ទណ្ឌិតទាំងនោះត្រូវគេជម្លៀសទៅឃុំទុកបណ្ដោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប និងខេត្តបាត់ដំបង ក្រោយពីជំនន់ទឹកភ្លៀង បានជន់លិចគុកខេត្តបន្ទាយមានជ័យ កន្លងមក។ ទន្ទឹមគ្នានេះ មន្ត្រីអង្គការសង្គមស៊ីវិលបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាក្នុងការកែសម្រួល ឬផ្លាស់ប្ដូរទីតាំងពន្ធនាគារដើម្បីបញ្ចៀសពីការរងគ្រោះដោយទឹកជំនន់។
ពន្ធនាគារខេត្តបន្ទាយមានជ័យ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ៤ឆ្នាំជាប់ៗគ្នា ពោលគឺចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំពី២០១៣ ប៉ុន្តែបីឆ្នាំដំបូងនៃការរងគ្រោះដោយសារទឹកជំនន់នេះ ពុំសូវធ្ងន់ធ្ងរដូចឆ្នាំ២០១៣ នេះទេ។ នៅឆ្នាំ២០១៣ ជំនន់ទឹកភ្លៀងដែលភាគច្រើនហូរចាក់មកពីប្រទេសថៃ បានជន់លិចពន្ធនាគារទាំងស្រុង បង្ខំឲ្យអាជ្ញាធរចាត់វិធានការភ្លាមៗរំដោះអ្នកទោសជិតមួយពាន់ទៅដាក់នៅខេត្តសៀមរាប និងខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន។
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក ហ៊ិន សុផល បញ្ជាក់ថា បច្ចុប្បន្នជំនន់ទឹកភ្លៀងដែលបានជន់លិចពន្ធនាគារនោះបានស្រកទៅវិញហើយ។ មន្ត្រីអនុរក្សពន្ធនាគារកំពុងនាំគ្នាធ្វើអនាម័យក្នុងទីធ្លាគុកឲ្យបានស្អាតជាមុនសិន បន្ទាប់មកទើបអាចបញ្ជូនអ្នកទោសទៅដាក់នៅទីនោះវិញ។ ជំហានដំបូង មន្ត្រីអនុរក្សពន្ធនាគារនាំគ្នាសម្អាតបន្ទប់ប្រហែល ១០បន្ទប់ បន្ទាប់មកនឹងយកអ្នកទោសមួយចំនួនទៅជួយសម្អាតបន្ថែម។
លោក ហ៊ិន សុផល៖ «យើងធ្វើអនាម័យអោយស្អាតសិនបានយើងយកពួកគាត់មក បើមិនអ៊ីចឹងទេយកមកខ្លាចមានជំងឺ។ ខាងមន្ត្រីខ្ញុំធ្វើយកកន្លែងអោយពួកគាត់ដេកប្រហែលជា ១០បន្ទប់សិន ដើម្បីយកពួកគាត់មកអោយជួយធ្វើ»។
កាលពីថ្ងៃទី១០ ខែតុលា អាជ្ញាធរខេត្តបន្ទាយមានជ័យ ចាត់វិធានការរំដោះអ្នកទោសចំនួនជិត ១ពាន់នាក់ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅដាក់នៅពន្ធនាគារខេត្តសៀមរាប និងដាក់នៅពន្ធនាគារខេត្តបាត់ដំបង។ វិធានការនេះ ផ្ដើមឡើងក្រោយពីអគារពន្ធនាគារត្រូវជំនន់ទឹកភ្លៀងហូរពីប្រទេសថៃ បុកបាក់ជញ្ជាំងរបងពន្ធនាគារបណ្ដាលឲ្យអ្នកទោសទាំងនោះលិចលង់មិនអាចស្នាក់នៅបាន។
លោក ហ៊ិន សុផល បញ្ជាក់ថា កន្លងទៅនេះ ខាងមន្ត្រីពន្ធនាគារខិតខំទប់ស្កាត់ទឹកកុំអោយជន់លិចអ្នកទោស តាមរយៈការប្រើម៉ាស៊ីនបូមទឹកចំនួន ៥គ្រឿង បូមទឹកទាំងយប់ទាំងថ្ងៃចេញពីបរិវេណពន្ធនាគារ ប៉ុន្តែដោយសារកម្ពស់ទឹកនៅឆ្នាំ២០១៣ នេះ ឡើងខ្ពស់ បណ្ដាលឲ្យបាក់ជញ្ជាំងរបងគុកជន់លិចតែម្ដង៖ «រយៈពេលបីឆ្នាំ បួនឆ្នាំនេះ ហើយកន្លងមកយើងធ្វើអ៊ីចឹងវាអត់អីនៅឆ្នាំ២០១៣ នេះ វាឡើងខ្ពស់ហួសការស្មានរបស់យើង បណ្ដាលឲ្យបាក់របង ព្រោះយើងបូមម៉ាស៊ីន ៥គ្រឿងម៉ាស៊ីនខ្លួនយើងគ្រាន់តែយើងអស់ប្រេង ១០០លីត្រក្នុងមួយថ្ងៃ ព្រោះបូម ២៤ម៉ោងលើ ២៤ម៉ោង»។
ពន្ធនាគារខេត្តបន្ទាយមានជ័យ មានបីអគារស្មើ ៥៣បន្ទប់ សង់លើផ្ទៃដីទំហំប្រហែល ៤ហិកតារ បច្ចុប្បន្នផ្ទុកអ្នកទោសចំនួន ៨៤៤នាក់។ ទីតាំងពន្ធនាគារចាស់ពីមុនមក ឋិតកណ្ដាលក្រុងសិរីសោភ័ណ ជិតជើងភ្នំ ដែលកម្ពស់ខ្ពស់ពុំដែលលិចទឹកនោះទេ ប៉ុន្តែក្រោយពីមានការផ្លាស់ប្ដូរទីតាំងទៅដាក់ក្បែរមាត់ស្ទឹងសិរីសោភ័ណ ក៏ត្រូវទឹកលិច ៤ឆ្នាំជាប់គ្នា។
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងថា ទីតាំងពន្ធនាគារដែលបានសាងសង់ថ្មីនេះ មានផ្ទៃទាប ត្រូវទឹកជន់លិចរាល់ឆ្នាំ។ ដើម្បីបញ្ចៀសកុំឲ្យពន្ធនាគារនេះលិចទឹក គេត្រូវចាក់ដីលើកឲ្យខ្ពស់ស្មើផ្លូវរថភ្លើង ហើយកម្ពស់ត្រូវចាក់ដីលើកកម្ពស់ ប្រហែលជា ១.៦ម៉ែត្រ។
លោកបន្តថា បញ្ហានេះទាមទារឲ្យអាជ្ញាធរខេត្ត និងរដ្ឋាភិបាល គួរពិចារណាកែសម្រួល ឬត្រូវផ្លាស់ប្ដូរទីតាំងពន្ធនាគារនេះឡើងវិញ ដើម្បីបញ្ចៀសផលប៉ះពាល់ដែលនាំទៅរកការខាតបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ៖ «អ៊ីចឹង ១០ ទៅ ២០ឆ្នាំ នៅតែលិចអ៊ីចឹងដដែល ឬមួយថា ត្រូវការកែប្រែ អ៊ីចឹងក្នុងមួយឆ្នាំៗ យើងត្រូវចំណាយអីខ្លះទៅលើពន្ធនាគារហ្នឹង បើសិនទឹកលិចយើងគិតថា គិតទៅលើប្រេង ការចំណាយថវិកាសព្វបែបយ៉ាង អានេះជាថវិការបស់រដ្ឋផង ថវិការបស់អង្គការផ្សេងៗផង ដែលបានជួយដល់ខាងពន្ធនាគារ»។
ក្រៅពីបញ្ហាខាតបង់ថវិកា លោកលើកឡើងពីក្ដីព្រួយបារម្ភជាច្រើនផ្សេងទៀត ដូចជាការជម្លៀស អ្នកទោសចេញពីពន្ធនាគារកន្លងទៅថ្មីៗនេះ ទៅដាក់នៅខេត្តសៀមរាប និងខេត្តបាត់ដំបង។ ក្រុមអាជ្ញាធរនិងមន្ត្រីអនុរក្សពន្ធនាគារបានយករថយន្តដឹកខ្សាច់ទៅដឹកអ្នកទោស។ បញ្ហានេះ លោកចាត់ទុកថា ជាការអនុវត្តពុំត្រឹមត្រូវតាមបច្ចេកទេស អាចបណ្ដាលឲ្យអ្នកទោសលោតចេញ រត់គេចខ្លួនពីការការពាររបស់សមត្ថកិច្ចបាន។
ឆ្លើយតបនឹងក្ដីព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន គូសបញ្ជាក់ថា អាជ្ញាធរខេត្តនិងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ កំពុងគិតគូរពីបញ្ហានេះ៖ «គ្រាន់តែថា អាចទេ អាចនឹងប្ដូរទីតាំង ប៉ុន្តែចំពោះមុខមិនទាន់មានសេចក្ដីសម្រេចណានៅឡើយទេ»។
ទាក់ទិនការពិចារណាក្នុងការផ្លាស់ប្ដូរទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យ ឲ្យរួចផុតពីគ្រោះទឹកជំនន់នេះ លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ចំណោទនេះ ឋិតនៅក្នុងការពិចារណា ដើម្បីមានវិធានការកែសម្រួលកែលំអថាតើ ត្រូវលើកទំនប់ទាំងមូលតាមបណ្ដោយស្ទឹងសិរីសោភ័ណ ឬក៏ត្រូវរកទីតាំងថ្មីដែលនៅឆ្ងាយ។
លោក គុយ ប៊ុនសន៖ «ព្រោះទីតាំងផ្លូវពីខេត្តទាំង ៤ រួមទាំងផ្លូវចេញពីបាត់ដំបង ចូលទីរួមខេត្តសៀមរាប ចូលទីរួមខេត្ត និងផ្លូវទៅប៉ោយប៉ែត សុទ្ធតែផ្លូវត្រូវទឹកលិចជម្រើសតែមួយគត់ គឺផ្លូវទៅខាងស្រុកស្វាយចេក ប៉ុន្តែជម្រើសបើសិននៅក្បែរសាលាខេត្ត មិនមានសេសសល់ដីធ្លីទេនៅឆ្ងាយ ប៉ុន្តែឆ្ងាយផលវិបាកមួយទៀតគឺទឹកប្រើប្រាស់»។
លោកសង្កត់ធ្ងន់ថា យ៉ាងណាក៏ដោយ ជម្រើសកែសម្រួល ឬផ្លាស់ប្ដូរទីតាំងពន្ធនាគារនេះជាជម្រើសអាទិភាពទាំងពីរដែលក្រសួង និងអាជ្ញាធរខេត្តកំពុងពិចារណាគ្នានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
