺ​នៅ​ពេល​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​មក​ឈូស​កម្ទេច​តូប និង​សម្ភារៈ​លក់​ដូរ​របស់​ប្រជាពលរដ្ឋ​ពួក​គាត់​អស់​រាប់​ម៉ឺន​ដុល្លារ កាល​ពី​ឆ្នាំ​២០០៦។ ក្រុមហ៊ុន ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​ដែល​បាន​ហៅ​ពលរដ្ឋ​ទៅ​ដោះស្រាយ​សំណង​ទេ​ជាង ១០​ឆ្នាំ​មក​នេះ ទើប​តែ​ពេល​នេះ​ទេ បាន​ចេញ​មុខ​មក​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដោយ​ផ្តល់​លុយ​ត្រឹម ៣.៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារៗ ប៉ុន្តែ​ពលរដ្ឋ​ពួក​ខ្ញុំ​មិន​ទទួល​យក​សំណង​នេះ​ទេ ព្រោះ​តិច​ពេក»

​ក្រុម​អាជីវករ​ផ្សេង​ទៀត​ក៏​បាន​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​ពួកគាត់​បាន​លក់ដូរ​នៅ​លើ​ទី​ឆ្នេរ​អូរឈើទាល ឬ​អតីត​ក្រុមហ៊ុន​អារីស្តុន ដែល​បច្ចុប្បន្ន​ត្រូវ​ក្រុមហ៊ុន​សុខា ធ្វើ​របង​ថ្ម​ហ៊ុមព័ទ្ធ​បិទ​ឆ្នេរ​នេះ បាន​លក់​ដូរ​ដោយ​គ្មាន​ការ​បង្ខំ​ឲ្យ​ចាក​ចេញ៖ «ខ្ញុំ​ចង់​បាន​តូប​លក់​ដូរ​ឡើង​វិញ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ឲ្យ​ពលរដ្ឋ​ដើរ​ឆ្លង​កាត់ និង​ប្រកប​មុខ​របរ​ដូច​ដើម​វិញ»

​ទាក់ទិន​បញ្ហា​នេះ លោក ជិន សារិន អភិបាល​ក្រុង​ព្រះសីហនុ មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ៣២​គ្រួសារ មាន​ពលរដ្ឋ​ចំនួន ៦​គ្រួសារ​បាន​ព្រម​ទទួល​យក​ថវិកា​ដែល​អាជ្ញាធរ​ផ្តល់​ជូន និង​បាន​រុះរើ​ស្តង់​លក់ដូរ​ចេញ​ពី​ចំណី​ដី​ឆ្នេរ​អូរឈើទាល នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កក្កដា។ យ៉ាង​ណា​លោក​មិន​ទាន់​កំណត់​ថ្ងៃ​ដាក់​កម្លាំង​ចម្រុះ​ចុះ​រុះរើ​ស្តង់​លក់ដូរ​របស់​ពលរដ្ឋ ដែល​សេសសល់​នៅ​តំបន់​ឆ្នេរ​អូរឈើ​នេះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ស្តង់​លក់ដូរ​អនាធិបតេយ្យ​ក្នុង​តំបន់​នោះ​ទៀត​ទេ៖ «មាន​ពលរដ្ឋ ៦​គ្រួសារ​ក្នុង​ចំណោម ៣២​គ្រួសារ បាន​ទទួល​សំណង ៣.៥០០​ដុល្លារ និង​បាន​រុះរើ​តូប​លក់​ដូរ​ចេញ​ពី​ឆ្នេរ មុខ​អតីត​ក្រុមហ៊ុន​អារីស្តុន​នេះ​ហើយ ហើយ​អ្នក​នៅ​សេសសល់​ជា​សិទ្ធិ​សម្រេច​របស់​ពួក​គាត់។ ប៉ុន្តែ​អាជ្ញាធរ​នឹង​មិន​ទុក​ឲ្យ​តូប​លក់​ដូរ​នេះ​សង់​នៅ​លើ​ដី​ចំណី​ឆ្នេរ ​តំបន់​នេះ​ទៀត​ទេ នៅ​ថ្ងៃ​ខាង​មុខ»

​បញ្ហា​នេះ​ដែរ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ទទួល​បន្ទុក​អង្កេត​សិទ្ធិមនុស្ស និង​ពាក្យ​បណ្ដឹង​មាន​ប្រសាសន៍​ថា ករណី​នេះ តំណាង​ពលរដ្ឋ​ទាំង ៣២​គ្រួសារ​បាន​ដាក់​ឯកសារ​មក​កាន់​ស្ថាប័ន​ខ្លួន​ជួយ​ដោះស្រាយ​ជា​បន្តបន្ទាប់ ហើយ​ស្ថាប័ន​នេះ ក៏​បាន​ចេញ​លិខិត​ជូន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ផ្អាក​ការ​រុះរើ​តូប​លក់ដូរ​របស់​ក្រុម​អាជីវករ​ទាំង​នោះ និង​រង់ចាំ​ដោះស្រាយ​ដោយ​សន្តិវិធី។

លោក​ថា អាជ្ញាធរ​មុន​នឹង​រុះរើ​តូប​លក់ដូរ ឬ​បណ្ដេញ​ពលរដ្ឋ​ទាំង ៣២​គ្រួសារ ចេញ​ពី​ទីតាំង​ចុង​ឆ្នេរ​អូរឈើទាល ដើម្បី​ផ្គាប់​ចិត្ត​ក្រុមហ៊ុន​សុខា គួរ​ត្រូវ​រក​ទីតាំង​លក់ដូរ​ជូន​ពលរដ្ឋ​ជា​មុន​សិន។

​ចំណែក​លោក ឃុន សាវឿន មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ ក៏​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​នេះ ត្រូវ​ស្វែង​រក​ដំណោះស្រាយ​រវាង​ពលរដ្ឋ​សហគមន៍​ឆ្នេរ​អូរ​ឈើទាល ដោយ​សន្តិវិធី ជា​ជាង​ប្រើ​កម្លាំង​បង្ក្រាប ឬ​រុះរើ​តូប​លក់​ដូរ​ក្រុម​អាជីវករ​ទាំង​បង្ខំ ឬ​ប្រើ​ហិង្សា៖ «ទាំងអស់​នេះ រដ្ឋាភិបាល ឬ​អាជ្ញាធរ បើ​បាន​វិនិយោគ​ដី​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន ក៏​គួរ​មាន​ចំណែក ឬ​ផ្តល់​សំណង​ឲ្យ​បាន​សមរម្យ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដែល​រស់នៅ​តំបន់​នោះ។ ហើយ​ពលរដ្ឋ​ទទួល​បាន​សំណង​សមរម្យ ពួក​គាត់​ពិត​ជា​ព្រម​ទទួល​យក ហើយ​ពួក​គេ​មិន​ចង់​ដើរ​ស្រែក​កណ្ដាល​ថ្ងៃ​ត្រង់​ដូច​ការ​ទាមទារ​កន្លង​មក​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​អត់​ជម្រើស»

យ៉ាង​ណា​ក៏ដោយ លោកស្រី ភឿក សុខេន តំណាង​ពលរដ្ឋ​នៅ​សហគមន៍​ឆ្នេរ​អូរឈើទាល ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មាន​គំនិត​ប្រើ​កម្លាំង​ចុះ​រុះរើ​តូប​លក់ដូរ​ពួក​គាត់​ជា​បន្តបន្ទាប់ ដើម្បី​ផ្គាប់​ចិត្ត​ក្រុមហ៊ុន​សុខា។ លោកស្រី​បន្ត​ថា ពួកគាត់​ធ្លាប់​លក់ដូរ​នៅ​ចុង​ឆ្នេរ​អូរឈើទាល​នេះ តាំង​ពី​ឆ្នាំ​២០០៧ មក ហើយ​ក៏​ធ្លាប់​មាន​ចំណារ​ពី​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ឲ្យ​អាជ្ញាធរ​ផ្អាក​រុះរើ​តង់ ឬ​តូប​លក់ដូរ​របស់​ពលរដ្ឋ​ពួកគាត់​ទាំង ៣២​គ្រួសារ​នេះ​ដែរ ដោយ​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​អនុវត្ត​តាម​ទេ។

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​សហគមន៍​ឆ្នេរ​អូរ​ឈើទាល ឲ្យ​ដឹង​ថា បើ​គ្មាន​ដំណោះស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​លើ​បញ្ហា​វិវាទ​តូប​លក់ដូរ​ជាមួយ​ក្រុមហ៊ុន​សុខា ទេ ពួកគាត់​មាន​គម្រោង​លើកគ្នា​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ដល់​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។