រដ្ឋបាលខេត្តព្រះសីហនុ ដាក់ឱសានវាទដល់ក្រុមអាជីវករទាំងអស់ដែលមានតូបលក់ដូរនៅតាមឆ្នេរអូរឈើទាល ឲ្យត្រៀមខ្លួនរៀបចំស្ថាបនាតូបលក់ដូរតាមគំរូប្លង់ស្ថាបត្យកម្មតូបកម្សាន្តថ្មីរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា។
អាជីវករឆ្នេរអូរឈើទាលភាគច្រើនមិនពេញចិត្តចំពោះការដាក់ឱសានវាទឲ្យរុះរើតូបលក់ដូរនេះទេ និងស្នើឲ្យថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ពន្យារពេលការសង់តូបកម្សាន្តតាមគំរូប្លង់ថ្មីរហូតដល់ឆ្នាំ២០១៨។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ស្ដីពីការអនុវត្តផែនការកែលំអតំបន់ឆ្នេរសមុទ្រអូរឈើទាល និងការរៀបចំសាងសង់តូបកម្សាន្តថ្មីនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ដោយកំណត់ឲ្យអាជីវករឆ្នេរអូរឈើទាលទាំងអស់ ត្រូវរុះរើតូបលក់ដូរចាស់ចេញត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
ការរុះរើតូបលក់ដូរចាស់ចេញនេះ គឺចាប់ពីព្រំប្រទល់មុខសណ្ឋាគារប៉ាវម៉ាយ ជាប់ព្រំដីអ្នកឧកញ៉ា គិត ម៉េង រហូតទល់មុខសណ្ឋាគារផ្កាម្លិះ ជាប់ព្រំដីក្រុមហ៊ុន សុខា រីស្សត ដើម្បីកែលំអតំបន់ឆ្នេរអូរឈើទាល ឲ្យកាន់តែមានសោភ័ណភាព សណ្ដាប់ធ្នាប់ បរិស្ថានបៃតងល្អ វប្បធម៌ល្អ និងមានតម្លៃសេដ្ឋកិច្ច។
ផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យក្រុមអាជីវករឆ្នេរអូរឈើទាលទាំងអស់ អភិវឌ្ឍតូបលក់ដូររបស់ខ្លួននៅនឹងកន្លែង ដោយតម្រូវឲ្យយកតាមគំរូប្លង់ស្ថាបត្យកម្មតូបកម្សាន្តថ្មីរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ឲ្យអាជីវករឆ្នេរអូរឈើទាល ត្រូវរុះរើតូបលក់ដូរចាស់ចេញ ត្រឹមថ្ងៃទី២០ ខែមេសា និងត្រូវសង់តូបកម្សាន្តតាមគំរូប្លង់ថ្មីរបស់គណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ តទៅ។

បន្ថែមលើនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្នើដល់ក្រុមអាជីវករឆ្នេរអូរឈើទាលទាំងអស់ ត្រូវចូលរួមសហការអនុវត្តខ្លឹមសាររបស់រដ្ឋបាលខេត្តស្ដីពីផែនការកែលំអតូបកម្សាន្តតាមស្តង់ដារថ្មី ឲ្យបានទាំងអស់គ្នា ប្រយោជន៍ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត៖ « បញ្ហាឆ្នេរអូរឈើទាល គឺគណៈកម្មាធិការថ្នាក់ជាតិ ក៏ដូចជាថ្នាក់ខេត្តហ្នឹងមានគំនិតថា នឹងរៀបចំអភិវឌ្ឍឆ្នេរមួយនេះឲ្យស្អាត កាត់បន្ថយពីភាពរញ៉េរញ៉ៃ ចង្អៀតឆ្នេរហ្នឹងឲ្យទៅជាទូលំទូលាយ ហើយតូបលក់ដូរទាំងអស់ហ្នឹង ត្រូវសង់ឲ្យមានរចនាបថតាមបែបខ្មែរ ឲ្យមានស្តង់ដារតែមួយ មានដំបូល ឬជញ្ជាំងដូចគ្នា និងបញ្ហាផ្សេងៗទៀតក៏ដូចគ្នា ហើយភ្ញៀវទេសចរចូលមកទស្សនាតំបន់នេះ គឺជាប់ចិត្តតែម្តង »។
ទោះជាបែបនេះក្តី ក្រុមអាជីវករភាគច្រើននៅឆ្នេរអូរឈើទាល បង្ហាញការមិនពេញចិត្តចំពោះការតម្រូវឲ្យពួកគេរុះរើតូបលក់ដូរចាស់ចេញ ចាប់ពីថ្ងៃទី២០ ខែមេសា និងតម្រូវឲ្យសង់តូបកម្សាន្តតាមគំរូប្លង់ថ្មីតាមការចង់បានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ថាមានរយៈពេលលឿនពេក។
ស្ត្រីអាជីវករឈ្មោះ គ្រី ណាវឿន តំណាងឲ្យក្រុមអាជីវករមួយចំនួនលក់ដូរនៅឆ្នេរអូរឈើទាល បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពន្យារពេលសង់តូបកម្សាន្តតាមគំរូប្លង់ថ្មី ដល់ឆ្នាំ២០១៨ ដើម្បីទុកពេលឲ្យពួកគេសន្សំថវិកាសម្រាប់ចំណាយទៅលើការសាងសង់តូបលក់ដូរតាមស្តង់ដារថ្មី៖ « សាងសង់គម្រោងតូបលក់ដូរនៅឆ្នេរអូរឈើទាល លើគម្រោងចាស់អាជីវករពួកខ្ញុំ ទើបសង់រួចរាល់ក្នុងរយៈពេល ៤ទៅ ៥ឆ្នាំនេះទេ ហើយពួកខ្ញុំក៏កំពុងខ្វះខាតថវិកាខ្លះៗដែរ ព្រោះបានយកលុយធនាគារមកស្ថាបនា និងអភិវឌ្ឍតូបលក់ដូរក្នុងអាណត្តិអភិបាលខេត្តអាណត្តិមុនៗ។ អ៊ីចឹងក្រុមអាជីវករពួកខ្ញុំសំណូមពរស្នើសុំពន្យារពេលសង់តូបលក់ដូរតាមស្តង់ដារថ្មីនៅឆ្នេរអូរឈើទាលនេះ ដល់ឆ្នាំ២០១៨ ដើម្បីទុកពេលវេលាសន្សំថវិកាសម្រាប់ការសាងសង់តូបកម្សាន្តតាមគំរូប្លង់ស្ថាបត្យកម្មថ្មីរបស់គណៈកម្មាធិការថ្នាក់ខេត្ត និងថ្នាក់ជាតិ ទៅលើគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រនេះទេ។ អាជីវករឆ្នេរអូរឈើទាល ពួកខ្ញុំមិនជំទាស់ផែនការកែលំអ និងអភិវឌ្ឍន៍តំបន់ឆ្នេររបស់រដ្ឋាភិបាលនោះទេ »។
ទោះជាបែបនេះក្តី គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ មានជំនឿថា ក្រុមអាជីវករដែលមានតូបលក់ដូរនៅតាមឆ្នេរអូរឈើទាល នឹងរួមគ្នាអនុវត្តខ្លឹមសារជូនដំណឹងស្ដីពីផែនការកែលំអតំបន់ឆ្នេរសមុទ្រកម្ពុជា ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរួមគ្នាកែលំអសោភ័ណភាពតំបន់ឆ្នេរ និងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យចូលមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ឲ្យកាន់តែច្រើនកុះករថែមទៀត។
ទន្ទឹមគ្នានេះ រាល់ការអភិវឌ្ឍសង់តូបកម្សាន្តតាមគំរូប្លង់ស្ថាបត្យកម្មថ្មីនៅឆ្នេរអូរឈើទាលនេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ ក៏នឹងរៀបចំកែលំអឲ្យបានប្រសើរឡើងនូវប្រព័ន្ធលូទឹកភ្លៀង លូបង្ហូរទឹកស្អុយ ការទុកដាក់សំណល់រឹង សំរាម និងការកែលំអសោភ័ណភាពឆ្នេរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
