ប្រវត្តិ​របស់​ពលការិនី​ម្នាក់​នៅ​ព្រៃវែង​ដែល​ស្លាប់​នៅ​ថៃ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា

0:00 / 0:00

ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ខុស​ច្បាប់​ជាច្រើន​ម៉ឺន​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ត្រូវ​អាជ្ញាធរ​គ្រប់គ្រង​ដោយ​របប​យោធា​ថៃ សម្រុក​ចាប់​បញ្ជូន​មក​កម្ពុជា យ៉ាង​គំហុក។ ក្នុង​ការ​វិល​ត្រឡប់​មក​នេះ មាន​ពលករ​ខ្មែរ​ប្រមាណ ៨​នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពេល​ធ្វើ​ដំណើរ​វិល​មក​ផ្ទះ​វិញ។ ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ មាន​ពលការិនី​នៅ​ខេត្ត​ព្រៃវែង ម្នាក់ បាន​បញ្ជូន​សាកសព​ទៅ​ដល់​ស្រុក​កំណើត​ហើយ។

ជា​បន្ត​ទៅ​នេះ វិទ្យុ​អាស៊ីសេរី សូម​លើក​យក​ជីវប្រវត្តិ​សង្ខេប​របស់​ពលការិនី អេង សុខគា ដែល​ស្លាប់​ក្នុង​ទឹក​ដី​ថៃ ដូច​ត​ទៅ។

កញ្ញា អេង សុខគា ស្លាប់​ក្នុង​វ័យ ២២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​បាព្រៃ ឃុំ​ព្រៃចង្ក្រាន ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង។ កញ្ញា សុខគា ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន ៣​នាក់ កើត​ក្នុង​ត្រកូល​កសិករ​ក្រីក្រ​នៅ​ទី​ជនបទ​ដាច់​ស្រយាល។ កញ្ញា​មិន​បាន​រៀនសូត្រ​ចេះ​ដឹង​ជ្រៅជ្រះ​ដូច​គេ​ឯង​នោះ​ទេ គឺ​សិក្សា​រៀនសូត្រ​បាន​ត្រឹម​ថ្នាក់​ទី​៤ ល្មម​ចេះ​អាន និង​ចេះ​សរសេរ​បាន​បន្តិចបន្តួច។ ដោយសារ​ជីវភាព​ក្រីក្រ កញ្ញា​ក៏​សម្រេច​ចិត្ត​បញ្ចប់​ការ​សិក្សា​ទាំង​វ័យ​ជាង ១០​ឆ្នាំ​ប្លាយ​ប៉ុណ្ណោះ។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា កញ្ញា សុខគា ដើរ​ស៊ី​ឈ្នួល​ត្បាញ​ហូល​តាម​ផ្ទះ​អ្នក​ភូមិ​ក្បែរ​ខាង ដើម្បី​រក​ប្រាក់​ចំណូល​ជួយ​ផ្គត់ផ្គង់​គ្រួសារ ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​របរ​ស៊ី​ឈ្នួល​ត្បាញ​ហូល​របស់​កញ្ញា មិន​អាច​គ្រប់គ្រាន់​សម្រាប់​ដោះ​ទាល់​ក្នុង​បន្ទុក​គ្រួសារ​ទេ ក៏​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ស្វែងរក​ការងារ​នៅ​រាជធានី​ភ្នំពេញ។

នៅ​ឆ្នាំ​២០១២ កញ្ញា សុខគា បាន​រស់នៅ​មួយ​រយៈ​នៅ​រាជធានី​ភ្នំពេញ​ធ្វើ​ជា​កម្មករ​ប៉ះ​អាវ បាន​ប្រាក់​ឈ្នួល​ប្រមាណ​ជាង ១០​ម៉ឺន​ក្នុង​មួយ​ខែ ទុក​សម្រាប់​ចាយ​វាយ​ខ្លួន​ឯង​ផង និង​ផ្ញើ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត​ផង។ ដោយ​ប្រាក់​ខែ​បន្តិចបន្តួច​មិន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ សុខគា ក៏​សុំ​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជាមួយ​ប្អូន​ប្រុស​បង្កើត​ដោយ​ខុស​ច្បាប់ ក្រែង​លោ​បាន​ប្រាក់​កាក់កប​ជាង​នៅ​រាជធានី​ភ្នំពេញ។

ពេល​នៅ​ប្រទេស​ថៃ នោះ កញ្ញា សុខគា និង​ប្អូន​ប្រុស​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ទីក្រុង​បាងកក បាន​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ​ប្រមាណ​ជាង ១៥០​បាត ឬ​ប្រមាណ​ជិត ២​ម៉ឺន​រៀល​ក្នុង​ម្នាក់។ អ្នក​ទាំង​២​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក ជាង​មួយ​ឆ្នាំ គឺ​នៅ​ដើម​ឆ្នាំ​២០១៤ បាន​ត្រឡប់​មក​លេង​ស្រុក​កំណើត​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។ ពេល​ចូល​ឆ្នាំ​រួច អ្នក​ទាំង​២​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ម្ដង​ទៀត។ តែ​ការ​ទៅ​ប្រទេស​ថៃ លើក​នេះ អ្នក​ទាំង​២​មិន​បាន​ធ្វើ​ជា​កម្មករ​សំណង់​ទៀត​ទេ។ ពីរ​នាក់​បង​ប្អូន​ទៅ​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ​សាច់​មាន់​នៅ​ទីក្រុង​បាងកក។ នៅ​ទី​នោះ អ្នក​ទាំង​ពីរ​នាក់​បាន​ប្រាក់​ឈ្នួល​មួយ​ខែ​ប្រមាណ ៨​ពាន់​បាត ឬ​ប្រមាណ​ជាង ២៥០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់។

កញ្ញា សុខគា និង​ប្អូន​ប្រុស​ធ្វើ​ការ​នៅ​ទីនោះ​រហូត​មក​ទល់​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤។ ពេល​នោះ អាជ្ញាធរ​ថៃ បាន​ប្រកាស​ឲ្យ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ខុស​ច្បាប់ ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា វិញ។ ក្រោយ​មក នៅ​ថ្ងៃ​ទី​១៥ មិថុនា អ្នក​ទាំង​២​បាន​វិល​ត្រឡប់​មក​កម្ពុជា វិញ​តាម​រថយន្ត​ឈ្នួល​របស់​មេ​ខ្យល់​ជនជាតិ​ថៃ ពី​ទីក្រុង​បាងកក មក​ជាយ​ដែន​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្នុង​តម្លៃ​ម្នាក់ ២.៥០០​បាត។

ផ្ទះ​របស់​សព កញ្ញា អេង សុខគា ពលការិនី​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ពេល​វិល​ត្រឡប់​មក​កម្ពុជា។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤
ផ្ទះ​របស់​សព កញ្ញា អេង សុខគា ពលការិនី​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ពេល​វិល​ត្រឡប់​មក​កម្ពុជា។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤ (RFA/Hum Chamroeun)

យុវជន អេង ចាន់ទៀង ប្អូន​ប្រុស​របស់​ជន​រងគ្រោះ ថ្លែង​ក្នុង​ទឹក​មុខ​ស្រពោន​ថា រថយន្ត​ដែល​ធ្វើ​ដំណើរ​នោះ​មាន​អ្នក​ដំណើរ​ជា​ពលករ​ខ្មែរ​ចំនួន ២៩​នាក់។ មេ​ខ្យល់​ជនជាតិ​ថៃ ដាក់​ប្រជ្រៀត​គ្នា​យ៉ាង​ណែន ដោយ​ចេញ​ពី​ទីក្រុង​បាងកក នៅ​ពេល​យប់។ យុវជន ចាន់ទៀង បន្ត​ថា ពេល​រថយន្ត​ចេញ​ដំណើរ​ពី​ក្រុង​បាងកក ប្រមាណ​ជា ២​ម៉ោង គឺ​ប្រមាណ​ជា​ម៉ោង ១០​យប់ ស្រាប់​តែ​កង់​រថយន្ត​បែក បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​នោះ​តែ​ម្ដង៖ «ឡាន​ហ្នឹង​មុន​នឹង​ក្រឡាប់​វា​លាន់​លាន់​សំឡេង វា​រង្គើ​ខាង​ក្ដិត​ហ្នឹង លាន់​ដូច​កប៉ាល់​ហោះ​អ៊ីចឹង។ ដល់​លាន់​ដូច​កប៉ាល់​ហោះ ខ្ញុំ​ហ្នឹង​ឃើញ​ថា ពូ​អើយ​តិច​បែក​កង់​ឥឡូវ​ហើយ លាន់​ហ្នឹង​នឹក​ក្នុង​ចិត្ត​ថា​អ៊ីចឹង បាន​ប្រហែល​បន្តិច​បែក​មែន ក៏​ក្រឡាប់​ទៅ។ ពេល​ដែល​ក្រឡាប់​ហ្នឹង មនុស្ស​នៅ​ក្នុង​ហ្នឹង​ម៉េច​ដែរ? ពេល​ក្រឡាប់​មនុស្ស​នៅ​ក្នុង​ហ្នឹង​ខ្ទាត​ចេញ​ខាង​ក្រោយ ខ្ទាត​ចេញ​បន្ត​កន្ទុយ​គ្នា។ យើង​មាន​បាន​សង្កេត​មើល​អ្នក​ដែល​នៅ​ក្នុង​ឡាន​យើង​យ៉ាង​ម៉េច​ដែរ? ពេល​ហ្នឹង​មិន​បាន​សង្កេត​ដាំ​ក្បាល​ចេញ​មក​ធ្លាក់​ភ្លូចៗ​មក អ្នក​នៅ​រស់​ប្រហែល​ជា​បន្តិច​ដែរ​ហ្នឹង​បង អ្នក​ត្រូវ​របួស​ច្រើន​បង! បាទ! អ្នក​ល្អ​ប្រហែល​ជា ២​នាក់​បាក់​ដៃ​បាក់​ជើង​បែក​ក្បាល​បែក​ឆ្អឹងជំនីរ»

យុវជន ចាន់ទៀង ថ្លែង​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​បែក​ពី​បងស្រី​របស់​ខ្លួន ដោយ​ពុំ​ដឹង​ថា​ស្លាប់​ឬ​រស់​នៅ​ឡើយ​ទេ។ ក្រោយ​មក មេ​ខ្យល់​ក៏​ទាញ​ឡើង​ឡាន​ផ្សេង ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​រហូត​មក​ដល់​ជាយ​ដែន។ លោក​ថា ពេល​មក​ជាយ​ដែន​នោះ បែក​ពី​បងស្រី​វង្វេងវង្វាន់​រក​គិត​អ្វី​ពុំ​ឃើញ​ឡើយ។

«សំឡេង»

យុវជន អេង ចាន់ទៀង ធ្វើ​ដំណើរ​អម​សាកសព​បងស្រី​របស់​ខ្លួន​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​អាជ្ញាធរ ដឹក​ជញ្ជូន​រហូត​ដល់​ស្រុក​កំណើត។

ម្ដាយ កញ្ញា សុខគា អ្នកស្រី ប៊ុន ភាជ ថ្លែង​ទាំង​ទឹក​ភ្នែក​ថា ពេល​ដែល​ដឹង​ថា​កូនស្រី​បាន​ស្លាប់​ភ្លាម សមាជិក​គ្រួសារ​ក្នុង​ផ្ទះ​បាត់​បង់​សតិ​អារម្មណ៍​រក​គិត​អ្វី​ពុំ​ឃើញ​ទេ។ ម្យ៉ាង​ក្រុម​គ្រួសារ​ជា​ត្រកូល​ក្រីក្រ គ្មាន​ដី​ស្រែ​សម្រាប់​ធ្វើ រស់​នៅ​ពឹង​ផ្អែក​លើ​របរ​នេសាទ និង​ប្រាក់​ឧបត្ថម្ភ​របស់​កូនស្រី​សម្រាប់​ដោះស្រាយ​ជីវភាព តែ​ពេល​នេះ​កូនស្រី​ជា​ទី​ពឹង​របស់​គ្រួសារ បាន​លាចាក​ពី​ឪពុក​ម្ដាយ​ដោយ​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ។

«សំឡេង»

អ្នកស្រី​ថ្លែង​បន្ត​ថា ទ្រព្យ​សម្បត្តិ​ដែល​នៅ​ជាប់​ខ្លួន​របស់​កូនស្រី​រួម​មាន ខ្សែក ចិញ្ចៀន ទូរស័ព្ទ​ដៃ និង​ប្រាក់​បាត ជាដើម សរុប​រួម​ប្រមាណ​ជាង ១​ពាន់​ដុល្លារ បាត់​អស់​ពី​ខ្លួន​សាកសព​គ្មាន​សល់។ រហូត​មក​ទល់​ពេល​នេះ ទើប​តែ​មាន​អាជ្ញាធរ​ស្រុក​ស៊ីធរកណ្ដាល ឧបត្ថម្ភ​ជា​ថវិកា​ប្រមាណ ៤០​ម៉ឺន​រៀល និង​អង្ករ​ចំនួន ៥០​គីឡូក្រាម និង​អាជ្ញាធរ​នៅ​ខេត្ត​បន្ទាយមានជ័យ ឧបត្ថម្ភ ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ។ អ្នកស្រី​បន្ត​ថា ក្រុម​គ្រួសារ​នៃ​សព​ពុំ​មាន​ថវិកា​សម្រាប់​ធ្វើ​បុណ្យ​ជូន​ដំណើរ​កូន​ទៅ​កាន់​សុគតិភព​នៅ​ឡើយ​ទេ។

«សំឡេង»

សាកសព​ជន​រងគ្រោះ​ត្រូវ​បញ្ជូន​ដល់​ផ្ទះ​វេលា​ប្រមាណ​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា។ នៅ​ផ្ទះ​សាច់ញាតិ​នៃ​សព សង្កេត​ឃើញ​មាន​សាច់ញាតិ​អ្នក​ភូមិ​ក្បែរ​ខាង​បន្តិចបន្តួច ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ចូលរួម​ទេ។ នៅ​រសៀល​ថ្ងៃ​ដដែល សាច់ញាតិ​ក្រុម​គ្រួសារ​នៃ​សព បញ្ជូន​សាកសព​ទៅ​បញ្ចុះ​ដោយ​ពុំ​បាន​រៀបចំ​ធ្វើ​បុណ្យ​សព​នៅ​ឡើយ​ទេ។ សាច់ញាតិ​នៃ​សព​គ្រោង​រៀបចំ​ធ្វើ​បុណ្យ​គម្រប់ ៧​ថ្ងៃ តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​ផ្ទះ​សាច់ញាតិ​នៃ​សព នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។