ស្នងការនគរបាលខេត្តព្រះសីហនុ បន្តចេញបទបញ្ជាឲ្យមន្ត្រីជំនាញ ចុះធ្វើរដ្ឋបាលទូទៅលើជនបរទេសគ្រប់ជាតិសាសន៍ ដែលមានវត្តមាននាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ដើម្បីឲ្យប្រាកដថា ជនបរទេសទាំងនោះមានលិខិតស្នាមស្នាក់នៅ ឬប្រកបការងារស្របតាមច្បាប់កម្ពុជា ឬបែបណា?
ប៉ុន្តែយុទ្ធនាការនេះ ត្រូវមន្ត្រីសង្គមស៊ីវិលមួយចំនួនថ្លែងរិះគន់ ដោយចាត់ទុកថា គ្មានប្រសិទ្ធភាពយូរអង្វែង និងធ្វើសកម្មភាពឲ្យតែល្អមើលតែប៉ុណ្ណោះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ថា យុទ្ធនាការចុះត្រួតពិនិត្យ ឬធ្វើរដ្ឋបាលទៅលើជនបរទេសមួយចំនួនមាន ជនជាតិវៀតណាម ចិន អ៊ុយក្រែន និងរុស្ស៊ី ជាដើម នាប៉ុន្មានថ្ងៃមកនេះ បានចាប់បញ្ជូនជនជាតិវៀតណាម ចំនួន ២១នាក់ដែលមិនមានលិខិតស្នាមត្រឹមត្រូវ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ហើយត្រូវក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់ប្រទេសវៀតណាម រួចហើយ។
លោក ជួន ណារិន ថ្លែងបញ្ជាក់ថា យុទ្ធនាការចុះធ្វើរដ្ឋបាលដោយពិនិត្យទៅលើលិខិតឆ្លងដែន ឬទិដ្ឋាការស្នាក់នៅ ឬធ្វើការងាររបស់កម្លាំងនគរបាលខេត្តព្រះសីហនុ ទៅលើជនបរទេសដែលចូលមកខេត្តទេសចរណ៍មួយនេះ គឺធ្វើឡើងតាមលក្ខណៈភ្លៀងរលឹម ហើយមានលក្ខណៈច្បាស់លាស់ និងស្របតាមច្បាប់កម្ពុជា។
លោកឲ្យដឹងថា មានជនបរទេសជាង ១០០នាក់រួចហើយដែលសមត្ថកិច្ចត្រួតពិនិត្យរដ្ឋបាល ដែលចូលមករស់នៅ ឬធ្វើការងារនាមូលដ្ឋានខេត្តព្រះសីហនុ ហើយភាគច្រើនមានជនជាតិចិន និងវៀតណាម៖ «យើងធ្វើរដ្ឋបាល ឬត្រួតពិនិត្យទៅលើលិខិតស្នាម ទៅលើគ្រប់ជនបរទេសនៅខេត្តព្រះសីហនុ បានធ្វើជារៀងរាល់ថ្ងៃ។ ហើយក្នុងរយៈពេល ២ថ្ងៃមកនេះ យើងបានពិនិត្យលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅ និងប្រកបរបរការងារផ្សេងៗទៅលើជនជាតិចិន រុស្ស៊ី ឥណ្ឌូនេស៊ី និងអ៊ុយក្រែន ជាដើម គឺពួកគេមានលិខិតស្នាមត្រឹមត្រូវ។ ប៉ុន្តែកន្លងមកនេះ យើងរកឃើញថា មានជនជាតិវៀតណាម ចំនួន ២១នាក់ មិនមានលិខិតស្នាមស្នាក់នៅ ឬក៏ប្រកបរបរមានឯកសារត្រឹមត្រូវនៅខេត្តព្រះសីហនុ ទេ និងបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ហើយត្រូវក្រសួងបញ្ជូនទៅកាន់ប្រទេសវៀតណាម រួចហើយ តាមច្រកព្រំដែនបាវិត ខេត្តស្វាយរៀង។ ករណីនេះ សមត្ថកិច្ចយើងនឹងអនុវត្តជារៀងរាល់ថ្ងៃដូចភ្លៀងរលឹម»។
កាលពីថ្ងៃទី២៧ ខែឧសភា សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលទៅលើលំនៅឋានរបស់ជនជាតិចិន មួយកន្លែងស្ថិតនៅក្នុងក្រុមទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរកឃើញជនជាតិចិន ទាំងពីរភេទចំនួន ១០៩នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការងារនៅក្នុងខេត្តទេសចរណ៍មួយនេះ ប៉ុន្តែជនជាតិចិន ទាំង ១០៩នាក់នោះ ពួកគេមានលិខិតឆ្លងដែន និងទិដ្ឋាការសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មការងាររបស់ពួកគេត្រឹមត្រូវ ស្របតាមច្បាប់កម្ពុជា។
ត្រង់ចំណុចនេះ លោក ហ៊ុន សុរិទ្ធី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលការងារអន្តោប្រវេសន៍ ថ្លែងថា គ្រប់ជនបរទេសទាំងអស់ដែលសមត្ថកិច្ចរកឃើញគ្មានលិខិតស្នាមស្នាក់នៅ ឬប្រកបអាជីវកម្មស្របច្បាប់ នឹងត្រូវបញ្ជូនភ្លាមៗទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ពិនិត្យសម្រេច និងមានវិធានការបន្ត។ លោកសង្កត់ធ្ងន់ថា រាល់សកម្មភាពចុះធ្វើរដ្ឋបាលទៅលើជនបរទេសនានាក្នុងខេត្តព្រះសីហនុ នឹងត្រូវអនុវត្តជារៀងរាល់ថ្ងៃ។
ទោះជាបែបនេះក្តី លោកបណ្ឌិត ហៀង រិទ្ធី ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំកម្ពុជា ហាក់មិនមានជំនឿថា សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចខេត្តផ្សេង អនុវត្តការងារចុះធ្វើរដ្ឋបាលទៅលើជនអន្តោប្រវេសន៍មានប្រសិទ្ធភាពនោះទេ។ លោកបណ្ឌិត ហៀង រិទ្ធី ដែលមានតួនាទីជាប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្ស ប្រចាំកម្ពុជា ផងនោះ ចាត់ទុកសកម្មភាពចុះធ្វើរដ្ឋបាលទៅលើជនបរទេសរបស់កម្លាំងសមត្ថកិច្ចកម្ពុជា ពេលនេះ ថាជាសកម្មភាពឲ្យតែល្អមើល និងគ្មានប្រសិទ្ធភាពយូរអង្វែងទេ ពិសេសការធ្វើរដ្ឋបាលទៅលើជនជាតិវៀតណាម៖ «សកម្មភាពនេះគ្រាន់តែជាកំណែទម្រង់របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបំភ័ន្តភ្នែកប្រជាពលរដ្ឋឲ្យងាកទៅគាំទ្រគណបក្សនេះឡើងវិញ ដោយយកបញ្ហាបណ្ដេញជនជាតិវៀតណាម បន្តិចបន្តួចមកធ្វើជាចំណុចចាប់អារម្មណ៍។ ប៉ុន្តែ ជាក់ស្តែងមានជនជាតិវៀតណាម រាប់លាននាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា គឺមានទាំងកំពុងបម្រើការងារនៅក្នុងជួរមន្ត្រីរាជការ និងមានជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយមិនឆ្លងកាត់ព្រះមហាក្សត្រឡាយព្រះហស្ដ គឺមានច្រើនរាប់លាននាក់។ ជាងនេះជនជាតិវៀតណាម ជាច្រើននាក់ កំពុងតាំងទីលំនៅក្បែរផ្ទះខ្ញុំរស់នៅនាទីក្រុងភ្នំពេញ មិនឃើញសមត្ថកិច្ចមានសកម្មភាពបណ្ដេញ ឬចុះធ្វើរដ្ឋបាលរកលិខិតស្នាមស្នាក់នៅនោះទេ»។
យ៉ាងនេះក្តី លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា សកម្មភាពចុះធ្វើរដ្ឋបាលទៅលើជនបរទេស ដែលចូលមកស្នាក់នៅ ឬប្រកបការងារផ្សេងៗនាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ នឹងត្រូវអនុវត្តជារៀងរាល់ថ្ងៃទៅលើគ្រប់ជាតិសាសន៍ ពោល គឺសមត្ថកិច្ចលោកមិនអនុញ្ញាតឲ្យមានជនជាតិបរទេសណាម្នាក់ អាចបន្តរស់នៅក្នុងប្រទេសកម្ពុជា ពិសេសនាមូលដ្ឋានខេត្តព្រះសីហនុ ដោយគ្មានច្បាប់ទម្លាប់ទៀតទេ។
មន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ២០១៤ មកដល់ចុងខែឧសភា នេះ សមត្ថកិច្ចបានចាប់ជនបរទេសដែលចូលមករស់នៅ ឬធ្វើការងារខុសច្បាប់ក្នុងប្រទេសកម្ពុជា ប្រមាណជិត ២ពាន់នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ហើយជនបរទេសទាំងនោះ ភាគច្រើនជាជនជាតិវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
