ជីវិត​ស្ត្រី​ទុរគត​ម្នាក់​មាន​ផ្ទៃពោះ​ដែល​ទើប​ត្រឡប់​ពី​ធ្វើ​ការ​នៅ​ថៃ

0:00 / 0:00

ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់ ដែល​ធំ​ដឹង​ក្តី​ឡើង​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ហើយ​ក្រោយ​មក​បាន​ទៅ​រស់នៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បាន​មួយ​រយៈ គឺ​មិន​មាន​ផ្ទះ​សម្បែង មិន​ដឹង​ស្រុក​កំណើត​របស់​ខ្លួន។ ក្រោយ​ពេល​ថៃ បញ្ជូន​ពលករ​ខុស​ច្បាប់​មក​ស្រុក​ខ្មែរ​វិញ​នោះ គាត់​ត្រូវ​សុំ​ផ្ទះ​ពលករ​នៅ​ស្រុក​ត្បូងឃ្មុំ ដែល​ស្គាល់​គ្នា​នៅ​ប្រទេស​ថៃ ដើម្បី​ស្នាក់​នៅ​បណ្ដោះអាសន្ន ទម្រាំ​កូន​របស់​គាត់​សម្រាល​រួច។

តើ​ខ្សែ​ជីវិត​របស់​ស្ត្រី​កំព្រា​វិល​មក​ពី​ប្រទេស​ថៃ មាន​ស្ថានភាព​លំបាក​បែប​ណា?

បន្ទាប់​ពី​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​មក​កម្ពុជា កាល​ពី​ខែ​មិថុនា ធ្វើ​ឱ្យ​ពលករ​មួយ​ចំនួន​ត្រូវ​ស្លាប់ និង​របួស ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ពេល​ធ្វើ​ដំណើរ​មក។ ហើយ​ក៏​មាន​ពលករ​ខ្លះ​ទៀត ត្រូវ​បាត់​ដំណឹង​ប្តីសី​របស់​ខ្លួន នៅ​គ្រា​ដែល​បញ្ជូន​មក​នោះ​ដែរ។

តួយ៉ាង​ដូច​ជា​ស្ត្រី​ម្នាក់ បច្ចុប្បន្ន​រស់នៅ​បណ្ដោះអាសន្ន​នៅ​ឃុំ​ថ្មពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ អ្នកស្រី មិន ចន្ធូ មិន​ដឹង​ថា ប្ដី​របស់​ខ្លួន​ដែល​ទើប​នឹង​រស់នៅ​ជាមួយ​គ្នា​នៅ​ប្រទេស​ថៃ បាន​ប្រមាណ​ជិត ១​ឆ្នាំ​នោះ​ទៅ​នៅ​ឯណា​ទេ ពីព្រោះ​អ្នកស្រី​មិន​បាន​ស្គាល់​ស្រុក​កំណើត​របស់​ប្ដី​ខ្លួន ហើយ​ម្យ៉ាង​អ្នកស្រី​ក៏​មិន​មាន​សាច់ញាតិ​នោះ​ឡើយ។

សម្បុរ​សណ្តែកបាយ អង្គុយ​លើ​កៅអី​ជ័រ​ប្រកប​ដោយ​ទឹក​មុខ​ស្រពាប់​ស្រពោន អាវ​រលុងៗ សម​ជា​មនុស្ស​មាន​ផ្ទៃពោះ រួម​ជាមួយ​និង​សម្ដី​និយាយ​ច្បាស់ៗ​នោះ អ្នកស្រី មិន ចន្ធូ បាន​រៀបរាប់​ប្រាប់​ពី​ខ្សែ​ជីវិត​របស់​ខ្លួន​ថា ឈ្មោះ ចន្ធូ និង​អាយុ​ដែល​អ្នកស្រី​អះអាង​ថា​មាន​អាយុ ២៤​ឆ្នាំ​នោះ គឺ​ឈ្មោះ និង​អាយុ​ដែល​មណ្ឌល​កុមារ​កំព្រា ហាហ្គា (HAGAR) បាន​ដាក់​ឱ្យ​កាល​ពី​ជិត ២០​ឆ្នាំ​មុន។ ចន្ធូ រំឭក​ថា មុន​ពេល​គាត់​បាន​មក​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ហាហ្គា នោះ​ដែរ បច្ចុប្បន្ន​មណ្ឌល​កុមារ​កំព្រា​មួយ​នេះ​មិន​ដំណើរ​ការ​ទៀត​ឡើយ។ ចន្ធូ គឺ​ជា​កុមារី​ម្នាក់​រស់នៅ​ឯ​ជាយ​ដែន​ថៃ ធ្វើ​អ្នក​សុំ​ទាន​ដោយ​មិន​ដឹង​ឪពុក​ម្តាយ សាច់សាលោហិត​របស់​ខ្លួន​នៅ​ឯណា​ឡើយ។ ក្រោយ​មក មណ្ឌល​កុមារ​កំព្រា​នេះ បាន​ប្រមូល​ក្មេងៗ​ដែល​មិន​មាន​ទីពឹង​មក​ចិញ្ចឹម និង​ផ្តល់​ការ​សិក្សា​ខ្លះ​នៅ​ក្នុង​មណ្ឌល គឺ ចន្ធូ មិន​បាន​ទៅ​រៀន​សូត្រ​នៅ​សាលា​ដូច​គេ​ឯង​ឡើយ។

អ្នកស្រី មិន ចន្ធូ៖ «មុន​អង្គការ​យក​ខ្ញុំ​មក គ្រាន់​តែ​ខ្ញុំ​ដឹង​ក្តី​មក ខ្ញុំ​សុំ​ទាន​គេ​នៅ​ជាយ​ដែន​ថៃ ហើយ​ពេល​ហ្នឹង អង្គការ​គេ​ហ្នឹង​បាន​ទៅ​ប្រមូល​ក្មេងៗ​យក​មក​ចិញ្ចឹម។ អ៊ីចឹង​ទៅ ខ្ញុំ​បាន​មក​នៅ​ក្នុង​អង្គការ។ ហើយ​ក្រោយ​មក គេ​ជួយ​ត្រឹម​តែ​ពេល​យើង​មាន​ការងារ​ធ្វើ​ទេ យើង​អាច​ធ្វើ​ការ​បាន។ ដល់​ពេល​អ៊ីចឹង គេ​ឈប់​ជួយ​យើង​ហើយ»

រស់នៅ​ក្នុង​មណ្ឌល​បាន​ប្រហែល ២០​ឆ្នាំ ចន្ធូ ត្រូវ​ចាក​ចេញ​ពី​មណ្ឌល​បន្ទាប់​ពី​មណ្ឌល​មួយ​នេះ​អស់​ជំនួយ ហើយ​ត្រូវ​ស្វែងរក​ការងារ​ធ្វើ​នៅ​ខាង​ក្រៅ។ ចេញ​ពី​មណ្ឌល​មក​ធ្វើ​ការ​ជា​អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន​បាន​មួយ​រយៈ ក៏​ទទួល​ដំណឹង​តាម​រយៈ​មិត្តភក្ដិ​ថា នៅ​ស្រុក​ថៃ គេ​មាន​បង​ប្អូន​គេ​ធ្វើ​ការ​នៅ​ទីនោះ មាន​ការងារ​ធ្វើ​ច្រើន និង​ប្រាក់​ខែ​ច្រើន​ផង ក៏​នាង​សុំ​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែរ។ ទៅ​រស់នៅ​ប្រទេស​ថៃ បាន​មួយ​រយៈ ដោយ​ធ្វើ​ជា​កម្មករ​ចៀរ​ថង់​ស្អុយៗ ក៏​ស្គាល់​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ឈ្មោះ វ៉ា ប៉ុន្តែ​អ្នកស្រី​មិន​បាន​ដឹង​អំពី​ស្រុក​កំណើត​របស់​មនុស្ស​ប្រុស​នោះ​ទេ។ ក្រោយ​ពី​ស្គាល់​គ្នា​មក អ្នក​ទាំង​ពីរ​ក៏​បាន​សែន​ព្រាន​នៅ​ប្រទេស​ថៃ ដើម្បី​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ជាមួយ​គ្នា។

អ្នកស្រី​រៀបរាប់​ពី​ទុក្ខ​លំបាក​ជុំវិញ​ការ​រស់នៅ​ប្រទេស​ថៃ ថា មួយ​ថ្ងៃៗ​អ្នកស្រី​នៅ​តែ​ជាមួយ​សំរាម​ស្អុយ​រលួយ គ្មាន​សិទ្ធិ​សេរីភាព​ដើរ​ហើរ​សោះ​ឡើយ ពីព្រោះ​ខ្លួន​មិន​មាន​លិខិត​ឆ្លង​ដែន​ទេ៖ «ពេល​ទៅ​នៅ​ថៃ កាត់​អា​ថង់​ស្អុយ​ហ្នឹង ថង់​ហ្នឹង​សុទ្ធ​តែ​ដង្កូវ ហើយ​គេ​ឱ្យ​យើង​ធ្វើ​ការ បើ​អត់​ធ្វើ​គេ​អត់​ឱ្យ​លុយ​អ៊ីចឹង​ហ្អា។ វា​មាន​ផល​លំបាក ដោយសារ​យើង​អត់​មាន​សេរីភាព យើង​ដើរ​ទៅ​ណា​មក​ណា​អ៊ីចឹង​ទៅ អាច​តម្រួត​គេ​ចាប់​អ៊ីចឹង។ ហើយ​បើ​អ្នក​អត់​មាន​កម្លាំង​វិញ គឺ​ការងារ​ហ្នឹង​ត្រូវ​ការ​អ្នក​មាន​កម្លាំង​ខ្លាំង​ណាស់»

អ្នក​ទាំង​ពីរ​រស់នៅ​ជាមួយ​គ្នា​បាន​ប្រហែល ១​ឆ្នាំ រហូត​ដល់​មាន​ការ​បណ្ដេញ​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​កម្ពុជា នៅ​ខែ​មិថុនា យ៉ាង​គំហុក អ្នកស្រី និង​ប្ដី ក៏​ត្រូវ​បញ្ជូន​មក​ដែរ ប៉ុន្តែ​គ្រាន់​តែ​ប្ដី​របស់​អ្នកស្រី​មក​មុន ហើយ​អ្នកស្រី​មក​ជាមួយ​ពលករ​ផ្សេង​ទៀត​តាម​ក្រោយ។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា មក​ដល់​ព្រំដែន​ខ្មែរ​ថៃ បាត់​ដំណឹង​ប្ដី​តែ​ម្តង ដោយ​មិន​ដឹង​ថា​ប្ដី​នោះ​បោក​នាង ឬ​មួយ​ស្លាប់​យ៉ាង​ណា​នោះ​ទេ។ ចំណែក​អ្នកស្រី​វិញ ដោយ​មិន​មាន​ទីពឹង​នៅ​ទីណា​សោះ ហើយ​ម្យ៉ាង​ខ្លួន​មាន​ផ្ទៃពោះ​ទៀត ក៏​សុំ​ពលករ​ដែល​មក​ជាមួយ ដើម្បី​មក​ស្នាក់នៅ​បណ្ដោះអាសន្ន ទម្រាំ​ខ្លួន​សម្រាក​កូន​រួច។

មក​ដល់​ស្រុក​គេ ចន្ធូ ខិតខំ​រក​ការងារ​ដែល​ខ្លួន​អាច​ធ្វើ​បាន​គ្រប់​បែប​យ៉ាង ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត ប៉ុន្តែ​ឥឡូវ អ្នកស្រី​មិន​អាច​ធ្វើ​បាន​ទៀត​នោះ​ទេ ពីព្រោះ​កូន​ក្នុង​ផ្ទៃ​ជាង ៨​ខែ​ទៅ​ហើយ ហើយ​ម្យ៉ាង ម្ចាស់​ចម្ការ​ខ្លះ​គេ​មិន​ហ៊ាន​ទទួល​យក​អ្នកស្រី​ឱ្យ​ទៅ​ធ្វើ​ការ​ទៀត​នោះ​ទេ៖ «ខ្ញុំ​មក​ជាមួយ​អ៊ំ​គាត់ ធ្វើ​ការ​ជាមួយ​ខ្ញុំ​ដែរ គាត់​ឃើញ​ខ្ញុំ​កំព្រា​អ៊ីចឹង មិន​ដឹង​ទៅ​នៅ​កន្លែង​ណា គាត់​ឱ្យ​មក​នៅ​ផ្ទះ​គាត់​បណ្ដោះអាសន្ន។ អ៊ីចឹង ខ្ញុំ​មក​តាម​គាត់​ទៅ! មក​នៅ​បាន​ប្រហែល​ជា​ម៉ា​ខែ​ពីរ​ខែ។ ប្រកប​មុខ​របរ​អី​ទៅ​មក​ដល់​នេះ? ពេល​មក​ដល់​នេះ ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​ជម្រះ​ស្មៅ​ឱ្យ​គេ ដាំ​ដើម​ដំឡូង​ដាំ​អី​ឱ្យ​តែ​ការងារ ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំ​ព្យាយាម​ធ្វើ។ តែ​ឥឡូវ ខ្ញុំ​ធ្វើ​លែង​បាន​ហើយ ព្រោះ​អី​ពោះ​ខ្ញុំ​វា​ជិត​គ្រប់​ខែ​ហើយ»

អ្នកស្រី​និយាយ​ស្ទើរ​តែ​អស់​សង្ឃឹម​ទៀត​ថា បញ្ហា​ចំពោះ​មុខ​មិន​ដឹង​យ៉ាង​ណា​នោះ​ទេ លុយ​កាក់​ក៏​គ្មាន ឪពុក​របស់​កូន​ក្នុង​ផ្ទៃ​មិន​ដឹង​នៅ​ឯណា សម្រាល​កូន​មិន​ដឹង​ថា​បាន​នរណា​ជួយ ឪពុកម្ដាយ​សាច់ញាតិ​មិន​មាន​ដូច​គេ​ឯង ហើយ​ក្មេង​ដែល​នឹង​ឃើញ​ពន្លឺ​ថ្ងៃ​នៅ​ពេល​ឆាប់ៗ​នោះ មិន​ដឹង​ជា​មាន​វាសនា​យ៉ាង​ណា​នោះ​ឡើយ។

ម្ចាស់​ផ្ទះ​ដែល អ្នកស្រី មិន ចន្ធូ សុំ​ស្នាក់​អាស្រ័យ គឺ​នៅ​ភូមិ​ពើកចាស់ ឃុំ​ថ្មពេជ្រ អ្នកស្រី អោ ឡាត់ មាន​ប្រសាសន៍​ថា ការ​បន្ថែម​បន្ទុក​ម្នាក់​ទៀត ក៏​ជា​ការ​លំបាក​របស់​គ្រួសារ​អ្នកស្រី​ដែរ ពីព្រោះ​គ្រួសារ​អ្នកស្រី គឺ​ជា​គ្រួសារ​ក្រីក្រ ពេល​ខ្លះ​ស៊ី​ឈ្នួល​ជួល​ព័ទ្ធ​គេ ដើម្បី​បាន​កម្រៃ​ខ្លះ​មក​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​អ្នកស្រី​មិន​ដាច់​ចិត្ត​ឱ្យ​មនុស្ស​ដែល​គ្មាន​ទីពឹង​សោះ ចាក​ចេញ​ដោយ​គ្មាន​គោលដៅ​នោះ​ទេ៖ «វា​ទី​ទាល់​លុយ​ដែរ​ហ្នឹង​ខ្ញុំ​ហ្នឹង ស៊ី​ឈ្នួល​គេ​ដែរ។ ទៅ​ថា​ថ្ងៃ​ណា​ទំនេរ​ទៅ ស៊ី​ឈ្នួល​គេ​ទៅ ថ្ងៃ​ណា​រវល់​ធ្វើ​ការ​ខ្លួន​ឯង​ទៅ។ តែ​ឥឡូវ​ទឹក​លិច​អស់​ហើយ​ស្រែ​អី គ្មាន​ធ្វើ​អី​ទេ​ទាល់​តែ​ទឹក​ស្រក​វិញ។ គិត​ថា​ឱ្យ​គាត់​ស្នាក់​នៅ​ជាមួយ​បង​ឯង​ទៅ​មុខ​បន្ត​ទៀត ឬ​យ៉ាង​ម៉េច? ឱ្យ​ខ្ញុំ​ឱ្យ​នៅ​រហូត​ទៅ។ អើ​មិន​ដឹង​គ្នា​ទៅ​ណា បើ​អង្គការ​ជួយ​យក​ទៅ​ចិញ្ចឹម ក៏​យក​ទៅ បើ​គ្មាន​នរណា​ទីពឹង ខ្ញុំ​ចិញ្ចឹម​ទៀត​ទៅ​មុខ​ទៀត ចា៎»

ទាក់ទង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​នានា ឬ​ការ​ខ្វះ​ខាត​របស់​ពលករ​កម្ពុជា ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នោះ គឺ​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​មួយ​នេះ។ ចំណែក​សង្គម​ស៊ីវិល គ្រាន់​តែ​ជា​អ្នក​ជួយ​បំពេញ​នូវ​កង្វះ​ខាត និង​ពាំនាំ​នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​មិន​ដឹង ឱ្យ​ឮ​ដល់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ៖ «ជាទូទៅ អា​ហ្នឹង គឺ​ជា Obligation គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋ។ អ៊ីចឹង បើ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​អី ត្រូវ​តែ​ជម្រាប​ជូន​ទៅ​ស្ថាប័ន​រដ្ឋ ទៅ​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ស្នើសុំ​ការ​ជួយ​អន្តរាគមន៍ ពីព្រោះ​បើ​គ្នា​អស់​លទ្ធភាព​ហើយ ឱ្យ​គ្នា​ទៅ​ពឹង​អ្នក​ណា? ហើយ​បើ​ពឹង​រដ្ឋ​មិន​បាន​ទៀត តើ​ឱ្យ​គ្នា​ទៅ​ពឹង​អ្នក​ណា? ព្រោះ​អា​ហ្នឹង​រដ្ឋ​មួយៗ​ត្រូវ​ជួយ​ការពារ​ជួយ​ទំនុកបម្រុង ហើយ​នឹង​ចាត់​វិធានការ ដើម្បី​ការពារ​បញ្ហា​ផ្សេងៗ ធ្វើ​ម៉េច​ធានា​នូវ​សុខមាលភាព​ដល់​ប្រជាពលរដ្ឋ​យើង ដើម្បី​ឱ្យ​គាត់​រស់នៅ​ដោយ​សន្តិភាព​ផ្លូវ​ចិត្ត ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ហ្នឹង»

ចាប់​ពី​ខែ​មិថុនា មក​ដល់​បច្ចុប្បន្ន អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​មក​កម្ពុជា វិញ គឺ​មាន​ចំនួន​ប្រមាណ ៣០​ម៉ឺន​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​ពលករ​ជាច្រើន​ម៉ឺន​នាក់​បាន​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ វិញ​ហើយ​ដែរ គឺ​តាម​រយៈ​ការ​សម្រួល​របស់​រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ឱ្យ​មាន​ប័ណ្ណ​ឆ្លង​ដែន​រយៈពេល​ខ្លី ដើម្បី​ឱ្យ​ពលករ​ខ្មែរ​អាច​ទៅ​បំពេញ​ការងារ​ដោយ​ស្រប​ច្បាប់​នៅ​ទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។