អ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងអ្នកជំនាញខាងផ្នែកផ្សារមូលប័ត្រកម្ពុជា បានអះអាងការប្រែប្រួលតម្លៃនេះ ដោយសារតែអ្នកដែលកាន់ហ៊ុនភាគច្រើនជាអ្នកវិនិយោគបរទេស រងឥទ្ធិពលពីវិបត្តិនយោបាយ។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋកម្ពុជា តិចតួចប៉ុណ្ណោះ យល់ដឹងអំពីការជួញដូរហ៊ុននៅក្នុងផ្សារមូលប័ត្រ ដែលបញ្ហានេះជាមូលហេតុធ្វើឲ្យប្រតិបត្តិការលក់ដូរហ៊ុនមិនមានស្ថិរភាព។
ចាប់តាំងពីផ្សារមូលប័ត្របានបង្កើតឡើង រួមទាំងមានក្រុមហ៊ុនមួយបានបោះផ្សាយលក់ហ៊ុនរបស់ខ្លួននៅក្នុងផ្សារមូលប័ត្ររាប់លានហ៊ុន ប្រមាណ ២ឆ្នាំកន្លងមក។ ប៉ុន្តែក្រុមអាជីវករ និងអ្នកវិភាគហិរញ្ញវត្ថុនានា បានសង្កេតឃើញថា ប្រតិបត្តិការជួញដូរនេះ មិនមានសកម្មភាពខ្លាំងឡើយ។ ការជួញដូរមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះតម្លៃជួញដូរហ៊ុនវិញ ក៏មាននិន្នាការធ្លាក់ជាលំដាប់ដែរ។
បញ្ហានេះ អ្នកវិភាគហិរញ្ញវត្ថុបានបារម្ភថា តើអនាគតនៃទីផ្សារហិរញ្ញវត្ថុនឹងទៅជាយ៉ាងណា បើសកម្មភាពនៃការជួញដូររាល់ថ្ងៃបានបន្តធ្លាក់ចុះនោះ។ យោងតាមគេហទំព័ររបស់ផ្សារមូលប័ត្រកម្ពុជា បានបង្ហាញថា តម្លៃជួញដូរនៅក្នុងខែតុលា មានតម្លៃ ៤.៦០០រៀល ទៅ ៥ពាន់រៀល ក្នុងមួយហ៊ុន។ តម្លៃនេះ បានធ្លាក់ក្រោមតម្លៃដែលបានដាក់ចេញដំបូង ៦.៣០០រៀល គឺតម្លៃដែលដាក់លក់ហ៊ុនដំបូងរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ ដែលបានបោះផ្សាយលក់នៅក្នុងផ្សារមូលប័ត្រកម្ពុជា។
អ្នកវិភាគខាងទីផ្សារមូលប័ត្រកម្ពុជា បានអះអាងថា មានហេតុផលជាច្រើនដែលធ្វើឲ្យតម្លៃហ៊ុនរបស់រដ្ឋាករទឹកបានធ្លាក់ថ្លៃរហូតដល់បច្ចុប្បន្ន។ ហេតុផលទាំងនោះ រួមមាន ចំណេះដឹងជួញដូរហ៊ុនរបស់ប្រជាពលរដ្ឋកម្ពុជា មានតិចតួច ក្រុមហ៊ុនលក់ហ៊ុនមានតែមួយនៅលើទីផ្សារមូលប័ត្រកម្ពុជា។ បន្ថែមលើនេះ បញ្ហានយោបាយកម្ពុជាបច្ចុប្បន្ន ក៏ជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកវិនិយោគលើវិស័យហិរញ្ញវត្ថុមានការរារែក។
សាមាការីថ្នាក់ខ្ពស់ (Senior Associate) របស់ក្រុមហ៊ុន អេស.ប៊ី.អាយ រ៉ូយ៉ាល់ ស៊ីខ្យូរីធី (SBI Royal Security) លោក ខូវ អេងឡេង មានប្រសាសន៍ថា តម្រូវការនិងការផ្គត់ផ្គង់នៃការជួញដូរហ៊ុន មិនបានដើរតាមយន្តការទីផ្សារនៅឡើយ ដោយសារតែបញ្ហានយោបាយ។ អ្នកដែលមានតម្រូវការ គឺជាអ្នកដែលមានលុយនៅសល់សម្រាប់វិនិយោគ ហើយអ្នកផ្គត់ផ្គង់វិញ គឺជាអ្នកដែលមានហ៊ុននៅក្នុងដៃ។
លោកមានប្រសាសន៍បន្តថា នៅក្នុងប្រតិបត្តិការជួញដូរមូលប័ត្រ អ្នកទិញជាអ្នកកំណត់ថ្លៃ។ មានន័យថា នៅក្នុងផ្សារមូលប័ត្រកម្ពុជា ហាក់ជាទីផ្សារនៃការដេញថ្លៃ។ តម្លៃហ៊ុននីមួយៗ នឹងហក់ឡើងកាន់តែខ្ពស់ទៅតាមអ្នកដែលមានតម្រូវការខ្លាំង។ ដំណើរការនៃផ្សារមូលប័ត្រកម្ពុជា ទាមទារឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជន ដើម្បីកៀរគរធនធានអ្នកដែលមានតម្រូវការ ឬអ្នកដែលមានលុយសល់ពីតម្រូវការដើម្បីវិនិយោគនៅក្នុងផ្សារមូលប័ត្រកម្ពុជា។
លោក ខូវ អេងឡេង៖ «ជាកុមារដែលទើបនឹងកើត។ អ៊ីចឹងវាចាំបាច់ទាមទារឲ្យមានការបណ្ដុះបណ្ដាល ទាមទារការពង្រីក ការស្វែងយល់ចំណេះដឹងរបស់សាធារណជន។ គាត់អាចជាអ្នកទិញផង អាចជាអ្នកលក់ផង។ ជាទូទៅផ្សារហ៊ុនរបស់ប្រទេសណាក៏ដោយជឿនលឿនទៅបាន លុះត្រាតែមានការចូលរួមខ្លាំងពីសារធារណជន ព្រោះគាត់ជាអ្នកដែលមានលុយ អ្នកផ្ដល់លុយ អ្នកវិនិយោគ។ ទីផ្សារហ្នឹង វាដំណើរការយ៉ាងម៉េច ថាតើការទិញហ៊ុននោះវាយ៉ាងម៉េច តើធ្វើម្ដេចដើម្បីទិញហ៊ុនបានក្នុងតម្លៃមួយដែលសមរម្យ។ អ៊ីចឹងគាត់អត់ដឹងថា ត្រូវទិញវារបៀបម៉េច។ ចំណេះដឹង ការស្វែងយល់របស់គាត់នៅមានកម្រិតនៅឡើយ»។
លោក ខូវ អេងឡេង មានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនណាមួយដែលបោះផ្សាយហ៊ុនលក់នៅក្នុងផ្សារមូលប័ត្រកម្ពុជា មិនមានឥទ្ធិពលធ្វើឲ្យតម្លៃហ៊ុនឡើងថ្លៃបានឡើយ ប៉ុន្តែក្រុមហ៊ុននោះ អាចបង្ហាញជាសកម្មភាពផ្សេងៗ ដូចជាផែនការហិរញ្ញវត្ថុ និងស្ថានភាពទទួលបានប្រាក់ចំណេញប្រចាំឆមាស ឬប្រចាំឆ្នាំជាដើម។ ការបង្ហាញបែបនេះ ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជនឲ្យវិនិយោគ ឬទិញហ៊ុនរបស់ក្រុមហ៊ុនខ្លួន។ និន្នាការនេះ នឹងធ្វើឲ្យសកម្មភាពជួញដូរ និងតម្លៃនៃការជួញដូរហ៊ុនកើនឡើងនៅក្នុងផ្សារមូលប័ត្រកម្ពុជា។
បន្ថែមលើនេះអ្នកតាមដានទីផ្សារមូលប័ត្រនៅកម្ពុជា បានសង្កេតឃើញថា នៅអំឡុងសប្ដាហ៍ទីបួននៅខែតុលា តម្លៃហ៊ុនរបស់រដ្ឋាករស្វយ័តទីក្រុងភ្នំពេញ បានកើនឡើង ស្របពេលដែលក្រុមហ៊ុនរដ្ឋាករទឹកបានប្រកាសរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅឆមាសទីពីរថា បានទទួលប្រាក់ចំណេញច្រើនគួរឲ្យកត់សម្គាល់។
អ្នកវិភាគថ្នាក់ខ្ពស់នៃក្រុមហ៊ុនមូលប័ត្រ តុងយ៉ាង ស៊ីខ្យូរីធី (TONGYANG Securities) លោក ស៊ីម ស៊ីវុធថារ៉ា មានប្រសាសន៍ថា ការប្រែប្រួលតម្លៃនិងការជួញហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិបាកនឹងសន្និដ្ឋានថា អាចបណ្ដាលមកពីបញ្ហាអ្វីពិតប្រាកដឡើយ ដោយសារតែតម្លៃបានផ្លាស់ប្ដូរពីរៀងរាល់ថ្ងៃ។ លោកបញ្ជាក់ថា បញ្ហានយោបាយបានធ្វើឲ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្តលើការបណ្ដាក់ទុននៅក្នុងផ្សារមូលប័ត្រកម្ពុជា ហើយបញ្ហានេះ ក៏បានធ្វើឲ្យអ្នកកាន់ហ៊ុនបាត់ទំនុកចិត្តដែរ។ អ្នកដែលបាត់បង់ទំនុកភាគច្រើនជាអ្នកវិនិយោគបរទេស ដែលបានបន្តលក់ហ៊ុនចេញជារៀងរាល់ថ្ងៃ។
លោក ស៊ីម ស៊ីវុធថារ៉ា៖ «មកពីកត្តានយោបាយ ហេតុអីបានខ្ញុំនិយាយថា កត្តានយោបាយ? ព្រោះការដែលយើងមើលក្រោយការបោះឆ្នោតវាបន្តធ្លាក់រហូត។ សួរថា ពីណាគេជាអ្នកលក់ចេញ? បើយើងមើលទៅលើភាគរយអ្នកដែលលក់ភាគហ៊ុនចេញហ្នឹង គឺជាអ្នកវិនិយោគបរទេសដោយសារតែគាត់ដឹងពីដំណើរការនយោបាយវាយ៉ាងមេច គាត់អាចមានការព្រួយបារម្ភ គាត់អាចដកវិនិយោគពីខាងរដ្ឋាករទឹកទៅវិស័យដែលនៅក្រៅពីស្រុកខ្មែរ»។
លោក ស៊ីម ស៊ីវុធថារ៉ា មានប្រសាសន៍បន្ថែមទៀតថា ស្របពេលដែលអ្នកវិនិយោគបរទេសលក់ហ៊ុនចេញ ប៉ុន្តែអ្នកមានតម្រូវក្នុងស្រុកវិញបានកើនឡើង។ តម្រូវការអ្នកទិញក្នុងស្រុកកើនឡើងនេះ ដោយសារតែប្រជាពលរដ្ឋកម្ពុជា យល់ថា បញ្ហានយោបាយមិនប៉ះពាល់ដល់ទីផ្សារមូលប័ត្រកម្ពុជាឡើយ។ ម៉្យាងវិញ ការទិញហ៊ុននាពេលបច្ចុប្បន្ន អាចជាឱកាសវិនិយោគមួយស្របពេលដែលតម្លៃរបស់រដ្ឋាករទឹកបានបន្តធ្លាក់ថ្លៃនោះ។
របាយការណ៍របស់ក្រុមហ៊ុន តុងយ៉ាង ស៊ីខ្យូរីធី បានបង្ហាញថា ចំនួនហ៊ុនដែលបានជួញដូរហ៊ុននៅខែតុលា មានចំនួនជិត ១០ម៉ឺនហ៊ុន ដែលសមាមាត្រនឹងបរិមាណជួញដូរក្នុងមួយថ្ងៃជាមធ្យមប្រមាណ ៧ពាន់ហ៊ុន។ បើគិតនៅក្រោយការបោះឆ្នោតចាប់តាំងពីថ្ងៃ២៨ កក្កដា រហូតដល់បច្ចុប្បន្ន ចំនួនហ៊ុនដែលបានជួញដូរមានចំនួនជាង ១.៧ម៉ឺនហ៊ុន។ ភាគច្រើននៃអ្នកលក់ហ៊ុន គឺជាអ្នកវិនិយោគបរទេសដែលតំណាងឲ្យ ៩០% នៃទំហំជួញដូរសរុប ហើយអ្នកទិញហ៊ុនប្រមាណ ៧០% គឺជាអ្នកវិនិយោគក្នុងស្រុក។
ទោះជាយ៉ាងណាក៏ដោយ តម្លៃហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្លាក់ថ្លៃប្រមាណ ២០% នៅក្នុងឆ្នាំ២០១៣ បើយោងតាមតម្លៃជួញដូរចុងក្រោយនៅក្នុងខែតុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
