ដោយឡែកយុវជនជាសិស្សានុសិស្សដែលត្រៀមប្រឡងវិញ ក៏កំពុងតែមមាញឹកណាស់ដែរ ក្រៅពីការតាមដានបញ្ហាសង្គមដែលកើតមានឡើងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត យុវជនទាំងនោះក៏មិនភ្លេចត្រៀមរៀបចំខ្លួនដើម្បីប្រឡងអោយជាប់។
តើយុវជនដែលជាសិស្សានុសិស្សត្រៀមប្រឡងនោះ ខ្វល់ខ្វាយនឹងរឿងអ្វីខ្លះនៅពេលប្រឡងខាងមុខនេះ? តើយុវជនគួរត្រៀមខ្លួនបែបណាដើម្បីអោយការប្រឡងប្រកបដោយភាពជោគជ័យ?
យុវជនយុវនារីដែលជាសិស្សានុសិស្សថ្នាក់ទី១២ ឬសិស្សប្រឡងបាក់ឌុបឆ្នាំនេះ ហាក់កំពុងមមាញឹកណាស់ក្នុងការរៀបចំត្រៀមខ្លួនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដែលនឹងឈានមកដល់នៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ ខាងមុខនេះ។
មិនខុសពីបណ្ដាឆ្នាំមុនទេ អោយតែស្ថិតនៅភាពជាសិស្សសាលា ការព្រួយបារម្ភ ភាពខ្វល់ខ្វាយអំពីការប្រឡង ភាពតានតឹងផ្សេងៗ តែងតែកើតមានឡើងអាស្រ័យទៅតាមបុគ្គលម្នាក់ៗ ជាពិសេសនៅប៉ុន្មានថ្ងៃមុនការប្រឡងមក។ លើសពីនេះទៅទៀត នៅមុនពេលប្រឡង ការស្រោចទឹកសុំពរជ័យពីព្រះសង្ឃ ការប្រមូលវិញ្ញាសា ការទទួលឯកសារថតចម្លងបន្តគ្នាទុកជាមុន និងការខ្សឹបខ្សៀវពីវិញ្ញាសាដែលបែកធ្លាយ តែងតែកើតមានឡើងស្ទើររាល់ឆ្នាំនៅគ្រប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
សិស្សនៃវិទ្យាល័យឥន្ទ្រទេវី កញ្ញា នួន ណារុន បានលើកឡើងថា ការប្រឡងជិតមកដល់ អារម្មណ៍ភ័យផងអរផង ប៉ុន្តែទន្ទឹមនឹងភាពភ័យអររបស់ ណារុន នាងក៏បានរៀបចំវិញ្ញាសាដាក់តាមផ្នែករួចជាស្រេចនិងសង្វាតសិក្សាណាស់ជារៀងរាល់ថ្ងៃ ជាពិសេស គឺជិតដល់ថ្ងៃប្រឡង តែមិនភ្លេចថែសុខភាពទេ។
លើសពីនេះទៅទៀត ការជឿជាក់ទៅលើពិធីស្រោចទឹកមុនពេលប្រឡងបានធ្វើអោយទាំងគ្រូ និងសិស្សនាំគ្នាធ្វើតៗគ្នា ដោយជឿថា នេះជាវិធីមួយអាចជួយពួកគេអោយឆ្លងផុតទុកភ័យនៅពេលប្រឡង។
ចំណែកឯសិស្សនៃវិទ្យាល័យសន្ធរម៉ុក នៅរាជធានីភ្នំពេញ លោក ចាន់ ឌី ក៏បានលើកឡើងនៃការបារម្ភមួយទៀតទាក់ទងស្ថានភាពមណ្ឌលប្រឡង ព្រោះមិនដឹងថា ថ្ងៃប្រឡងនោះ អនុរក្សនិងអ្នកអង្កេតមើលនៅខ្លោងទ្វារនោះ ស្លូត ឬ កាច ឬត្រូវចំណាយលុយប៉ុន្មានទេក្នុងអំឡុងពេលប្រឡងខាងមុខនេះ។
បន្ថែមពីនេះការរៀបចំត្រៀមខ្លួនចេញពីផ្ទះនៅថ្ងៃប្រឡងទៅកាន់មណ្ឌលដែលខ្លួនប្រឡង ចាន់ ឌី បានរៀបចំយ៉ាងម៉ត់ចត់ និងប្រយ័ត្នប្រយែង។ ឆ្លើយដោយភាពស្មោះសរ ការដាក់ប្រ៊ីយុង ឬឯកសារផ្សេងៗតាមខ្លួនទុកមើលក្នុងថ្ងៃប្រឡងជារឿងជៀសមិនផុតសម្រាប់ ចាន់ឌី ក៏ដូចជាសិស្សផ្សេងៗទៀត ដោយយល់ថា សិស្សសាលាអត់ប្រ៊ីយុង ដូចទីក្រុងគ្មានអគ្គិសនី។ លោក ចាន់ ឌី បានបន្ថែមទៀតថា គាត់ទើបតែទទួលដំណឹងថា មានបែកវិញ្ញាសាប្រវត្តិវិទ្យា។
ទោះជាយ៉ាងណាក៏ដោយ ការស្វែងរកគ្រប់វិធី និងមធ្យោបាយទាំងអស់ដើម្បីប្រឡងជាប់ ក្នុងនោះរួមមានទាំងផ្លូវងងឹត និងផ្លូវភ្លឺ គឺជាអ្វីដែលគ្រូអាចជួយសិស្សបានមួយចំណែក ហើយសិស្សខ្លួនឯងផ្ទាល់កាន់តែមានជំនឿថា ខ្លួននឹងគ្មានបញ្ហាអ្វីនៅពេលប្រឡង។
ជាមួយគ្នានេះដែរ សិស្សដែលធ្លាប់បានប្រឡងបាក់ឌុបកាលពីឆ្នាំ២០០៨ ដែលជាឆ្នាំនៃការបោះឆ្នោតនីតិកាលទី៤ លោក ប៊ុន ហេង បានចែកបទពិសោធន៍ និងលើកឡើងថា កាលឆ្នាំដែលគាត់ប្រឡងនោះ គឺមុនពេលបោះឆ្នោត ហើយការប្រឡងទៀតសោត ហាក់មិនមានភាពតឹងតែងប៉ុន្មានទេ តែសម្រាប់ឆ្នាំនេះ គាត់គិតថា ប្រហែលជាលំបាកបន្តិច ព្រោះប្រឡងពេលបោះឆ្នោតរួច។
សិស្សទទួលបាននិទ្ទេស B រូបនេះបានបន្ថែមទៀតថា ការប្រឡងទទួលបានជោគជ័យ សិស្សខ្លួនឯងផ្ទាល់ត្រូវត្រៀមខ្លួន និងរៀបចំមិនមែនតែប៉ុន្មានថ្ងៃមុនការប្រឡងមកដល់នោះទេ គឺត្រូវរៀបចំមួយឆ្នាំ ឬពីរឆ្នាំមុនពេលប្រឡងមកដល់ ដើម្បីជៀសវាងការភ័យខ្លាច និងត្រៀមយ៉ាងល្អបំផុតសម្រាប់ការប្រឡងប្រកបដោយជោគជ័យ។ ការប្រឡងទៀតសោត សិស្សមិនមែនប៉ងត្រឹមតែជាប់នោះទេ គឺទទួលបាននិទ្ទេសល្អ ហើយទទួលបានអាហារូបករណ៍ទៀតផង។
ម៉្យាងទៀត លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលក៏ជាចលករយ៉ាងសំខាន់ក្នុងការតម្រែតម្រង់ និងលើកទឹកចិត្តកូនអោយមានឆន្ទៈ និងបោះបង់ទម្លាប់ពឹងផ្អែកលើការបើកចម្លង ឬផ្ដេកផ្ដួលទៅតាមមជ្ឈដ្ឋានសង្គម។
ពាក់ព័ន្ធជុំវិញបញ្ហានេះដែរ លោក សំ សេរីតន៏ ប្រធាននាយកដ្ឋានផែនការនៃក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ឆ្នាំនេះក្រសួងបានរៀបចំរួចរាល់ហើយអំពីការប្រឡងរបស់សិស្សថ្នាក់ទី១២ ហើយបញ្ហាដែលតែងតែកើតមានឡើងនៅពេលប្រឡងទាក់ទងជាមួយនឹងការសូកប៉ាន់នោះ ក្រសួងមានច្បាប់ដាក់ទោសចំពោះជនណាដែលប្រព្រឹត្តអំពើនេះ។ តែទោះជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា បញ្ហានេះនៅតែបន្តកើតមានឡើង។
អ្នកជំនាញបានអះអាងថា ការកសាងធនធានមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ហើយការកែទម្រង់វិស័យអប់រំបច្ចុប្បន្នទៀតសោត ក៏ត្រូវប្រើរយៈពេលយូរដែរ ពីព្រោះអ្វីៗទាំងអស់ស្ថិតក្នុងលក្ខណៈជាប្រព័ន្ធ។
លោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច សាកលសកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា ការស៊ីសំណូកសូកប៉ាន់ និងការលួចចម្លងក្នុងពេលប្រឡងនៅតែកើតមានឡើង ហើយបើចង់កាន់បន្ថយអំពើនេះ ត្រូវមានវិធានការដ៏មានប្រសិទ្ធភាពមួយចំនួន។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសជាតិទាំងមូលមិនអាចរីកចំរើនបានទេ បើមិនមានធនធានមនុស្ស ឬធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ យ៉ាងណាមិញវិស័យអប់រំនៅកម្ពុជា មិនអាចកែប្រែបានទាំងស្រុងនោះទេ សម្រាប់គណបក្សដែលនឹងឈ្នះឆ្នោតក្នុងការបោះឆ្នោតនីតិកាលទី៥ នេះ ដែលចង់កែទម្រង់វិស័យអប់រំនៅកម្ពុជា អោយគេទទួលដូចបណ្ដាប្រទេសជឿនលឿនមួយចំនួន ក៏ប៉ុន្តែនឹងអាចមានពន្លឺនៃការកែប្រែប្រសិនបើការប្ដេជ្ញាអនុវត្តបានល្អប្រសើរ ហើយនិងចេញជាលទ្ធផលនៅ ២អាណត្តិខាងមុខទៀត។
សេចក្ដីប្រកាសព័ត៌មានពីក្រសួងអប់រំយុវជននិងកីឡាអំពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្តនៅថ្ងៃទី៥ ដល់ទី៧ សីហា ខាងមុខនេះ។ បេក្ខជនប្រឡងសរុបចំនួន ១០៧.៨៣៥នាក់ និងមានមណ្ឌលប្រឡងចំនួន ២៣៤មណ្ឌល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
