ពលរដ្ឋ​នៅ​ព្រៃវែង​ចោទ​ប៉ូលិស​ថា​​ឃុំ​​ខ្លួន​ជនសង្ស័យ​ដោយ​គ្មាន​កំហុស

ប្រជាពលរដ្ឋ​ជា​សាច់ញាតិ​ជនសង្ស័យ​នៅ​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង ចោទ​ប្រកាន់​អាជ្ញាធរ​ប៉ូលិស​ស្រុក​នេះ​ ថា​បាន​ចោទ​ពលរដ្ឋ​​ថា​ជា​ជន​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម និង​ឃុំ​ខ្លួន​អយុត្តិធម៌។ ពលរដ្ឋ​ថ្លែង​ដូច​នេះ​ បន្ទាប់​ពី​អាជ្ញាធរ​ប៉ូលិស​​ចាប់​ប្រជាពលរដ្ឋ​​ជា​ជន​សង្ស័យ​យក​ទៅ​​ឃុំ​ខ្លួន​ នៅ​អធិការ​ស្រុក​ជា​ច្រើន​ថ្ងៃ​មិន​ទាន់​ដោះលែង។ ប៉ុន្តែ​អភិបាល​ស្រុក​បញ្ជាក់​ថា អាជ្ញាធរ​​ឃុំ​ខ្លួន​ជន​សង្ស័យ​នេះ ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​ឃាតកម្ម​ប្លន់​យក​ម៉ូតូ កាល​ពី​ថ្ងៃ​ទី​៨ មេសា កន្លង​ទៅ។

ប្រជាពលរដ្ឋ​ជា​សាច់ញាតិ​ជន​សង្ស័យ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ ខ្លាច​អាជ្ញាធរ​ប៉ូលិស​គំរាមកំហែង និង​​​វាយ​ធ្វើ​បាប​លើ​​រូបរាង​កាយ​របស់​ជនសង្ស័យ​ ពេល​ឃុំ​ខ្លួន​នៅ​អធិការ​ប៉ូលិស​​ស្រុក​កំពង់ត្របែក នោះ។

ប្រជាពលរដ្ឋ​ជា​ក្មួយ​របស់​ជនសង្ស័យ​ លោក សុខ សុផល រស់​នៅ​ភូមិ​ព្រៃខ្មៅ ឃុំ​កន្សោមអក ស្រុក​ កំពង់ត្របែក​ ថ្លែង​នៅ​ថ្ងៃ​ទី​១៣ មេសា​ ថា អាជ្ញាធរ​ចាប់​ជន​សង្ស័យ​ឈ្មោះ​ លោក​ ព្រាប បូ យក​ទៅ​ឃុំ​ខ្លួន​ ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ស៊ើប​អង្កេត​​ច្បាស់​លាស់។

លោក​ សុខ សុផល ​ហៅ​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ប៉ូលិស​នេះ ថា​រឿង​អយុត្តិធម៌​ ព្រោះ​ប៉ូលិស​ចាប់​ជន​សង្ស័យ​ដោយ​គ្មាន​​កំហុស​​អ្វី​ខុស​ទាល់​តែ​សោះ៖ «ព្រោះ​វា​អត់​មាន​ភស្តុតាង​​ជាក់​ស្ដែង អ៊ីចឹង​ខ្ញុំ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​គាត់​ខ្លាច​គេ​បញ្ជូន​គាត់​ទៅ​ណោះ​ទៅ ហើយ​អា​យើង​គ្មាន​កំហុស​អី​សោះ​ខ្លាច​គេ​ដាក់​ទោស​ដាក់​អី​អ៊ីចឹង។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​តែ​អ៊ីចឹង។ ខ្ញុំ​ដឹង​អត្តចរិត​របស់​គាត់​អី​ច្បាស់​លាស់ សូម្បី​តែ​មាន់​គាត់​មិន​ហ៊ាន​សម្លាប់​​ផង​ ហើយ​គាត់​ហូប​ចុក​គាត់​មិន​ដែល​ហ៊ាន​ទៅ​រក​រឿង​ជា​មួយ​ពី​ណា​ផង ខ្ញុំ​នៅ​ជា​មួយ​គាត់​ជាង ១០​ឆ្នាំ​ហើយ»

រីឯ​សាច់ញាតិ​ជន​សង្ស័យ​មក​ពី​ឃុំ​កន្សោម​អក​ម្នាក់​ទៀត​ គឺ​លោក​ ពៅ​ តេង ថ្លែង​ថា​ បង​ជីដូន​មួយ​របស់​លោក​ ឈ្មោះ​លោក​ នៅ វ៉ា​ ក៏​ត្រូវ​អាជ្ញាធរ​ប៉ូលិស​ចាប់​ទៅ​ឃុំ​ខ្លួន​ដែរ ដោយ​ចោទ​ប្រកាន់​ថា​ ជា​ជន​សង្ស័យ​​ជាប់​ពាក់​ព័ន្ធ​លើ​ករណី​ឃាតកម្ម​ប្លន់​ម៉ូតូ​ នៅ​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​៨ មេសា កន្លង​ទៅ។

លោក ពៅ​ តេង ចាត់​ទុក ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ប៉ូលិស​ថា ជា​រឿង​មួយ​​អយុត្តិធម៌​មក​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​គ្មាន​កំហុស៖ «វា​អត់​ភស្តុតាង​ហើយ​ម្យ៉ាង​គាត់​មិន​បាន​ប្រព្រឹត្ត​ហើយ​គាត់​ក៏​មិន​បាន​ពាក់​ព័ន្ធ​ជាមួយ​អ្នក​គ្រោះ​ថ្នាក់​ហ្នឹង​ទេ។ ខ្ញុំ​គិត​ថា វា​អយុត្តិធម៌​ណាស់​ចំពោះ​គាត់ ព្រោះ​គាត់​ជា​មនុស្ស​អត់​ដឹង​អី​សោះ ហើយ​ដល់​ហើយ​គេ​នាំ​ខ្លួន គាត់​ថា​​ស្រប​តាម​ច្បាប់​តាម​អី​អ៊ីចឹង។ ព្រោះ​មនុស្ស​ធ្លាប់​​រស់​នៅ​ក្នុង​ភូមិ ហើយ​គាត់​មិន​ដែល​ទៅ​បាន​ធ្វើ​អី​ខុស​លើ​អ្នក​ណា ហើយ​ដល់​ពេល​មក​នាំ​ខ្លួន​គាត់​ទៅ​អ៊ីចឹងៗ ខ្ញុំ​អត់​សុខ​ចិត្ត​ទេ​បង!»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ប៉ូលិស​ស្រុក​កំពង់ត្របែក ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​ការ​ចាប់​ឃុំ​ខ្លួន​ជន​សង្ស័យ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ មេសា ដោយ​លើក​ទូរស័ព្ទ​ហើយ​តែ​ត្រូវ​បាន​បិទ​ទៅ​វិញ។

ប៉ុន្តែ​អភិបាល​ស្រុក​កំពង់ត្របែក លោក ចាន់ រ៉ាន់ មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ប៉ូលិស​ចាប់​ពលរដ្ឋ​ទៅ​ឃុំ​ខ្លួន​ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​លើ​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ​ កាល​ពី​យប់​ថ្ងៃ​ទី​៨ មេសា កន្លង​ទៅ។

លោក​បន្ត​ថា ករណី​នេះ​ទៅ​ជា​យ៉ាង​ណា​នោះ​ អាជ្ញាធរ​បាន​​​បញ្ជូន​ជន​សង្ស័យ​ទៅ​ដោះស្រាយ​បន្ត​នៅ​តុលាការ៖ «ចាប់​ហ្នឹង​គឺ​ចាប់​តាម​ចម្លើយ​ឥឡូវ​​​យើង​ប៉ូលិស​បាន​បញ្ជូន​ជន​សង្ស័យ​ហ្នឹង​ទៅ​ព្រៃវែង​ហើយ​ព្រឹក​មិញ ហើយ​ហ្នឹង​យ៉ាង​ម៉េច​យ៉ាង​ណា​ទៀត ទុក​ឲ្យ​តុលាការ​លោក​សួរ​ចម្លើយ​ទៅ​ ហើយ​បើ​មិន​មាន​ជាប់​​ពាក់​ព័ន្ធ​ផ្លូវ​ច្បាប់​អាច​ថា ដោះ​លែង​វិញ អ៊ីចឹង​ទៅ​ណាស់! ប៉ូលិស​ចាប់​តាម​ការ​បំភ្លឺ​ត​អ៊ីចឹង​ទេ​ ប៉ុន្តែ​រឿង​សម្រេច​ថា មាន​ទោស​យ៉ាង​ណា​គឺ​រឿង​របស់​តុលាការ»

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រៃវែង​ អ្នកស្រី អៀង គឹមលី មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ប៉ូលិស​អាច​ឃុំ​ខ្លួន​ជនសង្ស័យ​បាន​ប្រសិន​បើ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម។ ប៉ុន្តែ​អាជ្ញាធរ​ប៉ូលិស​មិន​អាច​ឃុំ​ខ្លួន​ជនសង្ស័យ​ដោយ​គ្មាន​ដីកា​ពី​តុលាការ​លើស​ពី ៤៨​ម៉ោង​ឡើយ៖ «ទាំង​ប៉ុស្តិ៍​ទាំង​អធិការ​យ៉ាង​យូរ​ត្រឹម ៤៨​ម៉ោង​ត្រូវ​បញ្ជូន​​​ឡើង​មក​តុលាការ មក​​ព្រះរាជអាជ្ញា ឲ្យ​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ដើម្បី​បើ​​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​នៅ​ចៅក្រម​ស៊ើប​នៅ​​តុលាការ។ បើ​សិន​ជា​ឃុំ​ខ្លួន​លើស​អ៊ីចឹង​អា​ហ្នឹង​លើស​នីតិវិធី​គេ​​អាច​ចាត់​ទុក​ថា​ខុស​ច្បាប់​ហើយ»

កាល​ពី​យប់​ថ្ងៃ​ទី​៨ មេសា កន្លង​ទៅ​កើត​មាន​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ នៅ​ភូមិ​ព្រៃខ្មៅ ឃុំ​កន្សោមអក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​១០ មេសា​ ប៉ូលិស​​បាន​ចាប់​ជនសង្ស័យ​​​ចំនួន​ ៩​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​អធិការ​ប៉ូលិស​ស្រុក​កំពង់ត្របែក។ សាច់ញាតិ​ជន​សង្ស័យ​បញ្ជាក់​ថា​ ការ​ឃុំ​ខ្លួន​របស់​ប៉ូលិស​នេះ​ថា ជា​រឿង​អយុត្តិធម៌​​ខ្វះ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។