តូបលក់ដូររបស់អាជីវករប្រមាណ ១៨តូបនៅផ្សារព្រៃវែង ត្រូវបានអគ្គីភ័យឆាបឆេះនៅម៉ោង ៣ និង ៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ មេសា។
ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រេង ជា មានប្រសាសន៍ថា អគ្គីភ័យនេះកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ឬផ្ទុះសេខ្សែភ្លើង។ លោកបន្តថា តូបនោះភាគច្រើនតូបលក់ស្បែកជើង និងតូបលក់ចាហួយ ក្នុងចំណោមនោះមាន ១៤តូបឆេះអស់ទាំងស្រុងតែម្ដង៖ «ហើយមូលហេតុដែលភ្លើងខ្លាំងដោយសារថា ឆេះតូបលក់ស្បែកជើង ហើយនិងតូបលក់ចាប់ហួយ ហើយដែលមានប្រេងឆាប្រេងសណ្ដែក។ ហើយក្នុងតូបមួយៗដូចជាមានកំប៉ុងហ្គាស៍ចង្ក្រាន បាទ! ផ្ទុះ អ៊ីចឹងការគ្រប់គ្រងសភាពការណ៍យើងជំហានដំបូង ដូចជាទប់ទល់។ ក្រោយពីបាញ់ទឹកលើកទី៣ ទើបស្ងប់ យើងគ្រប់គ្រងសភាពការណ៍បាន»។
អាជ្ញាធរប្រើរថយន្តចំនួន ២គ្រឿង ធ្វើការពន្លត់អគ្គីភ័យដោយប្រើរយៈពេលប្រមាណជាង ២ម៉ោង។ ចំពោះទ្រព្យសម្បត្តិដែលខូចខាតក្នុងអគ្គីភ័យនេះ គិតជាទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក។ ចំណែកឯតូបក្នុងផ្សារព្រៃវែង ដែលមិនរងការប៉ះពាល់ ត្រូវបានក្រុមអាជីវករដាក់លក់ដូរជាធម្មតានៅព្រឹកថ្ងៃទី១២ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
