មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង​ស្នើ​សុំ​ក្រសួង​ឲ្យ​ដក​ប្រធាន​ចេញ​ពី​តំណែង

មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើការ​ស៊ើប​អង្កេត និង​ដក​តួនាទី​ប្រធាន​ពន្ធនាគារ​ចេញ បន្ទាប់​ពី​មិន​ពេញ​ចិត្ត​នូវ​ទង្វើ​មន្ត្រី​រូប​នោះ ដែល​មាន​បក្សពួក​និយម​នៅ​កន្លែង​ធ្វើការ ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ប្រើ​អំណាច​ផ្ដាច់ការ គាប​សង្កត់​បុគ្គលិក​ក្រោម​ឱវាទ។

0:00 / 0:00

មន្ត្រី​ពន្ធនាគារ ៣០​នាក់ បដិសេធ​មិន​ទទួល​ការ​សម្របសម្រួល​របស់​អភិបាល​រង​ខេត្ត​ព្រៃវែង លើ​ជម្លោះ​នៃ​ភាព​មិន​ប្រក្រតី​របស់​ប្រធាន​ពន្ធនាគារ និង​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះដូរ​ប្រធាន​ពន្ធនាគារ​ចេញ បន្ទាប់​ពី​ប្រធាន​រូប​នោះ​បាន​ប្រព្រឹត្ត​សកម្មភាព​ខុស​ឆ្គង​មួយ​ចំនួន ដូច​ជា​កាត់​ប្រាក់ខែ និង​របប​អង្ករ​ឧបត្ថម្ភ​របស់​បុគ្គលិក និង​បង្កើត​បក្ស​ពួក​ជាដើម។

មន្ត្រី​ពន្ធនាគារ​ម្នាក់ លោក អ៊ុំ សុផល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ដោយ​ពន្យល់​ថា ប្រធាន​ពន្ធនាគារ លោក វ៉ា យ៉ន មិន​បាន​ទទួល​ខុស ឬ​ពិន័យ​កូន​ប្រុស​របស់​គាត់​ឈ្មោះ អ៊ុំ ឧស្សាហ៍ ជា​អនុ​ប្រធាន​ការិយាល័យ​មធ្យោបាយ និង​ជា​អ្នក​កាន់​បញ្ជី​គណនេយ្យ​បើក​ប្រាក់​បៀវត្ស​ដល់​បុគ្គលិក​ពន្ធនាគារ ដែល​មាន​កំហុស​កាត់​ប្រាក់​ខែ និង​លុយ​របប​អង្ករ​ឧបត្ថម្ភ​ដល់​បុគ្គលិក កាល​ពី​ដើម​ឆ្នាំ​២០១២ នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រធាន​រូប​នោះ​បាន​ព្យាយាម​ស្រាវជ្រាវ​រក​ឈ្មោះ​បុគ្គលិក​ណា​ដែល​បាន​ដាក់​ ពាក្យ​បណ្ដឹង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ និង​ចោទ​បុគ្គលិក​ទាំង​នោះ​ថា បាន​រុកកួន​ច្រណែន​ឈ្នានីស​ការងារ​របស់​គាត់។

លោក អ៊ុំ សុផល៖ «មន្ត្រី​ទាំង​អស់​លែង​មាន​ទំនុក​ចិត្ត​ហើយ បើ​សិន​ជា​គាត់​កែ គាត់​កែ​ហើយ ព្រោះ​ដោះស្រាយ​រហូត​ដល់​អធិការកិច្ច​របស់​ក្រសួង​មហាផ្ទៃ ចុះ​ដោះស្រាយ​មក​ធ្វើ​អធិការកិច្ច​ក្រោយ​ពី​ចុះ​ហើយ ទង្វើ​ដែល​ធ្វើ​នៅ​តែ​ដដែល»

កាល​ពី​ដើម​ឆ្នាំ​២០១២ កន្លង​មក លោក អ៊ុំ ឧស្សាហ៍ ជា​កូន​ប្រុស​បង្កើត​លោក វ៉ា យ៉ន បាន​កាត់​លុយ​បុគ្គលិក​ពន្ធនាគារ​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​ម្នាក់ ជា​ថ្លៃ​របប​អង្ករ​ឧបត្ថម្ភ និង​ប្រាក់​ខែ​ចំនួន ២០​ភាគរយ ដែល​រាជរដ្ឋាភិបាល​ដំឡើង​បន្ថែម​ប្រចាំ​ឆ្នាំ​សម្រាប់​មន្ត្រី​រាជការ​ រយៈពេល ២​ខែ។ ប្រភព​ពី​បុគ្គលិក​ពន្ធនាគារ​ឲ្យ​ដឹង​ថា ប្រាក់ ២០​ភាគរយ​នោះ បើ​គិត​ជា​សាច់​ប្រាក់ គឺ​ម្នាក់ៗ​អាច​ទទួល​បាន​ពី ៦​ម៉ឺន​រៀល ទៅ​ដល់ ១០​ម៉ឺន​រៀន ទៅ​តាម​តួនាទី​របស់​ពួកគេ។ ការ​កាត់​ប្រាក់​បៀវត្ស និង​ប្រាក់​ឧបត្ថម្ភ ត្រូវ​កូន​ប្រុស​ប្រធាន​ពន្ធនាគារ​បញ្ជាក់​ថា ខាង​មន្ត្រី​នៃ​អគ្គនាយក​ពន្ធនាគារ​ជា​អ្នក​បង្គាប់​ឲ្យ​កាត់​យក​ប្រាក់​ ទាំង​នោះ។

តែ​ទោះ​ជា​យ៉ាង​ណា បុគ្គលិក​ពន្ធនាគារ​ម្នាក់​ទៀត ឈ្មោះ ភិន សំណាង បញ្ជាក់​ថា បុគ្គលិក​ពន្ធនាគារ​មិន​ជឿ​ថា មន្ត្រី​នៃ​អគ្គនាយក​ពន្ធនាគារ​នៅ​ក្រសួង​មហាផ្ទៃ ជា​អ្នក​បង្គាប់​ឲ្យ​កាត់​ប្រាក់​បុគ្គលិក​មូលដ្ឋាន​នោះ​ទេ។ តែ​ជា​ការ​កិបកេង និង​ជា​អំពើ​ពុករលួយ​របស់​ប្រធាន​ពន្ធនាគារ លោក វ៉ា យ៉ន និង​កូន​ប្រុស​របស់​គាត់​ជា​អ្នក​កាន់​បញ្ជី​បើក​ប្រាក់​បៀវត្ស​នោះ​តែម្ដង។

លោក ភិន សំណាង បញ្ជាក់​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង បាន​ដាក់​លិខិត​មួយ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដោយ​មាន​ភ្ជាប់​នូវ​ស្នាម​មេដៃ​ជិត ៣០ ស្នើ​សុំ​ឲ្យ​ដក​លោក វ៉ា យ៉ន និង​បក្សពួក​របស់​គាត់​ដែល​រួម​មាន​កូន​ប្រុស​ឈ្មោះ អ៊ុំ ឧស្សាហ៍ ជា​អនុ​ប្រធាន​ការិយាល័យ មធ្យោបាយ​ដែល​ក្ដោបក្ដាប់​លើ​បញ្ជី​គណនេយ្យ​បើក​ប្រាក់​បៀវត្ស កូន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ អ៊ុំ រ៉ាយឿង ជា​អនុ​ប្រធាន​ពន្ធនាគារ និង​អ្នកស្រី រស់ ចិន្តា ជា​មន្ត្រី​គណនេយ្យ​ចេញ។ ប៉ុន្តែ​ត្រូវ​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​មួយ​បង្គាប់​ឲ្យ​អភិបាល​រង​ខេត្ត​សម្របសម្រួល​រឿង​នេះ និង​សរសេរ​លិខិត​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ផ្លូវការ​ចំពោះ​ជន​ដែល​បាន​ កិបកេង​លុយ​របស់​បុគ្គលិក។

លោក ភិន សំណាង៖ «ការ​គ្រប់គ្រង ការ​ធ្វើ​ការ​របស់​គាត់ គឺ​ថា គាត់​លំអៀង​តែ​ម្ខាងៗ​សម្រាប់​កូន​ចៅ​បក្ខ​ពួក​របស់​គាត់​ទេ ចំពោះ​ពួក​ខ្ញុំ គឺ​គ្មាន​តម្លាភាព»

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក វ៉ា យ៉ន ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។ ប៉ុន្តែ​បើ​តាម​ការ​អះអាង​ពី​លោក អ៊ុំ ឧស្សាហ៍ ជា​កូន​ប្រុស​របស់​លោក វ៉ា យ៉ន និង​ជា​អនុ​ប្រធាន​ការិយាល័យ​មធ្យោបាយ បដិសេធ​មិន​ធ្វើ​ការ​បកស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​បុគ្គលិក​ ពន្ធនាគារ​ទេ ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា ករណី​នេះ​មន្ត្រី​ថ្នាក់លើ​បាន​ដោះស្រាយ​រួច​ហើយ។

លោក អ៊ុំ ឧស្សាហ៍៖ «ពាក់ព័ន្ធ​បញ្ហា​នេះ​ខ្ញុំ​មិន​មាន​ការ​បកស្រាយ​យ៉ាង​ម៉េច​ទេ ព្រោះ​ថ្នាក់​លើ​ខ្ញុំ​ជា​អ្នក​ដោះស្រាយ»

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក លីវ ម៉ូវ ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​ថា ខាង​មន្ត្រី​នៃ​អគ្គនាយក​ពន្ធនាគារ​ជា​អ្នក​បង្គាប់​ឲ្យ​កាត់​ប្រាក់​ខែ ឬ​ប្រាក់​ឧបត្ថម្ភ​របស់​បុគ្គលិក​ពន្ធនាគារ ក៏​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។ លោក​មិន​បាន​ដឹង​ពី​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ ខេត្ត​ព្រៃវែង​ទេ ហើយ​នៅ​មិន​ទាន់​ឃើញ​ខាង​គណៈកម្មការ​ត្រួត​ពិនិត្យ​ប្រជុំ និង​សម្រេច​ជុំវិញ​វិវាទ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។