គ្រាប់​កាំភ្លើង​ធំ​មួយ​គ្រាប់​ត្រូវ​ជន​អនាមិក​ប្លុង​ចោល​​ក្បែរ​ផ្ទះ​មេភូមិ​នៅ​ព្រៃវែង

0:00 / 0:00

គ្រាប់​កាំភ្លើង​ផ្លោង​ធុន ៨០​មិល្លីម៉ែត្រ (80mm) មិន​​ទាន់​ផ្ទុះ​មួយ​គ្រាប់ ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​ចម្ងាយ​ប្រមាណ ៣០​ម៉ែត្រ​ពី​ផ្ទះ​​របស់​មេ​ភូមិ នៅ​ឃុំ​សេនារាជឧត្តម ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា។ មេ​ភូមិ​និង​ប្រជាពលរដ្ឋ​កំពុង​មាន​ការ​ព្រួយបារម្ភ​ភ័យ​ខ្លាច​គ្រាប់​នោះ​ផ្ទុះឡើង​​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​របស់​អ្នក​ភូមិ។

​មេ​ភូមិ​និង​ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​អង្គការ​ដោះ​មីន ស៊ីម៉ាក (CMAC) និង​មន្ត្រី​ពាក់​ព័ន្ធ​ខាង​ដោះ​មីន និង​រាំង​ស្កាត់​គ្រាប់​មិន​ទាន់​ផ្ទុះ ជួយ​ដោះ​ស្រាយ​យក​គ្រាប់​កាំភ្លើង ៨០​មិល្លីម៉ែត្រ​​ចេញ​ពី​តំបន់​មនុស្ស​​រស់​នៅ​ជា​បន្ទាន់​ ព្រោះ​គ្រាប់​នេះ​បើ​រក្សា​ទុក​យូរ​​​អាច​​ក្មេងៗ​ទៅ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្បែរ​នោះ។

មេ​ភូមិ​ស្នាយប្រិម ឃុំ​សេនារាជឧត្តម លោក ភិត ផាន មាន​ប្រសាសន៍​បញ្ជាក់​​នៅ​ថ្ងៃ​ទី​៣ មីនា ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​កាំភ្លើង​ធំ​ធុន ៨០​មិល្លីម៉ែត្រ​ មួយ​គ្រាប់​ ដាក់​នៅ​លើ​ដី​ខាង​លិច​ផ្ទះ​របស់​លោក​​ចម្ងាយ​ប្រមាណ ៣០​ម៉ែត្រ។

លោក​ ភិន ផាន បញ្ជាក់​​​ថា គ្រាប់​នេះ​ត្រូវ​​ជន​មិន​ស្គាល់​មុខ​យក​មក​ប្លុង​ចោល​តាម​ផ្លូវ​ដើរ​របស់​អ្នក​ភូមិ​ កាល​ពី​យប់​​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៤។ ក្រោយ​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​កាំភ្លើង​នោះ​ភ្លាម​ អ្នក​ភូមិ​​ក្បែរ​ខាង ទាំង​ក្មេង​ទាំង​ចាស់ នាំ​គ្នា​មក​មើល​ជា​បន្តបន្ទាប់។

លោក​ថា គ្រាប់​នេះ​វា​អាច​​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​បាន ប្រសិន​បើ​ពុំ​យក​ចេញ​​ទាន់​ពេល​វេលា​នោះ៖ «មិន​ដឹង​អ្នក​ណា​ដែល​ជា​អ្នក​យក​មក​ដាក់​កណ្ដាល​វាល​អ៊ីចឹង ហើយ​ដាក់​ហ្នឹង​មិន​ដាក់​​លាក់​​ទៀត។ ដាក់​បង្ហាញ​នៅ​គល់​ត្នោត​ឲ្យ​គេ​អ្នក​ផង​ទាំង​ពួង​មើល ហើយ​ហ្នឹង បើ​ក្ដៅៗ​ហើយ​វា​ផ្ទុះ​អ្នក​បើក​ឡាន​ក្បែរ អង្គើ​ផ្ទុះ​ហ្នឹង មិន​វីវរ។ … ឲ្យ​អ្នក​មាន​បច្ចេកទេស​ហ្នឹង​លោក​ក្មួយ​ឲ្យ​គេ​មក​យក​ចេញ​ពី​កន្លែង​អុំ​ណាស់! ព្រោះ​អី​អុំ​ភ័យ​ខ្លាច​ដែរ អា​រឿង​ការងារ​វា​ស្ងាត់ៗ​ផ្ទុះ​ទៅ ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច?»

​​​​​​រីឯ​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ខាង​នៃ​កន្លែង​មាន​គ្រាប់​នោះ​ដែរ​ លោក​ ប៊ុន ឡាក់ ថ្លែង​បញ្ជាក់​ថា​ បន្ទាប់​ពី​ប្រទះ​ឃើញ​គ្រាប់​នោះ​ភ្លាម​ អ្នក​ភូមិ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ប៉ូលិស​ឲ្យ​ចុះ​មក​ត្រួត​ពិនិត្យ​ដើម្បី​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​យក​គ្រាប់​នោះ​ចេញ​ដើម្បី​កុំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​ប្រជាពលរដ្ឋ​ក្បែរ​នោះ ហើយ​​​​អ្នក​ភូមិ​ក្បែរ​នោះ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្មេងៗ​ទៅ​លេង​​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត។

លោក ប៊ុន ឡាក់៖ «ព្រោះ​ក្មេង​វា​ច្រើន ដល់​ហើយ​នៅ​កន្លែង​ប្រជុំជន​អ៊ីចឹង ខ្លាច​វា​លេង វា​ដុត​វា​អី។ក្មេង​ឥឡូវ​រពឹស​ចង់​ងាប់​ ប្រាប់​ម៉េច​ក៏​វា​នៅ​លួច​ដុត​លួច​ឮ ខ្ទុះ​វា​សប្បាយ ដល់​សេចក្ដី​ស្លាប់​វា​អត់​ដឹង។ គ្រាន់​តែ​ឮ​ថា គ្រាប់​ហ្នឹង​ភ្លាម​នាំ​គ្នា​មក​មើល​រោម​ទាំង​អស់​ក្មេង»

ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សេនារាជឧត្តម លោក អ៊ុក អូន មាន​ប្រសាសន៍​បញ្ជាក់​ថា​ អាជ្ញាធរ​ប៉ូលិស​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​ទី​​កន្លែង ហើយ​សន្និដ្ឋាន​ថា​ គ្រាប់​នេះ​ជា​គ្រាប់​ចាស់​សល់​ពី​សម័យ​សង្គ្រាម​កប់​ក្នុង​ដី​យូរ​ឆ្នាំ។ ហើយ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​មិន​ហ៊ាន​រក្សា​ទុក​ដោយ​ខ្លាច​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត រួច​អាច​យក​មក​ទម្លាក់​ចោល​ក្បែរ​ផ្លូវ​ដើរ​របស់​អ្នក​ភូមិ​ ដើម្បី​ផ្ដល់​ដំណឹង​ដល់​​អ្នក​បច្ចេកទេស​នាំ​ទៅ​កម្ទេច​ចោល។

លោក អ៊ុក អូន បញ្ជាក់​ថា​ គ្រាប់​នេះ​អាច​នឹង​ផ្ទុះ​បាន​គ្រប់​ពេល​ប្រសិន​បើ​អ្នក​ភូមិ​ទៅ​ដំ ឬ​ដុត​វា​លេង។លោក​បន្ត​ថា បញ្ហា​នេះ​លោក​បាន​ទាក់ទង​ទៅ​អង្គការ​ស៊ីម៉ាក ឲ្យ​ចុះ​មក​ពិនិត្យ​មើល និង​ចាត់​វិធានការ​យក​គ្រាប់​​ចេញ​ពី​តំបន់​នោះ ហើយ​មន្ត្រី​ជំនាញ និង​ចុះ​មក​ក្នុង​ពេល​ឆាប់ៗ។

លោក អ៊ុក អូន៖ «អ៊ីចឹង​ខ្ញុំ​ផ្ដាំ​ផ្ញើ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​ភូមិ​ស្នាយប្រិម​ហ្នឹង សូម​កុំ​ឲ្យ​គាត់​ហ្នឹង​​ទៅ​ក្បែរ​ទៅ​ជិត។ រួច​គ្រាប់​នេះ បើ​សិន​ទៅ​លេង​ប៉ះពាល់​វា​ហ្នឹង​អាច​ផ្ទុះ អ៊ីចឹង​សំណូម​ពរ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​ភូមិ​ហ្នឹង​​កុំ​ឲ្យ​ទៅ​ក្បែរ ព្រោះ​អី​យើង​ខ្ញុំ​បាន​យក​បន្លា​យក​អី​ទៅ​ស្រះ​រួច​រាល់​អស់​ហើយ»

តែ​យ៉ាង​ណា អាជ្ញាធរ​នៅ​ពុំ​ទាន់​យក​គ្រាប់​នោះ​ទៅ​កម្ចាត់​ចោល​នៅ​ឡើយ​ទេ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​​​មាន​ការ​ព្រួយ​បារម្ភ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។