តារាសម្ដែងខ្មែរម្នាក់ដែលកំពុងប្រលូកខ្លាំងក្នុងផលិតកម្មភាពយន្តបរទេស បានបង្ហាញភាពប្ដេជ្ញាចិត្តរបស់ខ្លួនថា នឹងប្រឹងប្រែងក្នុងការជួយជ្រោមជ្រែងដល់ការសិក្សារបស់កុមារក្រីក្រតាមជនបទ និងការស្វែងរកលទ្ធភាពដើម្បីផ្តល់ទឹកស្អាតដល់អ្នកស្រុកដែលកំពុងខ្វះខាត។
តារាភាពយន្ត គឺលោក សាវិន ហ្វីលីព មានប្រសាសន៍ថា កត្តាចម្បងបំផុតចំពោះមុខសម្រាប់ពលរដ្ឋក្រីក្រតាមជនបទនៅពេលនេះ គឺភាពខ្វះទឹកស្អាតប្រើប្រាស់។ លោកជឿថា មានតែទឹក និងលទ្ធភាពនៃការសិក្សារបស់សិស្សប៉ុណ្ណោះទេ ដែលអាចជួយសហគមន៍ឲ្យមានភាពលូតលាស់ទៅមុខបាន។
សកម្មភាពមនុស្សធម៌របស់លោក កើតចេញពីក្តីអាណិតក្តីមេត្តា និងការចង់ឃើញវឌ្ឍនភាពមួយត្រូវបានកកើតឡើងដោយការរស់នៅដ៏សុខដុមរមនា។
លោក សាវិន ហ្វីលីព បន្តថា កិច្ចខំប្រឹងប្រែងជួយជនក្រីក្រតាមរយៈមូលនិធិរបស់លោកឈ្មោះ សាវិនកម្ពុជា នោះ គឺកាន់តែពុះកញ្ជ្រោលថែមទៀត ក្រោយពីជីដូនរបស់លោកបានផ្ដាំមុនពេលលាចាកពីលោកនេះទៅថា លោកចង់អោយកុមារ និងពលរដ្ឋក្នុងស្រុកសំរោង ខេត្តតាកែវ មានទឹកស្អាតគ្រប់គ្រាន់ប្រើប្រាស់៖ «នៅឆ្នាំមុននៅពេលដែលខ្ញុំទៅលេងស្រុកកំណើតជីដូនរបស់ខ្ញុំ ក្នុងស្រុកសំរោង ខេត្តតាកែវ នោះ ឃើញក្មេងវាអត់មានទឹកប្រើ។ ខ្ញុំឃើញក្មេងវាជិះដឹកប៊ីដុងទឹកពីស្ទឹងចម្ងាយ ៧ ទៅ ៨គីឡូម៉ែត្រពីផ្ទះ។ វាកើតចេញពីការអាណិត ដោយខ្ញុំគិតថា ត្រូវធ្វើអីមួយហើយ ហើយយាយរបស់ខ្ញុំនិយាយថា បើសិនជាយាយស្លាប់ទៅ ចៅឯងត្រូវជួយក្មេងក្នុងភូមិនេះផង ព្រោះពួកគេក្រណាស់ ព្រោះស្រុកសំរោង នោះក្រមែនទែន។ ពេលត្រឡប់មកផ្ទះវិញ ខ្ញុំចាប់ផ្ដើមគិតស្រាវជ្រាវតាមវែបសាយ (Website) មើល ហើយខ្ញុំគិតថា មានតែទឹកទេដែលអាចជួយក្មេងនោះបាន។ ហើយពេលនោះ ខ្ញុំចាប់ផ្ដើមនិយាយជាមួយមិត្តភ័ក្ដិរបស់ខ្ញុំនៅបរទេស ហើយក៏ចាប់បង្កើតមូលនិធិនេះឡើង»។
ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់បច្ចុប្បន្ននេះ គម្រោងមនុស្សធម៌របស់លោកដែលមានការជួយជ្រោមជ្រែងពីមិត្តភ័ក្ដិនៅឯបរទេសខ្លះ និងពីតារាសម្ដែងខ្មែរខ្លះនោះ បានកសាងអណ្ដូងទឹកស្អាតចំនួនជាង ៨០អណ្ដូង ទាំងក្នុងស្រុកសំរោង ខេត្តតាកែវ និងខេត្តសៀមរាប។
លោក សាវីន ហ្វីលីព អាយុ ៤៣ឆ្នាំ ជាកូនកំព្រាឪពុកតាំងពីកំណើត ហើយរីឯប្អូនប្រុស និងប្អូនស្រីរបស់លោក បានស្លាប់ក្នុងរបបខ្មែរក្រហម។ លោកបានបញ្ចប់បរិញ្ញាបត្រខាងផ្នែកសាលាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ១៩៩៤។ បន្ទាប់ពីរៀនចប់ហើយ លោកធ្វើការជាអ្នកអូសវ៉ាលិសឲ្យភ្ញៀវនៅតាមសណ្ឋាគារ ហើយក្រោយមកលោកបានក្លាយជាអ្នកគ្រប់គ្រងក្នុងសណ្ឋាគារល្បីៗ រួមមានសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) សណ្ឋាគារ ឡឺ រូយ៉ាល់ (Le Royal) និងសណ្ឋាគារឯករាជ្យ ឬហៅថាសណ្ឋាគារ ៧ជាន់ក្នុងខេត្តព្រះសីហនុ។ លោក សាវីន ហ្វីលីព ឲ្យដឹងថា ក្រៅពីជីវិតជាអ្នកធ្វើការតាមសណ្ឋាគារកាលពីឆ្នាំ១៩៩៤ នោះ នៅថ្ងៃសម្រាកម្តងៗ លោកក៏បានចូលប្រលូកខ្លះដែរក្នុងវិស័យភាពយន្ត ខណៈភាពយន្តខ្មែរនាសម័យនោះមានការពេញនិយមខ្លាំងពីទស្សនិកជន។
ដោយកម្ពុជា នៅពេលនោះមិនមានសាលាបង្ហាត់អំពីការសម្ដែងកុន លោក ហ្វីលីព បានហក់ចូលសម្ដែងភាពយន្តឆៅតែម្តង ហើយរឿងដំបូងដែលលោកបានសម្ដែងនោះរួមមាន រឿងថ្ងៃដែលរង់ចាំ រឿងស្អប់ៗ រឿងភ្នំទាបជាងស្មៅ និងរឿងផ្សេងៗមួយចំនួនទៀត។ ប៉ុន្តែនៅឆ្នាំ១៩៩៦ ជីវិតជាអ្នកសិល្បៈរបស់លោកបានបាត់រលត់ទៅមួយរយៈ។ ហើយលោកបានចាប់ផ្ដើមប្រលូកក្នុងវិស័យភាពយន្តនេះសាជាថ្មីនៅឆ្នាំ២០១៣ នៅពេលមានផលិតកម្មបរទេសមួយចាប់ផ្ដើមថតខ្សែភាពយន្តខ្នាតធំដែលមានចំណងជើងថា ហនុមាន ជាខ្សែភាពយន្តដែលបង្ហាញពីតថភាពពិតក្នុងសង្គមខ្មែរ។
លោក ហ្វីលីព ថ្លែងថា ការសម្រេចចូលថតខ្សែភាពយន្តជាថ្មីរបស់លោកនេះ គឺស្របពេលដែលភាពយន្តរបស់ខ្មែរចាប់ផ្ដើមមានទីផ្សារតិចតួចឡើងវិញ៖ «ខ្ញុំសម្រេចចិត្តថត ពីព្រោះថាស្រុកខ្មែរឥឡូវមានរោងកុនដែលមានតម្លៃ ៥លានដុល្លារសហរដ្ឋអាមេរិកនៅផ្សារ អ៊ីអន (AEON) ហើយណាមួយខ្សែភាពយន្តនេះគេនិយាយអំពីក្បាច់ល្បុក្កតោ និងការសងសឹក ព្រោះភាពយន្តគេនឹងយកទៅបញ្ចាំងនៅតំបន់អាស៊ី និងសហរដ្ឋអាមេរិក។ អ៊ីចឹង ខ្ញុំគិតថា គួរតែបង្ហាញមុខម្តងទៀតអ៊ីចឹងដែរ ហើយក្រៅថតខ្សែភាពយន្តនេះ ខ្ញុំក៏បានថតរឿង រនាតស្នេហ៍ នឹងបញ្ចាំងនៅក្នុងខែមីនា ហើយរឿងមួយទៀត គឺរឿង ភ្លើង ដែលថតចប់ហើយ ហើយមួយទៀតថតរឿង បួនថ្ងៃក្រោយបែកទីក្រុងភ្នំពេញ ឬ Before the Fall»។
ងាកមកការងារមនុស្សធម៌វិញ លោក ហ្វីលីព មានប្រសាសន៍ថា ដោយសារការចំណាយពេលវេលាជាច្រើនខាងការងារផ្នែកសណ្ឋាគារ និងវិស័យភាពយន្តច្រើនពេក លោកក៏បានឆ្លៀតឱកាសធ្វើការងារសុឆន្ទៈខ្លះៗ ក្នុងការជួយជ្រោមជ្រែងបញ្ហាសង្គម។ លោកមានប្រសាសន៍ថា ក្រៅពីការជីកអណ្ដូងជូនពលរដ្ឋ លោកក៏បានស្វះស្វែងចែកសម្ភារៈសិក្សាខ្លះដល់សិស្សានុសិស្សមួយចំនួន ក្នុងខេត្តសៀមរាប ខណៈសិស្សក្រីក្រជាច្រើនក្នុងខេត្តនេះ កំពុងខ្វះខាតខាងផ្នែកអប់រំជាច្រើន រួមទាំងសាលារៀនផងដែរ៖ «ក្រៅពីជីកអណ្ដូង គឺយើងបានចែកសៀវភៅដល់សិស្សរួមមាន ប៊ិច និងខ្មៅដៃផងដែរដល់សិស្សនៅក្នុងសហគមន៍ និយាយទៅដូចជានៅសាលាបដាក និងសាលាត្រពាំងពោធិ៍ ជាដើម។ និយាយទៅខ្ញុំចេះតែមានចិត្តមួយអាណិតក្មេង ដោយសារខ្ញុំរស់នៅដោយអត់ឪពុកតាំងពីក្មេងមកម្ល៉េះ ដោយសារឪពុកត្រូវ ប៉ុល ពត សម្លាប់។ ឆ្នាំ១៩៧៥ ហ្នឹង គេយកគាត់ទៅបាត់តែម្តង។ អ៊ីចឹងខ្ញុំរាល់ថ្ងៃរស់អត់ដែលឃើញមុខឪពុកយ៉ាងម៉េចទេ។ ដូច្នេះឃើញក្មេងក្រ ចេះតែអាណិត»។
ពលរដ្ឋខេត្តសៀមរាប ខ្លះនិយាយថា លោក ហ្វីលីព ជាមនុស្សរួសរាយរាក់ទាក់មិនប្រកាន់ខ្លួន ហើយចូលចិត្តចង់ដឹងសុខទុក្ខរបស់អ្នកក្រ។
អ្នកស្រី គង់ ចន្ថា ដែលជានាយិកានៃសាលាបឋមសិក្សាតាកោះ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្ដែងក្តីសប្បាយរីករាយថា សិស្សានុសិស្សក្នុងសាលារបស់អ្នកស្រី និងពលរដ្ឋក្នុងភូមិទាំងអស់ មានភាពត្រេកអរចំពោះការទទួលបានអណ្ដូងទឹកស្អាតប្រើប្រាស់ ព្រមទាំងសម្ភារៈសិក្សាមួយចំនួនពីមូលនិធិ សាវិនកម្ពុជា៖ «គាត់រាក់ទាក់ ហើយមានក្មេងចូលរួមច្រើននៅក្នុងសកម្មភាពហ្នឹង សប្បាយចិត្ត។ គាត់ចែកជាសៀវភៅខ្មៅដៃ ហើយ និងមីកញ្ចប់ក្នុង សកម្មភាពមនុស្សធម៌ដែលបានដាក់អណ្ដូងឲ្យសាលាយើងខ្ញុំ ហើយនាងខ្ញុំសប្បាយចិត្តណាស់ដែលមានទឹកក្នុងការប្រើប្រាស់សម្រាប់ស្រោចដំណាំ សម្រាប់ចម្អិន និងការលាងសម្អាតខ្លួន»។
អ្នកស្រីក៏បានអំពាវនាវដល់សប្បុរសជននានា អោយជួយបង្កើតបណ្ណាល័យសម្រាប់ការអាន និងការស្រាវជ្រាវរបស់សិស្ស ព្រមទាំងធ្វើផ្លូវលំមួយខ្សែចូលទៅកាន់សាលានេះ ដើម្បីអាចឲ្យសិស្សធ្វើដំណើរទៅរៀនសូត្របានងាយ។
ចំណែក លោក ឃុត សាន ដែលជានាយកសាលាបឋមសិក្សា ជើង គួន ឋិតក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ឯណោះវិញថ្លែងថា សាលារបស់លោកបានទទួលអណ្ដូងទឹកចំនួនពីរ សម្រាប់ទុកឲ្យអ្នកភូមិ និងសិស្សានុសិស្សប្រើប្រាស់ប្រចាំថ្ងៃ។ លោក ឃុត សាន ក៏បានសម្ដែងអំណរគុណចំពោះអណ្ដូងស្នប់ទាំងនេះ ដែលកំពុងធ្វើឲ្យមានការផ្លាស់ប្ដូរដល់ការរស់នៅប្រចាំថ្ងៃ៖ «វាមានការខុសប្លែកច្រើនដែរពីមុនមក យើងពិបាកដែលមានទឹកមិនល្អ។ អ៊ីចឹងគ្រាន់តែថាការខុសប្លែករបស់គាត់ គឺគាត់មានការសប្បាយចិត្តដោយបានមានទឹកប្រើប្រាស់ និងបរិភោគ ហើយកូនសិស្សក៏បានទទួលទាន។ កាលពីមុនមកកូនសិស្សមានដបទឹក ខ្លះដាំ ខ្លះយកពីផ្ទះ។ ដល់ពេលឥឡូវនេះ អ្នកដែលមិនបានដាំទឹក គាត់ក៏អាចយកដបផ្ទេរពីអណ្ដូង ដាក់ក្នុងធុងមក ដើម្បីចម្រោះឲ្យសិស្សបានហូប»។
ជាមួយគ្នានេះដែរ ការងារមនុស្សធម៌ គឺជាអាទិភាពទីមួយសម្រាប់ លោក ហ្វីលីព ដែលលោកនឹងបន្តធ្វើការងារនេះជាមួយអង្គការក្នុងស្រុកមួយប្រចាំខេត្តសៀមរាប ឈ្មោះថា សុបិនកុមារកម្ពុជា ហើយលោកប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងស្វែងរកជំនួយមនុស្សធម៌ពីតាមបណ្ដាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជាច្រើនទៀត ដើម្បីឧបត្ថម្ភដល់អង្គការមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
