ក្រុម​គ្រួសារ​ចោទ​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​ថា​គំរាម​យក​ប្រាក់​ពី​អ្នក​ទោស

0:00 / 0:00

ក្រុម​គ្រួសារ​របស់​អ្នក​ជាប់​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ចោទ​មន្ត្រី​អនុរក្ស​ពន្ធនាគារ ថា​បាន​គំរាម​យក​ប្រាក់ និង​តម្រូវ​ឲ្យ​អ្នក​ជាប់​ឃុំ​បង់​ប្រាក់​ថ្លៃ​ទឹក ឬ​ថ្លៃ​ភ្លើង​ប្រចាំ​ខែ។ ប៉ុន្តែ​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា អ្នក​ជាប់​ឃុំ​ខ្លះ​ភូត​កុហក​ឪពុក​ម្ដាយ ឬ​បង​ប្អូន ថា​គេ​ដក​ហូត​ប្រាក់ តែ​ការ​ពិត​ជា​លេស​សុំ​លុយ​ឪពុក​ម្ដាយ​ឲ្យ​បាន​ច្រើន។

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំឃាំង និង​អ្នក​ឃ្លាំ​មើល​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចុះ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត អំពី​ការ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ទោស។

បង​ប្រុស​បង្កើត​របស់​អ្នក​ជាប់​ឃុំ​ម្នាក់​នៅ​ស្រុក​កំពង់លែង ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ក្នុង​មួយ​សប្ដាហ៍​លោក​ផ្ញើ​លុយ និង​ឲ្យ​លុយ​ទៅ​ប្អូន​ដោយ​ផ្ទាល់​ដៃ​ចន្លោះ​ពី ១០​ម៉ឺន​រៀល​ទៅ ១៧​ម៉ឺន​រៀល ប៉ុន្តែ​ប្អូន​ប្រាប់​ថា​មិន​ដែល​បាន​ចាយ​ច្រើន​នោះ​ទេ ព្រោះ​អនុរក្ស​ពន្ធនាគារ​ដក​យក។ អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ក៏​ត្អូញត្អែរ​ប្រាប់​លោក​ដែរ ព្រោះ​មន្ត្រី​អនុរក្ស​តម្រូវ​ឲ្យ​ពួក​គេ​បង់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង៖ « ក្នុង​នោះ​មាន​អ្នក​ដទៃ​ប្រាប់​តៗ​គ្នា​ថា ត្រូវ​ចំណាយ​លុយ​ជួយ​ចេញ​ទឹក​ភ្លើង​នៅ​ក្នុង​ហ្នឹង​ទៀត។ ដូច​ថា ១០​ម៉ឺន​អ៊ីចឹង​ដក​ពី​គ្នា ៥​ម៉ឺន។ កាលណា​បើ​ឲ្យ​ច្រើន​ក៏​មិន​ដែល​បាន​ចាយ​ច្រើន​ដែរ បង​ឯង​ឲ្យ​គាត់​តែ​ពីរ ឬ​បី​ម៉ឺន​ទៅ​បាន​ហើយ ព្រោះ​ចូល​ទៅ​ដល់​ខាង​ក្នុង​មាន​អ្នក​នៅ​ខាង​ក្នុង​ដក​ហូត​យក​លុយ គេ​មិន​ឲ្យ​យើង​វិញ​ទេ។ ពេល​យើង​សម្រាក​អត់​ដែល​បាន​សម្រាក​ទេ បាន​តែ​កន្លែង​អង្គុយ​ទេ ព្រោះ​គេ​ដាក់​ចង្អៀតៗ​ម៉ង ហើយ​ជួនកាល​ពេល​ឈឺ​គ្មាន​ថ្នាំ​ឲ្យ​លេប​ទេ ត្រូវ​ចំណាយ​លុយ​ឲ្យ​គេ​ទិញ​នៅ​ក្រៅ »

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង លោក ពៅ វុទ្ធី ថា​ក្នុង​ពន្ធនាគារ​មិន​តម្រូវ​ឲ្យ​អ្នក​ជាប់​ឃុំ​ណា​ម្នាក់​បង់​ថ្លៃ​ទឹក ឬ​ថ្លៃ​អគ្គិសនី​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ចំណែក​រឿង​ដក​ហូត​លុយ​កាក់​ដែល​ឪពុក​ម្ដាយ ឬ​បង​ប្អូន​ផ្ញើ​ឲ្យ​អ្នក​ជាប់​ឃុំ​នោះ​ក៏​គ្មាន​ដែរ ហើយ​លោក​ថា​បើ​ដឹង ឬ​មាន​សេចក្ដី​រាយការណ៍​ពី​អ្នក​ជាប់​ឃុំ ថា​មាន​មន្ត្រី​អនុរក្ស​ណា​ម្នាក់​គំរាម​ដក​ហូត​លុយ​ពី​អ្នក​ជាប់​ឃុំ លោក​នឹង​មាន​វិធានការ៖ « នៅ​ខាង​ក្នុង​ហ្នឹង​មាន​កង់ទីន​លក់ ( ហាង​អាហារ ) ដល់​ហើយ​ការ​ចាយ​វាយ​លុយ​ហ្នឹង​ច្រើន។ ដល់​អ៊ីចឹង​សុំ​ម៉ែ​ឪ ម៉ែ​ឪ​ឲ្យ​តិច​គាត់​ទៅ​កុហក​ថា​គេ​ធ្វើ​អ៊ីចឹង​ទៅ​ណា។ មន្ត្រី​គេ​អត់​ដក​ទេ ពេល​ដែល​គ្រួសារ​ឲ្យ​ថវិកា​មក​ចូល​ទៅ គេ​ឆែកឆេរ ហើយ​ថវិកា​ហ្នឹង​ត្រូវ​ដូរ​ជា​កាត​សម្រាប់​ចាយ អត់​មាន​នរណា​ដក​ទេ »

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ឆ្នាំង លោក សៅ ភារៈ មាន​ប្រសាសន៍​ថា កន្លង​ទៅ​មាន​អ្នក​ទោស​ចេញ​ពី​ពន្ធនាគារ​មួយ​ចំនួន ប្រាប់​លោក​ពី​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ក្នុង​ពន្ធនាគារ ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​នៅ​ពេល​នេះ​ដែរ។ លោក​ថា បើ​ការ​បង់​ថ្លៃ​ទឹក ឬ​ថ្លៃ​អគ្គិសនី​ដែល​ជា​បន្ទុក​របស់​រដ្ឋ ក្លាយ​ជា​បន្ទុក​អ្នក​ជាប់​ឃុំ​វិញ​នោះ វា​អាច​មាន​អំពើ​ពុក​រលួយ៖ « ការ​ឲ្យ​បង់​លុយ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​នេះ វា​ជា​ការ​កេង​ប្រវ័ញ្ច​ពី​អ្នក​ទោស ឬ​ក្រុម​គ្រួសារ​អ្នក​ទោស។ ហើយ​មួយ​ទៀត​អាច​នឹង​មាន​ការ​កិបកេង​ថវិកា​របស់​រដ្ឋ ដែល​សម្រាប់​ចំណាយ​ទៅ​លើ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ហ្នឹង។ អ៊ីចឹង​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​បញ្ហា​ហ្នឹង »

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ពន្ធនាគារ លោក ពៅ វុទ្ធី ច្រាន​ចោល​ទាំងស្រុង​ចំពោះ​ការ​ចោទ​ថា​មាន​អំពើ​ពុក​រលួយ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​ចង្អៀត​លំបាក​រស់នៅ​បន្តិច ព្រោះ​មាន​មនុស្ស​ចំនួន ៥៤០​នាក់​កំពុង​ជាប់​ឃុំ។ លោក​ថា ស្ថានភាព​លំបាក​នេះ នឹង​ត្រូវ​បាន​ដោះស្រាយ ដោយ​អាជ្ញាធរ​កំពុង​សិក្សា​គម្រោង​ធ្វើ​ពន្ធនាគារ​ថ្មី​លើ​ផ្ទៃដី​ប្រមាណ ១០​ហិកតារ ឋិត​នៅ​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។