អាណាព្យាបាលសិស្ស និងបុគ្គលិកសាលាបង្រៀនភាសាអង់គ្លេសឈ្មោះ អាមេរិកខិន ប្រីដ ស្គូល (American Bridge School) បាននាំគ្នាផ្ដិតមេដៃប្ដឹងគណៈគ្រប់គ្រងនាយកសាលា ទៅមន្ទីរអប់រំខេត្តកណ្ដាល ឲ្យទទួលខុសត្រូវចំពោះការបិទទ្វារសាលា និងមិនបើកប្រាក់ខែឲ្យបុគ្គលិក។
លោក ជា ម៉ុន នាយកប្រតិបត្តិនៃសាលាអាមេរិកខិន ប្រីដ ស្គូល ដែលអះអាងថា អ្នកទទួលខុសត្រូវការងារបច្ចេកទេសបង្រៀន បានឲ្យដឹងនៅថ្ងៃទី២៣ មេសា ថា មានអាណាព្យាបាលសិស្សប្រមាណជាង ១០០នាក់ហើយដែលបានមកផ្ដិតមេដៃជាមួយបុគ្គលិកសាលាចំនួន ១៦នាក់ ដើម្បីប្ដឹងគណៈគ្រប់គ្រងសាលាចំនួន ៤នាក់ ឲ្យចូលខ្លួនមកដោះស្រាយបញ្ហា គឺមានឈ្មោះ បាន ដេត ជានាយកសាលា ឯម សុវណ្ណ ជាទីប្រឹក្សា រី គេន ប្រធានហិរញ្ញវត្ថុ និងឈ្មោះ ឃុន រតនា ប្រធានទីផ្សារ។
លោកថា បញ្ហានោះគឺត្រង់ថា អ្នកគ្រប់គ្រងមិនបើកប្រាក់ខែឲ្យគ្រូបង្រៀន និងបុគ្គលិករដ្ឋបាលដែលក្នុងនោះមានគ្រូបរទេស ២នាក់ដែរ។ លោកបញ្ជាក់ថា គណៈគ្រប់គ្រងទាំងនេះបានចាប់ផ្ដើមលែងមកសាលាតាំងពីដើមខែមេសា មក ហើយធ្វើអ្វីៗតាមរយៈការនិយាយតាមទូរស័ព្ទប៉ុណ្ណោះ៖ «សន្យាពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យយើងអស់ទឹកចិត្តហ្មង ទទួលតែការសោកស្ដាយ ទទួលតែការបោកប្រាស់ជាក់ស្ដែង អ្នកបើកប្រាក់ខែហ្នឹងអត់មកទទួលខុសត្រូវ ឈ្មោះ បាន ដេត បានអីហ្នឹង តាំងពីឈ្មោះ រី គេន អីហ្នឹង គឺអត់មកដោះស្រាយប្រាក់ខែឲ្យគ្នាយើងទេ»។
លោក ជា ម៉ុន បានបន្តថា សាលានេះមានសិស្សជាង ២៤០នាក់ ដែលបានចុះឈ្មោះរៀនភាសាអង់គ្លេសកម្រិតថ្នាក់មត្តេយ្យ និងថ្នាក់បឋម។ សិស្សម្នាក់បង់ ២៧០ដុល្លារ សម្រាប់រៀនរយៈពេល ១ឆ្នាំ បើគិតជាទឹកប្រាក់ដែលសិស្សបានបង់ទៅសាលា សរុបប្រហែលជាជាង ៦ម៉ឺនដុល្លារ។
អាណាព្យាបាលសិស្សមួយរូប គឺលោក ខេង ផល ជាពលរដ្ឋរស់នៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានថ្លែងថា លោកបានបង់លុយថ្លៃសាលាឲ្យកូនពីរនាក់ ម្នាក់ ២៧០ដុល្លារ សម្រាប់រៀនរយៈពេល ១ឆ្នាំ កាលពីដើមឆ្នាំ២០១៣ ប៉ុន្តែសាលានេះបានបង្រៀនកូនគាត់ទើបបាន ៣ខែប៉ុណ្ណោះ ស្រាប់គ្រូលែងមកបង្រៀន។
លោកបានបន្តថា ក្រៅអំពីការខាតបង់ថ្លៃបង់សាលាកូននេះ គាត់គឺជាម្ចាស់ស្ថានីយប្រេងឥន្ធនៈដែលសាលាតែងតែចាក់ប្រេងរថយន្តដឹកសិស្សបណ្ដាក់ជារៀងរាល់ខែ ហើយមិនទាន់ប្រគល់លុយសងគាត់ទេ ព្រោះនាយកសាលានេះបានលើកពេលណាត់ជួបទទួលលុយរហូត ហើយរហូតមកដល់ពេលនេះ ទូរស័ព្ទក៏ហៅមិនចូលដែរ៖ «ចូលភ្លាមបង់អស់ហ្មង កូនពីរនាក់។ ហើយខ្ញុំជាម្ចាស់ស្ថានីយប្រេងចាក់ប្រេងឲ្យសាលាហ្នឹងទៀតណា លុយប្រេងហ្នឹងក៏គាត់បោកខ្ញុំទៅដែរអស់ ៣ពាន់ជាងដុល្លារ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងគណៈគ្រប់គ្រងសាលាអាមេរិកខិន ប្រីដ ស្គូល ដែលរងការចោទប្រកាន់នោះបានទេ នៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៣ ដោយសារទូរស័ព្ទទាំងអស់ត្រូវបានបិទ។
ទាក់ទងបញ្ហានេះ អភិបាលរងស្រុកមុខកំពូល លោក យ៉ិន សម មានប្រសាសន៍ថា លោកនឹងដោះស្រាយតាមផ្លូវច្បាប់នៅពេលដែលពាក្យបណ្ដឹងនោះមកដល់អាជ្ញាធរស្រុក៖ «មកដល់ពេលនេះ ខ្ញុំមិនទាន់បានដឹងនៅឡើយទេ ឬក៏ដាក់ពាក្យបណ្ដឹងនៅឃុំក៏មិនដឹង ចាំមើលខ្ញុំឆែកទៅឃុំមើល»។
បុគ្គលិកគ្រប់គ្រងបច្ចេកទេសបង្រៀនរបស់សាលាអាមេរិកខិន ប្រីដ ស្គូល បានឲ្យដឹងទៀតថា ក្នុងពេលដំណើរការសាលានៅស្រុកមុខកំពូល នេះ សាលានេះបានបំបែកសាខាចំនួន៤ ក្នុងខេត្តកណ្ដាល គឺមានសាខាស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល សាខាស្រុកល្វាឯម និងស្រុកស្វាយជ្រំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
