ជីវិត​តស៊ូ​របស់​ស្ត្រី​អ្នក​លក់​នំ​ដើម្បី​ចិញ្ចឹម​ប្ដី​ពិការ​និង​កូន​ចៅ​នៅ​ខេត្ត​កំពង់ចាម

0:00 / 0:00

ស្ត្រី​លក់​នំ​ម្នាក់​ដែល​កំពុង​តស៊ូ​រស់​នៅ​ជាមួយ​ប្ដី​ពិការ រួម​នឹង​កូន​ចៅ​ដោយ​ភាព​ទី​ទាល់ក្រ នៅ​ខ្ទម​ចាស់​ជរា​ស្ទើរ​តែ​រលំ ក្នុង​សង្កាត់​សំបួរមាស ក្នុង​ក្រុង​កំពង់ចាម។

លក់​នំ​ដោយ​មិន​មាន​ដើម​ទុន​គ្រប់គ្រាន់ ណា​ខ្វះ​ថ្នាំ​សង្កូវ​សម្រាប់​ប្ដី​ឈឺ ណា​កូនៗ​សុទ្ធ​តែ​ឃ្លាត​ឆ្ងាយ​ពី​ខ្លួន រីឯ​ជម្រក​ស្ទើរ​តែ​មិន​ហ៊ាន​ចូល​រស់​នៅ​ផង ព្រោះ​ខ្លាច​រលំ។ រីឯ​អាជ្ញាធរ​ក៏​បាន​ជួយ​ទំនុក​បម្រុង​ខ្លះ​ដែរ និង​ថែម​មាន​គម្រោង​ស្នើសុំ​ដីធ្លី​ជូន​ពួក​គាត់ ប៉ុន្តែ​រឿង​ចំពោះ​មុខ គឺ​រឿង​ផ្ទះ​សម្បែង​ដែល​អាជ្ញាធរ​ពិបាក​ដោះស្រាយ។

សម្បុរ​សណ្ដែក​បាយ ស្លៀកពាក់​ខោអាវ​ឈុត​ផ្កា​ពណ៌​ខៀវ គឺ​ជា​សម្លៀកបំពាក់​ដែល​អ្នក​ជិត​ខាង​ឱ្យ​គ្រាន់​ស្លៀក​លក់​នំ និង​គ្រាន់​បាន​ស្អាត​បាត​នឹង​គេ។

អង្គុយ​ជិត​ស្វាមី​ពិការ​មួយ​ចំហៀង​ខ្លួន​ផង​នោះ លោកស្រី ព្រំ សន អាយុ ៦០​ឆ្នាំ​ទៅ​ហើយ ដែល​រស់​នៅ​ខាង​ក្រោយ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បាន​និយាយ​រៀប​រាប់​ពី​ជីវិត​ជា​អ្នក​លក់​នំ និង​ពី​ការ​លំបាក​ក្នុង​គ្រួសារ​របស់​លោកស្រី​ទាំង​អួល​ដើមក។ លោកស្រី​ឱ្យ​ដឹង​ថា តាំង​ពី​ប្ដី​របស់​គាត់​មាន​ជំងឺ​លើស​ឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជិត ៥​ឆ្នាំ​មក​នោះ គ្រួសារ​របស់​គាត់​កាន់​តែ​ជួប​ការ​លំបាក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដីធ្លី​ផ្ទះ​សម្បែង​ត្រូវ​លក់​អស់ ដើម្បី​យក​លុយ​មក​មើល​ប្ដី។ ចំណែក​ឯ​កូនៗ​វិញ គឺ​ត្រូវ​ទៅ​រស់​នៅ​ស៊ី​ឈ្នួល​គេ​នៅ​ខេត្ត​ផ្សេងៗ ដោយ​មិន​សូវ​បាន​មក​ជួប​ឪពុកម្ដាយ​នោះ​ទេ។ បន្ទាប់​ពី​លក់​ដី និង​ផ្ទះ​អស់​ទៅ លោកស្រី​បាន​មក​សុំ​ដី​របស់​អ្នក​ភូមិ​សង្កាត់​សំបួរមាស ដើម្បី​សង់​កូន​ផ្ទះ​ទាម​ផ្ទាល់​ដី សម្រាប់​ស្នាក់​នៅ​បណ្ដោះអាសន្ន។ ហើយ​ឥឡូវ​នេះ ផ្ទះ​នោះ​ទ្រេត​ស្ទើរ​តែ​រលំ​ទៅ​ហើយ។

លោកស្រី​បន្ត​ថា ក្រោយ​ពី​ប្ដី​ឈឺ​មក បន្ទុក​ក្នុង​គ្រួសារ គឺ​ធ្លាក់​មក​លើ​លោកស្រី​ទាំង​ស្រុង។ លោកស្រី​បាន​ចាប់​យក​មុខ​របរ​វេច​នំ​លក់ រួម​មាន​នំ​អន្សម​ចេក នំ​ល្ពៅ នំ​ត្រឡាច នំ​គម នំ​បត់ នំ​ចេក​បុក ជាដើម។ ប៉ុន្តែ ការ​ធ្វើ​នំ​ទាំង​នោះ ភាគ​ច្រើន គឺ​មាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ក្រុង​កំពង់ចាម តម្រូវ​ឱ្យ​លោកស្រី​ធ្វើ ហើយ​លោកស្រី​ត្រូវ​ទៅ​យក​ប្រាក់​ពី​អ្នក​ដែល​ឱ្យ​ធ្វើ​ទាំង​នោះ​មុន ដើម្បី​យក​មក​ទិញ​សម្ភារៈ និង​គ្រឿង​ផ្សំ​ទៅ​តាម​នំ​ដែល​គេ​ឱ្យ​ធ្វើ ពីព្រោះ​លោកស្រី​មិន​មាន​ប្រាក់​សម្រាប់​ធ្វើ​ជា​ដើម​ទុន​នោះ​ទេ។

លោស្រី ព្រំ សន៖ «លក់​ហ្នឹង​ពេល​ណា​នេះ ខ្ញុំ​ធ្វើ​អ៊ីចឹង​ទៅ​បាន​យក​ទៅ​លក់​បាន​ទៅ។ ពេល​ណា​យប់​ម៉ោង​ប្រាំបី យប់​ក៏​ខ្ញុំ​ទៅ​លក់​ដែរ មក​វិញ​ដែរ។ ៨​យប់​ខ្ញុំ​តស៊ូ​ប្រឹង រួច​ទៅ​បង​គាត់​ឃើញ​គាត់​ហៅ​ថា យាយ ហើយ​ម៉ោង​ប្រាំបី​យប់​ហើយ​មិន​ទាន់​ឈប់​ទៅ​លក់​ទៀត។ គាត់​ហៅ​ទៅ​យក​អង្ករ ២០​គីឡូ គាត់​ថា​យាយ​ឯង​យក​អង្ករ ២០​គីឡូ​ទៅ​គ្រាន់​ដាំ​បាយ​ឱ្យ​តា។ គាត់​ថា​អ៊ីចឹង។ ខ្ញុំ​ទៅ​យក​ទៅ។ បាន​អង្ករ ២០​គីឡូ​ហ្នឹង​មក​គ្រាន់​ទិញ​ហូប​តែ​ម្ហូប​ទៅ»

លោកស្រី​បន្ថែម​ថា ភាគ​ច្រើន​នៃ​ប្រាក់​ដែល​ចំណេញ​ពី​លក់​នំ គឺ​អាច​បាន​ពី ១៥.០០០​រៀល ទៅ ២​ម៉ឺន​រៀល​ក្នុង​ពេល​ធ្វើ​ម្តងៗ ហើយ​ត្រូវ​យក​មក​បែង​ចែក​សព្វ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​គ្រួសារ ពិសេស គឺ​ត្រូវ​យក​មក​ទិញ​អង្ករ​សម្រាប់​ហូប​ប្រចាំ​ថ្ងៃ និង​ទិញ​ថ្នាំ​សង្កូវ​សម្រាប់​ប្ដី​ដែល​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន នៅ​សម្រាក​ក្នុង​ផ្ទះ​ផង​នោះ។ លោកស្រី ព្រំ សន ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការ​ចំណាយ​ផ្សេងៗ​ក្នុង​គ្រួសារ ក៏​នៅ​មាន​រឿង​ធំ​មួយ​ទៀត​ដែល​មិន​ទាន់​អាច​ដោះស្រាយ​បាន​នោះ គឺ​បំណុល​ដែល​គ្រួសារ​លោកស្រី​ជំពាក់​គេ​កាល​ពី​ពេល​ប្ដី​ឈឺ​ប្រមាណ​ជាង ២​លាន​រៀល។ ដោយសារ​ស្ថានភាព​គ្រួសារ​មាន​ការ​លំបាក និង​ជំពាក់​គេ​ផង ប្រសិន​ខាន​លក់​មួយ​ថ្ងៃ​នោះ ពិត​ជា​ដាច់​បាយ​មិន​ខាន ទើប​ពេល​ខ្លះ​លោកស្រី​ខំ​ប្រឹង​ធ្វើ​នំ​លក់ បើ​ទោះ​បី​ជា​ខ្លួន​ឈឺ​ក៏ដោយ៖ «ចា៎! ដាច់​ហើយ​តា​អត់​លក់​ដាច់​ហើយ ទោះ​បី​ជា​ឈឺ​ក៏​ខ្ញុំ​ខំ​ប្រឹង​ទៅ​ដែរ ទោះ​បី​ជា​ឈឺ​ក៏​ខំ​ប្រឹង​ទៅ​ដែរ បើ​អត់​ទៅ​អត់​មាន​អី​ហូប តា ពិសេស​តា​ហ្នឹង​ថ្នាំ​ប្រចាំ ប្រសិន​បើ​អត់​ថ្នាំ​ប្រចាំ បើ​មិន​ប្រចាំ​ខ្លាច​គាត់​រើ​ឡើង​វិញ​យ៉ាប់»

ផ្ទះ​សម្បែង​ជញ្ជាំង​ធ្លុះធ្លាយ​ផ្អៀង ដក​តែ​ជន្ទល់ គឺ​ត្រូវ​រលំ​តែ​ម្តង។ ពេល​ភ្លៀង​ម្តងៗ សម្ភារៈ​នៅ​ក្នុង​ផ្ទះ​នឹង​ត្រូវ​អណ្ដែត ចំណែក​ឯ​មនុស្ស គឺ​ត្រូវ​នាំ​គ្នា​អង្គុយ​ដោយ​មិន​បាន​សម្រាក​នោះ​ឡើយ។ លោកស្រី​បញ្ជាក់​បញ្ហា​ចំពោះ​មុខ គឺ​រឿង​ដីធ្លី។ ប្រសិន​បើ​មាន​លុយ​នោះ លោកស្រី​ចង់​កសាង​ជម្រក​ឱ្យ​បាន​ប្រសើរ​បន្តិច។

១២-ឧសភា-២០១៤៖ ផ្ទះ​ទ្រុឌទ្រោម​របស់ លោកស្រី ព្រំ សន នា​ភូមិ​ព្រែកដើមច័ន្ទ សង្កាត់​សំបួរមាស ខេត្ត​កំពង់ចាម។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ព្រែកដើមច័ន្ទ សង្កាត់​សំបួរមាស លោកស្រី ស្រាន់ ដែល​បាន​ដឹង​ពី​ការ​លំបាក​របស់​គ្រួសារ​លោកស្រី ព្រំ សន ឱ្យ​ដឹង​ថា គ្រួសារ​មួយ​នេះ​ពិត​ជា​មាន​ការ​ខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ​ជាង​គេ​នៅ​ក្នុង​ភូមិ។ លោកស្រី​បន្ត​ថា នៅ​ពេល​លោកស្រី ព្រំ សន មិន​បាន​លក់​នំ​មួយ​ថ្ងៃ​នោះ ភាព​ខ្វះខាត​នឹង​កើន​ឡើង​ភ្លាម​ក្នុង​គ្រួសារ​គាត់ ហើយ​ពេល​ខ្លះ​ក៏​មាន​អ្នក​ជិត​ខាង​បាន​ផ្តល់​ជា​អង្ករ ឬ​ថវិកា​ខ្លះ​ដល់​លោកស្រី៖ «ចា៎! ជួយ​ខ្វះខាត​ទៅ​ចេះ​តែ​ឱ្យ​គាត់​ខ្ចី​ទៅ។ ចា៎! ជួយ​គាត់​មាន​ឱ្យ​ក៏​ឱ្យ​វិញ​ទៅ បើ​គ្មាន​ក៏​អត់​ទៅ។ ចេះ​តែ​អាណិត​គាត់ ឃើញ​គាត់​អត់​ផ្ទះ​ហ្នឹង​ច្រាន​អា​លំ​ទៅ​ហើយ ហើយ​ប្ដី​ហ្នឹង​ពិការ ហើយ​រក​តែ​ម្នាក់​ឯង ជួន​កាល​ទៅ​គាត់​ឈឺ​ទៅ​មក​អើត​ឈ្ងោក​គាត់​ទាំងអស់​គ្នា​ទៅ គាត់​ឈឺ​គាត់​រក​អី​មិន​បាន​ទេ ដេក​ផ្ទះ​ទាំងអស់​គ្នា។ ចា៎! ជួយ​ឱ្យ​ខ្ញុំ​ឧស្សាហ៍​ឱ្យ​ពេល​ណា​អត់​ទៅ​ដើរ​ទ្រោមៗ​ទៅ​រក​ទៅ​ឱ្យ​មក វេទនា​ណាស់! ផ្ទះ​ទឹក​លិច​ទឹក​អី​ខែ​ភ្លៀង​លិច​តែ​ម្តង»

លោកស្រី​បញ្ជាក់​ថា គ្រួសារ​លោកស្រី ព្រំ សន គឺ​ជា​គ្រួសារ​ស្លូត​បូត និង​តែង​តែ​ទទួល​អាណិត​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទៀត​ផង។

ចៅ​សង្កាត់​សំបួរមាស លោក យ៉េន ថុល មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ពី​ស្ថានភាព​ដ៏​លំបាក​របស់​គ្រួសារ លោកស្រី ព្រំ សន ហើយ​កន្លង​មក​អាជ្ញាធរ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​ដល់​គ្រួសារ​លោកស្រី​ទៅ​តាម​លទ្ធភាព​ដែល​សង្កាត់​មាន៖ «រាល់​ថ្ងៃ​មិន​មែន​អាជ្ញាធរ​យើង​មិន​មើល​ទេ មាន​ស្អីៗ​ចេះ​តែ​ផ្តល់​ឱ្យ​គាត់​រហូត​អ៊ីចឹង​ណា។ ប៉ុន្តែ គ្រាន់​តែ​ធំ​ដុំ​អី​ក៏​យើង​មិន​មាន​លទ្ធភាព ក៏​យើង​ទៅ​មិន​រួច​ដែរ ដូចជា ជួយ​ដល់​ផ្ទះ​ដល់​អី​យើង​អត់​មាន​លទ្ធភាព​ទេ ទាល់​តែ​អង្គការ​ណា​គេ​មក​ទៅ​យើង​ក៏​ទាក់ទង​គេ​ជួយ​គាត់​ដែរ​ណា៎»

លោក​បន្ថែម​ថា នៅ​ក្នុង​សង្កាត់​សំបួរមាស គឺ​មាន​ប្រជាពលរដ្ឋ ៨​គ្រួសារ ដែល​មិន​មាន​ដីធ្លី​ផ្ទាល់​ខ្លួន​សម្រាប់​រស់​នៅ ក៏ប៉ុន្តែ​មាន​តែ​គ្រួសារ​លោកស្រី ព្រំ សន ទេ​ដែល​មាន​ស្ថានភាព​លំបាក​ជាង​គេ ពីព្រោះ​មិន​មាន​កូន​នៅ​ជិត និង​ម្យ៉ាង​ប្ដី​ពិការ​ផង​នោះ។ លោក​បន្ត​ថា អាជ្ញាធរ​ក៏​បាន​រៀបចំ​ឯកសារ​ដាក់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​ធ្វើ​ការ​ស្នើសុំ​ដីធ្លី​នៅ​ក្នុង​ខេត្ត​នា​ពេល​ខាង​មុខ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ គឺ​មិន​ទាន់​ដឹង​នោះ​ទេ។

ដោយ​មើល​ឃើញ​ពី​ស្ថានភាព​ដ៏​លំបាក​របស់​គ្រួសារ លោកស្រី ព្រំ សន មាន​ប្រជាពលរដ្ឋ​ខ្លះ​ក៏​បាន​រៃអង្គាស​ប្រាក់​គ្នា​បាន​មួយ​ចំនួន ដើម្បី​ជួយ​គ្រួសារ​លោកស្រី ពិសេស​គិតគូរ​រឿង​ផ្ទះ​សម្បែង ប៉ុន្តែ​ប្រាក់​ទាំង​នោះ​មិន​ទាន់​គ្រប់គ្រាន់​អាច​ធ្វើ​កូន​ផ្ទះ​មួយ​សម​ល្មម​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។