ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ ឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំមាននិស្សិតកម្ពុជា ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅតែប្រឈមនឹងភាពអត់ការងារធ្វើ។ បញ្ហានេះ បណ្ដាលមកពីនិស្សិតភាគច្រើន នាំគ្នារៀនតែមុខជំនាញសេដ្ឋកិច្ច និងធុរកិច្ច មិនសូវចាប់អារម្មណ៍រៀនជំនាញបច្ចេកទេស។ ទន្ទឹមគ្នានេះ អ្នកជំនាញអប់រំ បានផ្តល់អនុសាសន៍ ៥ចំណុចដល់សិស្សបាក់ឌុប ដើម្បីគេចចេញពីភាពអត់ការងារធ្វើក្រោយបញ្ចប់ការសិក្សា។
អ្នកជំនាញខាងអប់រំ លើកឡើងថា ដើម្បីកាត់បន្ថយនូវភាពមិនស៊ីសង្វាក់គ្នារវាងការអប់រំ និងតម្រូវការការងារ ចាំបាច់ត្រូវផ្ដើមចេញពីការសម្រេចចិត្តរបស់សិស្សជ្រើសរើសមុខវិជ្ជា ឬសិក្សាជំនាញបានត្រឹមត្រូវ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី "យុវជន ការអប់រំ និងការងារ" ប្រចាំឆ្នាំ២០១៥ ដែលរៀបចំឡើងនាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា ស៊ី.ជេ.ស៊ី.ស៊ី (CJCC) កាលពីព្រឹកថ្ងៃទី២៧ ខែសីហា។ កម្មវិធីនេះ មានគោលបំណងផ្តល់ចំណេះដឹងដល់សិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬហៅថាបាក់ឌុប ដើម្បីរៀបចំដំណើរជីវិតឲ្យបានត្រឹមត្រូវ។
ថ្លែងទៅកាន់អ្នកចូលរួមជិត ៤០០នាក់ ប្រធានមជ្ឈមណ្ឌលផ្លាស់ប្ដូរផ្នត់គំនិត និងសហគ្រិន លោក គុណ វិជ្ជា មានប្រសាសន៍ថា បញ្ហាប្រឈមដែលជះឥទ្ធិពលដល់ឱកាសការងាររបស់សិស្ស ភាគច្រើនមកពីការជ្រើសរើសមុខជំនាញ ឬមុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យមិនបានត្រឹមត្រូវ។ លោកបន្តថា បញ្ហានេះបណ្ដាលមកពីកង្វះព័ត៌មាន កត្តាអូសទាញពីក្រុមគ្រួសារ និងសង្គម កត្តាខ្លួនឯងមិនដឹងពីទេពកោសល្យ ឬចំណង់ចំណូលចិត្តរបស់ខ្លួនពិតប្រាកដ។ ជាងនេះទៀត លោកថា នៅពេលសិស្សសម្រេចចិត្តសិក្សាជំនាញ ឬមុខវិជ្ជានៅសាកលវិទ្យាល័យ មិនស៊ីសង្វាក់នឹងទេពកោសល្យកំណើត និងចំណង់ចំណូលចិត្តរបស់ខ្លួន វាមិនត្រឹមតែរក្សាកំណើននិស្សិតអត់ការងារធ្វើប៉ុណ្ណោះទេ វានឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចផងដែរ៖ «នៅពេលពួកគាត់ជ្រើសមុខជំនាញសិក្សាខុស គាត់នឹងសោកស្ដាយ គាត់មានវិប្បដិសារី គាត់មិនអាចបញ្ចេញសមត្ថភាពដុងរបស់ខ្លួន ខាតពេលវេលា ចឹងនៅពេលដែលគាត់មិនពេញចិត្ត គាត់នឹងមិនទទួលបានផលប្រយោជន៍ច្រើននោះដែរ»។
អ្នកជំនាញខាងអប់រំរូបនេះ បានផ្តល់អនុសាសន៍ ៥ចំណុចដល់សិស្សបាក់ឌុប ដើម្បីងាយស្រួលជ្រើសរើសមុខវិជ្ជាបានត្រឹមត្រូវ និងគេចចេញពីភាពអត់ការងារធ្វើក្រោយបញ្ចប់ការសិក្សា គឺសិស្សចាំបាច់ត្រូវដឹងឲ្យច្បាស់ពីចំណូលចិត្ត ទេពកោសល្យពីកំណើត ផែនការជីវិត តម្រូវការទីផ្សារការងារ និងស្វែងយល់ពីមនុស្សជុំវិញខ្លួនផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់។
ចំណែកយុវជនដែលទើបបញ្ចប់ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៥ នេះ យុវជន ចក់ សុងឈៀង មកពីវិទ្យាល័យទួលទំពូង បាននិយាយថា កម្មវិធីនេះល្អសម្រាប់សិស្សវិទ្យាល័យ ព្រោះបានស្វែងយល់ពីបញ្ហាប្រឈមរបស់សិស្ស និងស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុន។ យុវជន ចក់ សុងឈៀង បានឲ្យដឹងថា លោកបានជ្រើសរើសមុខវិជ្ជាអក្សរសាស្ត្រអង់គ្លេស ព្រោះជាមុខវិជ្ជាត្រូវនឹងចំណង់ចំណូលចិត្ត និងទេពកោសល្យពីកំណើតរបស់ខ្លួន៖ «សិក្ខាសាលានេះផ្តល់ឱកាសឲ្យខ្ញុំដឹងពីតម្រូវការទីផ្សារការងារ ដើម្បីឲ្យខ្ញុំអាចត្រៀមខ្លួនជាមុន មុនឈានទៅសម្រេចបានឱកាសការងារនៅថ្ងៃអនាគត»។
ជាសិស្សទើបបញ្ចប់ប្រឡងបាក់ឌុបម្នាក់ទៀត កញ្ញា ហៀង សាវហ្គេច មកពីវិទ្យាល័យសន្ធរមុខ បាននិយាយដែរថា កន្លងមកកញ្ញាតែងតែពិបាកបែងចែកឲ្យច្បាស់រវាងចំណង់ចំណូលចិត្ត និងទេពកោសល្យពីកំណើត ដែលជាបញ្ហាប្រឈមក្នុងការជ្រើសមុខវិជ្ជាសិក្សា។ កញ្ញាថា ក្រោយបទបង្ហាញពីអ្នកជំនាញខាងអប់រំរួចមក កញ្ញាយល់ច្បាស់ពីគម្រោងការជីវិត ដើម្បីឈានទៅប្រកួតប្រជែងទីផ្សារអាស៊ាន។ កញ្ញាជំរុញឲ្យសិស្សដែលមិនចូលរួមកម្មវិធីនេះ ត្រូវតែស្វែងយល់ពីខ្លួនឯងឲ្យច្បាស់ មុននឹងសម្រេចចិត្តសិក្សាមុខវិជ្ជាណាមួយ៖ «ដំបូងឡើយខ្ញុំមានការលំបាក តែនៅពេលខ្ញុំបានចូលរួមសិក្ខាសាលា ធ្វើខ្ញុំយល់ពីខ្លួនឯងច្បាស់ ថាវាអ្វីទៅដុង និងចំណង់ចំណូលចិត្ត ចឹងខ្ញុំនឹងខិតខំរៀនបន្ត ដើម្បីក្តីស្រមៃរបស់ខ្ញុំដែលចង់ក្លាយជាវេជ្ជបណ្ឌិតម្នាក់»។
សិក្ខាសាលាស្ដីពី "យុវជន ការអប់រំ និងការងារ" ប្រចាំឆ្នាំ២០១៥ ដែលមានរយៈពេល ៣ថ្ងៃ ក្រៅពីផ្តល់ឱកាសឲ្យសិស្សជួបអ្នកជំនាញខាងអប់រំ បទបង្ហាញពីបទពិសោធន៍របស់សិស្សច្បង។ សិក្ខាសាលានេះ ក៏មានទស្សនកិច្ចសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យ និងបណ្ដាក្រុមហ៊ុន ព្រមទាំងមានការធ្វើតេស្តសមត្ថភាពពីកំណើត (ដុង) របស់សិស្ស ដើម្បីវាយតម្លៃលើទេពកោសល្យកំណើតរបស់សិស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
